A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 10 June 2016

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ចាម​មិន​ហ៊ាន​ផ្តល់​ស្នាម​មេដៃ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ


ដោយ សូត សុខប្រាថ្នា
2016-06-09

ផ្ដិត​មេដៃ ឆេង ភី កំពង់ចាម ២០១៦ ៨៥៥
ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម លោក ឆេង ភី រៀបរាប់​ពី​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ផ្តល់​ស្នាម​មេដៃ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
 RFA/Saut Sokprathna


ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ភ័យ​ខ្លាច​ក្នុង​ការ​ផ្តល់​ស្នាម​មេដៃ​ដល់​មន្ត្រី ឬ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​មូលដ្ឋាន។ ការ​ខ្លាច​រអា​នេះ ក្រោយ​ពេល​ពលរដ្ឋ​លេច​ឮ​ថា អាជ្ញាធរ​នឹង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ទាំង​នោះ និង​មាន​ការ​ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ជាដើម។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​កំពង់សៀម ស្រុក​ចំការលើ គឺ​ភ័យ​ខ្លាច​មិន​សូវ​ហ៊ាន​ផ្តល់​ស្នាម​មេដៃ​ដល់​មន្ត្រី ឬ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ ប្រសិន​បើ​ពលរដ្ឋ​ផ្តល់​ជូន​វិញ គឺ​ពុំ​មែន​ធ្វើ​ឡើង​ដោយ​បើក​ចំហ​ដូច​ពេល​មុនៗ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​ផ្តល់​ដោយ​ស្ងាត់ស្ងៀម ឬ​លួច​លាក់​ទៅ​វិញ។



ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ឃុំ​ស្រក លោក ឆេង ភី កត់​សម្គាល់​ឃើញ​ថា ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ មិន​សូវ​ហ៊ាន​ផ្តល់​ស្នាម​មេដៃ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដូច​មុន​ទៀត​ឡើយ សូម្បី​តែ​ម្តាយ​របស់​លោក ក៏​មិន​ហ៊ាន​ផ្តល់​ឲ្យ​ដែរ។ លោក​បញ្ជាក់​ថា មូលហេតុ​នេះ ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​ទទួល​ដំណឹង​ថា អាជ្ញាធរ​នឹង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ទាំង​នេះ និង​បន្ទាប់​ពី​ពួក​គាត់​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​ទៅ​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​កាល​ពី​ពេល​កន្លង​ទៅ៖ «តាំង​ពី​មាន​សកម្មភាព​គេ​ហៅ​ខ្ញុំ​ចូល​ប៉ុស្តិ៍ ដើម្បី​ធ្វើ​កិច្ចសន្យា​ម្តង​មក ប្រជាជន​ហ្នឹង​មាន​ការ​ភ័យ​ខ្លាច​ព្រួយ​បារម្ភ​ដែរ»។

ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ជាង ១៧​ម៉ឺន​ស្នាម​មេដៃ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ក្រសួង​មហាផ្ទៃ សម្រេច​បង្កើត​គណៈកម្មការ​ដើម្បី​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​អ្នក​គាំទ្រ​ទាំង​នោះ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ក្រោម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​បោកប្រាស់​ពលរដ្ឋ ជាពិសេស​បោកប្រាស់​ព្រះមហាក្សត្រ។

ក្រៅ​ពី​នេះ មាន​សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​តាម​ស្រុក​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​មក​សួរ​នាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ ដូចជា​នៅ​ស្រុក​កំពង់សៀម ស្រុក​កងមាស។ ចំណែក​នៅ​ស្រុក​ចំការលើ អធិការ​ស្រុក​បាន​ចេញ​លិខិត​កោះ​ហៅ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជយោ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​លើក ដើម្បី​សាកសួរ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​រឿង​អ្វី​ទេ។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង ថា​អធិការ​ស្រុក​ហៅ​សួរ​នាំ​រឿង​ដើរ​ប្រមូល​ស្នាម​មេដៃ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក បែន រ័ត្ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ មិថុនា ថា សមត្ថកិច្ច​បាន​ចាត់​វិធានការ​អប់រំ​ណែនាំ​ពលរដ្ឋ និង​អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ​មែន ប៉ុន្តែ​មិន​បាន​ដក​យក​វត្ថុ​តាង ឬ​ឃាត់​ខ្លួន​ពួក​គេ​ទេ។ លោក​ថា មូលហេតុ​សមត្ថកិច្ច​ត្រូវ​ណែនាំ​អ្នក​ដើរ​ប្រមូល​ស្នាម​ដៃ​នោះ ពីព្រោះ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ ៩​នាក់​នៅ​ស្រុក​ចំការលើ ថា​អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ​នៅ​ទីនោះ​បោកប្រាស់ យក​ស្នាម​មេដៃ​ពួក​គាត់​ទៅ​ធ្វើ​រឿង​ផ្សេង​វិញ៖ «មក​ពី​មាន​អ្នក​ដាក់​បណ្ដឹង បាន​ជា​យើង​ត្រូវ​ការ​ពិនិត្យ ប៉ុន្តែ​យើង​មិន​បាន​យក​ទោស​យក​ពៃរ៍​នរណា​ម្នាក់​អី គឺ​អត់​មាន​ទេ»។

លោក​បន្ថែម​ថា បញ្ហា​ផ្លូវ​ច្បាប់ គឺ​ពុំ​ត្រូវ​ការ​ស្នាម​មេដៃ​ដើម្បី​ដោះស្រាយ​ទេ វា​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ។ ដើម្បី​ជៀសវាង​បញ្ហា​ណា​មួយ​កើត​ឡើង លោក បែន រ័ត្ន អះអាង​ថា ទាំង​អ្នក​ផ្ដិត និង​អ្នក​ស្នើសុំ​ស្នាម​មេដៃ​ពី​គេ ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ និង​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី មាន​ពលរដ្ឋ​នៅ​ឃុំ​ស្រក មួយ​ចំនួន​មិន​បាន​ខ្លាច​រអា​ចំពោះ​ការ​ផ្តល់​ស្នាម​មេដៃ​ដើម្បី​ស្នើ​ព្រះមហាក្សត្រ សុំ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី​គណបក្ស​នយោបាយ​ទេ ហើយ​ពលរដ្ឋ​ថែម​ទាំង​អះអាង​ថា ប្រសិន​បើ​មាន​ការ​កោះ​ហៅ​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ស្នាម​មេដៃ​យ៉ាង​ណា​នោះ ពួក​គាត់​នឹង​បំពេញ​តាម​បំណង​របស់​អាជ្ញាធរ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​គឺ​មាន​សិទ្ធិ​ហៅ​ប្រជាពលរដ្ឋ​ទៅ​សួរ​នាំ ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​សង្គម ប៉ុន្តែ​ការ​សួរ​នាំ​នោះ ត្រូវ​មាន​ព្រំដែន ជៀសវាង​បង្ហាញ​រូបភាព​គំរាម​កំហែង ឬ​គាប​សង្កត់​ផ្នែក​សិទ្ធិ​មនុស្ស។ លោក​បញ្ជាក់​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​យល់​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ផង៕

1 comment:

Anonymous said...

If every body scare it died anyway ,but if every dare to fight back every body will have a chance to win example if you let someone beat you and you fight back you will get kill easy by enemy .