A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 July 2016

"ប្រជាធិបតេយ្យ​កម្ពុជា​នឹង​ដើរ​ថយ​ក្រោយ​បើ​លោក​ខាង​លិច​ផ្ដាច់​ជំនួយ"


ដោយ យ៉ង ចាន់តារា
2016-07-07

ចាន់ វិបុល ៨៥៥ ២០១៦
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។

Photo: RFA



អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ យល់​ឃើញ​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​មិន​អាច​រីកចម្រើន​បាន​ទេ បើសិនជា​សហគមន៍​អន្តរជាតិ​សម្រេច​កាត់ផ្ដាច់ ឬ​កាត់​បន្ថយ​ជំនួយ​មែន​នោះ។ ពួកគេ​បញ្ជាក់​ថា ជំនួយ​បរទេស ពិសេស​ជំនួយ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺ​ជា​ដើមទុន​ក្នុង​ការ​កសាង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដ៏​រឹងមាំ​នៅ​កម្ពុជា។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ទទួល​ស្គាល់​បញ្ហា​នេះ ប៉ុន្តែ​ថា កម្ពុជា​មិន​អាច​រង​សម្ពាធ​ពី​ខាង​ក្រៅ​ជុំវិញ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​បាន​ឡើយ។

អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ដូចគ្នា​ថា បើសិនជា​រដ្ឋាភិបាល​នៅ​ព្រងើយកន្តើយ​ចំពោះ​ការ​គំរាម​កាត់ផ្ដាច់​ជំនួយ​ពី​ប្រទេស​លោក​ខាង​លិច​ទៀត​នោះ វា​នឹង​រុញច្រាន​កម្ពុជា ឱ្យ​ក្លាយ​ជា​ប្រទេស​កុម្មុយនិស្ត​សា​ជា​ថ្មី និង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ។ ពួកគេ​ថ្លែង​បែប​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​អនុម័ត​សេចក្ដី​ព្រាង​ថវិកា​មួយ​កាល​ពី​ចុង​ខែ​មិថុនា ដែល​មាន​ចែង​អំពី​លក្ខខណ្ឌ​រឹត​បន្តឹង​ជំនួយ ៧៧,៨​លាន​ដុល្លារ​មក​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ ខាង​មុខ ដរាបណា​រដ្ឋាភិបាល​នៅតែ​បន្ត​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង​ទៀត​នោះ។

​គណៈកម្មាធិការ​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ហើយ​ថា វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៧ ខាង​មុខ។



លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល ប្រតិកម្ម​ថា អាមេរិក​មាន​សិទ្ធិ​ក្នុង​ការ​ផ្ដល់ ឬ​មិន​ផ្ដល់​ជំនួយ​មក​ឱ្យ​កម្ពុជា ពីព្រោះ​ខ្លួន​ជា​ម្ចាស់​ជំនួយ។ លោក​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​របស់​គណៈកម្មាធិការ​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក​ថា កម្ពុជា​មិន​មាន​ការ​យាយី​សកម្មជន​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង​នោះ​ទេ ហើយ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កន្លង​មក គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់។

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ ទទួលស្គាល់​ថា បើ​មានការ​កាត់​ផ្ដាច់​ជំនួយ​មែន វា​នឹង​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​អនុវត្ត​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់​របស់​ខ្លួន៖ «យើង​ទៅ​តាម​ដំណើរ​ហ្នឹង​ទៅ ប្រជាជន​កម្ពុជា ធ្លាប់​ឆ្លង​កាត់​ដំណាក់កាល​វេទនា មិន​មែន​ត្រឹម​ថ្ងៃ​នេះ​ស៊ី​បាយ​ទេ ធ្លាប់​ស៊ី​ពោត ស៊ី​ស្រូវ​សាលី​ដែរ​តើ! តាំង​ពី​ឆ្នាំ​១៩៧៩ មក។ យើង​ធ្វើ​ទៅ​តាម​កម្មវិធី​គោលការណ៍​របស់​យើង​ត្រឹមត្រូវ​ដែល​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​លើសលប់។ ចង់​មិន​ចង់ វា​ប៉ះ​ខ្លះ​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា វា​ប៉ះ​ខ្លាំង ប៉ះ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ធំ​ដែល​ទទួល​ជំនួយ។ ជាង ៧០​លាន​ដុល្លារ​ហ្នឹង ភាគ​ច្រើន​បាន​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ»។

ការ​ឆ្លើយ​តប​របស់​លោក សុខ ឥសាន គឺ​ដូចគ្នា​ទៅ​នឹង​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា កន្លង​ទៅ​ដែល​ថា លោក​មិន​បារម្ភ​នឹង​ការ​កាត់​ផ្ដាច់​ជំនួយ​របស់​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។ លោក ហ៊ុន សែន ថ្លែង​សំដៅ​សហភាព​អឺរ៉ុប ដែល​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រមាន​បង្កក​ជំនួយ​អភិវឌ្ឍន៍ ប្រសិនបើ​មិន​មាន​ការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ទេ​នោះ៖ «អាង​អី​អាង​កាត់ (ជំនួយ) ពេល​ខ្លះ​ខ្ញុំ​ថា កាត់ៗ​ទៅ! អ្នក​ដែល​ងាប់​មុន​គេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ណា​ដែល​ធ្វើ​ការ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ស៊ី​ប្រាក់ខែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អ្នក​ហ្នឹង​ងាប់​មុន​គេ ព្រោះ​គេ​មាន​ផ្ដល់​មក​ឱ្យ​រដ្ឋាភិបាល​ពី​អង្កាល់»។

​បើ​ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ព្យាយាម​អះអាង​បែប​នេះ​ក្តី ក៏​ការសិក្សា​បង្ហាញ​យ៉ាង​ច្បាស់​ថា ទឹកប្រាក់​ទាំង​នោះ​គឺ​ត្រូវ​ផ្ដល់​មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។ ជា​ឧទាហរណ៍ ទឹក​ប្រាក់​ជំនួយ​ជាង ៤០០​លាន​អឺរ៉ូ ឬ​ស្មើ​នឹង​ជិត ៥០០​លាន​ដុល្លារ​អាមេរិក ដែល​សហភាព​អឺរ៉ុប​សន្យា​ផ្ដល់​មក​ឱ្យ​កម្ពុជា ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ គឺ​ជា​ជំនួយ​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ ជាពិសេស​គឺ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ជំនួយ​ទាំង​នោះ​ទ្រទ្រង់​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិស័យ ៣​សំខាន់ គឺ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​គ្រប់គ្រង​ធនធានធម្មជាតិ ការ​ផ្ដល់​នូវ​ការ​អប់រំ​ដែល​មាន​គុណភាព​ល្អ​ប្រសើរ និង​ការ​អនុវត្ត​កំណែ​ទម្រង់​រដ្ឋបាល និង​អភិបាលកិច្ច ដូចជា​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ និង​កំណែទម្រង់​ការ​បោះឆ្នោត​ជាដើម។

ចំពោះ​ជំនួយ​ដែល​សហភាព​អឺរ៉ុប ផ្ដល់​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​វិញ គឺ​ជា​ជំនួយ​ផ្ដោត​លើ​កម្មវិធី​ជាក់លាក់​ដែល​គ្របដណ្ដប់​លើ​វិស័យ​មួយ​ចំនួន ដូចជា សិទ្ធិមនុស្ស អភិបាលកិច្ច​មូលដ្ឋាន ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ការពារ​បរិស្ថាន ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​សមភាព​យេនឌ័រ ជាដើម។ ជំនួយ​ទាំង​នោះ​ត្រូវ​បាន​ផ្ដល់​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​តាម​រយៈ​សំណើ​សុំ​ដែល​ត្រូវ​ឆ្លងកាត់​ការ​ប្រកួតប្រជែង។ បច្ចុប្បន្ន សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​ជាង ៧០ នៅ​ទូទាំង​ប្រទេស ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៦០​លាន​អឺរ៉ូ។

​ចំណែក​ឯ​ជំនួយ​ជិត ៨០​លាន​ដុល្លារ​របស់​សហរដ្ឋអាមេរិក នៅ​ពេល​នេះ​វិញ គឺ​ជា​ជំនួយ​ផ្តោត​លើ​កម្មវិធី​សុខភាព ការ​អភិវឌ្ឍ ជំនួយ​សម្រាប់​ការ​អប់រំ និង​ហ្វឹកហ្វឺន​យោធា ការ​ប្រឆាំង​ភេរវកម្ម ការ​ដោះ​មីន និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក  អំ សំអាត កត់សម្គាល់​ថា ជំនួយ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច គឺ​ជា​ជំនួយ​ដែល​កម្ពុជា ត្រូវការ​ជា​ចាំបាច់​ដើម្បី​កសាង​សង្គម​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ពិតប្រាកដ។ លោក​ថា ការ​កាត់​ផ្ដាច់​ជំនួយ​ណា​មួយ​ពី​ក្រុម​ប្រទេស​ទាំង​នោះ​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា ធ្លាក់​ចុះ​ការ​អភិវឌ្ឍ ហើយ​ពេល​នោះ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នឹង​មិន​អាច​ឈរ​ជើង​នឹង​បាន​ឡើយ៖ «កុំ​ភ្លេច​ថា កម្ពុជា ជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​កម្ពុជា ជា​សមាជិក​នៃ​អង្គការ។ កម្ពុជា​បាន​ផ្តល់​ហត្ថលេខី និង​បត្យាប័ន​ទៅ​លើ​កតិកាសញ្ញា និង​សន្ធិសញ្ញា​ទាំង​ឡាយ​ស្តី​អំពី​សិទ្ធិមនុស្ស ធានា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ៊ីចឹង​បើសិនជា​ម្ចាស់​ជំនួយ​ច្រើន​ត្រូវ​បាន​កាត់ផ្ដាច់ នោះ​កម្ពុជា យើង​នឹង​អាច​ជួប​វិបត្តិ ហើយ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា យើង​នឹង​ធ្លាក់​ចុះ​ជា​បន្ត​ទៀត»។

​ស្រដៀង​គ្នា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្តទុកដាក់​នឹង​ជំនួយ​របស់​បស្ចិម​ប្រទេស ត្បិត​ជំនួយ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា អភិវឌ្ឍ​មក​ទល់​នឹង​សព្វថ្ងៃ និង​បន្តិច​ម្តងៗ ពង្រឹង​នូវ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ប្រទេស។

លោក​ថា ការ​មិន​បារម្ភ​នឹង​ជំនួយ​បរទេស​នេះ មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ផលវិបាក​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ នៅ​ពេល​ប្រទេស​ទាំង​នោះ​សម្រេច​កាត់​ផ្ដាច់​ជំនួយ​មែន៖ «ប្រតិបត្តិការ​របស់​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ទៅ​លើ​វិស័យ​សុខាភិបាល កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នឹង​ត្រូវ​បាន​កាត់​បន្ថយ។ បើ​យើង​មើល​ក្នុង​វិស័យ​សេដ្ឋកិច្ច ប្រសិនបើ​មាន​ការ​កាត់​ជំនួយ​នេះ ក៏​ឈាន​ដល់​ការ​កាត់​បន្ថយ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ធុរកិច្ច។ បើ​កាល​ណា​កាត់​បន្ថយ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ពី​ប្រទេស​មហា​អំណាច យើង​ឃើញ​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​អំពី​ប្រតិបត្តិការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ខ្លះ​ដែរ»។

​បន្ថែម​ពី​លើ​នេះ បណ្ឌិត ចាន់ វិបុល ថ្លែង​ទៀត​ថា ជំហរ​តឹងតែង​របស់​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ជំនួយ​បស្ចិម​ប្រទេស​នេះ នឹង​ធ្វើ​ឱ្យ​ខាតបង់​ផ្នែក​នយោបាយ​ការបរទេស ពីព្រោះ​វា​នឹង​ជំរុញ​ឱ្យ​មាន​ការ​កៀរគរ​គ្នា​ក្នុង​ចំណោម​ប្រទេស​មហាអំណាច និង​ម្ចាស់​ជំនួយ​ធំៗ ផ្អាក​ការ​ផ្ដល់​ជំនួយ​មក​កម្ពុជា ថែម​ទៀត។

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​អ្វី​ដែល​ម្ចាស់​ជំនួយ​ស្នើ​ឡើង និង​ដោះស្រាយ​វិបត្តិ​ទាំង​នោះ​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​កម្ពុជា៖ «តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​ក្ដី រដ្ឋាភិបាល​ក្ដី ក្នុង​ការ​ពង្រឹង​ការ​យល់​ដឹង​របស់​ប្រជាជន​កម្ពុជា អំពី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ខ្ញុំ​ឃើញ​ទាំង​អស់​នេះ​ហើយ​គឺ​ជា​លទ្ធផល​ចេញ​ពី​ថវិកា​ដ៏​ក្រាស់ក្រែល​ដែល​កម្ពុជា បាន​ទទួល​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​នេះ។ ក៏ប៉ុន្តែ​បើសិនជា​យើង​អត់​បាន​ធនធាន​ទាំង​អស់​នេះ​ទេ ការ​យល់​ដឹង​អំពី​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា និង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​នេះ ខ្ញុំ​ឃើញ​ថា នៅ​ជា​ដំណើរ​វែងឆ្ងាយ​ណាស់។ អ៊ីចឹង​នេះ​គឺ​ជា​ឥទ្ធិពល​ដ៏​វិជ្ជមាន​មួយ ដោយ​ការ​ប្រើប្រាស់​ធនធាន​ពី​បរទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប»។

មក​ទល់​ពេល​នេះ ការ​ព្រួយ​បារម្ភ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ការ​អំពាវនាវ​ទាំង​ឡាយ​របស់​ប្រទេស​ម្ចាស់​ជំនួយ មិន​ទាន់​ត្រូវ​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា នៅ​ឡើយ។ បញ្ហា​ទាំង​នោះ​មាន​ជា​អាទិ៍ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង ធានា​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ ដែល​រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូលផ្ដុំ ជាពិសេស​ការ​បន្ត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ៕

1 comment:

Anonymous said...

Is it the beginning of first phase of punishments to the cpp monkeys govt? and I hope the severe trade sanctions to come.

I disagree with Mr chan vibol that by cutting aid
to Cambodia is a big blow to democracy in the country. We the ones who want change have to learn to bite bullets hard, and we will prevail.
Look at South Africa, the Apathieth, Burma the junta regime,because of trade sanctions were imposed on them, it brought political changes and regime change.