A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 June 2016

ទំនាក់​ទំនង CIA និង​​ដាប ឈួន ក្នុង​ការ​ប្រឆាំង​​សម្ដេច ​នរោត្ដម សីហនុ



ប្រធានាធិបតី​ទី ៣៤ របស់​សហរដ្ឋ​អាមេរិក​លោក Dwight D Eisenhower ក្នុង​ជំនួប​ជាមួយ​សម្ដេច នរោត្តម សីហនុ មុន​ពេល​រដ្ឋប្រហារ។ រូបថត សហការី


ទំនាក់​ទំនង CIA និង​​ដាប ឈួន ក្នុង​ការ​ប្រឆាំង​​សម្ដេច ​នរោត្ដម សីហនុ
Thu, 9 June 2016 ppp
Brent Crane


នៅ​ថ្ងៃ​ទី​ ២១ ខែ​កុម្ភៈ ឆ្នាំ ១៩៥៩ ​ដាប ឈួន មេដឹកនាំ​ប្រឆាំង​កុម្មុយនីស្ត​​ដែល​កាន់កាប់​ខេត្ត​សៀមរាប​កំពុង​ហាត់​ប្រាណ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​នៅ​ពេល​​ដែល​ទាហាន​​មកពី​កងទ័ព​ជើងគោក​កម្ពុជា​បង្ហាញ​ខ្លួន​។ ​ដោយ​ដឹង​ថា​នឹង​មាន​គ្រោះថ្នាក់​ ដាប ឈួន ដែល​ជា​បុរស​ស្គម​ខ្លាំង​ម្នាក់​ និង​ដែល​​ចេះ​រឿង​អបិយ​ជំនឿ​បាន​ចេះ​វិធីសាស្រ្ត​គេច​ផុត​ពី​គ្រាប់​កំាភ្លើង​​ និង​បាន​រត់​គេច​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ដោយ​គ្រាន់​តែ​ស្លៀក​សារុង​។

ព្រះបាទ នរោត្តម សីហនុ ដែល​ជា​នាយក​រដ្ឋមន្រ្តី​កាល​នោះ​ដែល​បាន​​បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ​រឿង​នេះ​​​ក្រោយ​មក​បាន​ចាត់​ទុក ដាប ឈួន ​ដែល​​ធ្លាប់​ជា​វរសេនីយ៍ឯក ថា​ជា​ជន​ក្បត់​ជាតិ។ ប៉ុន្មាន​សប្តាហ៍​​មុន​នោះ ឈួន ដែល​ជា​ជន​បះបោរ​ឥស្សរៈ​ប្រឆាំង​បារាំង​មាន​​អាវុធ​​ជាច្រើន​ និង​ទ័ព​ប្រមាណ ៣០០០ ​នាក់​។

បុរស​ខ្លាំង​នេះ​​ក៏​​មាន​ការ​គាំទ្រ​​ពី​ក្រុម​​ប្រយុទ្ធ​របស់​ខ្មែរ​សេរី​ចំនួន​ ១២០០ ​នាក់​​នៅ​ព្រំដែន​​ថៃ​ផង​ដែរ​​។​ នេះ​បើ​តាម​កំណត់​ត្រា​របស់​ក្រសួង​​ការបរទេស​អាមេរិក​។

នៅក្នុង​​សេចក្តី​សង្ខេប​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​ជាតិ​​ CIA ​ដែល​បាន​ព្រាង​​ឡើង​នៅ​​ខែ​បន្ទាប់​ពី​​រដ្ឋប្រហារ​បាន​សង្ខេប​អំពី​ផែនការ​របស់​គាត់។



សេចក្តី​សង្ខេប​​នេះ​បាន​និយាយ​ថា​៖ «​ឈួន ​សង្ឃឹម​ថា សីហនុ ​ដែល​ដឹង​ថា​ប្រជាជន​កម្ពុជា​​​មិន​​រង​​ការ​ប៉ះពាល់ និង​ខ្វះ​ការ​គាំទ្រ​ពី​កង​ប្រដាប់អាវុធ​ផ្ទាល់​​របស់​គាត់​នឹង​ចាប់​ផ្តើម​ទទួល​យក​​ និង​យល់​ព្រម​ចំពោះ​​ការ​បង្កើត​​របប​គាំទ្រ​លោក​ខាង​លិច​។​ ប្រសិន​បើ​ សីហនុ ​​​ថា​មិន​សម​ហេតុផល​ ដាប ​ឈួន ​គ្រោង​​ធ្វើ​សង្គ្រាម​ទ័ព​ព្រៃ​»។ ​កិច្ចការ​នេះ​​ជា​ល្បិច​បរទេស​។ ​នៅ​វីឡា​របស់ ឈួន ​បន្ទាប់​​ពី​ការ​វាយប្រហារ​ទាហាន​បាន​រកឃើញ​មាស​ ឧបករណ៍​វិទ្យុ​ និង​​​អ្នក​បច្ចេកទេស​វៀតណាម​ពីរ​នាក់។

កងទ័ព​ក៏​បាន​ចាប់​ខ្លួន​បងប្អូន​ប្រុស​របស់​​ ឈួន ​ឈ្មោះ ស្លាត ប៉ូ ផង​ដែរ ដែល​​ក្រោយ​មក​បាន​ផ្តល់​សក្ខីកម្ម​ថា​មាស​​​ទាំង​នោះ​គឺ​បាន​មកពី​ភ្នាក់ងារ​វៀតណាម​ខាង​ត្បូង​ម្នាក់​​។ ​គាត់​បាន​ថ្លែង​ថា​ឧបករណ៍​វិទ្យុ​គឺ​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​​​ជនជាតិ​ជប៉ុន‑អាមេរិក​ដែល​​​ក្រសួង​ការបរទេស​អាមេរិក​បង្ហាញ​ថា​ជនជាតិ​ជប៉ុន​នេះ​មាន​ឈ្មោះ Victor Matsui។ ​សេនានុព័ន្ធ​ក្រោយ​មក​​​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ប្រទេស​​យ៉ាង​លឿន។

(ក្នុង​ឆ្នាំ​ ១៩៦៦​ Matsui ត្រូវ​​បណ្តេញ​ពី​ប្រទេស​ប៉ាគីស្ថាន​​ចំពោះ​សកម្មភាព​របស់​គាត់​​ដែល​មិន​ស័ក្តិសម​ជា​មន្រ្តី​ទូត​។ គាត់​​បាន​ស្លាប់​នៅ​ឆ្នាំ​ ២០១២)។

ទីក្រុង​វ៉ាស៊ីនតោន​​មិន​ដែល​ទទួល​ស្គាល់​ថា​ពាក់ព័ន្ធ​នឹង​​​ការ​រៀបចំ​រដ្ឋប្រហារ​នេះ​ទេ​ហើយ​ក៏​មិន​ពន្យល់​​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​​ Matsui ទៅ​នឹង​ ដាប ឈួន ដែរ​។ ​ខណៈ​​​មាន​ការ​ចោទ​​ប្រកាន់​​ថា​មាន​សង្គ្រាម​ត្រជាក់​ស្រដៀង​គ្នា​ជំហរ​ផ្លូវការ​​​របស់​ពួកគេ​តែងតែ​ជា​ជំហរ​នៃ​ការ​បដិសេធ​។

ខ្សែ​វិទ្យុ​របស់​​ទីក្រុង​វ៉ាស៊ីនតោន​ដំណើរការ​​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​​លោក Matsui ​​ដើម្បី​​ឃ្លាំ​មើល​​​គម្រោង​របស់​ ដាប ឈួន ដោយ​ប្រុង​ប្រយ័ត្ន​។ ​ប៉ុន្តែ​ប្រសិន​​បើ​​នោះ​គឺ​​ពិតជា​អ៊ីចឹង​មែន​ហេតុអ្វី​បាន​ជា​អាមេរិក​មិន​ព្រមាន​ សីហនុ​ ខណៈ​​ទីភ្នាក់ងារ​​ចារកម្ម​របស់​​បារាំង ចិន និង​សូវៀត​បាន​ព្រមាន​អំពី​ផែនការ​ផ្តួលរំលំ​នេះ​ទៅ​ សីហនុ ​?


លោក ដាប ឈួន ដែល​គេ​មើល​ឃើញ​ពី​ទំនាក់​ទំនង​ប្រឆាំង​កុម្មុយនីស្ដ។ រូបថត សហការី


ឥឡូវ​នេះ​អ្នក​ប្រវត្តិសាស្រ្ត​អាមេរិក​​ម្នាក់​​​ដែល​ប្រើប្រាស់​​ឯកសារ​សម្ងាត់​មួយ​ចំនួន​បាន​អះអាង​ថា​អាមេរិក​​​បាន​​ឃុបឃិត​គ្នា​នៅក្នុង​ផែនការ​កាលពី​ឆ្នាំ​ ១៩៥៩​។

លោក William J Rust អ្នក​និពន្ធ​សៀវភៅ​ Eisenhower and Cambodia ដែល​បាន​បោះពុម្ព​ផ្សាយ​​​នា​ខែ​នេះ​តាមរយៈ​រោងពុម្ព​របស់​​សាកលវិទ្យាល័យ​ Kentucky ​បាន​ថ្លែង​ថា​៖ «​​ខ្ញុំ​សូម​និយាយ​ថា​គ្មាន​អ្នក​និពន្ធ​​ដទៃ​ណា​ដាក់​បញ្ចូល​គ្នា​ឲ្យ​ខ្លាំង​​​ចំពោះ​ករណី​​ឃុបឃិត​របស់​រដ្ឋាភិបាល​អាមេរិក​​ក្នុង​ផែនការ​​​របស់​ ដាប ឈួន ទេ»​។

លោក Rust ដែល​បាន​សរសេរ​សៀវភៅ​បី​​ដទៃ​​ទៀត​​ស្តីពី​គោលនយោបាយ​អាមេរិក​​​នៅ​អាស៊ី​អាគ្នេយ៍​បាន​សរសេរ​សៀវភៅ​ថ្មី​របស់​លោក​ដែល​មាន​ចំនួន​ ១០០ ​ទំព័រ​​​ពាក់ព័ន្ធ​សង្គ្រាម​ត្រជាក់​ «​ផែនការ​ប្រឆាំង​ សីហនុ »​។

​គាត់​បាន​ចងក្រង​ឯកសារ​ប័ណ្ណ​សារ​ដូច​​​ជា​ឯកសារ​សម្ងាត់​ការទូត សេចក្តី​សង្ខេប​ផ្ទៃក្នុង​ CIA ​ឯកសារ​គោល​នយោបាយ ​លិខិត​ផ្ទាល់​ខ្លួន លិខិត​ផ្សេងៗ​​​ និង​បទសម្ភាស​ដែល​ទាំង​នេះ​ជា​ភ័ស្តុតាង​ដែល​គាត់​និយាយ​ថា​ «​បាន​និង​កំពុង​លាក់​បាំង​នៅ​ក្នុង​​ការ​មើល​ឃើញ​ច្បាស់​»​។

ក្នុង​បទសម្ភាស​ប្រវត្តិសាស្រ្ត​ផ្ទាល់​មាត់​​មួយ​នៅ​ឆ្នាំ​ ១៩៩០ ​​ជាមួយ​លោក William Trimble ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំ​កម្ពុជា​​​បង្ហាញ​ថា​បន្ទាប់ពី​ផែនការ​​រដ្ឋប្រហារ​បរាជ័យ​នោះ​​ (​អតីត​​ឯកអគ្គរដ្ឋទូត​ Carl Strom បាន​ចាកចេញ​​មិន​ដល់​មួយ​សប្តាហ៍​បន្ទាប់ពី​គ្រោះ​មហន្តរាយ​នោះ​) លោក Trimble ​បាន​ប្រាប់​អ្នក​សម្ភាស​លោក​ថា៖ «​​​ប្រធាន​ CIA ប្រចាំ​រាជធានី​ភ្នំពេញ​​ត្រូវ​បាន​ណែនាំ​ឲ្យ​បង្កើត​​​ទំនាក់​ទំនង​ជាមួយ​ ដាប ឈួន និង​ផ្តល់​ឲ្យ​គាត់​​តាមរយៈ​​អន្តរការី​វៀតណាម​​ជាមួយ​​នឹង​មាស​មួយ​ចំនួន ប្រតិបត្តិការ​របស់ ដាប ឈួន គឺ​ឆ្កួត ឆ្កួត​ណាស់​»។

លោក Rust បាន​កត់សម្គាល់​ថា​ការ​និយាយ​​របស់​លោក Trimble ​គឺ​ស៊ី​គ្នា​ទៅ​នឹង​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​​​ទទួល​បន្ទុក​​កិច្ចការ​ចុង​បូព៌ា​លោក Roger Hilsman ​នៅក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​ត្រូវ​បាន​កត់ត្រា​​ក្នុង​ឆ្នាំ​ ១៩៦៣​​ ជាមួយ​ប្រធានាធិបតី​ John F Kennedy។

លោក Kennedy បាន​សួរ​ថា៖ «​​តើ​នោះ​ជា​រឿង​ពិត​អំពី​ ៥៩ ឬ​អ្វី​​មួយ​?»​ លោក Hilsman បាន​ឆ្លើយតប​ថា​៖ «​បាទ​វា​ពិតជា​ការពិត​»។​ លោក​ប្រធានាធិបតី​បាន​ថ្លែង​ជា​ដដែល​ថា​៖ «CIA ពិត​ជា​បាន​ធ្វើ​វា​ឬ?»

«​ប្រាកដ​ណាស់​ពួកគេ​បាន​ផ្គត់ផ្គង់​លុយ​ហើយ​ពួកគេ​បាន​ចូលរួម​នៅក្នុង​ផែនការ​ប្រឆាំង​ សីហនុ ​ពី​មុន​រដ្ឋប្រហារ​នេះ​»។

លោក Rust ​បាន​កត់សម្គាល់​ថា James Lilley មន្រ្តី CIA ប្រចាំ​កម្ពុជា​ដែល​បាន​ទៅ​ដល់​ភ្លាមៗ​បន្ទាប់​ពី​រដ្ឋប្រហារ​បាន​និយាយ​ដោយ​ត្រង់ៗ​​អំពី​ការ​ឃុបឃិត​របស់​អាមេរិក​​​នៅក្នុង​​បទសម្ភាស​ប្រវត្តិសាស្រ្ត​ផ្ទាល់​មាត់​​ឆ្នាំ​ ១៩៩៨ ​​។

James Lilley បាន​ថ្លែង​ថា​៖ «​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​​​បុរស​ជនជាតិ​ជប៉ុន‑អាមេរិក​​ដែល​ជា​សេនានុព័ន្ធ​អម​ប្រចាំ​ការិយាល័យ​​របស់​យើង​។ ​នេះ​គឺជា​ផែនការ​​របស់​ ដាប ឈួន ​​ដែល​នៅ​ខេត្ត​សៀមរាប​។ ​អាជ្ញាធរ​​កម្ពុជា​បាន​បង្ហាញ​អំពី​​ប្រតិបត្តិការ​នេះ​។ នៅក្នុង​ប្រតិបត្តិការ​​នេះ​យើង​កំពុង​ធ្វើការ​ជាមួយ​វៀតណាម​ខាង​ត្បូង​»។

លោក Rust ​បាន​ថ្លែង​ថា​នៅ​ឆ្នាំ​ ១៩៥៦ «រដ្ឋាភិបាល​អាមេរិក​កំពុង​ពិចារណា​លើ​ការ​កម្ចាត់​​ព្រះអង្គ សីហនុ»។

​ក្នុង​លិខិត​របស់​លោក Robert McClintock ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ខែ​សីហា​​ផ្ញើ​ទៅ​លោក Daniel Anderson ទីប្រឹក្សា​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​សាយហ្កន (ព្រៃនគរ) លោក McClintock បាន​សរសេរ​ថា​គាត់​បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក Edward Lansdale​ធ្វើ​ប្រតិបតិ្ត​យក​​ការណ៍​សម្ងាត់ «​គឺ​ការ​វាយតម្លៃ​បណ្តោះអាសន្ន​របស់​យើង​លើ​សក្តានុពល​របស់ ដាប​ ឈួន ជា​មេដឹកនាំ​ក្នុង​ករណី​កម្ចាត់​ព្រះអង្គ​ សីហនុ ចោល​»។

លោក Rust ​បាន​ថ្លែង​ថា​ជា​រួម​ឯកសារ​ទាំង​នេះ និង​ឯកសារ​ដទៃ​ទៀត​ចង្អុល​បង្ហាញ​ពី​ការ​ប៉ុនប៉ង​របស់​​អាមេរិក​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​កន្លះ​សតវត្សរ៍​មុន។ លោក​ថ្លែង​ថា៖​ «​ក្នុង​ការងារ​​របស់​ខ្ញុំ​មាន​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​​អាច​សន្មត​បាន និង​អ្វី​ដែល​អាច​បញ្ជាក់​ភ័ស្តុតាង​បាន​។ ​ការ​អះអាង​ខ្លាំង​ត្រូវ​ការ​ភ័ស្តុតាង​រឹងមាំ​ហើយ​ទី​នេះ​គឺ​វាស​ និង​ខ្មៅ»។

លោកស្រី Elizabeth Becker អ្នក​និពន្ធ​សៀវភៅ​ចំណង​ជើង​ថា When the War ​Was Over: Cambodia and the Khmer Rouge បាន​ថ្លែង​ថា​ខណៈ​ដែល​ «លោក Rust ​មិន​បាន​ផ្លាស់ប្តូរ​ពី​ការ​និទាន​នៃ​​ប្រវតិ្តសាស្រ្ត​​ជា​ទូទៅ​គាត់​ច្បាស់​​ជា​​យក​ចេញ​នូវ​ចំណុច​សង្ស័យ​ណា​មួយ​ដែល​ជា​ញឹកញាប់​សហរដ្ឋ​អាមេរិក​ចាត់​​​ព្រះអង្គ សីហនុ ជា​ល្បែង​យុតិ្តធម៌​ក្នុង​ការ​យក​ឈ្នះ​​នៅ​ប្រទេស​វៀតណាម​»។

យោង​តាម Kenton Clymer ប្រវត្តិ​វិទូ​​​​ប្រវត្តិសាស្រ្ត​កម្ពុជា​នៅឯ​សាកល​វិទ្យាល័យ​ Illinois ខាង​ជើង​បាន​ឲ្យ​ដឹង​ថា៖ «​លោក [Rust]​ បាន​ស្រាវជ្រាវ​​យ៉ាង​ហ្មត់ចត់​បំផុត​អំពី​​ប្រធានបទ​នេះ​រហូត​មក​ដល់​ពេល​នេះ»។

លោក Julio Jeldres អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Monash ដែល​ជា​មិត្ត​ល្អ​ និង​អ្នក​សរសេរ​ជីវប្រវត្តិ​ផ្លូវការ​របស់​សម្តេច សីហនុ បាន​និយាយ​ថា​ភ័ស្តុតាង​នេះ​គឺ​ជាក់​ច្បាស់។ «អស់​ជាច្រើន​ឆ្នាំ​​មក​ហើយ​អ្នក​ស្រាវជ្រាវ​​ជាច្រើន​នាក់​បាន​សរសេរ​ថា​គ្មាន​ CIA ​គ្រោង​ប្រឆាំង​នឹង​ព្រះអង្គ សីហនុ ទេ​ហើយ​ថា ដាប ឈួន មិនមែន​ជា​រនុក​ក្នុង​​របស់​ CIA ​ទេ​ប៉ុន្តែ​សៀវភៅ​​នេះ​ប្រាប់​អំពី​រឿង​​ដែល​ពិត​»។

ក្នុង​សៀវភៅ​ចំណង​ជើង​ថា The Tragedy of Cambodian History: Politics, War and Revolution Since 1945 ប្រវត្តិវិទូ​លោក David Chandler បាន​សរសេរ​ថា​បន្ទាប់ពី​បញ្ហា ដាប ​ឈួន «​ព្រះអង្គ សីហនុ មិន​ជឿ​​ជាក់​លើ​ចេតនា​របស់​អាមេរិក​ឡើយ​»។ ទោះ​យ៉ាង​ណា​លោក​បាន​និយាយ​នា​ពេល​ថ្មីៗ​នេះ​ថា​ទំនាក់​ទំនង​មិន​រង​​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទេ។

លោក​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​​ថា៖ «​​ទំនាក់​ទំនង​ស្ងប់ស្ងាត់​នៅ​ឆ្នាំ ១៩៦០ ហើយ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ ១៩៦៣។ ឯកអគ្គរដ្ឋទូត Trimble ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ព្រះអង្គ សីហនុ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត Sprouse មិន​មាន​ទំនាក់​ទំនង​ល្អ​នោះ​ទេ​»។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​លោក Jay Raman ​នា​បច្ចុប្បន្ន​បាន​ថ្លែង​អំពី​ការ​រកឃើញ​របស់​លោក Rust ​ថា​៖ «យើង​រីករាយ​ដោយ​បាន​ឮ​ថា​មាន​ព័ត៌មាន​បន្ថែម​ទៀត​អំពី​សម័យ​នោះ​សម្រាប់​​ប្រើប្រាស់​ដោយ​អ្នក​ប្រាជ្ញ និង​អ្នក​ស្រាវជ្រាវ​ប៉ុន្តែ​យើង​មិន​មាន​ការ​អត្ថាធិប្បាយ​​អំពី​​ការ​ចោទ​ប្រកាន់​ជាក់លាក់​ដែល​មាន​ក្នុង​សៀវភៅ​នេះ​ទេ​»។

ខណៈ​ដែល​សហរដ្ឋ​អាមេរិក​រួច​ផុត​​ពី​បញ្ហា​​​នេះ​តែ​ ដាប ឈួន មិន​អាច​ទេ។ ពីរ​បី​ថ្ងៃ​បន្ទាប់ពី​ការ​វាយប្រហារ​​កងទ័ព​លើ​ផ្ទះ​វីឡា​របស់​គាត់​ គាត់​ត្រូវ​បាន​គេ​រកឃើញ​​ក្នុង​ព្រៃ​ហើយ​ត្រូវ​គ្រាប់​ត្រង់​ជើង​បន្ទាប់​មក​គេ​យក​គាត់​មក​ផ្លូវ​ធំ​ដើម្បី​ប្រហារជីវិត៕ ​PS/ TK

No comments: