A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 July 2016

លោក ហ៊ុន សែន លុប​ចោល​អនុក្រឹត្យ​រឿង​ដក​តំណែង​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣


ដោយ យ៉ង ចាន់តារា
2016-06-30

ប៉ូលិស សូត្រ កញ្ញា ៨៥៥
មន្ត្រី​ប៉ូលិស​ចរាចរណ៍​ឈ្មោះ សូត្រ កញ្ញា ដែល​បាន​ឃាត់​រថយន្ត​ឧត្ដមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយសារ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍។
Photo from Facebook


លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លុប​ចោល​អនុក្រឹត្យ​របស់​ខ្លួន​ស្ដីពី​ការ​ដក​តំណែង​លោក​ ឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ដែល​រង​ការ​ចោទ​ថា បាន​ប្រើ​ពាក្យ​ប្រមាថ​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ដែល​អនុវត្ត​ ច្បាប់​ចរាចរណ៍​លើ​រូប​លោក​ឧត្តមសេនីយ៍។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​ចំណាត់​ការ​បែប​នេះ ហើយ​ចាត់​ទុក​ថា​វា​ជា​គំរូ​អាក្រក់​សម្រាប់​សង្គម។

ក្នុង ​រយៈពេល​មិន​ដល់ ២៤​ម៉ោង​ផង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ផ្លាស់ប្ដូរ​ចិត្ត​ដល់​ទៅ ៣​លើក ជុំវិញ​ករណី​ដក​តំណែង​ឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ដែល​ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ។ លោក ម៉ម ស្រ៊ីមវណ្ណា ដែល​បាន​ប្រើប្រាស់​ពាក្យ​អា​មឹង​ដាក់​ប៉ូលិស​ចរាចរណ៍​ម្នាក់ ដែល​ឃាត់​ឡាន​របស់​លោក​ពេល​បើក​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍។

នៅ ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា លោក ហ៊ុន សែន បាន​ប្រកាស​តាម​ហ្វេសប៊ុក​របស់​លោក​ថា ដក​តំណែង និង​ឋានន្តរស័ក្តិ ព្រម​ទាំង​បណ្ដេញ​លោក ម៉ម ស្រ៊ីមវណ្ណា ចេញ​ពី​នគរបាល​ទៀត​ផង។ លោក​ថា នេះ​ជា​គំរូ​សម្រាប់​អ្នក​មាន​អំណាច​ទាំងអស់​ឲ្យ​ចេះ​គោរព​ច្បាប់ ចេះ​ប្រើ​ពាក្យ​សម្ដី​មាន​សុជីវធម៌ មាន​គុណធម៌ និង​សីលធម៌។

នៅ ​ពេល​រសៀល លោក​បាន​កែ​សម្រួល​វិធានការ​របស់​លោក ដោយ​ចេញ​អនុក្រឹត្យ​មួយ​ដក​ហូត​ត្រឹម​តួនាទី​ជា​អគ្គនាយក​រង​នៃ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប៉ុន្តែ​រក្សា​ឋានន្តរស័ក្តិ​របស់​លោក ម៉ម ស្រ៊ីមវណ្ណា ជា​ឧត្តមសេនីយ៍ឯក​ដដែល និង​ឲ្យ​មក​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ វិញ ប៉ុន្តែ​នៅ​ពេល​ល្ងាច លោក ហ៊ុន សែន បាន​ប្រកាស​តាម​ហ្វេសប៊ុក​លុប​ចោល​អនុក្រឹត្យ​របស់​ខ្លួន​នោះ​វិញ នៅ​ក្រោយ​ការ​សម្របសម្រួល​ឲ្យ​ភាគី​ទាំង​ពីរ​បាន​ជួប​គ្នា។ លោក ហ៊ុន សែន លើក​ឡើង​ថា ទាំង​លោក​ឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា និង​អនុសេនីយ៍ សូត្រ កញ្ញា ទទួល​ស្គាល់​កំហុស​រៀងៗ​ខ្លួន ព្រម​ទាំង​បាន​ប្ដេជ្ញា​ចិត្ត​ខិតខំ​កែប្រែ​កសាង​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​ មន្ត្រី​ល្អ ដើម្បី​បម្រើ​ប្រទេស​ជាតិ។

លោក​សរសេរ​ទៀត​ថា «នេះ​ជា​ការ​ប្រែ​ក្លាយ​ពី​ស្ថានភាព​ចាញ់​ចាញ់ ដែល​មាន​កន្លង​មក​ទៅ​ជា​ស្ថានភាព​ឈ្នះ​ឈ្នះ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ។ ក្នុង​ស្ថានភាព​បែប​នេះ គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ​អ្នក​ណា​ទាំងអស់ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ចាត់​ទុក​ថា មន្ត្រី​ទាំង ២​រូប​បាន​ជួយ​បង្កើត​ឡើង​នូវ​វប្បធម៌​នៃ​ការ​ផ្សះផ្សា និង​សាមគ្គីភាព​ក្នុង​ចំណោម​មន្ត្រី​រួម​ការងារ បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​គ្នា។ ដើម្បី​ផ្តល់​ឱកាស​ដល់​មន្ត្រី​ដែល​បាន​ខិតខំ​បម្រើ​ប្រទេស​ជាតិ ហើយ​បាន​ទទួល​ស្គាល់​នូវ​កំហុស​របស់​ខ្លួន ខ្ញុំ​សម្រេច​ចិត្ត​និរាករណ៍​ចោល​នូវ​អនុក្រឹត្យ​ដែល​ខ្ញុំ​បាន​ចុះ​ ហត្ថលេខា​លើ​ករណី​ឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា កាល​ពី​ព្រឹក​មិញ​នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ»។

អន្តរាគមន៍​ ផ្លាស់ប្ដូរ​ដ៏​ឆាប់​រហ័ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ សុវណ្ណ រីហ្គេន បាន​សរសេរ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថា​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ឈ្មោះ សូត្រ កញ្ញា ត្រូវ​អង្គភាព​បញ្ឈរ​ជើង​ក្រោយ​ពី​ឃាត់​ឡាន​ឧត្តមសេនីយ៍​ម្នាក់​ដែល​បើក​ បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍។ ហ្វេសប៊ុក​ដដែល​សរសេរ​ទៀត​ថា ឧត្តមសេនីយ៍​ម្នាក់​នោះ​បាន​ប្រើ​ពាក្យ​ប្រមាថ​មក​លើ​មន្ត្រី​នគរបាល​ ចរាចរណ៍។

ទោះ​បី​ជា​យ៉ាង​ណា ការ​សម្រេច​បែប​នេះ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា គ្មាន​នីតិវិធី​ច្បាស់លាស់ និង​ផ្តល់​ជា​គំរូ​មិន​ល្អ​សម្រាប់​សង្គម​កម្ពុជា ដែល​កំពុង​ត្រូវ​ការ​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព។

នាយក ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ប្រតិកម្ម​ថា ទង្វើ​បែប​នេះ​ជា​គំរូ​អាក្រក់ មិន​មែន​ជា​គំរូ​ល្អ​នោះ​ទេ។ វា​ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​គ្មាន​ប្រសិទ្ធភាព និង​ភាព​ស្មើ​គ្នា​រវាង​ពលរដ្ឋ​សាមញ្ញ និង​មន្ត្រី​មាន​អំណាច។ លោក អ៊ា ចរិយា យល់​ឃើញ​ថា នេះ​ជា​ករណី​បំពាន​ច្បាប់​ផង និង​ជា​ការ​រំលោភ​អំណាច​ផង។ ដូច្នេះ ទោស​ទណ្ឌ​ចាំបាច់​ត្រូវ​តែ​មាន ហើយ​ត្រូវ​មាន​សភាព​ធ្ងន់ធ្ងរ​ទៀត​ផង ដើម្បី​កុំ​ឲ្យ​មន្ត្រី​ផ្សេង​ទៀត​យក​គំរូ​តាម៖ «គាត់​ត្រឹម​តែ​ទទួល​ការ​សន្យា​ថា​ឈប់​ធ្វើ​នៅ​ថ្ងៃ​ក្រោយ វា​ជា​គំរូ​ដល់​មន្ត្រី​ដទៃ​ទៀត​គិត​ថា បើ​សិន​ជា​គាត់​មាន​បញ្ហា​អ៊ីចឹង ពុំ​មាន​ជា​ទណ្ឌកម្ម​អ្វី​ដល់​ពួក​គាត់។ អ៊ីចឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​មួយ​ចំនួន​ជា​គំរូ​មួយ​ល្អ សម្រាប់​ប្រទេស​ជាតិ​យើង​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ការ​អនុវត្ត​ច្បាប់​ដោយ ​មិន​ស្មើ​ភាព​គ្នា ដែល​ប្រជាពលរដ្ឋ​កំពុង​ទាមទារ​ចង់​បាន​នា​ពេល​សព្វថ្ងៃ​នេះ»។

លោក អ៊ា ចរិយា ថ្លែង​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ឲ្យ​តម្លៃ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ដើម្បី​ឲ្យ​ពួក​គេ​អាច​អនុវត្ត​ច្បាប់​បាន​ដោយ​ស្មើ​ភាព និង​គ្មាន​សម្ពាធ។ លោក​ថា បើ​សិន​ជា​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ ប៉ុន្តែ​រង​ពិន័យ​ទៅ​វិញ នោះ​វា​នឹង​នាំ​ឲ្យ​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព។

កាល ​ពី​សប្ដាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជិះ​ម៉ូតូ​យក​ប្រាក់​ទៅ​បង់​ថ្លៃ​ពិន័យ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ ចតុមុខ ចំពោះ​ការ​ដែល​លោក​បើក​ម៉ូតូ​អ្នក​រត់​ម៉ូតូ​ឌុប​ដោយ​មិន​ពាក់​មួក​ សុវត្ថិភាព និង​ម៉ូតូ​គ្មាន​ស្លាក​លេខ​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ទាំងអស់​គ្នា និង​ចូលរួម​ផ្តល់​មតិ​ចំពោះ​ចំណុច​ខ្វះខាត​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ដែល ​ប្រព្រឹត្ត​មិន​គប្បី​លើ​ប្រជាពលរដ្ឋ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​ដែល​មន្ត្រី​មាន​អំណាច​ល្មើស​ច្បាប់ យន្តការ​សម្របសម្រួល​នៅ​តែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា ដែល​មិន​មាន​ជា​ការ​ដាក់​ទោសទណ្ឌ ឬ​ពិន័យ​តាម​ផ្លូវ​ច្បាប់​ឡើយ៕

2 comments:

Karl [Kalonh] Chuck said...

A very nice pose there, officer!!!

Anonymous said...

ចង់តែសើចទេ​ថាអាញ់ចុះវាឡប់តែ ហ៊ុន សែនវាឡប់លើសអាឡប់អាញ់ទៅទៀត ម្តងថាលិចម្តងថាឯកើត ហើយឃើញ អ៊ឿ គឺមស្រេង ជាស្តេចជេរ ស្រាប់តែឡប់អីចង់ធ្វើស្តេចជេរ លើស អ៊ៀ គឺមស្រែងទៅទៀត អាឡប់អាញ់ដូចជាមិនដែលឃើញរដ្ឋមន្រ្តីណា​ចេះជេរទេ តែឥឡូវឃើញហើយ តើមានទេ? ចុះចង់រុំលាយសង្រ្គោះជាតិបានគ្រប់ពេលទេតើ ហេតុអីក៍មិនហ៊ាន បែរជាទៅជេរទៅវិញ? អានេះមានរោគខួរក្បាលហើយ បានឡប់ៗដូច្នេះ ។