A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 July 2016

ក្រុម​តន្ត្រី​ជន​ពិការ​រិះគន់​ចំណាត់​ការ​របស់​សាលាក្រុង​ដែល​រឹប​អូស​ឧបករណ៍​តន្ត្រី

ក្រុម​តន្ត្រី​ជន​ពិការ​រិះគន់​ចំណាត់​ការ​របស់​សាលាក្រុង​ដែល​រឹប​អូស​ឧបករណ៍​តន្ត្រី
ដោយ អ៊ុំ រង្សី
2016-06-30

តន្ត្រី​ជន​ពិការ ៨៥៥ ២០១៦
តន្ត្រី​ជន​ពិការ ៨៥៥ ២០១៦
ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ស្តុប​អាងទឹក​អូឡាំពិក នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Um Raingsy


ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ដែល​តែង​ប្រគំ​សម្ដែង​តាម​ផ្សារ និង​តាម​ដង​ផ្លូវ​សាធារណៈ​នោះ រិះគន់​ចំពោះ​សាលា​រាជធានី​ភ្នំពេញ ដែល​ត្រៀម​ដាក់​វិធានការ​រឹបអូស​ឧបករណ៍​តន្ត្រី​បញ្ឈប់​សកម្មភាព​ពួកគេ​មិន​ឲ្យ​ច្រៀង​រៃអង្គាស​ថវិកា​តាម​ទី​សាធារណៈ។ ជន​ពិការ​ត្អូញត្អែរ​ថា វិធានការ​របស់​អាជ្ញាធរ​នេះ កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ។

​​ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ដែល​តែង​ប្រគំ​សម្ដែង​តាម​ទី​សាធារណៈ​នោះ រិះគន់​ថា ការ​រឹបអូស​ឧបករណ៍​តន្ត្រី គឺ​ជា​ការ​រំលោភ​សិទ្ធិ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច ខណៈ​ការ​សន្យា​ធានា​ជួយ​រក​ការងារ​ធ្វើ​ជូន​ជន​ពិការ​ឲ្យ​មាន​ជីវភាព​សមរម្យ​របស់​អាជ្ញាធរ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ការ​រិះគន់​របស់​ក្រុម​តន្ត្រី​ជន​ពិការ​នៅ​ពេល​នេះ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ ប្រកាស​ធ្វើ​យុទ្ធនាការ​ចុះ​រឹបអូស​តន្ត្រី​ជន​ពិការ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា។

ស្ត្រី​ពិការ​ភ្នែក​ទាំង​សង​ខាង កញ្ញា ឈើយ ស្រីពៅ ដែល​តែង​ច្រៀង​តាម​ស្តុប​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កញ្ញា​ចាប់​អាជីព​អ្នក​ចម្រៀង​ដើរ​ច្រៀង​តាម​ស្តុប​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។ កញ្ញា​ឲ្យ​ដឹង​បន្ត​ថា ដោយសារ​តែ​ឪពុក​ចាស់​ជរា គ្រួសារ​ក្រីក្រ មាន​សមាជិក​ច្រើន​សុទ្ធតែ​ពិការ ហេតុ​នេះ​បាន​ជំរុញ​ឲ្យ​កញ្ញា​បង្ខំចិត្ត​ប្រកប​របរ​នេះ៖ «ប្រសិន​បើ​ពួក​គាត់​រឹប​អូស​យក​ឧបករណ៍ វា​ចេះ​តែ​បាន តែ​ពួក​ខ្ញុំ​បើ​ឈប់​ប្រកប​របរ​នេះ តើ​បាន​លុយ​ពី​ណា​មក​ចិញ្ចឹម​គ្រួសារ ហូប​ចុក​នោះ ហើយ​មិន​ដឹង​ត្រូវ​ធ្វើ​អី​ទៀត​ទេ»។

​ចំណែក​ឯ​ជន​ពិការ​ភ្នែក​ម្នាក់​ទៀត លោក ហៃ វណ្ណដា មក​ពី​មូលនិធិ​តន្ត្រី​ជន​ពិការ​ឲ្យ​ដឹង​ដែរ​ថា រូប​ខ្លួន​មិន​ទទួល​បាន​ការ​ឧបត្ថម្ភ​ណា​មួយ​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ណា​មួយ​នោះ​ឡើយ។ លោក​ថា វិធានការ​ឲ្យ​បញ្ឈប់​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ​របស់​សាលាក្រុង​នៅ​ពេល​នេះ គឺ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ជន​ពិការ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​គិតគូរ​ជន​ពិការ៖ «បើ​សិន​ជា​អត់​ចង់​ឲ្យ​ពួក​ខ្ញុំ​អ្នក​ពិការ​ច្រៀង​តាម​ស្តុប ខ្លាច​ខូច​សណ្ដាប់ធ្នាប់​ចឹង គាត់​គួរ​តែ​គិតគូរ​ឲ្យ​លុយ​ឲ្យ​កន្លែង​ស្នាក់នៅ ឲ្យ​អង្ករ​ពួក​ខ្ញុំ​មក ពួក​ខ្ញុំ​ឈប់​ច្រៀង​ហើយ»។

ទន្ទឹម​គ្នា​នេះ ប្រធាន​អង្គការ​សកម្មភាព​លើ​ជន​ពិការ​ដើម្បី​អភិវឌ្ឍន៍ កញ្ញា នូ វ៉ានី យល់​ថា វិធានការ​រឹប​អូស​ឧបករណ៍​តន្ត្រី​របស់​ក្រុម​តន្ត្រី​ជន​ពិការ​ភ្លាមៗ ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន ខណៈ​ការ​សន្យា​រក​ការងារ​ជូន​ពួកគាត់​មិន​ទាន់​ច្បាស់លាស់ គឺ​កំពុងតែ​បំពាន​ដល់​សិទ្ធិ​ជន​ពិការ៖ «ចឹង​ឲ្យ​សាលា​ក្រុង​គាត់​ពិចារណា និង​គិតគូរ​ម្តង​ទៀត គួរ​តែ​ផ្តល់​ឱកាស​យ៉ាង​ម៉េច​ដល់​ជន​ពិការ ហើយ​គួរ​តែ​ហៅ​ជន​ពិការ​ដែល​គាត់​ធ្វើ​ការងារ​ហ្នឹង​ពិត​ប្រាកដ​មក​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ​ទាំងអស់​គ្នា»។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន ដើម្បី​សួរ​បន្ថែម​ពី​វិធានការ​រឹប​អូស​ឧបករណ៍​តន្ត្រី​ជន​ពិការ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា មន្ត្រី​សាលា​រាជធានី​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក សាលា​រាជធានី​បញ្ជាក់​ថា កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន ក្រសួង និង​ស្ថាប័ន​នានា ជ្រើសរើស​ជន​ពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ដើម្បី​ឲ្យ​ជន​ពិការ​ចិញ្ចឹម​ជីវិត​ផង​ដែរ។

សាលា​រាជធានី​បញ្ជាក់​ថា កន្លង​បាន​ជូន​ដំណឹង​ជា​ច្រើន​ហើយ​ថា មិន​ឲ្យ​ជន​ពិការ​ទាំង​អស់​ប្រគំតន្ត្រី​តាម​ផ្លូវ​សាធារណៈ​នោះ​ទេ ព្រោះ​ថា វា​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាង​នេះ និង​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​សង្គម។

​ចំណែក​ឯ​អ្នក​ដំណើរ និង​តែង​បរិច្ចាគ​ថវិកា​ជូន​ជន​ពិការ​ដែល​ច្រៀង​តាម​ស្តុប លោក សម វិច្ឆិកា មិន​គាំទ្រ​ចំណាត់​ការ​របស់​សាលាក្រុង​ដោយ​គ្រាន់​តែ​យក​ហេតុផល​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​សង្គម៖ «ខ្ញុំ​យល់​ថា ដើរ​រឹប​អូស​ឧបករណ៍​តន្ត្រី​ពួក​គាត់ ធ្វើ​ចឹង​អត់​ត្រូវ​ទេ អត់​មាន​ត្រូវ​រឹប​អូស​ចឹង​ទេ ហើយ​ឥឡូវ​បើ​សិន​ជា​ចង់​រឹប​អូស​ឧបករណ៍​តន្ត្រី​ពួក​គាត់ លុះត្រា​ណា​មាន​គោល​ជំហរ​ច្បាស់លាស់ អាច​ឲ្យ​គាត់​រស់​បាន តែ​បើ​អត់​មាន​អ្វី​ដែល​ផ្ដោះ​ប្ដូរ​ជូន​គាត់ តើ​ឲ្យ​ពួក​គេ​រក​អី​បាន​អី​ជា​ទី​ពឹង»។

​ក្រុម​ពិការ​ប្រកប​របរ​ច្រៀង​តាម​ស្តុប​នៅ​តែ​អះអាង​ថា វិធានការ​របស់​សាលាក្រុង​រឹប​អូស​ឧបករណ៍​តន្ត្រី មិន​ឲ្យ​ច្រៀង​តាម​ទី​សាធារណៈ​ដើម្បី​រៃអង្គាស​ថវិកា គឺ​មិន​បាន​សិក្សា​ពី​ទុក្ខ​លំបាក និង​ឆ្លើយ​តប​តម្រូវការ​ជន​ពិការ​នោះ​ឡើយ។

ជន​ពិការ​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​ផ្ដល់​ឱកាស​ការងារ​ដល់​ពួកគេ​ដើម្បី​បម្រើ​ការងារ​បាន​ដូច​មនុស្ស​ធម្មតា ដើម្បី​កុំ​ឲ្យ​ជន​ពិការ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្លាយ​ទៅ​ជា​អ្នក​សុំទាន​គេ​ម្ដង​ទៀត៕

No comments: