A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 21 June 2016

សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ​អះអាង​ថា​អ្នក​រុក​រាន​ដី​ព្រៃ​គំរាម​សម្លាប់


ដោយ ហង្ស សាវយុត
2016-06-20

កាប់​ឈើ​សហគមន៍​ភ្នំ​ដងរែក ឧត្ដរមានជ័យ ២០១២ ៨៥៥
ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​នៅ​ក្នុង​ព្រៃ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ នា​ខេត្ត​ឧត្ដរមានជ័យ កាល​ពី​ខែ​មករា ឆ្នាំ​២០១២។ RFA/Hang Savyouth
 RFA/Hang Savyouth


តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ នៅ​ក្នុង​ភូមិ​ឈើស្លាប់ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល កំពុង​ស្វះ​ស្វែងរក​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​ចូល​រុក​រាន​យក​ដី​ព្រៃ​ដោយ​មាន​ប៉ូលិស និង​ទាហាន​ខ្លះ​នៅ​ពី​ក្រោយ​ខ្នង រហូត​ដល់​ហ៊ាន​គំរាម​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​ទៀត​ផង។

សកម្មភាព​គំរាម​កំហែង​នេះ បាន​កើត​ឡើង​ក្នុង​ពេល​ដែល​អ្នក​មាន​លុយ​ម្នាក់​មក​ពី​ក្រុង​សំរោង បាន​នាំ​កម្លាំង​ប៉ូលិស និង​ទាហាន ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ ៣​គ្រួសារ ហើយ​ប្រើ​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​យក​ដី ក៏ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សហគមន៍​ការពារ​ព្រៃ​ឈើ ចុះ​ទៅ​ហាម​ឃាត់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា។



ប្រធាន និង​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ ចំនួន ៣​រូប បាន​ចោទ​ប្រកាន់​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ នៃ​ក្រុង​សំរោង ម្នាក់ ថា​បាន​នាំ​កម្លាំង​ប៉ូលិស រួម​ទាំង​ទាហាន​ផង ទៅ​គំរាម​សម្លាប់​ពួក​គេ។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​អ្នក​មាន​លុយ​ម្នាក់​មក​ពី​ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​កម្លាំង​ប៉ូលិស និង​ទាហាន​តាម​កាង​ផង បាន​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ ៣​គ្រួសារ ឲ្យ​ចេញ​ពី​តំបន់​ព្រៃ​សហគមន៍ ហើយ​គេ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​យក​ដី​ទាំង​នោះ ប៉ុន្តែ​ត្រូវ​សហគមន៍​ចេញ​មុខ​ហាម​ឃាត់​មិន​ឲ្យ​ឈូស​ឆាយ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ នៅ​ភូមិ​ឈើស្លាប់ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល គឺ​លោក ត្រេន ត្រៃ។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មិថុនា ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា កន្លង​ទៅ អ្នក​មាន​ម្នាក់​មក​ពី​ក្រុង​សំរោង ដោយ​មាន​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ ម្នាក់​ឈ្មោះ ពី រ៉ាពីន ព្រម​ទាំង​ប៉ូលិស និង​ទាហាន ២-៣​នាក់​តាម​ការពារ​ផង បាន​ទៅ​សម្លុត​ប្រជាពលរដ្ឋ ៣​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ព្រៃ​សហគមន៍​របស់​លោក ឲ្យ​ចាក​ចេញ រួច​ហើយ​ក្រុម​នោះ​ក៏​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​យក​ដី។ លោក ត្រេន ត្រៃ បញ្ជាក់​ទៀត​ថា នៅ​ពេល​នោះ រូប​លោក និង​អនុប្រធាន ព្រម​ទាំង​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ ក៏​បាន​ទៅ​មើល​គ្រឿងចក្រ​ឈូស​ឆាយ​នោះ ស្រាប់​តែ​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​បន្សាយរាក់ ឈ្មោះ ពី រ៉ាពីន គំរាម​សម្លាប់​រូប​លោក ព្រម​ទាំង​គណៈកម្មការ​របស់​លោក​ផង៖ «ក្រុម​ប្រឹក្សា​ឃុំ ពី រ៉ាពីន ហើយ​កង​កម្លាំង​ប៉ូលិស ២-៣​នាក់ ព្រម​ទាំង​ទាហាន​ផង គាត់​គំរាម​ចង់​សម្លាប់​ខ្ញុំ ព្រម​ទាំង​អនុប្រធាន​របស់​ខ្ញុំ​ផង»។

ទោះ​បី​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ឈ្មោះ ពី រ៉ាពីន ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា។

ចំណែក​ចៅ​សង្កាត់​បន្សាយរាក់ លោក ហែម សេដា បដិសេធ​ថា ឈ្មោះ ពី រ៉ាពីន នេះ​មិន​មែន​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ ទេ គឺ​ជា​ពេទ្យ​នៅ​មណ្ឌល​សុខភាព។ លោក​ចៅ​សង្កាត់​បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ដឹង​ពី​រឿង​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃ​ឈើ​នោះ​ទេ៖ «គំរាម​ឯណា? ខ្ញុំ​មិន​ទាន់​ដឹង​ទេ ពីព្រោះ​មិន​មាន​អ្នក​ណា​រាយការណ៍​ឲ្យ​ខ្ញុំ​ទេ។ ខ្ញុំ​រវល់​ទៅ​ប្រជុំ​នៅ​ខេត្ត​សៀមរាប ២-៣​ថ្ងៃ​មក​ហើយ»។

សហគមន៍​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ បាន​ទទួល​ការពារ​ព្រៃ​ឈើ​លើ​ផ្ទៃដី​ទំហំ​ជាង ១.៦០០​ហិកតារ​នៅ​ក្នុង​ភូមិ​ឈើស្លាប់ ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក ក៏ប៉ុន្តែ​បច្ចុប្បន្ន ដី​ព្រៃ​ឈើ​ដែល​ពួក​គេ​ការពារ ចេះ​តែ​បាត់បង់​ជា​បន្តបន្ទាប់ ដោយសារ​តែ​អ្នក​មាន​អំណាច​ទៅ​គំរាម​កំហែង​យក។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យ​ដឹង​ថា សហគមន៍​ព្រៃ​ឈើ​បាន​ប្រាប់​លោក​អំពី​ករណី​គំរាម​កំហែង​នេះ ហើយ​លោក​រង់ចាំ​ឲ្យ​សហគមន៍​មក​ដាក់​ពាក្យ​បណ្ដឹង​ជា​មុន​សិន រួច​នឹង​ចុះ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ៕

No comments: