A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 18 June 2016

អ្នក​វិភាគ​ថា​រដ្ឋាភិបាល​នៅ​តែ​ភ័យ​ខ្លាច​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច


ដោយ ទីន ហ្សាការីយ៉ា
2016-06-18

កម្មករ​រោងចក្រ ញូវ អាកឃីត ២០១៦ ៨៥៥
កម្មករ​រោងចក្រ ញូវ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth



ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា ការ​អះអាង​របស់​រដ្ឋាភិបាល​ថា​មិន​ខ្វល់​ចំពោះ​ជំនួយ​របស់​សហគមន៍​អឺរ៉ុប នោះ ថា​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល​រឹងមាំ និង​មិន​ត្រូវ​ការ​ជំនួយ​ទេ តែ​ជាក់ស្ដែង រដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​វិញ​ទេ ព្រោះ​ថា កម្ពុជា ក្រៅ​ពី​ពឹង​ផ្អែក​បរទេស​នោះ គឺ​កម្ពុជា ពឹង​ផ្អែក​ធំ​ជាង​គេ​ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា កម្ពុជា នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ ប្រសិន​បើ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ ព្រោះ​ថា រដ្ឋាភិបាល​កម្ពុជា មិន​អាច​ដឹក​នាំ​ប្រទេស​ដោយ​គ្មាន​ការ​ពឹងពាក់​ជំនួយ និង​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ឡើយ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា អ្វី​ដែល​រដ្ឋាភិបាល​លើក​ពី​ការ​មិន​ព្រួយ​បារម្ភ​ចំពោះ​ជំនួយ​សហគមន៍​អឺរ៉ុប នោះ គឺ​មិន​ប៉ះពាល់​ទេ​សម្រាប់​មន្ត្រី​មាន​អំណាច​ធំៗ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ដែល​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ទោះ​បី​ជា​ចាយ​ត​ចៅ​ទៀត​ក៏​មិន​ខ្វះ​ដែរ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​នៅ​ឡើយ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​សហគមន៍​អឺរ៉ុប កាត់​ផ្ដាច់​ជំនួយ ឬ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ គឺ​ប្រជាពលរដ្ឋ​ប្រមាណ ៨​លាន​នាក់ នឹង​ប៉ះពាល់៖ «ចំនួន​មនុស្ស​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​នៅ​សល់​ប្រមាណ ១៩% ប៉ុន្តែ​មនុស្ស​ប្រមាណ ៨​លាន​នាក់​នៅ​លើ និង​ក្បែរ​បន្ទាត់​ក្រីក្រ​នៅ​ឡើយ​ទេ។ ចឹង​បើ​សិន​ជា​មាន​បញ្ហា​អី​មនុស្ស​ប្រមាណ ៨​លាន​នាក់​នោះ នឹង​ធ្លាក់​មក​ក្រោម​បន្ទាត់​ក្រីក្រ​វិញ»។



ការ​លើក​ឡើង​ដូច្នេះ​របស់​អ្នក​វិភាគ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​សហភាព​អឺរ៉ុប កាត់​ជំនួយ​មែន​នោះ រដ្ឋាភិបាល​មិន​ប៉ះពាល់​នោះ​ទេ អ្នក​ដែល​ប៉ះពាល់​ខ្លាំង គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​វិញ​ទេ៖ «រឿង​អី​អាង​កាត់​ជំនួយ ពេល​ខ្លះ​ខ្ញុំ​ថា​កាត់ កាត់​ទៅ អ្នក​ដែល​ងាប់​មុន​គេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ណា​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ស៊ី​ប្រាក់​ខែ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​នោះ​ងាប់​មុន​គេ ព្រោះ​គេ​មិន​បាន​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​ពី​អង្កាល់?»។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ដោយសារ​តែ​បន្ទាប់​ពី​សភា​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​៩ មិថុនា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​នូវ​ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង ព្រម​ទាំង​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព។

សភា​សហភាព​អឺរ៉ុប ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​របស់​អ្នក​នយោបាយ សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​ធានា​ថា ពួក​គេ​បំពេញ​ការងារ​ដោយ​សេរី គ្មាន​ការ​បំភិត​បំភ័យ ការ​ចាប់​ខ្លួន ឬ​ការ​ធ្វើ​បាប​នោះ​ឡើយ។

សហភាព​អឺរ៉ុប គឺ​ជា​ដៃគូ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​កម្ពុជា ហើយ​ជំនួយ​ថ្មី​ផ្តល់​ឲ្យ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ មាន​ចំនួន ៤១០​លាន​អឺរ៉ូ​នោះ សភា​សហភាព​អឺរ៉ុប លើក​ឡើង​ថា ជំនួយ​ផ្តល់​ឲ្យ​កម្ពុជា គួរ​ធ្វើ​ឡើង​តិច ឬ​ច្រើន​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា។

ក្រៅ​ពី​នេះ​ទៀត អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក៏​បាន​ទូរស័ព្ទ​មក​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន។ លោក បាន គីមូន ទទូច​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស សេរីភាព​នៃ​ការ​សម្ដែង​មតិ និង​ឲ្យ​បក្ស​ទាំង​ពីរ​វិល​មក​រក​វប្បធម៌​សន្ទនា​ជា​ថ្មី។

ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​លើក​ឡើង​ថា បើ​មើល​ពី​ជំនួយ​សហគមន៍​អឺរ៉ុប ផ្ដល់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​មាន​ប្រមាណ ៦០​លាន​អឺរ៉ូ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជំនួយ​ដែល​សហគមន៍​អឺរ៉ុប ផ្ដល់​ជូន​រដ្ឋាភិបាល គឺ​មាន​ចំនួន​ច្រើន​ជាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើសលប់។

ជំនួយ​សហប្រតិបត្តិការ​ទ្វេ​ភាគី​ដែល​សហភាព​អឺរ៉ុប ផ្តល់​ឲ្យ​កម្ពុជា ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ មាន​ចំនួន ៤១០​លាន​អឺរ៉ូ ដើម្បី​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដោត​លើ​ផ្នែក​មួយ​ចំនួន ដូចជា​ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​វិស័យ​កសិកម្ម ការ​លើក​កម្ពស់​វិស័យ​អប់រំ អភិបាលកិច្ច​ល្អ កំណែ​ទម្រង់​រដ្ឋបាល តួយ៉ាង​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែ​ទម្រង់​ប្រជាធិបតេយ្យ ព្រម​ទាំង​កំណែ​ទម្រង់​ការ​បោះឆ្នោត ជាដើម។

កែម ឡី ២០១៥ ៨៥៥
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth


ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មិន​មែន​ពឹង​ផ្អែក​តែ​លើ​ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក យក​មក​បង្គ្រប់​ថវិកា​ជាតិ​នោះ​ទេ គឺ​កម្ពុជា ពឹង​ផ្អែក​លើ​អ្នក​វិនិយោគ និង​ការ​នាំ​ចេញ៖ «នៅ​ភ្នំពេញ​យើង​មួយ​ចំនួន​កោះ​ពេជ្រ ត្រើយ​ម្ខាង​អី​នៅ​តែ​មាន​ជំនួយ​បំណុល​អត្រា​ការប្រាក់​ទាប។ ខ្ញុំ​គិត​ថា គាំង​តែ​បន្តិច​ហ្នឹង គឺ​គ្រោះថ្នាក់​ហើយ តែ​ការ​ឆ្លើយ​តប​របស់​គាត់​ជា​សាធារណៈ ដូចជា​ខ្លាំង។ ចឹង​ហើយ​តែ​ខាង​ក្រោយ​វិញ ដូចជា​មាន​សារ​ជា​ការ​ប៉ះប៉ូវ​អី​ដែរ»។

លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ខ្វល់​អំពី​កា​កាត់​ផ្ដាច់​ពី​សហគមន៍​អឺរ៉ុប មែន​នោះ រដ្ឋាភិបាល​នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ ព្រោះ​ថា ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​មិន​មែន​តែ​ប៉ះពាល់​រដ្ឋាភិបាល ឬ​អង្គការ​សង្គម​ស៊ីវិល​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ជា​ប្រព័ន្ធ​នៅ​ក្នុង​សង្គម៖ «វិបត្តិ​ធំ​ជាង​គេ កម្មករ​បោះបង់​រោងចក្រ រោងចក្រ​បិទ​ទ្វារ ខាត​ទាំង​ចិត្ត​ទៀត​នោះ ហើយ​កម្មករ​មួយ​ចំនួន​នោះ​ជំពាក់​បំណុល​ពឹងពាក់​លើ​ចំណូល​ពី​ថៃ និង​រោងចក្រ​កាត់​ដេរ។ ដល់​ទៅ​ចឹង នឹង​គាំង​ដល់​មីក្រូហិរញ្ញវត្ថុ​ទៅ​ទៀត ឬ​វិបត្តិ​ធនាគារ​កើត​ឡើង»។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ កម្ពុជា មិន​ទាន់​មាន​ភាព​ចលាចល​ក្នុង​សង្គម​ផង គ្រាន់​តែ​បញ្ហា​នយោបាយ​មិន​សូវ​ល្អ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អ្នក​វិនិយោគ​ស្ទាក់ស្ទើរ ឬ​មិន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត កម្ពុជា ទោះ​បី​ជា​មាន​កំណើន​សេដ្ឋកិច្ច​បាន​ប្រមាណ ៧% ក្នុង​មួយ​ឆ្នាំ​ក្ដី ប៉ុន្តែ​ផល​កំណើន​នោះ​បាន​ទៅ​លើ​ក្រុម​អ្នក​មាន​មួយ​ក្រុម​ទេ។ ផល​កំណើន​សេដ្ឋកិច្ច​នេះ មិន​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​មូល​នោះ​ទេ។

លោក​បណ្ឌិត មាស នី បន្ថែម​ថា ចំណូល​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំៗ​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ គឺ​ចំណូល​នេះ​បាន​មក​ពី​វិស័យ​វាយនភ័ណ្ឌ​ក៏​ច្រើន​ដែរ បើ​សិន​ជា​សហគមន៍​អឺរ៉ុប បិទ​ការ​នាំ​ចូល​មែន​នោះ កម្ពុជា នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត៖ «ខ្មែរ​យើង​បាន​ត្រឹម​ធាក់​ថយ មិន​ទៅ​មុខ ដូច​រឿង​កញ្ចាញ់ចេក​ខំ​ប្រឹង​ឡើង​អណ្ដូង​បាន ១០​ម៉ែត្រ​ធ្លាក់​មក​វិញ ហើយ​ចាប់​ផ្ដើម​ឡើង​សា​ឡើង​វិញ​បាន​តែ ១​ម៉ែត្រ។ ដូច្នេះ ប្រទេស​យើង​នៅ​តែ​មាន​វិបត្តិ​មិន​អាច​ដើរ​ទាន់​ប្រទេស​ជិត​ខាង»។

ម្យ៉ាង​វិញ​ទៀត ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប នៅ​ក្នុង​ឆ្នាំ​២០១៥ គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ ៤.៥០០​លាន​អឺរ៉ូ ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​រហូត​ដល់​ជាង ៤​ពាន់​លាន​អឺរ៉ូ ហើយ​ភាគ​ច្រើន​នៃ​ទំនិញ​ទាំង​នេះ គឺ​ជា​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជើង​ដែល​តម្លៃ​នៃ​ការ​នាំ​ចេញ​មាន​រហូត​ដល់​ជិត ៣​ពាន់​លាន​អឺរ៉ូ។

ចំណែក​ការ​នាំ​ចេញ​អង្ករ សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា។ ក្នុង​ចំណោម​បរិមាណ​អង្ករ​ជាង ៥​សែន​តោន​ដែល​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៥ អង្ករ​ប្រមាណ ៥៣% បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ជាង ២១% នាំ​ទៅ​កាន់​ប្រទេស​ចិន។

ជា​សរុប​សេចក្ដី​ទៅ អ្នក​វិភាគ​លើក​ឡើង​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​នោះ គ្រាន់​តែ​ជា​សារ​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​មិន​ភ័យ​ព្រួយ​ទាក់ទង​នឹង​ជំនួយ​របស់​សហគមន៍​អឺរ៉ុប តែ​ជាក់ស្ដែង រដ្ឋាភិបាល​ក៏​ពិចារណា​ទៅ​លើ​ជំនួយ និង​ទីផ្សារ​ដ៏​ធំ​មួយ​របស់​កម្ពុជា នៅ​ទីផ្សារ​អឺរ៉ុប នោះ​ដែរ។ មួយ​វិញ​ទៀត បើ​សិន​ជា​សហគមន៍​អឺរ៉ុប ផ្ដាច់​ជំនួយ ឬ​បិទ​ការ​នាំ​ចូល​វិស័យ​វាយនភ័ណ្ឌ និង​នាំ​អង្ករ ស្ករស មែន​នោះ រដ្ឋាភិបាល​នឹង​ប្រឈម​មុន​គេ​ភាព​ឥត​ការងារ​ធ្វើ​របស់​កម្មករ។ នៅ​ពេល​នោះ សន្ទុះ​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ និង​វិបត្តិ​សង្គម​ផ្សេងៗ​ទៀត នឹង​កើត​ឡើង ដែល​រដ្ឋាភិបាល​ពិបាក​នឹង​ប្រឈម​បញ្ហា​ទាំងអស់​នោះ​ជា​មិន​ខាន៕

1 comment:

Kim Ea said...

Like i said again and again before , this mafia incompetence ruling administration as well as their advisers think ,that situations or smacking Eu Proposal,will went smoothly with just put more easily loan from China will sustained and coverup this boycott or economic sanction from EU, was a short sided vision of a less apprehensively thought only . If the Eu have mad for this snap refusal with trash,they will snap your import and export from their market , your kleptomaniac regime will died very fast . Chinese and Yuan cannot bravely pour hundred billion to replace this huge lost of your economic budget in a short period of time . To proclaim that you are strong dictator head and mafia maniac control will met with unsustain consequences ,and your gruesome attack on Eu involvement with your draconian politic of repressive on the opposition as well as NGO will be a huge hurt, not just Khmer innocent ,but as well to the core of your administration and economy of the country as well .