A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 June 2016

អាជ្ញាធរ​ចេញ​បម្រាម​ដល់​មន្ត្រី CNRP មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ



បញ្ជី​ស្នាម​មេដៃ​ដែល​ CNRP ថ្វាយ​ព្រះមហាក្សត្រ​កន្លង​មក។ ហុង មិនា

អាជ្ញាធរ​ចេញ​បម្រាម​ដល់​មន្ត្រី CNRP មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ
Mon, 6 June 2016 ppp
នៀម ឆេង


កំពង់ធំៈ អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​ដាក់​បម្រាម​លើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ទេ​ដោយ​អះអាង​ថា​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ និង​មិន​មាន​ការ​គាប​សង្កត់​ដែល​ត្រូវ​សុំ​អន្តរាគមន៍​ឡើយ​ហើយ​បាន​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​នឹង​មិន​រាថយ​ដោយ​សំអាង​ថា​មិន​មាន​ច្បាប់​ហាមឃាត់​។

ក្នុង​លិខិត​ផ្ញើ​ជូន​លោក ស៊ុន ចន្ធី ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ​ចុះ​ថ្ងៃ​ទី​ ៣ ​ខែ​មិថុនា​លោក អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ បាន​សរសេរ​ថា​ការ​​ប្រមូល​ស្នាម​មេដៃ​នេះ​ «ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ និង​ធ្វើឲ្យ​រំខាន​ដល់​ពលរដ្ឋ​ដែល​បាន​ទទួល​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​រួច​ហើយ»។

លោក អ៊ុត សំអន បាន​ពន្យល់​ថា​មិន​មាន​ការ​គាប​សង្កត់​ណា​មួយ​ដែល​ត្រូវ​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ទេ។ «ចំពោះ​ករណី​ដែល​ថា​មាន​ការ​រុកកួន​ពី​តុលាការ​នោះ​វា​មិនមែន​ជា​ការ​បង្គាប់​បញ្ជា​ពី​បុគ្គល​ ឬ​ស្ថាប័ន​ណា​មួយ​ទេ​ដោយសារ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ជា​អ្នក​អនុវត្ត​ច្បាប់​ដោយ​មិន​រើសអើង​បុគ្គល​ណា​ឡើយ»។



ទន្ទឹម​នឹង​បម្រាម​នេះ​លោក​អភិបាល​ខេត្ត​ អ៊ុន សំអន ក៏​បាន​ចេញ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដោយ​បញ្ជា​ដល់​អភិបាល​ក្រុង​ និង​ស្រុក​ឲ្យ​ទប់ស្កាត់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

លិខិត​ចុះ​ថ្ងៃ​ទី​ ៣ មិថុនា ដូច​គ្នា​ផ្ញើ​ជូន​ទៅ​អភិបាល​ក្រុង​ និង​ស្រុក​សរសេរ​ថា៖ «រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​​ពលរដ្ឋ​ឲ្យ​បាន​យល់​ច្បាស់​អំពី​ស្ថាន​ការណ៍​កម្ពុជា​បច្ចុប្បន្ន​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ចូលរួម​ផ្តល់​ស្នាម​មេដៃ»។

លោក អ៊ុន សំអន មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​ប៉ុន្តែ លោក ជូ សំអាន ស្នងការ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​បើ​សិន​ជា​មាន​ការ​ប្រមូល​ស្នាម​មេដៃ​រំលោភ​លើ​ការ​ជូន​ដំណឹង​នេះ។

លោក​បាន​ថ្លែង​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ​ឮ​ព័ត៌មាន​ថា​មាន​ការ​ប្រមូល​ស្នាម​មេដៃ​ដោយ​លួចលាក់។

តែ​ ២ ​ថ្ងៃ​នេះ​ដូចជា​ស្ងាត់។ បើ​គាត់​មិន​ឈប់​ទេ​យើង​នឹង​ហៅ​គាត់​មក​អប់រំ​ថា​គាត់​មិន​អាច​ប្រឆាំង​នឹង​អំណាច​សាលក្រម​គាត់​មិន​អាច​ប្រឆាំង​អំណាច​តុលាការ​បាន​ទេ។ បើ​លើក​ទី​មួយ​មិន​ស្តាប់​លើក​ទី ២ ​យើង​ចាត់​វិធានការ​តាម​មាត្រា​ ៥៣២ និង​មាន​ត្រា​ ៥៣៣»។

លោក​បន្ថែម​ថា៖ «បើ​យើង​ហាម​ហើយ​គាត់​នៅ​តែ​ប្រមូល​បាន​ស្នាម​មេដៃ​រាប់ពាន់​ទៀត​យើង​ឆ្ងល់​ថា​តើ​ស្នាម​មេដៃ​នោះ​ពិត​ឬ​អត់?»។

ទោះ​បី​យ៉ាង​ណា​លោក ស៊ុន ចន្ធី ដែល​ជា​អ្នក​ដាក់​ពាក្យ​ជូន​ដំណឹង​ទៅ​រដ្ឋបាល​ខេត្ត​កំពង់ធំ​អំពី​ការ​ប្រមូល​ស្នាម​មេដៃ​នេះ​អះអាង​ថា​លោក​មិន​រាថយ​ក្នុង​ការ​ចុះ​ប្រមូល​យក​ស្នាម​មេដៃ​ពី​សមាជិក​គណបក្ស​និង​ពលរដ្ឋ​ទូទៅ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ផ្តល់​ស្នាម​មេដៃ​គឺជា​សេរីភាព​របស់​ពលរដ្ឋ​​ក្នុង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​អត់​មាន​ច្បាប់​ណា​មក​ហាម​ឃាត់​មិន​ឲ្យ​ផ្តល់​ស្នាម​មេដៃ​ទេ។ យើង​បាន​ចាប់​ផ្តើម​ប្រមូល​ ២ ​ថ្ងៃ​ហើយ​ដោយ​ប្រមូល​ពី​សមាជិក​គណបក្ស និង​ពលរដ្ឋ​ទូទៅ​ដែល​គាត់​ចង់​ចូលរួម»៕

No comments: