A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday 20 June 2016
គណបក្សសង្គ្រោះជាតិធ្វើពិធីបួងសួងតាមបែបសាសនានៅខេត្តសៀមរាប
ដោយ ហង្ស សាវយុត
2016-06-19
ក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ធ្វើពិធីសាសនានៅព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth
មន្ត្រីគណបក្សប្រឆាំង បានដើរដល់ផ្លូវជ្រើសយកជំនឿសាសនាធ្វើជាមធ្យោបាយ ជួយជំរុញកម្លាំងចិត្តឲ្យព្យាយាមដោះស្រាយបញ្ហាឡើងកម្ដៅនយោបាយនៅក្នុងប្រទេសជាបន្តទៅទៀត។ ការជ្រើសយកពិធីសាសនា ដើម្បីឲ្យវត្ថុសក្ដិសិទ្ធិ និងព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រច្រើនជំនាន់ ជួយបន្ទន់ចិត្តអ្នកនយោបាយឲ្យបែរមកគិតប្រយោជន៍ប្រជាជន និងប្រទេសជាតិជាធំនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានស្វះស្វែងរកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចមិនបានសម្រេចរួចមក។
អ្នកតំណាងរាស្ត្រជាច្រើនរូប ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ២ពាន់នាក់មកពីតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តបាត់ដំបង ជាដើម បានជួបជុំគ្នាធ្វើពិធីសាសនានៅក្នុងទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា។
ការប្រារព្ធពិធីសាសនា បួងសួងសុំឲ្យបារមីនៃវត្ថុសក្ដិសិទ្ធិ និងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រសម័យអង្គរ ជួយដឹកនាំ និងបណ្ដាលចិត្តអ្នកនយោបាយឲ្យចេះរួបរួមគ្នា គិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិនោះ គឺធ្វើឡើងនៅអាស្រមព្រះអង្គចេកព្រះអង្គចម ដោយមានប្រគំភ្លេងពិណពាទ្យថ្វាយផង។
បន្ទាប់ពីពិធីបួងសួងខ្លីនៅឯព្រះអង្គចេកព្រះអង្គចមរួចមក ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ បាននាំគ្នាទៅធ្វើនៅមុខរានហាលផ្នែកខាងលិចនៃប្រាសាទអង្គរវត្តទៀត។
គណបក្សសង្គ្រោះជាតិ រៀបចំពិធីបួងសួងតាមបែបសាសនានាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Hang Savyouth
ប្រធានគណៈកម្មការនាយករបស់គណបក្សសង្គ្រោះជាតិ គឺលោក ប៉ុល ហំម។ លោកថ្លែងបន្ទាប់ពីបញ្ចប់ពិធីសាសនានោះថា ការឡើងកម្ដៅនយោបាយដោយសារគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច ដាក់ការគាបសង្កត់មកលើគណបក្សដែលមានសំឡេងភាគតិចនៅក្នុងសភាជាបន្តបន្ទាប់នេះ គឺជាស្ថានការណ៍ដែលធ្វើឲ្យប្រជាពលរដ្ឋមានក្តីបារម្ភយ៉ាងខ្លាំង។ លោក ប៉ុល ហំម បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានប្រឹងប្រែងចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមគ្រប់រូបភាព ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ រហូតដល់ពេលនេះ គណបក្សរបស់លោកក៏ស្វែងរកកម្លាំងចិត្តតាមបែបពិធីសាសនាវិញម្ដង។
លោក ប៉ុល ហំម មានប្រសាសន៍ទៀតថា អ្វីដែលគណបក្សរបស់លោកធ្វើពេលនេះ ប្រសិនបើព្រលឹងរបស់អតីតព្រះមហាក្សត្រខ្មែរសម័យអង្គរ លោកមកសណ្ឋិតលើដួងចិត្តរបស់អ្នកដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បាន គឺប្រាកដជានឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានសុខសាន្ត៖ «ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ បើជិះជាន់តិចរើបម្រះក៏តិច បើជិះជាន់ខ្លាំងរើបម្រះក៏ខ្លាំង»។
ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក សឺន ស៊ូប៊ែរ្តិ៍ ដែលចូលរួមពិធីសាសនាដែរនោះ បានរំឭកពីប្រវត្តិសាស្ត្រថា កាលពីសម័យមហានគរ ព្រះមហាក្សត្រខ្មែរព្រះនាមជ័យវរ្ម័នទី៧ ដែលសោយរាជ្យនៅអង្គរ បានធ្វើឲ្យអាណាចក្រខ្មែររុងរឿងល្បីល្បាញ ដោយព្រះអង្គយល់ថា ទុក្ខរបស់ប្រជារាស្ត្រ គឺជាទុក្ខរបស់ព្រះអង្គ។ លោក សឺន ស៊ូប៊ែរ្តិ៍ ចង់ឲ្យអ្នកកាន់អំណាចរដ្ឋាភិបាល និងគណបក្សនយោបាយខ្មែរយកលំនាំតាមព្រះបាទជ័យវរ្ម័នទី៧ ដើម្បីប្រយោជន៍របស់ជាតិ និងមាតុភូមិ៖ «ខ្មែរមិនរួមដៃគ្នា គឺនឹងបាត់បង់ទឹកដី។ ខ្ញុំសូមអង្វរដល់មេដឹកនាំខ្មែរទាំងអស់ គួរចេះពិភាក្សាគ្នានិយាយគ្នា ដោយមិនប្រើហិង្សាខាងនយោបាយ»។
ពិធីសាសនាដែលធ្វើឡើងនៅមុខរានហាលនៃប្រាសាទអង្គរវត្តប៉ែកខាងលិចនោះ បើទោះបីជាអាជ្ញាធរអប្សរាតម្រូវឲ្យគណបក្សសង្គ្រោះជាតិ សុំច្បាប់ ហើយគណបក្សនេះមិនបានធ្វើតាមក៏ដោយ ក៏បានប្រព្រឹត្តទៅរហូតដល់ចប់សព្វគ្រប់ មិនមានការរំខានពីអាជ្ញាធរ ឬក៏ពីសំណាក់ក្រុមណាមួយទេ។
ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលបានចាត់ទុកថា គណបក្សសង្គ្រោះជាតិ ដែលធ្វើពិធីបែបនេះ មិនមែនជាមធ្យោបាយនៃការដោះស្រាយខាងនយោបាយទេ វាគ្រាន់តែជាការទាញយកប្រជាភិថុតិពីប្រជាពលរដ្ឋប៉ុណ្ណោះ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ កំពុងយកបញ្ហានយោបាយទៅលាយឡំគ្នាជាមួយនឹងរឿងសាសនា។ លោក ផៃ ស៊ីផាន បញ្ជាក់ថា បញ្ហាទំនាស់នយោបាយ គឺគេត្រូវតតាំងមតិគ្នានៅក្នុងសភា ឬក៏តតាំងទៅតាមច្បាប់នីមួយៗ មិនមែនតាមបែបធ្វើពិធីសាសនាទេ៖ «គាត់គ្រាន់តែចង់ធ្វើឲ្យសកម្មភាពមហាជនងើបឡើងរស់រវើក ដើម្បីគាំទ្រគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ»។
ប៉ុន្តែប្រជាពលរដ្ឋមិនយល់ឃើញដូចមន្ត្រីរដ្ឋាភិបាលលើកឡើងនោះទេ គឺពួកគេព្រួយបារម្ភអំពីភាពហិង្សាខាងនយោបាយ ដែលអាចនឹងធ្វើឲ្យសង្គមមិនសុខសាន្ត។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតដែលចូលរួមពិធីសាសនានោះ មានប្រសាសន៍ថា ការមិនត្រូវរ៉ូវគ្នាផ្នែកនយោបាយ គឺជាបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋមិនសុខសាន្ត ព្រមទាំងមិនបានធ្វើការអភិវឌ្ឍឲ្យពេញលេញទេ។ បុរសដដែលចង់ឲ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ត្រូវចរចាផ្នែកនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ដែលជាអ្នកមានសំឡេងនៅក្នុងសភាដូចគ្នានេះ៖ «ព្រួយបារម្ភដែរ ដោយឃើញមានការរំលោភសិទ្ធិ ដូចជាចាប់ស្ត្រីបោះទៅលើឡាន ជាដើម គឺមិនគួរឲ្យមានរូបភាពដូច្នេះទេ»។
អភិបាលនៃតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានអះអាងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងធ្វើទុក្ខបុកម្នេញដល់អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ជាច្រើនរូប ដោយមិនគោរពលើអភ័យឯកសិទ្ធិរបស់សភាទេ។ លោក សុន ឆ័យ អះអាងថា រហូតមកដល់ពេលនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាច្រើនរូប ត្រូវបានគេចោទប្រកាន់ និងចាប់ខ្លួន ដូចជាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្នាក់នៅក្រៅប្រទេស ចំណែកលោក កឹម សុខា អតីតអនុប្រធានទី១ រដ្ឋសភា ក៏ត្រូវបានគេចោទប្រកាន់ក្នុងរឿងមិនសមរម្យ ចំណែកឯលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ត្រូវគេចាប់ខ្លួនដាក់ពន្ធនាគារ លោក អ៊ុំ សំអាន សមាជិកសភា ក៏ត្រូវបានគេចាប់ខ្លួនដោយសារតែការរិះគន់រឿងព្រំដែនខាងកើតជាដើម៕
Subscribe to:
Post Comments (Atom)
2 comments:
គេថាវាទាល់ច្រក បានជាទៅបន់ តើដែលឃើញមានលទ្ធផលដោយសាការបន់ស្រន់ទេ? អាឡប់ខំបន់ថាឲ្យត្រូវឆ្នោត តែមួយលេខគ្មានផង ដូចសង្ឃឹមផ្កាយលើមេឃ តែធ្វើម្តេចទៅបើគេថា មាត់ស៊ីអំបិលប្រហុកណា ប្រជាជន់បន់ទៅអាចធ្វើឲ្យ ហ៊ុន សែន វាស្រឡាញ់ខ្មែរវិញះើយដេញយួនចេញពីស្រុកវិញ។ តើអាចដូច្នេះមែនទេ?
I feel sorry for the CNRP to resort to praying to resolve problems.
Didn't we hear the CNRP wanted to have an audience with the King Kong Sihakmoni too ?
What happened, the Kong said " NO " ?
Post a Comment