A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 June 2016

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថា​អាជ្ញាធរ​វៀតណាម​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា​ជា​កាតព្វកិច្ច​របស់​វៀតណាម


ដោយ យាង សុជាមេត្តា
2016-06-09  

ម៉ុងតាញ៉ា-វៀតណាម ២០១៦ ៨៥៥
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
 RFA/Yeang Socheametta


មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ចុះ​ជួប​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម នៅ​រាជធានី​ភ្នំពេញ​ដោយ​ប្រធាន​មន្ទីរ​នគរបាល​ខេត្ត​យ៉ាឡាយ (Gia Lai) របស់​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​វៀតណាម។ ប៉ុន្តែ​មន្ត្រី​អង្គការ​សហប្រជាជាតិ លើក​ឡើង​ថា ជនជាតិ​ម៉ុងតាញ៉ា មិន​គួរ​ត្រូវ​គេ​បង្ខំ​ឲ្យ​ជួប​អាជ្ញាធរ​វៀតណាម ឡើយ។

បើ​ទោះ​ជា​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​របស់​ប្រធាន​មន្ទីរ​នគរបាល​វៀតណាម ខេត្ត​យ៉ាឡាយ ជួប​ជនជាតិ​ម៉ុងតាញ៉ា ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ព្រោងព្រាត​ក្នុង​រយៈពេល ៣​ថ្ងៃ​មក​ហើយ​ក្តី រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​កម្ពុជា មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ពី​បំណង​នៃ​ទស្សនកិច្ច​នេះ ឬ​ថា​តើ​ការ​ចូល​មក​របស់​នគរបាល​វៀតណាម នេះ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​អនុញ្ញាត ឬ​យ៉ាង​ណា​នោះ​នៅ​ឡើយ?



ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ទាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក សុខ ផល និង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក គឹម សារិន សុទ្ធតែ​មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​រឿង​នេះ។

ចំណែក​ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុខវិជ្ជា បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ថា លោក​មិន​បាន​ដឹង​ពី​ដំណើរ​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដោយ​អាជ្ញាធរ​វៀតណាម ឡើយ។

មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ មិថុនា ថា លោក​ក៏​មិន​បាន​ដឹង​ពី​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​ជឿជាក់​ថា អាជ្ញាធរ​វៀតណាម ច្បាស់​ជា​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ខ្មែរ មុន​ចូល​មក​ជួប​ជនជាតិ​ម៉ុងតាញ៉ា។ លោក ផៃ ស៊ីផាន អះអាង​ថា ខាង​ភាគី​វៀតណាម មិន​អាច​ចូល​មក​ទឹក​ដី​ប្រទេស​កម្ពុជា ដោយ​សេរី​រំលោភ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា នោះ​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា អនុញ្ញាត​ឲ្យ​អាជ្ញាធរ​វៀតណាម ចូល​មក​ស្ងាត់ៗ​វិញ? លោក ផៃ ស៊ីផាន ថ្លែង​ថា រដ្ឋាភិបាល​មិន​មាន​កាតព្វកិច្ច​ត្រូវ​ប្រកូកប្រកាស​រឿង​នេះ​ជា​សាធារណៈ​នោះ​ទេ។ លោក​ថា វា​ជា​ការងារ​រដ្ឋបាល​ផ្ទៃ​ក្នុង​របស់​កម្ពុជា ជាមួយ​រដ្ឋាភិបាល​វៀតណាម។

បន្ថែម​ពី​លើ​នេះ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដោយ​អាជ្ញាធរ​វៀតណាម គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​វៀតណាម៖ «ការ​ធ្វើ​ទស្សនកិច្ច​មក​មើល​ជនជាតិ​ដើម​របស់​គេ ជា​កាតព្វកិច្ច​របស់​គេ មិន​មែន​ចូល​មក​ដោយ​លួច​លាក់​នោះ​ទេ ជា​ការ​វាយ​តម្លៃ​ចង់​ដឹង​ព័ត៌មាន។ ហេតុ​ដូចម្តេច​បាន​ជា​គេ​ចំណាក​ស្រុក​មក? ចំណុច​ទី​២ អង្គការ​សហប្រជាជាតិ មិន​ត្រូវ​អង្គុយ​បែរ​ខ្នង​ទេ ត្រូវ​ធ្វើ​កោសល្យវិច័យ ថា​ពួក​គេ​មក​ក្នុង​លក្ខណៈ​ជា​អ្នក​នយោបាយ​ភៀស​ខ្លួន ឬ​មាន​លក្ខណៈ​សេដ្ឋកិច្ច គ្រាន់​ត្រូវ មើល​ភ្លាមៗ​មិន​ត្រូវ​ទុក​បណ្តោយ​អ៊ីចឹង​ទេ»។

ទោះ​ជា​ពេល​ជួប​ជនជាតិ​ម៉ុងតាញ៉ា អាជ្ញាធរ​វៀតណាម សន្យា​ថា​នឹង​មិន​ធ្វើ​បាប​ពួក​គេ បើ​ពួក​គេ​ព្រម​ត្រឡប់​ទៅ​វៀតណាម វិញ​ក្តី ជនជាតិ​ម៉ុងតាញ៉ា មិន​យល់​ព្រម​ឡើយ ដោយ​ចាត់​ទុក​ថា វា​គ្រាន់​តែ​ជា​ល្បិច​របស់​អាជ្ញាធរ​វៀតណាម។ ទោះ​ជា​បែប​នេះ​ក្តី ក្រោយ​ការ​ចុះ​ជួប​នោះ ជនជាតិ​ម៉ុងតាញ៉ា បារម្ភ​ខ្លាច​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ ឬ​ខ្លាច​អាជ្ញាធរ​វៀតណាម ចូល​មក​ចាប់​ខ្លួន​ពួក​គេ​លើ​ទឹក​ដី​ខ្មែរ​ដោយ​ខ្លួន​ឯង ព្រោះ​ថា​អាជ្ញាធរ​វៀតណាម បាន​ស្គាល់​ទីកន្លែង​រស់នៅ​របស់​ពួក​គេ​អស់​ហើយ៖ «វៀតណាម អាច​ចូល​ចាប់​យើង​មែន ហេតុ​អី​បាន​ជា​វៀតណាម អាច​ចូល​មក​ជួប​យើង​នៅ​ទីនេះ​បាន? ពីព្រោះ​យើង​គិត​ថា អង្គការ​សហប្រជាជាតិ គឺ​ធំ​បំផុត​ហើយ​នៅ​លើ​លោក​នេះ។ នគរបាល​វៀតណាម មក​ដល់​នេះ​ហើយ អ្វី​ដែល​ពួក​ខ្ញុំ​ខ្លាច​បំផុត​នោះ គឺ​ខ្លាច​មាន​រឿង​កើត​ឡើង​ចំពោះ​ពួក​ខ្ញុំ​នៅ​ទីនេះ ខ្លាច​អាជ្ញាធរ​វៀតណាម ចូល​មក​ដល់​ទីនេះ​ចាប់​ខ្លួន បង្ខំ​ពួក​យើង​ច្រក​ចូល​ឡាន ហើយ​វាយ​ដំ​បញ្ជូន​ទៅ​វៀតណាម»។

រហូត​មក​ទល់​ពេល​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​គោល​បំណង​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក។

ចាប់​តាំង​ពី​មាន​ជនជាតិ​ម៉ុងតាញ៉ា រត់​ចូល​មក​កម្ពុជា នៅ​ចុង​ឆ្នាំ​២០១៤ មក មាន​ជនជាតិ​ម៉ុងតាញ៉ា ប្រមាណ ៥០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម។ ជនជាតិ​ម៉ុងតាញ៉ា ១៣​នាក់ ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន ម្នាក់​បាន​ស្លាប់​កាល​ពី​ខែ​មុន ដែល​គេ​សង្ស័យ​ថា​បាន​ធ្វើ​អត្តឃាត។ ចំណែក​ជិត ២០០​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​ឋានៈ​ជា​ជន​ភៀស​ខ្លួន និង​ដាក់​ឲ្យ​ស្នាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មេ​ភូមិ​ត្រពាំងថ្លឹង លោក គង់ ឆន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ មិថុនា ថា រហូត​មក​ទល់​ពេល​នេះ លោក​មិន​ដឹង​ថា​មាន​ជនជាតិ​ម៉ុងតាញ៉ា កំពុង​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​នោះ​ទេ។ លោក គង់ ឆន ក៏​មិន​បាន​ដឹង​ថា​មាន​នគរបាល​វៀតណាម មក​ជួប​ជនជាតិ​ម៉ុងតាញ៉ា នោះ​ដែរ៖ «ខ្ញុំ​អត់​ដឹង​ពួក​គាត់​នៅ​កន្លែង​ណា​ទេ អត់​ដឹង​ជនជាតិ​នោះ​មក​រស់នៅ​កន្លែង​យើង ផ្ទះ​ណាៗ​អត់​ដឹង​ផង»។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) អ្នកស្រី វីវៀន តាន់ (Vivian Tan) ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ មិថុនា ថា អាជ្ញាធរ​កម្ពុជា បាន​ប្រាប់​អង្គការ​សហប្រជាជាតិ ពី​ការ​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា របស់​នគរបាល​វៀតណាម ប៉ុន្តែ​អ្នកស្រី​គ្មាន​ព័ត៌មាន​ថា​អាជ្ញាធរ​ខ្មែរ​នោះ​មក​ពី​ស្ថាប័ន​ណា​ឡើយ។

ចំពោះ​ការ​បារម្ភ​ពី​សុវត្ថិភាព​ដោយ​ជនជាតិ​ម៉ុងតាញ៉ា ក្រោយ​ពី​នគរបាល​វៀតណាម ចុះ​ជួប​ពួក​គេ អ្នកស្រី វីវៀន តាន់ បញ្ជាក់​ថា រដ្ឋាភិបាល​ម្ចាស់​ប្រទេស​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធានា​សុវត្ថិភាព និង​សុខមាលភាព​របស់​ជន​ភៀស​ខ្លួន និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន មាន​ន័យ​ថា រដ្ឋាភិបាល​មិន​ត្រូវ​ចាប់​បញ្ជូន​ពួក​គេ​ទៅ​កាន់​ទីកន្លែង​ដែល​ជីវិត និង​សេរីភាព​របស់​ពួក​គេ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ​ឡើយ៕

No comments: