A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 July 2016

គ្រួសារ​អធិការ​ស្រុក​សណ្ដាន់​រង​ការ​ចោទ​ថា​ជា​មេខ្លោង​នាំ​ឱ្យ​មាន​ការ​កាប់​ឈើ​នៅ​ព្រៃឡង់

គ្រួសារ​អធិការ​ស្រុក​សណ្ដាន់​រង​ការ​ចោទ​ថា​ជា​មេខ្លោង​នាំ​ឱ្យ​មាន​ការ​កាប់​ឈើ​នៅ​ព្រៃឡង់
ដោយ​ សូត សុខប្រាថ្នា
2016-07-07

កាប់​ឈើ ព្រៃឡង់ កំពង់ធំ ៨៥៥ ២០១៦
គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជាប់​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ខណៈ​ប្រជា​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
 Photo provided


ពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចោទ​ប្រកាន់​ប្រពន្ធ និង​កូនៗ​របស់​អធិការ​ស្រុក ថា​ជា​មេខ្លោង​នាំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នោះ​បាន​ចូល​ទៅ​ស៊ីឈ្នួល​ជា​កម្មករ​អារ​ឈើ​ឱ្យ​ក្រុម​គ្រួសារ​អធិការ​ស្រុក​សណ្ដាន់ កាល​ពី​ពេល​កន្លង​ទៅ។ បញ្ហា​នេះ អធិការ​ស្រុក​សណ្ដាន់ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

កម្មករ​អារ​ឈើ​នៅ​តំបន់​ព្រៃឡង់ ឱ្យ​ប្រពន្ធ​អធិការ​ស្រុក​សណ្ដាន់ ព្រួយ​បារម្ភ​ខណៈ​ឃើញ​សកម្មភាព​អារ​ឈើ​នៅ​តែ​កើត​ឡើង​ដោយ​លួចលាក់ ព្រោះ​មាន​មេខ្លោង​ជាប់​សែស្រឡាយ​ជា​ប្រពន្ធ​អធិការ​ស្រុក​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង។ ពួកគេ​ប្រើ​រូបភាព​ជួល​ប្រជាពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់ ឱ្យ​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​មួយ​នេះ ជា​ថ្នូរ​នឹង​ថវិកា​កាប់​ឈើ​បាន​មួយ​ម៉ែត្រគូប ១៦​ម៉ឺន​រៀល។ ពួកគេ​អះអាង​ថា ត្បិត​តែ​តំបន់​ព្រៃឡង់ ត្រូវ​ដាក់​ជា​តំបន់​ព្រៃ​ការពារ​ក៏ដោយ ប៉ុន្តែ​ក្រុម​គ្រួសារ​លោក អួង ម៉ូលី ជា​អធិការ​ស្រុក​សណ្ដាន់ នៅ​តែ​អាច​ជួល​មនុស្ស​ចូល​ទៅ​កាប់​ឈើ​ដោយ​លួចលាក់​បាន។



ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ថា ជា​កម្មករ​អារ​ឈើ​ឱ្យ​ប្រពន្ធ​អធិការ​ស្រុក​សណ្ដាន់ សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​និយាយ​ថា ប្រពន្ធ​លោក អួង ម៉ូលី គឺ​អ្នកស្រី ផាន់នី បាន​ជួល​អ្នកស្រុក​សណ្ដាន់ ជា​ច្រើន​នាក់ និង​មាន​ម៉ាស៊ីន​ចាប់​ពី​ជាង ១០​គ្រឿង ដល់ ២០​គ្រឿង ដើម្បី​ឱ្យ​ពលរដ្ឋ​ចូល​កាប់​ឈើ​តំបន់​ព្រៃឡង់។ សកម្មភាព​ទាំង​នេះ កើត​ឡើង​ប្រមាណ ៤​ឆ្នាំ​មក​ហើយ ដោយ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ដើម្បី​ការពារ​មុខ​របរ​អារ​ឈើ​របស់​ប្រពន្ធ​អធិការ​ស្រុក​រូប​នោះ។ បន្ថែម​ពី​នេះ កូនប្រុស​ពីរ​នាក់​ទៀត​របស់​លោក អួង ម៉ូលី គឺ​ឈ្មោះ បូរ៉េត និង បូរី ក៏​ជាប់​ពាក់ព័ន្ធ​រកស៊ី​ឈើ និង​មាន​កន្លែង​ស្តុក​ទុក​ឈើ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​សណ្ដាន់ ដែរ។

​ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ពួកគាត់​ព្រម​ធ្វើ​ជា​កម្មករ​ឱ្យ​ប្រពន្ធ​អធិការ​ស្រុក​រូប​នោះ គឺ​ដោយសារ​តែ​ជីវភាព​ក្រីក្រ គ្មាន​មុខ​របរ ទើប​ព្រម​ចូល​ទៅ​កាប់​ឈើ​ទាំង​ភ័យខ្លាច ពិសេស​គឺ​ភ័យខ្លាច​ក្រុម​សហគមន៍ និង​ក្រុម​បរិស្ថាន​ចាប់​បាន។ ដោយ​ឡែក​អាជ្ញាធរ​ស្រុក​រួម​មាន​ប៉ូលិស មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​ជំនាញ​ថ្នាក់​ស្រុក​ជាដើម គឺ​ពួកគាត់​មិន​បារម្ភ​ឡើយ ព្រោះ​មេ​របស់​លោក​បាន​បង់​ប្រាក់​ជូន​ស្ថាប័ន​នីមួយៗ ក្នុង​មួយ​ខែ​ចាប់​ពី ៣០០​ដុល្លារ​ឡើង​ទៅ សម្រាប់​ការ​ដឹក​ជញ្ជូន និង​ចូល​កាប់​ដោយ​សេរី ដោយ​មាន​គោយន្ត​ច្នៃ​ដឹក​ចេញ​ពី​ព្រៃ ហើយ​មាន​រថយន្ត​ធំៗ ចាំ​ដឹក​បន្ត​យក​ទៅ​លក់​នៅ​តាម​ដេប៉ូ​ឈើ​ក្នុង​ប្រទេស​កម្ពុជា។

ឆ្លើយ​តប​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​សណ្ដាន់ លោក អួង ម៉ូលី បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ទាំង​នោះ។ លោក​បញ្ជាក់​ថា គ្មាន​សមាជិក​គ្រួសារ​លោក​ណា​ម្នាក់​ជាប់​ពាក់ព័ន្ធ​រឿង​រក​ស៊ី​ឈើ ឬ​នៅ​ពី​ក្រោយ​ខ្នង​ឡើយ ប៉ុន្តែ​អាច​ជា​ការ​ចោទ​ប្រកាន់​ដើម្បី​បង្ខូច​កិត្តិយស​របស់​ក្រុម​គ្រួសារ​លោក​ប៉ុណ្ណោះ។ លោក​ថែម​ទាំង​ទាត់ចោល​រឿង​ថា បាន​បង់​ប្រាក់​ទៅ​គ្រប់​ស្ថាប័ន​ក្នុង​ស្រុក ព្រោះ​គ្រួសារ​លោក​មិន​បាន​រកស៊ី​ផង ដូច្នេះ​មិន​មាន​អ្វី​ត្រូវ​យក​ប្រាក់​ទៅ​បង់​ឱ្យ​គេ​ទេ៖ «បើ​សម្រាប់​ខ្ញុំ គឺ​អត់​មាន​បញ្ហា​អី​ទេ។ គេ​ចោទ​ម៉េច​ចោទ​ទៅ បើ​យើង​មិន​ធ្វើ។ កូន​ខ្ញុំ​ណា​ទៅ​ធ្វើ ហើយ​ខ្ញុំ​ក៏​អត់​ធ្វើ​ដែរ បរិស្ថាន​គេ​នៅ​ពេញ​ព្រៃ ទៅ​ធ្វើ​ម្ដេច​កើត»។

​ទោះជា​យ៉ាង​នេះ​ក្ដី អភិបាលស្រុក​សណ្ដាន់ លោក ឡង គីសឺង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា កន្លង​មក​លោក​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​បែប​នេះ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា ដំណឹង​នោះ​ពិត ឬ​យ៉ាង​ណា​ទេ។ ក្រោយ​ពេល​លោក​ទទួល​តំណែង​ជា​អភិបាល​ស្រុក​លោក​បាន​ណែនាំ​ដល់​អធិការ​ស្រុក​រូប​នោះ​ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ប្រសិនបើ​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​មែន។ អភិបាល​ស្រុក​រូប​នេះ បដិសេធ​ថា អាជ្ញាធរ​ស្រុក​ក្រោម​ការដឹកនាំ​របស់​លោក គឺ​មិន​បាន​ពាក់ព័ន្ធ​ការ​យក​ប្រាក់​ពី​ក្រុម​ឈ្មួញ​ឡើយ៖ «តាំង​ពី​ខ្ញុំ​កាន់​ការងារ​នេះ ខ្ញុំ​មិន​ដែរ​មាន​បញ្ហា​ប្រើ​កូនចៅ​ខ្ញុំ​ទៅ ប្រមែប្រមូល​របៀប​អ៊ីចឹង​ដើម្បី​ជា​ប្រយោជន៍​របស់​ខ្ញុំ​ទេ»។

​ទាំង​អភិបាល​ស្រុក និង​សហគមន៍​ព្រៃឡង់ បញ្ជាក់​ថា បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​មួយ​នេះ​ថយ​ចុះ​ក្រោយ​ពេល​រាជរដ្ឋាភិបាល​ដាក់​ជា​តំបន់​ព្រៃ​ជម្រក​សត្វ​កាល​ពី​ដើម​ខែ​ឧសភា។

បើ​ទោះ​បី​ជា​ព្រៃឡង់ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ជា​តំបន់​ព្រៃ​ជម្រក​សត្វ ឬ​ព្រៃ​ការពារ​ក៏ដោយ ប៉ុន្តែ​បណ្ដាញ​ព្រៃឡង់ លើក​ឡើង​ថា បទល្មើស​នឹង​នៅ​តែ​កើត​មាន ប្រសិនបើ​អាជ្ញាធរ​មិន​បាន​អនុវត្ត​ច្បាប់​លើ​មេខ្លោង​ធំៗ​នោះ។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​នៃ​បណ្ដាញ​សហគមន៍​ព្រៃឡង់ ទាំង ៤​ខេត្ត លោក សេង សុខហេង បញ្ជាក់​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឡង់ ពិត​ជា​មាន​មន្ត្រី​ថ្នាក់​មូលដ្ឋាន​នៅ​ស្រុក​សណ្ដាន់ ជាប់​ពាក់ព័ន្ធ​ប្រាកដ​មែន។ លោក​ថា បើ​ទោះបីជា​ព័ត៌មាន​បាន​បង្ហាញ​ថា មន្ត្រី​អាជ្ញាធរ​ស្រុក​ជាប់​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​ព្រៃឡង់ ក៏ដោយ ប៉ុន្តែ​គ្មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​លើ​ពួកគេ​ឡើយ។

បញ្ហា​នេះ លោក​យល់​ថា អាច​មាន​មន្ត្រី​ថ្នាក់​ជាតិ​នៅ​កាង​ពី​ក្រោយ​បន្ត​ទៀត៖ «រឿង​នេះ​ដោយសារ​វា​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ តាំង​ពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម។ អ៊ីចឹង​ហើយ​រឿង​របស់​សែស្រឡាយ​អធិការ​ស្រុក​សណ្ដាន់​ហ្នុង ខ្ញុំ​គិត​ថា មិន​មែន​ត្រឹមតែ​ថ្នាក់​ហ្នុង​ទេ គឺ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ថ្នាក់​កំពូល ថ្នាក់​ជាតិ​ណោះ​ទៀត»។

លោក សេង សុខហេង អបអរ​សាទរ​ចំពោះ​ការ​កំណត់​យក​តំបន់​ព្រៃឡង់ ដាក់​ជា​តំបន់​ព្រៃ​ការពារ ប៉ុន្តែ​លោក​នៅ​តែ​បារម្ភ​ចំពោះ​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​មួយ​នេះ ដរាបណា​រាជរដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដល់​ក្រុម​ឈ្មួញ​ធំៗ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ៕

No comments: