ដោយ ជិន ជេដ្ឋា
2016-06-24

អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក ដួង ចន្ដ្រា ផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។ RFA/Chin Chetha
RFA/Chin Chetha
មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង សម្រេចដាក់ពាក្យបណ្ដឹងចូលសាលាដំបូង ដើម្បីវែករកមុខជនអនាមិកដែលគំរាមសម្លាប់ខ្លួន តាមរយៈទូរស័ព្ទកាលពីចុងខែឧសភា ឆ្នាំ២០១៦។ មន្ត្រីបក្សប្រឆាំង និងមន្ត្រីអង្គការការពារសិទ្ធិមនុស្ស ជំរុញឲ្យស្ថាប័នតុលាការ ឬសមត្ថកិច្ចប៉ូលិសបើកការស៊ើបអង្កេតលើករណីគំរាមកំហែងនេះ។
អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង ថាបណ្ដឹងដែលបានដាក់ចូលស្ថាប័នអយ្យការនៅព្រឹកថ្ងៃទី២៤ ខែមិថុនា មិនសង្ឃឹមថាតុលាការចាត់ការឡើយ ព្រោះបណ្ដឹងប្រឆាំងនឹងមន្ត្រីប៉ូលិស និងជនអនាមិកពីរករណីផ្សេងគ្នាកាលពីពេលកន្លងទៅ តុលាការមិនបានចាត់ការឡើយ បើទោះជាបណ្ដឹងកាលណោះមានការគំរាមកំហែង និងវាយដំលើរាងកាយធ្ងន់ធ្ងរជាងនេះ។
លោក ដួង ចន្ដ្រា ដែលជាដើមបណ្ដឹងក្នុងសំណុំរឿងនេះរៀបរាប់ថា គ្រប់ករណីគំរាមកំហែង និងប្រើហិង្សាមកលើរូបលោក គឺផ្ដើមចេញពីរឿងនយោបាយ។ លោកសង្ឃឹមថានៅថ្ងៃណាមួយតុលាការនឹងផ្ដល់យុត្តិធម៌ជូនលោកដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ប៉ុន្តែបើតុលាការនៅតែមិនចាត់ការបណ្ដឹងលើកនេះទៀត គឺបង្ហាញច្បាស់ថាតុលាការរើសអើងបក្សនយោបាយ៖ «ថ្វីត្បិតថា ចំណាត់ការនេះ (បណ្ដឹង) មិនបានចាត់ការជូនរូបខ្ញុំក៏មែនពិត ប៉ុន្តែទិដ្ឋភាពផ្លូវច្បាប់ខ្ញុំត្រូវតែដាក់ជូនគាត់ (តុលាការ) ដើម្បីឲ្យគិតថា ការរំលោភបំពាន និងការគំរាមកំហែងលើរូបខ្ញុំបានប្រព្រឹត្តទៅដោយគ្មានការដោះស្រាយ ឬស្រាវជ្រាវពីអាជ្ញាធរមូលដ្ឋាន»។
ពាក្យបណ្ដឹងដែលវាយត្រាចូលរបស់អយ្យការខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានរៀបរាប់ដំណើររឿងថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ គ្រាដែលលោក ចន្ដ្រា និងក្រុមការងារបញ្ជូនស្នាមមេដៃពលរដ្ឋទៅភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រសុំអន្តរាគមន៍ដោះលែងអ្នកនយោបាយ និងមន្ត្រីការពារសិទ្ធិមនុស្សកំពុងជាប់ឃុំ។ ស្រាប់តែមានជនអនាមិកប្រើទូរស័ព្ទលេខ០៦៧ ៧៥៥ ០៦៥ ហៅចូលទូរស័ព្ទដៃលោកគំរាមថា អ្ហែង! ឈប់ដើរផ្ដិតមេដៃប្រយ័ត្នងាប់។ អ្ហែងអត់រៀងទេអីកាលពីឆ្នាំ២០១៣ ចេង ញ៉ាន់ បញ្ជាឲ្យប៉ូលិសវ៉ៃអ្ហែងនៅអត់រៀងទៀត ពេលនេះអ្ហែងងាប់មិនខាន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលរងខេត្តកំពង់ឆ្នាំងលោក ចេង ញ៉ាន់ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ជនអនាមិកនេះបានទេនៅថ្ងៃទី២៤ ខែមិថុនា ដោយទូរស័ព្ទលោកហៅមិនចូល។
ចំណែកព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ នៃសាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឡុង ស៊ីថា ថាលោកមិនទាន់ទទួលបានព័ត៌មានជុំវិញបណ្ដឹងនេះនៅឡើយទេ ប៉ុន្តែបានពន្យល់យ៉ាងខ្លីថា នីតិវិធីក្នុងការចាត់ការលើបណ្ដឹង ឬមិនចាត់ការនោះ គឺមិនអាចកំណត់ពេលវេលាបានទេ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (Licadho) ខេត្តកំពង់ឆ្នាំងលោក គង់ ច័ន្ទមុនី ថ្លែងថា ព្រះរាជអាជ្ញាអាចចាត់ការបណ្ដឹង ឬតម្កល់រឿងទុកឥតចាត់ការក្រោយពិនិត្យមើលលើធាតុផ្សំ នៃបទល្មើស ហើយ ចេញសេចក្ដីជូនដំណឹងទៅដើមបណ្ដឹង ដើម្បីឲ្យដើមបណ្ដឹងមានលទ្ធភាពប្ដឹងទៅខាងណាទៀត។ ប៉ុន្តែលោកថា ស្ថាប័នតុលាការគួរចាត់ការលើរឿងនេះ ព្រោះវាជាបទល្មើសគំរាមសម្លាប់៖ «កាលណាមានបណ្ដឹងដាក់ត្រូវតែបើកការស៊ើបអង្កេត! នេះវាគួរចាត់ការរឿងហ្នឹងហើយ ព្រោះមានលេខ (ទូរស័ព្ទ) ព្រោះរដ្ឋបាលនគរបាលយុត្តិធម៌ត្រូវបើកការស៊ើបអង្កេត ដើម្បីធ្វើយ៉ាងណាឲ្យមាននីតិរដ្ឋ ដោយតាមរកជនសង្ស័យឲ្យបានមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឲ្យមាននិទ្ទណ្ឌភាព»។
ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា២៣៣ ចែងថាការគំរាមកំហែងថានឹងសម្លាប់ កាលបើការគំរាមកំហែងនេះធ្វើឡើងម្ដងហើយម្ដងទៀត ឬសម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយខែ ទៅពីរឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅបួនលានរៀល៕
No comments:
Post a Comment