ដោយ យាង សុជាមេត្តា
2016-06-30

សមត្ថកិច្ច បង្ក្រាបលើកម្មករនាំគ្នាធ្វើបាតុកម្មតវ៉ាសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅតាមបណ្ដោយផ្លូវ វ៉េង ស្រេង រាជធានីភ្នំពេញ កាលពីថ្ងៃ៣ មករា ២០១៤។ ក្នុងការបង្ក្រាបនោះមានមនុស្ស ៥នាក់បានស្លាប់ និងជិត ៤០នាក់ផ្សេងទៀតរងរបួស។
Photo: RFA
គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល កាលពីថ្ងៃទី២៩ មិថុនា បានផ្សព្វផ្សាយវីដេអូឃ្លីបដោយប្រៀបធៀបការបង្ក្រាបបាតុករនៅកម្ពុជា ទៅនឹងប្រទេសដទៃទៀត។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញនៅក្នុងវីដេអូឃ្លីបថា កម្ពុជា មានកាតព្វកិច្ចអនុវត្តច្បាប់បង្ក្រាបបាតុករដូចប្រទេសដទៃដែរ។
វីដេអូ ឃ្លីបរយៈពេលជិត ២នាទីកន្លះផលិតដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញពីសកម្មភាពបាតុកម្ម និងការតវ៉ារបស់កម្មកររោងចក្រ និងពលរដ្ឋខ្មែរក្នុងពេលកន្លងមក ព្រមទាំងសកម្មភាពបង្ក្រាបលើក្រុមបាតុកររបស់សមត្ថកិច្ចនៅក្នុង ប្រទេសប្រជាធិបតេយ្យធំៗមួយចំនួន ដូចជាប្រទេសបារាំង អង់គ្លេស អ៊ីតាលី និងសហរដ្ឋអាមេរិក។
ក្រៅតែពីបង្ហាញ រូបភាពតវ៉ា វីដេអូឃ្លីបដែលមានចំណងជើងថា «សិទ្ធិពលរដ្ឋ ការបំពានសិទ្ធិអ្នកដទៃ» ក៏បង្ហាញនូវខ្លឹមសារច្បាប់មួយចំនួនអមជាមួយសកម្មភាពតវ៉ា ដូចជាថាការបំផ្លាញទ្រព្យសម្បតិ្តឯកជន និងសាធារណៈជាអំពើល្មើសច្បាប់ ការធ្វើកុបកម្ម គឺជាបទឧក្រិដ្ឋ ការរំលោភយ៉ាងកំរោលសណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវផ្ដន្ទាទោសតាមច្បាប់ ជាដើម។ បន្ថែមពីលើនេះ ខ្សែវីដេអូក៏បង្ហាញនូវមាត្រានៅក្នុងច្បាប់មួយចំនួនរួមមាន ច្បាប់ចរាចរណ៍ផ្លូវគោក និងរដ្ឋធម្មនុញ្ញកម្ពុជា ដែលពលរដ្ឋត្រូវអនុវត្តតាម មុននឹងបង្ហាញរូបភាពនៃការបង្ក្រាបបាតុកម្មនៅក្នុងប្រទេសបារាំង អ៊ីតាលី អង់គ្លេស និងសហរដ្ឋអាមេរិក។
មួយរយៈពេលចុង ក្រោយនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្សព្វផ្សាយវីដេអូឃ្លីបជាបន្តបន្ទាប់ និយាយពីការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋ និងបង្ហាញពីការធ្វើបដិវត្តពណ៌នៅក្នុងប្រទេសមួយចំនួន រួមមានស៊ីរី (Syria) លីប៊ី (Libya) និងយេម៉ែន (Yemen) ដែលប្រជាជនក្នុងប្រទេសទាំងអស់នេះកំពុងជួបនូវទុក្ខវេទនាដោយសារ សង្គ្រាម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលរងនូវការបំផ្លិចបំផ្លាញខ្ទេចខ្ទាំ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថាលទ្ធផលទាំងអស់នេះកើតឡើងដោយសារការប្រើសិទ្ធិហួសដែនកំណត់របស់ ពលរដ្ឋក្នុងប្រទេសទាំងនោះ។

កង កម្លាំងប្រដាប់អាវុធរដ្ឋាភិបាល ដើរល្បាតតាមផ្លូវវ៉េងស្រេង ក្រោយបាញ់បង្ក្រាបបណ្ដាលឲ្យបាតុករស្លាប់ កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៤។ RFA/Sek Bandith
ទោះបីជាយ៉ាង ណាក៏ដោយ សង្គមស៊ីវិលមើលឃើញថា ការបញ្ចេញវីដេអូឃ្លីបជាបន្តបន្ទាប់របស់រដ្ឋាភិបាល គឺជាចេតនាបន្លាចពលរដ្ឋខ្មែរមិនឲ្យហ៊ានចេញមុខតវ៉ាចំពោះអំពើ អយុត្តិធម៌ក្នុងសង្គម ជាការប៉ុនប៉ងបិទបាំងកំហុសរបស់រដ្ឋាភិបាល ដែលកន្លងមកបានប្រើប្រាស់កម្លាំងហួសហេតុគ្មានសមាមាត្រ បង្ក្រាបទៅលើក្រុមបាតុករ និងកម្មករ បណ្ដាលឲ្យបាត់បង់ជីវិត ហើយដែលរហូតទល់ពេលនេះ ជនដៃដល់មិនទាន់ត្រូវបានសមត្ថកិច្ចវែកមុខមកទទួលទោសនៅឡើយ។ លើសពីនេះ រដ្ឋាភិបាលចង់បង្ហាញថា ការបង្ក្រាបរបស់សមត្ថកិច្ចលើក្រុមអ្នកតវ៉ានៅពេលកន្លងមក ជារឿងត្រឹមត្រូវ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ដោយទទួលស្គាល់ថា នៅក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផង ពេលខ្លះសមត្ថកិច្ចពិតជាបានប្រើកម្លាំងបង្ក្រាបជ្រុលហួសទៅលើ ក្រុមអ្នកតវ៉ាមែន ដើម្បីរក្សាសណ្ដាប់ធ្នាប់ ហើយពេលខ្លះក៏មានទាំងបំពានច្បាប់ ឬរំលោភសិទ្ធិពលរដ្ឋទៀតផង។ ប៉ុន្តែភាពខុសគ្នារវាងប្រទេសទាំងនោះ និងកម្ពុជា នៅត្រង់ថា ក្នុងការបង្ក្រាបនោះ បើសមត្ថកិច្ចរំលោភច្បាប់ ឬបង្ករបួសស្នាមធ្ងន់ធ្ងរមិនសមាមាត្រទៅលើបាតុករ បាតុករអាចប្ដឹងសមត្ថកិច្ចទាំងនោះបាន ហើយតុលាការតែងបើកការស៊ើបអង្កេតដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ ឬភាគីពាក់ព័ន្ធ ដែលករណីបែបនេះគេកម្រឃើញកើតមានណាស់នៅក្នុងប្រទេសកម្ពុជា។
ការ លើកឡើងរបស់លោក ប្រ៊ែដ អាដាម ក៏ស្របពេលដែលគេឃើញថា កម្មករចំនួន ៥នាក់ដែលត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ក្នុងពេលបាតុកម្មលើ កំណាត់ផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤ រហូតមកទល់ពេលនេះ រដ្ឋាភិបាលមិនទាន់វែកមុខមកទទួលទោសនៅឡើយ។ នេះនៅមិនទាន់គិតដល់ការបង្ក្រាបហិង្សារបស់សមត្ថកិច្ចជាច្រើន ផ្សេងទៀត លើពលរដ្ឋតវ៉ាក្នុងពេលកន្លងមកនោះផង។
បើ ក្រឡេកទៅមើលដែនដីហុងកុង ឯណោះវិញ គេសង្កេតឃើញថា ក្រៅពីបានកាត់ទោសបាតុករមួយចំនួនដែលបានបង្ករបួសស្នាមដល់ សមត្ថកិច្ចក្នុងពេលធ្វើបាតុកម្ម ដើម្បីទាមទារសេរីភាពបោះឆ្នោតទូលំទូលាយនៅហុងកុង កាលពីចុងឆ្នាំ២០១៤ ប៉ូលិសបង្ក្រាបបាតុកម្មរបស់ហុងកុង ចំនួន ៧នាក់ ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់ហិង្សាលើបាតុករផង ដែរ។ ប៉ូលិសទាំង ៧នាក់នេះ អាចប្រឈមនឹងការជាប់ពន្ធនាគារ បើតុលាការរកឃើញថា ពួកគេពិតជាបានប្រព្រឹត្តកំហុសមែននោះ៕
No comments:
Post a Comment