A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 July 2016

អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​និង​ជាតិ​ចង់​ឃើញ​រដ្ឋាភិបាល​ពង្រឹង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា



អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​និង​ជាតិ​ចង់​ឃើញ​រដ្ឋាភិបាល​ពង្រឹង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា
ដោយ អ៊ុំ រង្សី
2016-07-15

ទិវា​យុត្តិធម៌​អន្តរជាតិ ២០១៦ ៨៥៥
អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចូលរួម​ទិវា​យុត្តិធម៌​អន្តរជាតិ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/Um Rainsey
 RFA/Um Rainsey


អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ លើក​ឡើង​ពី​ការ​ទទួល​បាន​យុត្តិធម៌​នៅ​តែ​រួម​តូច និង​មិន​ទាន់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​កម្ពុជា បាន​ពេញលេញ​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចង់​ឃើញ​រដ្ឋាភិបាល​ពង្រឹង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ជំនឿ​ទុក​ចិត្ត​ពី​សាធារណជន។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ អះអាង​ថា កង្វះ​យុត្តិធម៌​នាំ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​មិន​អាច​រីក​ចម្រើន​បាន​ឡើយ។ ការ​លើក​ឡើង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​យុត្តិធម៌​អន្តរជាតិ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ទិវា​នេះ ក្នុង​បំណង​លើក​កម្ពស់​យុត្តិធម៌​ប្រកប​ដោយ​សមភាព ឯករាជ​ភាព និង​តម្លាភាព​ក្នុង​ប្រទេស​កម្ពុជា។



នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ចាត់​ទុក​ប្រព័ន្ធ​យុត្តិធម៌ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស។ ប៉ុន្តែ​បច្ចុប្បន្ន កម្ពុជា មិន​ទាន់​មាន​យុត្តិធម៌​ល្អ​ប្រសើរ​នៅ​ឡើយ ជាក់ស្តែង​ដូចជា​ការ​រំលោភ​បំពាន​ដីធ្លី​ជាដើម។ ជាង​នេះ​ទៀត ជន​ល្មើស​ដែល​មាន​អំណាច​មួយ​ចំនួន នៅ​តែ​រួច​ខ្លួន​ចេញ​ពី​សំណាញ់​ច្បាប់ ឯ​អ្នក​ក្រីក្រ​បែរ​ជា​មិន​ទទួល​បាន​យុត្តិធម៌​ទៅ​វិញ។

លោក​បន្ត​ថា បញ្ហា​ប្រឈម​ទាំង​នេះ​កំពុង​តែ​ជំរុញ​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា មាន​ការ​ស៊ី​សំណូក និង​អំពើ​ពុក​រលួយ​កាន់​តែ​ច្រើន​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ផ្នែក​នយោបាយ ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា៖ «អ្នក​ដែល​បញ្ចេញ​មតិ ឬ​តវ៉ា រឿង​ដីធ្លី​បរិស្ថាន ធនធាន​ធម្មជាតិ គាត់​ជា​រឿយៗ​ត្រូវ​បាន​គេ​ចោទ ឬ​ចាប់​ដាក់​ពន្ធនាគារ ឬ​ពេល​ខ្លះ​ដល់​បាត់បង់​ជីវិត​ក៏​មាន។ ចំណែក​ឯ​អ្នក​ប្រព្រឹត្តិ​មួយ​ចំនួន បែរ​ជា​រួច​ទោស ហើយ​បើ​ជាប់​ទោស​ក្នុង​កម្រិត​ស្រាល នេះ​ហើយ​វា​មិន​បាន​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​នោះ​ឡើយ»។

ទន្ទឹម​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​គោលដៅ​យុត្តិធម៌ លោក Rodolphe Prom មាន​ប្រសាសន៍​ថា ទិវា​យុត្តិធម៌​អន្តរជាតិ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​នីតិរដ្ឋ ការ​ទទួល​បាន​នូវ​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា។ ប្រធាន​អង្គការ​គោលដៅ​យុត្តិធម៌ រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ឯករាជ​ភាព ត្រូវ​មើល​ច្បាប់​ប្រព័ន្ធ​យុត្តិធម៌​ឡើង​វិញ និង​ធ្វើ​ពិសោធកម្ម​ឲ្យ​ច្បាស់លាស់ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ជំនឿ​ទុក​ចិត្ត​ពី​សាធារណជន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​ការ​លើក​ឡើង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា។

ទិវា​យុត្តិធម៌​អន្តរជាតិ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ក៏​បាន​ដាក់​អនុសាសន៍​ជូន​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ប្ដេជ្ញា​ធានា​ការពារ​ការ​បែង​ចែក​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា គោរព​ឯករាជ​ភាព​របស់​ប្រព័ន្ធ​តុលាការ និង​គណៈ​មេធាវី លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ពិត​ប្រាកដ។

ជាង​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ក៏​សម្ដែង​ការ​សោកស្ដាយ និង​ថ្កោលទោស​ដល់​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ព្រម​ទាំង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​អំពើ​ឃាតកម្ម ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​រូប​លោក​ផង​ដែរ៕

No comments: