A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 June 2016

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ចាម​បង្ហាញ​តម្លាភាព​ជុំវិញ​ការ​ដឹក​​ឈើ


ដោយ​ សូត សុខប្រាថ្នា
2016-06-03

ដឹក​ឈើ ត្បូងឃ្មុំ ៨៥៥
គំនរ​ឈើ​ប្រណីត​ដែល​ឈ្មួញ​បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​រថយន្ត​ក្រឡាប់​នៅ​ចំណុច​ភូមិ​ជ្រៃឡើង ឃុំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
Photo provided


មន្ត្រី​សង្គម​ស៊ីវិល ព្រម​ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ពី​តម្លាភាព​ជុំវិញ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ជា​ច្រើន​ម៉ែត្រគូប មក​ធ្វើ​អគារ​រដ្ឋបាល​សាលាខេត្ត។ ការ​ស្នើ​នេះ បន្ទាប់​ពី​មាន​លិខិត​របស់​អភិបាល​ខេត្ត​កំពង់ចាម ស្នើ​ឱ្យ​អភិបាល​ខេត្ត​ចំនួន​បី រួម​មាន​អភិបាល​ខេត្ត​មណ្ឌលគិរី ក្រចេះ និង​ត្បូងឃ្មុំ ជួយ​សម្រួល​ក្នុង​ការ​ដឹកជញ្ជូន​ឈើ​ប្រណិត​ជាង ២០​ម៉ែត្រគូប ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារិម​ក្នុង​អគារ​រដ្ឋបាល​ថ្មី​មួយ​ខ្នង​សម្រាប់​ធ្វើ​ការងារ។

​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម បារម្ភ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ផែនការ ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​បាន​បង្ហាញ​ពី​តម្លាភាព​ទេ​នោះ។ ពួកគេ​ថា ក្នុង​លិខិត​គប្បី​កំណត់​កាលបរិច្ឆេទ​ដឹក​ជញ្ជូន​ឈើ​ឱ្យ​បាន​ច្បាស់លាស់ ជៀសវាង​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឆក់​ឱកាស​ដើម្បី​រក​ស៊ី​ឈើ​ខុស​ច្បាប់​បន្ថែម​ទៀត។



សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ លោក សាន សឿង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា អគារ​រដ្ឋបាល​សាលាខេត្ត​គឺ​កំពុង​កសាង​ថ្មី​មួយ​ខ្នង​ប្រាកដ​មែន។ លោក​បន្ត​ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​ប្រឆាំង​ថែម​ទាំង​បាន​អនុម័ត​យល់​ព្រម​គម្រោង​សាងសង់​នោះ​ទៀត​ផង ប៉ុន្តែ​រាល់​តម្លៃ និង​ការ​ចាយ​វាយ​លើ​សម្ភារៈ​យ៉ាង​ណា​នោះ គឺ​ពួកគាត់​មិន​បាន​ដឹង​ឡើយ ហើយ​ក៏​មិន​បាន​ដឹង​ថា ក្រុមហ៊ុន​ណា​អ្នក​ម៉ៅការ​សាងសង់​ដែរ។ បន្ថែម​ពី​នេះ សមាជិក​របស់​ខ្លួន​មិន​បាន​ដឹង​​ពី​គម្រោង​ស្នើ​សុំ​ដឹក​ឈើ​ប្រណិត​ពី​ខេត្ត​មណ្ឌលគិរី ទេ ពីព្រោះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​ប្រឆាំង គឺ​អាជ្ញាធរ​ខេត្ត​គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​របស់​ខ្លួន​ចូល​ជា​សមាជិក​គណៈកម្មការ​លទ្ធកម្ម។

លោក​ថា បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ដំណើរការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​នឹង​មិន​មាន​តម្លាភាព៖ «យើង​មិន​បើក​ផ្លូវ​ឱ្យ​គណបក្ស​មួយ​ទៀត​បាន​ចូលរួម​ក្នុង​កិច្ចការ​ហ្នឹង​ខ្ញុំ​ជឿ​ថា មិន​មាន​តម្លាភាព​ទេ។ មិន​ដឹង​ថា យក​ឈើ​ហ្នឹង​មក​ប្រើប្រាស់​ចំ​គោលដៅ​ទាំង​អស់ ឬ​បង្វែរ​ទៅ​ណា»។

លិខិត​របស់​អភិបាល​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ដោយ​ស្នើ​អាជ្ញាធរ​ខេត្ត​ចំនួន​បី រួម​មាន​ខេត្ត​មណ្ឌលគិរី ក្រចេះ និង ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ឈើ​ចំនួន ២៥​ម៉ែត្រគូប ក្នុង​នោះ​ឈើ​ប្រណិត​ប្រភេទ​បេង ២០​ម៉ែត្រគូប និង​ឈើ​ស្រឡៅ​ចំនួន ៥​ម៉ែត្រគូប។ សំណើ​របស់​អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ បញ្ជាក់​ថា ឈើ​ទាំង​នោះ​គឺ​យក​មក​ធ្វើ​គ្រឿង​សង្ហារិម​បំពាក់​អគារ​រដ្ឋបាល​មួយ​ខ្នង ដែល​កំពុង​សាងសង់​សម្រាប់​ធ្វើ​ការងារ។ សំណើ​នេះ អាជ្ញាធរ​ខេត្ត​ទាំង​បី​បាន​យល់​ព្រម ហើយ​ចាត់​មន្ត្រី​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ជួយ​សម្រួល​ទៀត​ផង។

​ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលាខេត្ត​កំពង់ចាម លោក ជីម លាវ មិន​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ទេ ដោយ​ថា​ជាប់​រវល់​ក្នុង​សិក្ខាសាលា។

តែ​យ៉ាង​ណា​ក្នុង​លិខិត​របស់​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ឈើ​ទាំង​នោះ​គឺ​ពួកគេ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ហើយ​ស្នើ​សុំ​ដឹកជញ្ជូន​ចំនួន​បី​ជើង​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា អាជ្ញាធរ​ខេត្ត​គប្បី​ធ្វើ​ការងារ​នេះ ដោយ​តម្លាភាព​ជៀសវាង​ផ្ដល់​ឱកាស​ដល់​ជនល្មើស​ដើម្បី​យក​លិខិត​នោះ​ទៅ​រក​ស៊ី​ឈើ​កាន់​តែ​ច្រើន ប្រៀប​ដូច​ពាក្យ​ចាស់​ថា ត្រី​ងៀត​ឆ្លៀត​ពង​នោះ ពីព្រោះ​ការ​ដឹក​ជញ្ជូន​ឈើ​បច្ចុប្បន្ន​គឺ​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​រាជរដ្ឋាភិបាល​កំពុង​ចាត់​វិធានការ៖ «ដើម្បី​ឱ្យ​មាន​តម្លាភាព​សាលាខេត្ត ត្រូវ​តែ​លើក​ឡើង​ពី​តម្រូវការ​ឈើ​ហ្នឹង ហើយ​ដាក់​ឱ្យ​មាន​ការ​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រក​ស៊ី​ឈើ​ហ្នឹង​ទៅ»។

ទោះ​បី​យ៉ាង​ណា មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​ប្រឆាំង​នឹង​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ខេត្ត​នៅ​ពេល​ខាង​មុខ ដើម្បី​ធានា​ឱ្យ​បាន​នូវ​តម្លាភាព​ជូន​ប្រជាពលរដ្ឋ៕

No comments: