A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 June 2016

លោក កឹម សុខា បន្ត​បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​​ក្រុង​ភ្នំពេញ


ដោយ ថា កិត្យា
2016-06-03

យ៉ែម បុញ្ញឫទ្ធិ ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ (រូប​កណ្ដាល​) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth



ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង លោក កឹម សុខា បន្ត​បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ខាង​មុខ​នេះ​ឡើយ។ អ្នក​ច្បាប់​យល់​ថា ការ​បដិសេធ​នេះ គឺ​សមស្រប​តាមច្បាប់ ព្រោះ​លោក កឹម សុខា មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ។

​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ទីស្នាក់ការ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ពន្យល់​ថា មូលហេតុ​ដែល​លោក កឹម សុខា មិន​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នោះ គឺ​សំអាង​ថា លោក កឹម សុខា ជា​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា៖ «ឯកឧត្ដម កឹម សុខា បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​ជា​អ្នក​តំណាងរាស្ត្រ លោក​មាន​អភ័យ​ឯកសិទ្ធិ ដូច្នេះ​ថ្ងៃ​ទី​១៤ ខែ​មិថុនា លោក​មិន​ទៅ​ទេ។ យើង​កំពុង​សិក្សា​ផ្លូវ​ច្បាប់​ជាមួយ​ក្រុម​មេធាវី ដើម្បី​ស្វែងយល់​ពី​ការ​អនុវត្ត​ច្បាប់ តើ​ការ​អនុវត្ត​នោះ​ត្រឹមត្រូវ ឬ​ក៏​យ៉ាង​ណា?»។

​ការ​ឆ្លើយ​បដិសេធ​ម្តង​ទៀត​នេះ គឺ​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថាន់ ឡេង បាន​ចេញ​ដីកា​មួយ​កាល​ពី​យប់​ថ្ងៃ​ទី​២ ខែ​មិថុនា ដើម្បី​កោះហៅ​លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ខាង​មុខ ដើម្បី​សាកសួរ​ពី​ដំណើររឿង​បដិសេធ​ក្នុង​ការ​មិន​ចូលខ្លួន​ទៅ​បំភ្លឺ​តុលាការ​ក្នុង​នាម​ជា​សាក្សី​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។



មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​សាលាក្ដី​ខ្មែរក្រហម លោក ហុង គឹមសួន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់ និង​កោះហៅ​លោក កឹម សុខា ដែល​មាន​តួនាទី​ជា​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ។ ដូច្នេះ ការ​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​តាម​បង្គាប់​តុលាការ​នេះ គឺ​ជា​រឿង​សមស្រប៖ «អភ័យ​ឯក​សិទ្ធ​របស់​តំណាងរាស្ត្រ​នោះ គឺ​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​គាត់​អោយ​រួច​ផុត​ពី​ការ​ចោទ ការ​ចាប់ ការ​ឃុំ ការ​ឃាត់​ទាំង​ឡាយ​ដែល​ធ្វើការ​ចោទ​ប្រកាន់​គាត់​នោះ អ៊ីចឹង​នៅ​ក្នុង​ពេល​នេះ​គាត់​នៅ​ក្នុង​តួនាទី​ជា​តំណាងរាស្ត្រ ហើយ​បែរ​ជា​មិនមែន​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​មជ្ឈិម ឬ​ឧក្រិដ្ឋ​នោះ​ទេ»។

​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់ លោក កឹម សុខា ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ក្នុង​នាម​ជា​សាក្សី​លើ​សំណុំរឿង​សញ្ចារកម្ម តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អយ្យការ​បញ្ជាក់​ថា ជា​បទល្មើស​ជាក់ស្ដែង។

​វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សួរនាំ​អំពី​នីតិវិធី​បន្ត​របស់​តុលាការ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ដោយសារ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា កំពុង​ជាប់​រវល់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

ក្រៅ​ពី​បញ្ហា​ផ្លូវ​ច្បាប់​នោះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រិះគន់​រដ្ឋាភិបាល​ដែល​បាន​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​មាន​តួនាទី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ពលរដ្ឋ​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ។

​លោក យ៉ែម បុញ្ញឫទ្ធិ ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នេះ ថា​ជា​ការ​គំរាមកំហែង​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៖ «ការ​ធ្វើ​កោសល្យវិច័យ​ដោយ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន យើង​យល់​ឃើញ​ថា ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន យើង​មិន​គាំទ្រ​ទេ។ យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម និង​ធ្វើ​ញត្តិ​នៅ​នឹង​មុខ​តែម្ដង ដើម្បី​ជៀសវាង​កុំ​ពិបាកធ្វើ​កោសល្យវិច័យ»។

កាល​ពី​ដើម​សប្ដាហ៍​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ហែ​ញត្តិ​ដោយ​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន​នាក់ ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ៤​នាក់ មន្ត្រី គ.ជ.ប ម្នាក់ រួម​នឹង​មន្ត្រី និង​សកម្មជន​គណបក្ស​នេះ​ជា​ច្រើន​នាក់​ទៀត ព្រម​ទាំង​សុំ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

​រីឯ​អ្នក​ឃ្លាំមើល​ស្ថានភាព​នយោបាយ និង​ជា​អ្នក​សិក្សា​ការ​អភិវឌ្ឍ លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បង្កើត​គណៈកម្មការ​នេះ​ពុំ​មាន​ប្រយោជន៍​សម្រាប់​ដោះស្រាយ​បញ្ហា ឬ​រក​ឲ្យ​ឃើញ​ពី​រឿងរ៉ាវ​ពិត​ប្រាកដ​ឡើយ វា​គ្រាន់តែ​ជា​រូបភាព​នៃ​ការ​គំរាមកំហែង។ ម្យ៉ាង​ទៀត លោក កែម ឡី យល់​ថា គឺ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច៕

1 comment:

Anonymous said...

លោកគិមសុខាមេត្តាកំុចូលបំភ្លឺ ពួកអាតុលាការតិរិច្ឆានភ្នំពេញឲ្យសោះ សូមអរគុណ