A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

លោក ងិន សៅរ័ត្ន ពី​ជនពិការ​លក់​នំបញ្ចុក​ទៅ​ជា​នាយក​អង្គការ​ដូច​ក្ដីស្រមៃ



លោក ងិន សៅរ័ត្ន នាយក​អង្គការ​ជនពិការ​កម្ពុជា​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍។ ហេង ជីវ័ន


Fri, 3 June 2016 ppp
ប៉ិច សុធារី



នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជនពិការ​ច្រើន​ណាស់​ដែល​យើង​អាច​ឃើញ​ពួកគាត់​ទាំង​នៅ​ទីក្រុង​តាម​ផ្លូវ និង​តាម​ជនបទ​នានា។ ជនពិការ​ទាំង​នោះ​រងគ្រោះ​ដោយសារ​សង្គ្រាម​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​គ្រោះថ្នាក់​ និង​ដោយ​ជំងឺ​ផ្សេងៗ។

បើ​ទោះបី​ជា​ពិការភាព​ក៏ដោយ​ក៏​ប៉ុន្តែ​មិនមែន​បញ្ជាក់​ថា​ពួកគាត់​ជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ធ្វើការ​នោះ​ឡើយ​ដូចជា​ករណី​លោក ងិន សៅរ័ត្ន បើ​ទោះ​ជា​លោក​ពិការ​ជើង​ស្តាំ​ដោយសារ​ជំងឺ​ប៉ូលីយ៉ូ ឬ​គ្រុន​ស្វិត​ដៃ​ជើង​តែ​លោក​​​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​រហូត​ដល់​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​អង្គការ​មួយ​ឈ្មោះ​ថា «អង្គការ​ជនពិការ​កម្ពុជា» ដោយ​​បាន​ជួយ​ជ្រោម​ជ្រែង​​​​ដល់​ជនពិការ​​ទូទាំង​រាជធានី-ខេត្ត​នៅ​កម្ពុជា​ទាំង​ការ​តស៊ូ​មតិ​លើ​គោល​នយោបាយ​គាំពារ​សិទ្ធិ​បញ្ជ្រាប​​ការ​​យល់ដឹង​ដល់​សាធារណជន​ពី​ពិការភាព​ និង​​លើក​កម្ពស់​ដល់​សិទ្ធិ​ជនពិការ​ជាដើម។

លោក ងិន សៅរ័ត្ន កើត​នៅ​ថ្ងៃ​ទី​ ១៧ ខែ​ធ្នូ ឆ្នាំ​ ១៩៧១ នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ ក្នុង​គ្រួសារ​កសិករ​ដែល​មាន​បងប្អូន​ប្រុស​ស្រី​ ៨ នាក់។ ក្នុង​គ្រួសារ​របស់​លោក​មាន​តែ​រូប​លោក​ម្នាក់​គត់​ដែល​ពិការ​ជើង​ម្ខាង​តាំងពី​អាយុ​​ ៥ ​​ឆ្នាំ​ដោយសារ​ជំងឺ​ព្រោះ​តែ​ពេល​នោះ​ប្រទេស​​កម្ពុជា​បាន​ជួប​កលិយុគ និង​ស្ថិត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​ធ្វើ​ឲ្យ​លោក​ពុំ​អាច​ព្យាបាល​បាន។ ក្នុង​អំឡុង​ពេល​នោះ​ដែរ​លោក​ក៏​ពុំ​​បាន​រៀន​សូត្រ​ឲ្យ​ទាន់​ពេលវេលា​ដូច​កុមារ​សម័យ​នេះ​ឡើយ​ដោយសារ​តែ​ត្រូវ​រត់​ជម្លៀស​ខ្លួន​ទៅ​កាន់​តំបន់​ផ្សេងៗ​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ។

ប៉ុន្តែ​ក្រោយពី​បែក​​សម័យ​ប៉ុលពត​នៅ​ឆ្នាំ​ ១៩៧៩ ​គ្រួសារ​របស់​លោក​បាន​មក​ដល់​ភ្នំពេញ ​និង​បាន​ចាប់​យក​មុខរបរ​ធ្វើ​នំ​បញ្ចុក​លក់​ទើប​លោក​អាច​មាន​លទ្ធភាព​ចូល​សិក្សា​នៅ​ថ្នាក់​ទី​ ១ ក្នុង​វ័យ​ ១០ ​ឆ្នាំ។



លោក​បាន​លើក​ឡើង​ថា​ «ពេល​​រៀន​មិត្តភក្តិ​មួយ​ចំនួន​គាត់​យក​ពិការភាព​យើង​ទៅ​លេង​សើច​ជួន​កាល​គាត់​ចាប់​ស្រាត​ខោ​យើង​រត់​លេង​អ៊ីចឹង​ទៅ​តែ​ពិបាក​បន្ទោស​គាត់​ដែរ​ព្រោះ​គាត់​នៅ​ក្មេង​ពេក​អត់​ទាន់​យល់​អ្វី​ទៅ​ពិការភាព​អ្វី​ទៅ​ហៅថា​ការ​រើសអើង​តែ​បាន​ប៉ា​ខ្ញុំ​គាត់​​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​រៀន​រហូត។ គាត់​ប្រាប់​ថា​ការសិក្សា​គឺជា​គ្រឹះ​នៃ​ភាពជោគជ័យ»។

បើ​ទោះ​ជា​ពិការភាព និង​ត្រូវ​រង​ការ​រើសអើង​ពី​អ្នក​ដទៃ​តែ​លោក​នៅ​តែ​តស៊ូ​ព្យាយាម​សិក្សា​ និង​ជួយ​ធ្វើ​នំ​បញ្ចុក​​ឪពុក​ម្តាយ​រហូត​ដល់​​អាច​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ។

លោក​ថា៖ «ឆ្នាំ​ ១៩៩០ ជាប់​បាក់ឌុប​ពេល​ហ្នឹង​​ខ្ញុំ​​ចង់​ធ្វើ​គ្រូបង្រៀន​គេ​ថា​យើង​​​​អត់​មាន​​កាយសម្បទា​គ្រប់គ្រាន់​ចង់​ធ្វើ​មេធាវី​គេ​ថា​យើង​អត់​មាន​កាយសម្បទា​គ្រប់គ្រាន់​ហើយ​កាល​នោះ​ម៉ាក់​ខ្ញុំ​នៅ​ធ្វើ​នំបញ្ចុក​នៅ​ឡើយ​និយាយ​ពី​ធ្វើ​នំបញ្ចុក​ខ្ញុំ​មាន​ជំនាញ​តែ​ម្តង​អ៊ីចឹង​ទៅ​​ខ្ញុំ​ក៏​គិត​ថា​ប្រហែល​​​មួយ​​ជីវិត​ហ្នឹង​ខ្ញុំ​ត្រូវ​យក​ជំនាញ​ធ្វើ​នំបញ្ចុក​​ហ្នឹង​មក​ចិញ្ចឹម​ប្រពន្ធ​កូន​ហើយ​ប្រហែល​អស់​ផ្លូវ​រៀន​យក​បរិញ្ញាបត្រ​នឹង​គេ​ហើយ»។

ប៉ុន្តែ​ថ្ងៃ​មួយ​នៅ​ពេល​ដែល​ឃើញ​បងស្រី​របស់​លោក​ដែល​ធ្វើការ​នៅ​អង្គការ​មួយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​លោក​ចាប់​​ផ្តើម​មាន​ក្តីស្រមៃ​ចង់​ចូល​បម្រើ​ការងារ​ដូច​បងស្រី​ដែរ​ស្រប​​ពេល​​ដែល​លោក​​កំពុង​ស្វែង​រក​ការងារ​ធ្វើ​នៅ​​អង្គការ​ជនពិការ​​កម្ពុជា និង​មាន​មហិច្ឆតា​ចង់​​អង្គុយ​​លើ​​កៅអី​សម្រាប់​តំណែង​នាយក​ដើម្បី​ការពារ​សិទ្ធិ និង​លើក​សំឡេង​​ជនពិការ​ឲ្យ​ឮ​ដល់​រដ្ឋាភិបាល​​។ ​​​​

ដោយសារ​តែ​ក្តីស្រមៃ​នោះ​លោក​បាន​​ព្យាយាម​​សិក្សា​ភាសា​អង់គ្លេស​សិក្សា​ផ្នែក​គ្រូបង្រៀន​នៅ​ IFL និង​បម្រើ​​ការងារ​នៅ​មជ្ឈមណ្ឌល​ជាតិ​ជនពិការ​រហូត​ដល់​មាន​ឱកាស​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន។

ក្រោយពី​បាន​បញ្ចប់​អាហារូបករណ៍​លោក ងិន សៅរ័ត្ន បាន​ចាប់​ផ្តើម​ចូលរួម​ក្នុង​ចលនា​ការពារ​សិទ្ធិ និង​លើក​កម្ពស់​ជនពិការ​ជាមួយ​អង្គការ​ជនពិការ​កម្ពុជា​នៅ​អំឡុង​ចុង​ឆ្នាំ​ ២០០១ ជា​សមាជិក​​ក្រុម​ប្រឹក្សា​ភិបាល​ដែល​ពេល​​នោះ​អង្គការ​​នេះ​​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ផ្ទៃ​ក្នុង​ស្ទើរតែ​ផុត​ដង្ហើម​ព្រោះ​នៅ​សល់​ថវិកា​ជំនួយ​តែ ៤០០០ ​ដុល្លារ​ប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​ភាព​ផុយ​ស្រួយ​នៃ​ការ​គ្រប់គ្រង​អង្គការ​មួយ​នេះ​លោក​បាន​សម្រេច​​ឈរ​ឈ្មោះ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ដែល​​ជា​​តួនាទី​មួយ​ក្នុង​ក្តីស្រមៃ​របស់​លោក​ហើយ​លោក​ក៏​បាន​សម្រេច​បំណង​នេះ​នៅ​ឆ្នាំ​ ២០០៣ ដោយ​​សមត្ថភាព​ផ្ទាល់​​របស់​​លោក។

លោក សៅរ័ត្ន បាន​និយាយ​ថា «ការ​ដែល​ខ្ញុំ​ចង់​ធ្វើ​ការងារ​នេះ​ព្រោះ​តែ​​ទី​ ១ គឺ​​កត្តា​ខ្លួន​ឯង​ដោយសារ​យើង​ជា​ជនពិការ​ទី​ ២ យើង​ចង់​ឃើញ​សង្គម​មួយ​ដែល​គ្មាន​ការ​រើសអើង​ដោយសារ​ប្រវត្តិ​ខ្ញុំ​ពេល​​​នៅ​រៀន​មិត្តភក្ដិ​យក​ពិការភាព​យើង​ទៅ​លេង​ដូចជា រឿង​កំប្លែង​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​ពេល​ខ្លះ​ក្រុម​នាយកុយ​ ក្រុម​នាយ​ក្រឹម​អី​យក​ជនពិការ​ទៅ​កំប្លែង​លេង​ចិត្ត​មួយ​ចេះ​តែ​គិត​ថា​ហេតុអី​បាន​គេ​មិន​យល់​ចិត្ត​ជនពិការ​គេ​មិន​ជួយ​​ជនពិការ​គេ​បែរ​នាំ​គ្នា​យក​បញ្ហា​ពិការភាព​ធ្វើ​ជា​ការ​លេងសើច​ហើយ​​យើង​មើល​ឃើញ​ថ្នាក់ដឹកនាំ​ជនពិការ​មុនៗ​នៅពេល​ដែល​បាន​ធ្វើ​ធំ​ដូចជា​រើសអើង​អ្នក​ពិការ យើង​​ចង់​​តាំង​ខ្លួន​ថា​ជា​គំរូ​មួយ​ឲ្យ​ជនពិការ​ផ្សេងៗ​ទៀត​ឃើញ​ថា​យើង​ពិការ​ក៏​អាច​ជួយ​អ្នក​ពិការ​ដូច​គ្នា​បាន​ដែរ​ដោយ​មិន​ចាំបាច់​រើសអើង​គ្នា​នេះ​ជា​ក្តីស្រមៃ​ដែល​ចង់​ជួយ​គ្នា​ផង និង​ចង់​បំបាត់​ការ​រើសអើង​នៅ​ក្នុង​សង្គម​យើង​ផង»។

ទោះ​បី​ជា​យ៉ាង​ណា​ លោក​មើល​ឃើញ​ថា​ស្ថានភាព​ជនពិការ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន​ដោយសារ​ជនពិការ​ត្រូវ​បាន​​​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ជា​ជនពិការ​ផង​ដែរ​នោះ​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពួកគាត់​ស្រប​ពេល​ដែល​កម្ពុជា​ក៏​មាន​ច្បាប់ និង​អនុសញ្ញា​ស្តីពី​​សិទ្ធិ​ជនពិការ​ព្រម​ទាំង​កូតា​របស់​ស្ថាប័ន​រដ្ឋ​ដែល​ផ្តល់​ឱកាស​ទទួល​​​យក​ជនពិការ​ ២ ភាគរយ​​ឲ្យ​ចូល​បម្រើ​ការងារ​ជាដើម។

លោក​បាន​បន្ត​ថា៖ «រឿង​សំខាន់​គឺ​ជនពិការ​ខ្លួនឯង និង​មន្ត្រី​ថ្នាក់​កណ្តាល​ថា​តើ​គាត់​ព្រម​កែប្រែ​ផ្នត់​គំនិត​គាត់​ឲ្យ​ដូច​ថ្នាក់​ដឹកនាំ​យើង​ដែរ​ឬ​អត់? ហើយ​ព្រម​ជួយ​ជំរុញ​ការ​អនុវត្ត​ច្បាប់​នោះ​ដែរ​ឬ​អត់​ទេ? បើ​មន្ត្រី​ថ្នាក់​កណ្តាល​របស់​រាជរដ្ឋាភិបាល​ធ្វើ​បាន​ល្អ​ដូច​សម្តេច​ខ្ញុំ​ជឿ​ថា​ជនពិការ​យើង​ល្អ​ប្រសើរ​មែន​ទែន»។

លោក​បន្ថែម​ថា៖ «បញ្ហា​ពិការភាព​ជា​បញ្ហា​អន្តរវិស័យ​ទាមទារ​ឲ្យ​គ្រប់​ក្រសួង​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ហើយ​ដាក់​កញ្ចប់​​ថវិកា​​យ៉ាង​តិច​ ២ ​ភាគរយ ឬ​ ៣ ភាគរយ​នៃ​ថវិកា​សរុប​ដើម្បី​គាំទ្រ​ការ​អនុវត្ត​យន្តការ​ និង​ច្បាប់​ដែល​មាន​ស្រាប់​ព្រោះ​យន្តការ​ច្បាប់​មាន​ហើយ​តែ​ការ​អនុវត្ត​នៅ​មិន​ទាន់​មាន​នៅ​គ្រប់​ស្ថាប័ន​រដ្ឋ​នៅ​ឡើយ​ជនពិការ​ត្រូវ​ការ​សិទ្ធិ និង​ត្រូវ​ការ​សេចក្តី​ថ្លៃថ្នូរ និង​ការ​ចូលរួម​ក្នុង​ឱកាស​ការងារ​ដូច​អ្នក​មិន​ពិការ​ដែរ»។

លោក​ក៏​បាន​ជំរុញ​​មន្ត្រី​ថ្នាក់​កណ្តាល​របស់​​រាជរដ្ឋាភិបាល​ពន្លឿន​យន្តការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ ២ ម៉ឺន​រៀល​ក្នុង​មួយ​ខែ​​ដល់​ជនពិការ​ផង​ដែរ​ព្រោះ​រាជរដ្ឋាភិបាល​បាន​ទម្លាក់​ប្រាក់​ជាច្រើន​ឆ្នាំ​ហើយ​តែ​មក​ទល់​បច្ចុប្បន្ន​ជន​ពិការ​នៅ​ពុំ​ទាន់​បាន​ទទួល​មួយ​កាក់​មួយ​សេន​នៅ​ឡើយ។

ក្រោម​ការ​ដឹកនាំ​របស់​លោក ងិន សៅរ័ត្ន អង្គការ​ជនពិការ​កម្ពុជា​បច្ចុប្បន្ន​មាន​បណ្តាញ​​ចំនួន​ ៦៥ នៅ​ទូទាំង​ ២៥ ​រាជធានី-ខេត្ត​មាន​វិទ្យុ​សំឡេង​ជនពិការ​នៅ​ខេត្ត​ចំនួន ៣ រថយន្ត​ស្ទូច​សម្រាប់​ជនពិការ និង​បាន​កៀរគរ​ថវិកា​​ពី​​ម្ចាស់​​ជំនួយ​​បាន​​ចន្លោះ​ពី​ ៥០ ​ម៉ឺន​ទៅ​ ១ លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

អង្គការ​នេះ​ក៏​ធ្លាប់​បាន​ជំរុញ​ដល់​រាជរដ្ឋាភិបាល​​អនុម័ត​ច្បាប់​ផ្តល់​​សញ្ចាប័ន​លើ​អនុសញ្ញា​សិទ្ធិ​ជនពិការ​ និង​ជំរុញ​ឲ្យ​មាន​ការ​​រៀបចំ​ប្រព័ន្ធ​ការងារ​សម្រាប់​ជនពិការ។ ដោយ​មើល​ឃើញ​ពី​ស្នាដៃ​ជាច្រើន​នេះ​អង្គការ​មួយ​នេះ​ធ្លាប់​បាន​ទទួល​មេដាយ​លើក​ទឹកចិត្ត​ចំនួន​ ២ ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​បាន​ទទួល​ប័ណ្ណ​សរសើរ​ជា​ច្រើន​ទៀត​ពី​សហគមន៍​អន្តរជាតិ​ខណៈ​ដែល​បច្ចុប្បន្ន​លោក សៅរ័ត្ន​ ​ក៏​ជា​ប្រធាន​វេទិកា​ជនពិការ​អាស៊ាន​ផង​ដែរ​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​អនុសញ្ញា​សិទ្ធិ​ជនពិការ និង​ការ​អនុវត្ត​ច្បាប់​សិទ្ធិ​​ជនពិការ​ក្នុង​បណ្តា​ប្រទេស​ទាំង​ ១០ ​របស់​អាស៊ាន។

បើ​ទោះ​ជា​មាន​ភាព​ជោគជ័យ​ច្រើន​ក្នុង​ការ​ដឹកនាំ​អង្គការ​ជនពិការ​កម្ពុជា​រយៈពេល​ ១៣ ​​ឆ្នាំ​មក​នេះ​ក៏ដោយ​ក៏​លោក ងិន សៅរ័ត្ន មិន​មាន​បំណង​កាន់​តួនាទី​នេះ​​រហូត​ដែរ​ដោយ​លោក​គ្រោង​នឹង​​បង្វែរ​ពី​អ្នក​ធ្វើការ​ទៅ​ជា​អ្នក​រកស៊ី​ជួញដូរ​វិញ​ដើម្បី​ផ្តល់​ឱកាស​ដល់​​យុវជន​ជំនាន់​ក្រោយ​ក្នុង​ការ​ដឹកនាំ​អង្គការ​នេះ។ លោក​នឹង​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ទីប្រឹក្សា​ហើយ​បើ​មាន​លទ្ធភាព​លោក​នឹង​ធ្វើ​ជា​ម្ចាស់​ជំនួយ​សម្រាប់​អង្គការ​មួយ​នេះ​ថែម​ទៀត​។

លោក​ថា៖ «គ្មាន​អ្វី​ជា​អមតៈ​ទេ​គ្រាន់តែ​ថា​យើង​សាង​​បាន​​មក​​ប៉ុណ្ណេះ​វា​ជា​ស្ពាន​មួយ​សម្រាប់​យុវជន​​ជំនាន់​ក្រោយ​អាច​យក​​ជា​គំរូ​ អាច​​បន្ត​ការ​ដឹកនាំ​របស់​យើង អាច​ធ្វើ​ឲ្យ​ជនពិការ​រីករាយ​នឹង​សិទ្ធិ​របស់​ពួកគាត់​បាន​ទៀត​ហើយ​ខ្ញុំ​នឹង​ព្យាយាម​​បណ្តុះ​គំនិត​យុវជន​នៅ​តាម​ខេត្ត​នានា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​គាត់​ហ៊ាន​និយាយ​ពី​ការពិត​លើ​បញ្ហា​​​របស់​ជនពិការ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​»៕

No comments: