A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 June 2016

តើ​វៀតណាម​ជា​អ្នក​ជិត​ខាង​ល្អ​របស់​កម្ពុជា​មែន​ឬ​ទេ?

តើ​វៀតណាម​ជា​អ្នក​ជិត​ខាង​ល្អ​របស់​កម្ពុជា​មែន​ឬ​ទេ?
ដោយ យាង សុជាមេត្តា
2016-06-17

ហេង សំរិន ត្រឹង ដាយ ខ្វាង ៨៥៥
លោក ហេង សំរិន (ស្ដាំ) ប្រធាន​រដ្ឋសភា​កម្ពុជា ជាមួយ​លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ជំនួប​នា​វិមាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


​ទំនាក់​ទំនង​រវាង​កម្ពុជា-​វៀតណាម ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​ជា​ថ្មី​ទៀត នៅ​ពេល​ប្រធានាធិបតី​វៀតណាម ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ត្រឹង ដាយ ខ្វាង (Tran Dai Quang) ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា ថ្នាក់​ដឹកនាំ​កម្ពុជា-​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង និង​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេ​ភាគី​ឲ្យ​ស្រប​ទៅ​តាម​ពាក្យ​ស្លោក "ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង"។

តើ​វៀតណាម ពិត​ជា​អ្នក​ជិត​ខាង​ល្អ​របស់​កម្ពុជា មែន​ឬ?

កម្ពុជា​គឺ​ជា​ប្រទេស​ទី​១ ដែល​ប្រធានាធិបតី​វៀតណាម ត្រឹង ដាយ ខ្វាង ជ្រើស​រើស​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​វៀតណាម បោះឆ្នោត​ឲ្យ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម កាល​ពី​ដើម​ខែ​មេសា មក។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ប្រមាណ ១០​ថ្ងៃ​ប៉ុណ្ណោះ មុន​ខួប ៤៩​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-​វៀតណាម គឺ​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​១៩៦៧-២៤ មិថុនា ឆ្នាំ​២០១៦។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំ​កម្ពុជា និង​វៀតណាម ឯកភាព​រៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​ផ្សេងៗ​ឲ្យ​ឱឡារិក​ដើម្បី​អបអរសាទរ​ខួប ៥០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ។



បើ​គេ​ក្រឡេក​ទៅ​មើល​ប្រវត្តិសាស្ត្រ ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ចាប់​កកើត​ឡើង​តាំង​ពី ៤០០​ឆ្នាំ មុន​មក​ម្ល៉េះ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ទំនាក់ទំនង​ប្រពៃណី​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​គ្នា។ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៦៧ ទើប​រដ្ឋាភិបាល​កម្ពុជា ដែល​ពេល​នោះ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​វៀតណាម ដែល​ពេល​នោះ​គឺ​ជា​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ឬ​ហៅ​ថា វៀតណាម​ខាង​ជើង។

​ចាប់​តាំង​ពី​ពួក​កុម្មុយនិស្ត​វៀតណាម ខាង​ជើង​ទទួល​ជ័យជំនះ​លើ​កងទ័ព​វៀតណាម ខាង​ត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៧៥ មក ទំនាក់ទំនង​នេះ ក៏​នៅ​ចេះ​តែ​បន្ត​ជាមួយ​កម្ពុជា រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

ក្នុង​រយៈពេល​ជិត ៥០​ឆ្នាំ​នេះ​ទំនាក់ទំនង​កម្ពុជា-​វៀតណាម មាន​ការ​ប្រែប្រួល​អត់​ឈប់ឈរ ឡើង​ចុះ ពេល​ខ្លះ​ល្អ ពេល​ខ្លះ​អាក្រក់ គឺ​បត់បែន​តាម​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គេ​នៅ​ចាំ​បាន​ថា បើ​ទោះ​ជា​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនិស្ត​វៀតណាម ខាង​ជើង​នៅ​ឆ្នាំ​១៩៦៧ ក្តី ប៉ុន្តែ​វា​មិន​មែន​ជា​ទំនាក់ទំនង​ដែល​ព្រះអង្គ​ពេញ​ព្រះទ័យ​ទាំង​ស្រុង​នោះ​ទេ ព្រោះតែ​វត្តមាន​នៃ​កងទ័ព​វៀតណាម នៅ​លើ​ទឹកដី​កម្ពុជា។ ២​ឆ្នាំ​ក្រោយ​ការ​ភ្ជាប់​ទំនាក់ទំនង​ផ្លូវ​ការ​នេះ ព្រះមហាក្សត្រ​ខ្មែរ​បាន​ប្រកាស​ដោយ​ផ្ទាល់​ថា ព្រះអង្គ​បង្ហាញ​នូវ​ទីតាំង​ដែល​កងទ័ព​វៀតណាម ខាង​ជើង ឬ​ហៅ​ថា កងទ័ព​វៀតមិញ និង​កងទ័ព​វៀតណាម​ខាងត្បូង ឬ​វៀតកុង នៅ​លើ​ទឹក​ដី​ខ្មែរ។ នៅ​ដើម​ឆ្នាំ​១៩៧០ ពោល​គឺ​នៅ​មុន​ពេល​ព្រះអង្គ​ត្រូវ​បាន​ក្រុម​លោក​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គ ថែម​ទាំង​បាន​ទទូច​ឲ្យ​សហភាព​សូវៀត និង​ប្រទេស​ចិន ជំរុញ​ឲ្យ​វៀតណាម ដក​ទ័ព​ចេញពី​ទឹកដី​ខ្មែរ​ទៀត​ផង។

លុះ​មក​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ​ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៥ ទំនាក់ទំនង​កម្ពុជា-​វៀតណាម រឹតតែ​ធ្លាក់​ចុះ​ខ្លាំង​ថែម​ទៀត។ មុន​ពេល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ លោក លន់ នល់ បាន​ប្រកាស​ឲ្យ​វៀតណាម ដក​កងទ័ព​របស់​ខ្លួន​ចេញ​ឲ្យ​អស់ពី​ទឹកដី​ខ្មែរ។ ទំនាក់​ទំនង​មិន​ល្អ​នេះ​បាន​ឈាន​ដល់​ការ​ដក​ទូត​វៀតណាម ចេញ​ពី​ទឹកដី​កម្ពុជា ទៀត​ផង។ ក្រោយ​មក​កងទ័ព​កម្ពុជា និង​វៀតណាម បាន​ធ្វើ​សង្គ្រាម​ជាមួយគ្នា​អស់​ជា​ច្រើន​លើក​ច្រើន​សា រហូត​ដល់​ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។

ក្នុង​សម័យ​ខ្មែរក្រហម បើ​ទោះ​ជា​មេដឹកនាំ​ខ្មែរ​ក្រហម​មួយ​ចំនួន ដូចជា ប៉ុល ពត ធ្លាប់​ត្រូវ​បាន​ពួក​កុម្មុយនិស្ត​វៀតណាម ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ផ្ដួល​រំលំ​សម្ដេច​សីហនុ និង​ក្រោយ​មក​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនាប្រមុខ លន់ នល់ មួយ​រយៈ​ពេល​ក្ដី ប៉ុន្តែ​ខ្មែរ​ក្រហម​មិន​បាន​ចាត់​ទុក​វៀតណាម ថា​ជា​អ្នក​ជិត​ខាង​ល្អ​នោះ​ទេ។

​ឡើង​កាន់​អំណាច​មិន​បាន​មួយ​ខែ​ត្រឹមត្រូវ​ផង ខ្មែរ​ក្រហម​បាន​លើក​ទ័ព​វាយ​ប្រហារ​ដើម្បី​ដណ្ដើម​យក​កោះត្រល់ កោះ​ថូជូ និង​វាយ​ចូល​ខេត្ត​ពាម និង​ខេត្ត​រោងដំរី នៅ​កម្ពុជា​ក្រោម។ ២​ឆ្នាំ​ក្រោយ​មក​ពោល​គឺ​នៅ​ឆ្នាំ​១៩៧៧ ខ្មែរ​ក្រហម​ក៏​បាន​វាយ​ប្រហារ​ចូល​ក្នុង​ភូមិ​មួយ​ចំនួន​ទៀត​នៃ​ខេត្ត​រោងដំរី ខេត្ត​កំពង់គោ ខេត្ត​ក្រមួនស ខេត្ត​ផ្សារ​ដែក និង​ខេត្ត​មាត់ជ្រូក នៅ​កម្ពុជា​ក្រោម។

ក្រោយ​ពេល​ដែល​ខ្មែរក្រហម​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម នៅ​ចុង​ឆ្នាំ​១៩៧៧ កងទ័ព​នៃ​ប្រទេស​ទាំង​២ បាន​វាយប្រហារ​គ្នា​នៅ​តាម​ព្រំដែន​ជា​ញឹកញយ។ បន្ទាប់ពី​បាន​ជួយ​ជ្រោមជ្រែង​បង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ប្រទេស​វៀតណាម បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​កងទ័ព​ខ្មែរក្រហម។ ពួកគេ​បាន​កាន់កាប់​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩។

ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ នោះ​មក ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​បាន​លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម ទំនាក់ទំនង​រវាង​មេដឹកនាំ​កម្ពុជា និង​វៀតណាម ហាក់​ពុំ​សូវ​មាន​ភាព​រកាំរកូស​ច្រើន​នោះ​ទេ លើកលែងតែ​ក្នុង​សម័យកាល​ដឹកនាំ​របស់​លោក ប៉ែន សុវណ្ណ ដែល​ក្រោយ​មក​ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ទីក្រុង​ហាណូយ នៅ​ឆ្នាំ​១៩៨១។

តាំង​ពី​ពេល​នោះ​មក គេ​កម្រ​ឃើញ​រដ្ឋាភិបាល​កម្ពុជា មាន​បញ្ហា​ការទូត​ជាមួយ​ប្រទេស​វៀតណាម ណាស់ បើ​ទោះ​ជា​គេ​សង្កេត​ឃើញ​ថា មាន​ជនជាតិ​វៀតណាម បាន​ចូល​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ​ខុស​ច្បាប់​កាន់តែ​ច្រើន​ឡើងៗ​ស្ទើរ​គ្រប់​ទីកន្លែង  ឬ​បាន​រំលោភ​បំពាន​ចូល​បូរណភាព​ទឹកដី​កម្ពុជា​ក្តី។​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រឹង ដាយ ខ្វាង នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៤ ដល់​១៦ មិថុនា រដ្ឋាភិបាល​កម្ពុជា-​វៀតណាម ប្ដេជ្ញា​ថា​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ស្រប​តាម​ពាក្យស្លោក "ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង" ព្រម​ទាំង​អនុវត្ត​ពេញលេញ​នូវ​គោលការណ៍​មាន​ចែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​ភាគី​ទាំង​ពីរ ពី​ឆ្នាំ​១៩៩៩ ដល់​២០១៤ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ឯករាជភាព អធិបតេយ្យភាព បូរណភាព​ទឹកដី មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា និង​មិន​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​អមិត្ត​ណា​មួយ​ប្រើប្រាស់​ទឹក​ដី​របស់​ខ្លួន ដើម្បី​គំរាមកំហែង​សន្តិសុខ​ប្រទេស​មួយ​ទៀត និង​ដោះស្រាយ​រាល់​បញ្ហា​រវាង​ប្រទេស​ទាំងពីរ​តាម​រយៈ​ការ​ចរចា​ដោយ​សន្តិវិធី។

លើស​ពី​នេះ ភាគី​ទាំង​ពីរ​សន្យា​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​បណ្ដា​សន្ធិសញ្ញា កិច្ច​ព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​ប្ដេជ្ញា​ស្វែង​រក​ដំណោះស្រាយ​ជា​ស្ថាពរ​នូវ​ចំណុច​ព្រំដែន​សេសសល់ ដើម្បី​បញ្ចប់​ការ​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ឆាប់ ក្នុង​បំណង​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​ប្រទេស​ទាំង​ពីរ។

ក្នុង​ពេល​ជាមួយ​គ្នា លោក ត្រឹង ដាយ ខ្វាង ក៏​មិន​ភ្លេច​ផ្ដាំផ្ញើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​មើល​ថែ​ប្រជាជន​វៀតណាម ដោយ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ចាត់​វិធានការ​ក្នុង​ការធានា​សិទ្ធិ​ស្រប​ច្បាប់​របស់​ជនជាតិ​វៀតណាម រស់​នៅ​កម្ពុជា ដូច​ជនបរទេស​ដទៃ​ទៀត​រស់​នៅ​កម្ពុជា ដែរ។

បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា-​វៀតណាម តែង​ចាត់​ទុក​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ថា ជា​ទំនាក់​ទំនង​មិត្តភាព និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ក្តី ប៉ុន្តែ​កន្លង​មក​គេ​សង្កេត​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា-​វៀតណាម ហាក់​មិន​មាន​ភាព​ស្មើ​មុខ​ស្មើ​មាត់​នោះ​ឡើយ ហើយ​រហូត​ដល់​មាន​អ្នក​វិភាគ​នយោបាយ​ខ្លះ​ចាត់​ទុក​ទំនាក់ទំនង​កម្ពុជា-​វៀតណាម ថា​ជា​ទំនាក់ទំនង​ចាប់​ដៃ​ជាន់​ជើង​ទៀត​ផង។

កន្លង​មក​គេ​តែង​ឃើញ​រដ្ឋាភិបាល​វៀតណាម មិន​បាន​អនុវត្ត​ពេញលេញ​នូវ​គោលការណ៍​ចែង​ក្នុង​សេចក្ដី​ប្រកាស​រួម​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ឡើយ ពិសេស​គឺ​ការ​រំលោភ​ចូល​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​បក្ស​ប្រឆាំង​ផ្ទុះ​ការ​តវ៉ា​ជា​ហូរហែ ហើយ​រហូត​ដល់​ពេល​ខ្លះ​បាន​បង្ខំចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ឲ្យ​គោរព​បូរណភាព​ទឹកដី​របស់​កម្ពុជា ទៀត​ផង។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​ចូល​ទឹក​ដី​កម្ពុជា ក្រោយ​ពី​វៀតណាម បាន​ជីក​ស្រះ​ចូល​ក្នុង​ទឹកដី​កម្ពុជា នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​សង់​ប៉ុស្តិ៍​យាម​នៅ​ជាប់​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។ នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​កំណត់​ទូត​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​កម្ពុជា អាច​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ហើយ​ដែល​រដ្ឋាភិបាល​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ផង។ ក្រៅ​ពី​នេះ គេ​ក៏​ឃើញ​មាន​ជនជាតិ​វៀតណាម ជា​ច្រើន​នៅ​កម្ពុជា ហើយ​អ្នក​ខ្លះ​បាន​មក​រស់​នៅ​បង្កើត​កូន​ពូន​ជា​ចៅ​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ហេង ស្រ៊ាង កត់សម្គាល់​ថា ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា-​វៀតណាម ប្រទេស​វៀតណាម តែង​មាន​ប្រៀប​មក​លើ​កម្ពុជា។ លោក​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​វៀតណាម មក​កាន់​កម្ពុជា​ ពេល​នេះ ថា​ជា​ការ​មក​រម្លឹក​ឲ្យ​កម្ពុជា ទទួល​យក​នូវ​អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ពេល​កន្លងមក ពិសេស​បញ្ហា​ព្រំដែន​ដែល​កន្លង​មក​វៀតណាម ដឹង​ថា ផ្ទៃក្នុង​កម្ពុជា មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ពេញលេញ​នៅ​ឡើយ​ចំពោះ​រឿង​ព្រំដែន​នេះ។ ក្រៅ​ពី​នេះ លោក​ថា ការ​ដែល​មេដឹកនាំ​វៀតណាម មក​ផ្ដាំផ្ញើ​ឲ្យ​កម្ពុជា ធានា​នូវ​សិទ្ធិ​រស់​នៅ​ស្របច្បាប់​របស់​ជនជាតិ​វៀតណាម គឺ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​វៀតណាម ចំពោះ​ពលរដ្ឋ​ពួកគេ និង​ជា​ការ​ឆ្លាត​វៃ​ផ្នែក​ការទូត​របស់​វៀតណាម។

​លោក ហេង ស្រ៊ាង៖ «គេ​មក​គឺ​ថា របៀប​ដី​កន្លង​មក​យើង​បាន​សម្រេច​ជាមួយ​គេ​ថា កាត់​ត្រឹម​ណា ហើយ​ធ្វើ​ព្រំដែន​ប៉ុណ្ណា អា​ហ្នឹង​ជា​អ្វី​ដែល​គេ​ទទួល​យក ហើយ​គេ​ឲ្យ​យើង​ទទួល​យក ប៉ុន្តែ​យើង​ត្រូវ​គិត​ផង​ថា ​តើ​ទាំង​អស់​ហ្នឹង​ស្រុក​ខ្មែរ​យើង​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដឹង​ឮ​ច្បាស់លាស់​ទេ ពី​សង្គម​ស៊ីវិល​ច្បាស់​លាស់​ទេ ពី​គណបក្ស​ផ្សេង​ដែល​ជា​ពហុបក្ស​ចូល​រួមគ្នា​ទទួល​ស្គាល់​ថា​ទឹកដី​នោះ​ទេ»។

លោក​សាស្ត្រាចារ្យ ហេង ស្រ៊ាង សម្ដែង​ទស្សនៈ​ថា ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ខ្លាំង មាន​អំណាច​ស្មើ​មុខ​ស្មើ​មាត់​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ពិសេស​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា នោះ​កម្ពុជា ត្រូវ​តែ​មាន​ឯកភាព​ជាតិ​រឹងមាំ​ផ្ទៃក្នុង ត្រូវ​បញ្ចប់​ជម្លោះ​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ ត្រូវ​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច លុប​បំបាត់​អំពើ​ពុករលួយ អំពើ​ខុសច្បាប់​នានា និង​ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ​ល្អ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​គោរព​សិទ្ធិមនុស្ស​ជាដើម៕

2 comments:

Kim Ea said...

Illustration of PATRON and PUPPET be together .

Anonymous said...

Just look back at the Khmer history with Vietnam, have there ever been one good deed done by Yuon for the Khmers and their Narion ?

All Khmers must remember " Kam Pup Teh Ong !!!! "