A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 7 June 2016

វីរជន​បរិស្ថាន​អំពាវនាវ​ឲ្យ​ផ្តន្ទាទោស​ឧកញ៉ា​ឈើ


Manekseka Sangkum

The timber tycoons are only field agents and hired hands of the ruling elite. These 'okhnas' could not have felled a single tree without prior authorization from their political patrons. That's how the tycoons earned their medals!

>>>


ឈើ​ហុប​នៅ​តំបន់​ដី​សម្បទាន​នៅ​ព្រៃឡង់​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៦ ​។ រូបថត VANNRITH RONG

វីរជន​បរិស្ថាន​អំពាវនាវ​ឲ្យ​ផ្តន្ទាទោស​ឧកញ៉ា​ឈើ
Mon, 6 June 2016 ppp
ផាក់ ស៊ាងលី


ភ្នំពេញៈ សកម្មជន និង​វីរជន​បរិស្ថាន​អន្តរជាតិ​មើល​ឃើញ​ថា​អាជ្ញាធរ និង​រដ្ឋាភិបាល​មាន​ភាព​អសកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​ហើយ​បាន​អំពាវនាវ​​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ក្រុម​ឈ្មួញ​ឈើ​ក្រាក់ៗ​យក​ទៅ​​ផ្តន្ទាទោស​ និង​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​មហាសាល​របស់​ពួកគេ​ដែល​បាន​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​​យក​មក​​​អភិវឌ្ឍ​ប្រទេស​ជាតិ​។

ក្រុម​និស្សិត អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ព្រៃឡង់​ជិត ៥០០ នាក់​មក​ពី​ទូទាំង​ប្រទេស​រួម​នឹង​វីរជន​បរិស្ថាន​ដែល​ទើប​ទទួល​ពាន​រង្វាន់​ពិភពលោក​ផ្នែក​ការពារ​បរិស្ថាន​លោក ​អ៊ូច ឡេង បាន​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្វ​ទិវា​បរិស្ថាន​ពិភពលោក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ក្រោម​ប្រធាន​បទ​ «ព្រៃ​​ឈើ និង​ទន្លេ​ជា​ជីវិត»។

សកម្មជន​បរិស្ថាន​បាន​ប្រើប្រាស់​វេទិកា​នេះ​ភាគច្រើន​និយាយ និង​រិះគន់​រដ្ឋាភិបាល​រឿង​​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា និង​ទទូច​ឲ្យ​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​​ឧកញ៉ា និង​ឈ្មួញ​ឈើ​ដែល​ជា​មន្ត្រី​មាន​អំណាច​ហើយ​រឹប​អូស​យក​ធនធាន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ទុក​ជា​សម្បត្តិ​រដ្ឋ។



វីរជន​បរិស្ថាន​ពិភពលោក​លោក​ អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លូក​យក​ពាន​ពី​ក្នុង​សាក់​កាដូ​ហើយ​លើក​បង្ហាញ​ក្រុម​អ្នក​ចូលរួម​ជា​លើក​ដំបូង​នៅ​កម្ពុជា​ដោយ​ស្រែក​ថា​ពាន​រង្វាន់​ដែល​​រួម​មាន​ទឹកប្រាក់​ជាង ១៧ ម៉ឺន​ដុល្លារ​អាមេរិក​នេះ «​គឺ​សម្រាប់​អ្នក​ទាំងអស់​គ្នា» ហើយ​លោក​នឹង​ប្រើប្រាស់​ថវិកា​នោះ​ក្នុង​បុព្វហេតុ​ការពារ​ព្រៃឈើ​កម្ពុជា​ដែល​នៅ​សេស​សល់។

លោក​ អ៊ូច ឡេង បាន​សង្កេត​ឃើញ​ថា​ព្រៃឈើ​ពិតប្រាកដ​នៅ​កម្ពុជា​នៅ​សល់​មិន​ដល់​ ២០ ភាគរយ​ផង​ដោយ​សារ​តែ​ក្រុម​ឧកញ៉ា និង​អ្នក​មាន​អំណាច​គឺជា​អ្នក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ខណៈ​ពេល​ដែល​អ្នក​ក្រ​ជា​អ្នក​ខិតខំ​ការពារ​ព្រៃឈើ​ទៅ​វិញ។

លោក​ថា៖ «អ្នក​ក្រ​តែង​ចូលរួម​ទាមទារ​ឲ្យ​មាន​ការ​ការពារ​បរិស្ថាន​បញ្ឈប់​ការ​​កាប់​ឈើ។ ឯ​អ្នក​ដែល​កាប់​ឈើ​គឺ​ច្រើន​តែ​អ្នក​ដែល​មាន​បណ្តា​ស័ក្តិ​ខ្ពស់ៗ និង​មាន​អំណាច​ធំ។ ព្រៃឈើ​ជា​កេរមរតក​ដូនតា​យើង​ទាំងអស់​គ្នា​ហើយ​បើ​សិន​ជា​ការពារ​ព្រៃឈើ​យើង​ហើយ​វា​ខុស​ច្បាប់​ទៀត​ឲ្យ​គេ​ចាប់​ដាក់​គុក​ឲ្យ​អស់​រាប់​លាន​នាក់​ទៅ»។

លោក​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​តែងតែ​លើក​ឡើង​ថា​ចង់​បំបាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ។ ប៉ុន្តែ​នៅ​កណ្តាល​ក្រុង​គឺ​សម្បូរ​ដោយ​សិប្បកម្ម​កែច្នៃ​ឈើ​ហើយ​នៅ​ក្នុង​ព្រៃ​មាន​រោងចក្រ​កែច្នៃ​ឈើ​ដូចជា​នៅ​ព្រៃឡង់ មណ្ឌល​គិរី រតនគិរី កោះកុង ពោធិ៍សាត់​ជាដើម។

វីរ​ជន​បរិស្ថាន​រូប​នេះ​បន្ត​ថា៖ «ទោះ​មាន​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី​ឲ្យ​បង្ក្រាប​ឧកញ៉ា​​ទាំង​នោះ​ក៏ដោយ ក៏​ឧកញ៉ា​ទាំង​នោះ​នៅ​តែ​មាន​ឥទ្ធិពល​ដដែល​ហើយ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ផ្តន្ទាទោស និង​ប្រមូល​ទ្រព្យសម្បត្តិ​យក​ទៅ​កសាង​ជាតិ​ទាល់​តែ​សោះ​ក្រៅ​តែ​ពន្យារ​ពេល​ដើម្បី​ឲ្យ​ឧកញ៉ា​ដែល​រកស៊ី​ឈើ​ដុះ​ស្លែ​ទាំង​នោះ​រួច​ខ្លួន»។

លោក​ថា ​នា​ពេល​បច្ចុប្បន្ន​នេះ​ការ​កាប់​ឈើ​នៅ​តែ​មាន​គ្រប់​ទីកន្លែង​ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​គោយន្ត ១០០ គ្រឿង​ដឹក​ឈើ​ចេញ​ពី​ព្រៃឡង់​ដែរ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បង្រ្កាប​បទល្មើស​ព្រៃឈើ និង​ដាំ​ឈើ​ឡើ​វិញ​ដោយ​មិន​ត្រូវ​ថា​តែ​មាត់​នោះ​ទេ។


ព្រៃឈើ​នៅ​ព្រៃឡង់​ត្រូវ​បាន​គេ​កាប់​ដុត​បំផ្លាញ​កាល​ពី​ពេល​កន្លង​មក​។ រូបថត សហការី


ក្រៅ​ថ្លែង​ពី​រដ្ឋាភិបាល​វីរជន​បរិស្ថាន​រូប​នេះ​ក៏​បាន​រិះគន់​បញ្ឆិត​បញ្ឆៀង​សហភាព​អឺរ៉ុប (EU) និង​សហរដ្ឋ​អាមេរិក​ដែល​កំពុង​​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម​ផង​ដែរ។

សកម្មជន​ការពារ​​ព្រៃឈើ​លោក​ សេង សុខហេង ដែល​ជា​វាគ្មិន​ក្នុង​វេទិកា​​នេះ​បាន​ថ្លែង​ថា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​គឺជា​មូលដ្ឋាន​ចម្បង​ក្នុង​ការ​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​កម្ពុជា​នៅពេល​ដែល​ការ​អនុវត្ត​​ច្បាប់​មាន​ភាព​ធូររលុង​ដោយសារ​តែ​មន្ត្រី​អាជ្ញាធរ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​បទល្មើស​នេះ​ហើយ​មនុស្ស​តែ​ប្រមាណ​ជា​ ២០ ​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ផល​ពី​ធនធាន​ធម្មជាតិ​។

លោក​បញ្ជាក់​ថា៖ «គោល​នយោបាយ​រដ្ឋាភិបាល​ដាក់​ចេញ​ជាង ១០ ឆ្នាំ​ហើយ​តែ​ការ​ច្បាម​យក​ធនធាន​ធម្មជាតិ​ហ្នឹង​គឺ​វា​អត់​តម្លាភាព​សម្រាប់​តែ​បុគ្គល និង​បក្ខពួក​ខ្លួន។ អ្នក​មាន​លុយ​​មាន​អំណាច​គឺ​មាន​ឱកាស​ច្បាម​យក​ទៅ។ មន្ត្រី​រដ្ឋាភិបាល​អសកម្ម​តែ​ម្តង​ដោយសារ​តែ​​ក្រុម​មួយ​ចំនួន​ធំ​គឺ​រកស៊ី​ឈើ​តែ​ម្តង​»។ ប្រមុខ​រដ្ឋាភិបាល​សុទ្ធ​តែ​ព្រមាន​ថា​ចាត់​វិធានការ​លើក​អ្នក​កាប់​ឈើ​សូម្បី​តែ​ពាក់​ផ្កាយ​ប៉ុន្មាន​ក៏ដោយ​តែ​ផ្ទុយ​ទៅ​វិញ​មាន​តែ​អ្នក​ការពារ​ព្រៃឈើ​ទេ​ដែល​រង​ទុក្ខ និង​ទទួល​រង​ការ​គំរាម​កំហែង​អាយុ​ជីវិត។

ការ​សម្ដែង​សិល្បៈ​ផ្សេងៗ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​នោះ​ផង​ដែរ​ដើម្បី​​លើក​កម្ពស់​ចំណេះ​ដឹង​ដល់​សាធារណជន​ពី​សារៈសំខាន់​នៃ​បរិស្ថាន​។ លើស​​ពី​នោះ​វេទិកា​នេះ​ក៏​បើក​ឱកាស​ដល់​យុវជន​ចេញ​សេចក្តី​ថ្លែងការណ៍​ជូន​រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​បាត់បង់​ព្រៃឈើ និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ផង​ដែរ។

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​បរិស្ថាន​បាន​ដាក់​ព្រៃឈើ​ជិត ១ លាន​ហិកតា​ជា​ព្រៃ​ការពារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ក្នុង​នោះ​ក៏​រួម​មាន​ព្រៃឡង់​ផង​ដែរ​ប៉ុន្តែ​សកម្មភាព​កាប់​បំផ្លញ​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន​ដដែល។

ក្រសួង​បរិស្ថាន និង​ក្រសួង​អប់រំ​ក៏​បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ផង​ដែរ។

បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ដឹកនាំ​កិច្ចប្រជុំ​នៅ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​ ១៥ ​ខែ​មករា​ កន្លង​មក​លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ធ្ងន់ៗ​ដល់​អភិបាល​ស្រុក និង​ខេត្ត​មន្ត្រី​នគរបាល កងរាជ​អាវុធហត្ថ មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​នៅ​លើ​បញ្ហា​ឈ្មួញ​ឈើ​ដែល​ជា​ឧកញ៉ា​ (​ឧកញ៉ា​ លឹម ប៊ុនណា ហៅ​ ខ្នា ឧកញ៉ា សឹង សំអុល​) ធ្វើការ​កាប់ ឬ​ដឹកឈើ​ជញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម។ លើស​ពី​នោះ​បាន​ព្រមាន​ចាត់​វិធានការ​ដក​តំណែង​​ទៀត​ផង។ ប៉ុន្តែ​អស់​រយៈពេល​ជាង ៥ ខែ​មក​នេះ​គឺ​មិន​ទាន់​មាន​ឃើញ​មន្ត្រី​ឈ្មួញ​ឈើ ឬ​ឧកញ៉ា​ណា​ម្នាក់​​ត្រូវ​បាន​នាំ​ខ្លួន​​ទៅ​តុលាការ​នោះ​ទេ​។

លោក​ ផៃ ស៊ីផាន ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដោយ​បាន​ចាត់ទុក​សកម្មភាព​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ថា​ជា​រឿង​បុគ្គល​ប៉ុន្តែ​រដ្ឋាភិបាល​ និង​តុលាការ​គឺ​ប្រឆាំង​នឹង​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​នៅ​តែ​តាម​ស៊ើប​អង្កេត​លើ​បទល្មើស​ដដែល​។

លោក​បញ្ជាក់​ថា៖ «​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ។ ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​តុលាការ​យើង​នៅ​តែ​តាម​ចំណាត់ការ​។ ទោះ​យប់​ពួក​ហ្នឹង​មាន​ខ្នង​ក្រាស់​ប៉ុន​ណា​ក៏ដោយ ក៏​សមត្ថកិច្ច​នៅ​តែ​​ប្រកាន់​ខ្ជាប់​តាម​បង្ក្រាប​ស្វែងរក​ភ័ស្តុតាង និង​បញ្ជូន​ទៅ​តុលាការ»។ ​

លោក​បន្ត​ថា​ជន​ខិលខូច​មិន​ដែល​លីរណារ​ទៅ​កាប់​ឈើ​ខ្លួន​ឯង​នោះ​ទេ​គឺ​តែងតែ​ប្រើ​​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ឬ​អ្នក​អត់​អំណាច​ទៅ​កាប់​យក​ទៅ​លក់​ឲ្យ​ពួកគេ។

លោក​ថ្លែង​ថា​ ការងារ​បរិស្ថាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់​រួម​គ្នា​ជា​ប្រព័ន្ធ។

បើ​តាម​ក្រុម​សកម្មជន​បរិស្ថាន​បច្ចុប្បន្ន​ព្រៃឈើ​នៅ​តែ​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ និង​ដឹក​ជញ្ជូន​ជា​ហូរ​ហែ​ដដែល​នៅ​ឡើយ៕

2 comments:

Anonymous said...



"វីរជន​បរិស្ថាន​អំពាវនាវ​ឲ្យ​ផ្តន្ទាទោស​ឧកញ៉ា​ឈើ"

វាទៅមិនរួច ពីព្រោះអាខ្វាង វាកាងពួក អាមន្ត្រីខូចរកស៊ីជាមួយវា។

Kim Ea said...

Khmer administration cannot and will not punish these culprits criminal timbers contraband or deforestation . These criminals are shield by their dear friends ,confidants and cheered profit or interest with the highest authorities . Without these highest echelon authorization, back up or cover up , these criminal forest devastation merchants cannot a will not destroyed our Khmer forest in this magnitude and never got caught once so far . Did this scheme is suspicious ?