A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 June 2016

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្ដូរ


ដោយ តាំង សារ៉ាដា និង យន់ សាមៀន
2016-06-17

សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev



មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ក្នុង​រដ្ឋ​វីជីញា (Virginia)  សហរដ្ឋអាមេរិក អំពី​ការវិវឌ្ឍន៍​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ដែល​លោក​ចាត់​ទុក​ថា កំពុង​ស្ថិត​នៅ​ក្នុង​ចំណុច​ដ៏​សែន​គ្រោះថ្នាក់។ លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​រួបរួម​គ្នា​ជា​ធ្លុង​មួយ​បន្ត​ការ​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្ដូរ។

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជិត ១០០​នាក់ ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​មួយ​កាល​ពី​ពុធ ទី​១៥ ខែ​មិថុនា មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តាម​រដ្ឋ​នីមួយៗ គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សមាជិកសភា​តំណាងរាស្ត្រ​អាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  និង​លោក ស្ទីវ ឆាបុត (Steve Chabot) សហប្រធាន​គណៈកម្មាធិការ​សភា​នៃ​ក្រុម​អ្នក​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា ដើម្បី​អនុម័ត​ឲ្យ​ក្លាយ​ជា​ច្បាប់៖ «ឆ្លៀត​ឱកាស​ហ្នឹង​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ទាំង​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ និង​ក្រុង​នីមួយៗ ដែល​បងប្អូន​រស់​នៅ ពី​លោក អាឡាន់ ឡូវ៉ិនថល និង លោក ស្ទីវ ឆាបុត អ្នក​ផ្ដួចផ្ដើម​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ចេញ​ពី​រដ្ឋសភា​ហ្នឹង គាត់​ថា ឥឡូវ​មាន​អ្នក​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង​ល្មម​សម​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​បើ​ចង់​ឲ្យ​គេ​ចាប់​ខ្លាំង​ថែម​ទៀត គឺ​សូម​ឲ្យ​តំណាងរាស្ត្រ​នៅ​សហរដ្ឋអាមេរិក ចូលរួម​ឲ្យ​បាន​ច្រើន​ជាង​នេះ»។



​សេចក្ដី​ព្រាង​ច្បាប់​មួយ​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា លេខ H.RES. 728 គឺ​ដើម្បី​ថ្កោលទោស​គ្រប់​ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ខាង​ផ្នែក​នយោបាយ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​ខាង​សារព័ត៌មាន សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ និង​ការ​បញ្ចេញ​មតិ​ជាដើម។

អ្នក​ចូលរួម​ស្ដាប់​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​រូប​នេះ បាន​លើក​ឡើង​អំពី​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​ពួកគេ​ចាត់​ទុក​ថា ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដ៏​ផុយ​ស្រួយ។

លោក ប៊ូ សាកន មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​អ្នក​នយោបាយ​ចេះ​ដោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ដើម្បី​ការ​រីក​ចំរើន​នៃ​ប្រទេសជាតិ៖ «ចំណុច​សំខាន់​គឺ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​ចេះ​និយាយ​គ្នា ស្ដាប់​គ្នា​បាន ខ្មែរ​និយាយ​ភាសា​ខ្មែរ យើង​មាន​ឈាមជ័រ​ជា​ខ្មែរ​តែមួយ»។

សហគមន៍​អន្តរជាតិ​បាន​វាយ​តម្លៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា បច្ចុប្បន្ន​ថា កំពុង​ស្ថិត​ក្នុង​ចំណុច​មួយ​ដែល​ងាយ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ កន្លង​មក​បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ទោស​មនសិការ​ចំនួន ២៩​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ហើយ​ក្រុម​មន្ត្រី​បក្ស​កំពុង​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ។ សភា​សភាព​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ​បាន​គំរាម​បង្កក​ជំនួយ​ដល់​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​មក​រក​សភាព​ដើម​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន ប្រតិកម្ម​ថា លោក​មិន​ខ្វល់​ពី​ការ​គំរាម​របស់​សហគមន៍​អន្តរជាតិ​ណា​មួយ​នោះ​ទេ។ លោក​អះអាង​ថា អ្នក​ដែល​ស្លាប់​គឺ​ក្រុម​សង្គម​ស៊ីវិល​ដែល​ទទួល​ជំនួយ​ពី​បរទេស​ឯណោះ​ទេ៖ «កាល​ពី​ឆ្នាំ​ណា​នោះ​ខ្ញុំ​គំរាម​ថា ម៉េច​មិន...? បើ​ប្រកាស​ថា​កាត់ (ជំនួយ) ហើយ កាត់​ទៅ! ប៉ុន្តែ​គាត់​មិន​កាត់​ទេ! អ្នក​ដែល​ងាប់​មុន​គេ​គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល។ អ្នក​ដែល​ស៊ី​ប្រាក់ខែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អ្នក​ហ្នឹង​ងាប់​មុន​គេ។ នែ! កុំ​មក​គំរាម​លេងៗ»។

​ប៉ុន្តែ​លោក សម រង្ស៊ី ព្រមាន​ថា ប្រសិនបើ លោក ហ៊ុន សែន មិន​ខ្វល់​ពី​ការ​ដាក់​សម្ពាធ​របស់​បរទេស​មាន​ន័យ​ថា លោក ហ៊ុន សែន ក៏​មិន​ខ្វល់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ដូចគ្នា​អ៊ីចឹង​ដែរ៖ «គាត់​មិន​ខ្វល់​ដោយសារ​គាត់​មិន​ទទួល​រង​នូវ​កង្វះខាត មិន​ទទួល​រង​នូវ​ការ​គាបសង្កត់ ការ​រស់​នៅ​ដែល​គេ​ធ្វើ​បាប​យ៉ាង​វេទនា។ ទោះ​ជា​ប្រទេស​គេ​និយាយ​យ៉ាង​ម៉េច គាត់​មិន​យក​ចិត្ត​ទុក​ដាក់ គាត់​មិន​ខ្វល់​ពី​ជំនួយ ពី​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ផ្នែក​ពាណិជ្ជកម្ម ផ្នែក​វិនិយោគ។ អ្វី​ដែល​ជា​ការងារ​មាន​ឥទ្ធិពល​លើ​ជីវភាព​ប្រជាពលរដ្ឋ​លើ​អនាគត​របស់​ប្រជាពលរដ្ឋ ហើយ​លើ​អនាគត​យុវជន​គឺ​យើង​ត្រូវ​តែ​ខ្វល់។ បើ​យើង​មិន​ខ្វល់​ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ យើង​មិន​ខ្វល់​ពី​អនាគត​កូន​ចៅ​យើង យុវជន​ជំនាន់​ក្រោយ​មាន​ន័យ​ថា យើង​អត់​មាន​ការ​ទទួល​ខុស​ត្រូវ​ទេ»។

លោក សម រង្ស៊ី ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា វិល​មក​រក​ភាព​ដើម​វិញ ហើយ​ទាមទារ​ឲ្យ​មាន​ការ​គោរព​​​អភ័យឯកសិទ្ធិ​សភា​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ដោះលែង​អ្នក​ទោស​នយោបាយ។

សមាជិក​សភា​អាមេរិក​ប្ដេជ្ញា​ជំរុញ​កម្ពុជា​ធ្វើ​សមាហរណកម្ម​ពេញលេញ​ក្នុង​សហគមន៍​អន្តរជាតិ

សមាជិក​សភា​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវ៉ិនថល ប្ដេជ្ញា​ថា លោក​នឹង​ប្រឹងប្រែង​ដើម្បី​ជំរុញ​កម្ពុជា អាច​ធ្វើ​សមាហរណកម្ម​ពេញលេញ​ក្នុង​សហគមន៍​អន្តរជាតិ។

លោក អាឡាន់ ឡូវ៉ិនថល ដែល​មាន​វត្តមាន​នៅ​ក្នុង​បាតុកម្ម​របស់​ខ្មែរ-​អាមេរិក នៅ​មុខ​អគារ​រដ្ឋ​សភា​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​សុក្រ ទី​១០ មិថុនា សរសេរ​ក្នុង​ទំព័រ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ក្នុង​ឋានៈ​លោក​ជា​ថ្នាក់ដឹកនាំ​ម្នាក់​គណៈកម្មាធិការ​សភា​នៃ​ក្រុម​អ្នក​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា លោក​នឹង​ធានា​ថា សហរដ្ឋអាមេរិក នឹង​បន្ត​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា ក្នុង​ឆាក​ជីវិត​នយោបាយ​របស់​លោក លោក​បាន​ប្រឹងប្រែង​ដើម្បី​ធានា​ការ​ការពារ និង​លើក​ដំឡើង​សិទ្ធិមនុស្ស​សម្រាប់​ពលរដ្ឋ​គ្រប់​រូប។

លោក អាឡាន់ ឡូវ៉ិនថល កំពុង​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់​មួយ​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថ្កោលទោស​គ្រប់​ ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ខាង​ផ្នែក​នយោបាយ ដាក់​ទណ្ឌកម្ម​កម្ពុជា ពី​ការ​រំលោភ​សិទ្ធិមនុស្ស​​ដែល​កំពុង​កើត​មាន​ឡើង ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​ខាង​សារព័ត៌មាន សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ ការ​ធ្វើ​បាតុកម្ម ការ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​គាំទ្រ​ការ​កែទម្រង់​ការ​បោះឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ។

លោក អាឡាន់ ឡូវ៉ិនថល បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​អស់​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​របស់​ពួកគេ​គាំទ្រ​សេចក្ដី​ ព្រាង​ច្បាប់​នេះ ដើម្បី​ឲ្យ​បាន​ក្លាយ​ទៅ​ច្បាប់​ពិត​ប្រាកដ៕

No comments: