A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 June 2016

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​ស្រុក​មេសាង​ថា​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​ភ្នំពេញ

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​ស្រុក​មេសាង​ថា​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​ភ្នំពេញ
ដោយ ថា កិត្យា
2016-06-14


ផែនទី​ខេត្ត​ព្រៃវែង។
Photo: RFA


អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ឡើង​មក​ជួប​ជុំ​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ភ្នំពេញ​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា។ សង្គម​ស៊ីវិល​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ ថា​ជា​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។

ក្តី​ប្រាថ្នា​របស់​ពលរដ្ឋ​នៅ​ឃុំ​ព្រៃឃ្នេស ស្រុក​មេសាង ដែល​ចង់​ឡើង​មក​ភ្នំពេញ​ដើម្បី​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ទាក់ទង​ករណី​លោក កឹម សុខា តាម​ការ​អន្ទោកអន្ទោល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំខាន​យាយី​ដោយ​អាជ្ញាធរ​មូលដ្ឋាន។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រៃឃ្នេស លោក ឆន សុផាត មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា អាជ្ញាធរ​ប្រមាណ ៦​នាក់ បាន​ស្ទាក់​ចាំ​ឃាត់​ពួក​គាត់​មិន​ឲ្យ​ឡើង​មក​ភ្នំពេញ​ឡើយ។ អាជ្ញាធរ​គំរាម​ថា ប្រសិន​បើ​ពួក​គាត់​នៅ​តែ​ជម្នះ​មក​ភ្នំពេញ​នោះ គឺ​អាជ្ញាធរ​នឹង​នាំ​ខ្លួន​ពួក​គាត់​ទៅ​អធិការ​ស្រុក​មេសាង ដើម្បី​ធ្វើ​កិច្ចសន្យា៖ «គេ​ឃាត់​ដោយ​ឲ្យ​ខាង​ខ្ញុំ​ទៅ​ធ្វើ​កិច្ចសន្យា​នៅ​កន្លែង​ប៉ុស្តិ៍ និង​នៅ​អធិការ​ស្រុក តែ​ខ្ញុំ​ថា​មាន​រឿង​ហេតុ​អី ឲ្យ​ខ្ញុំ​ត្រូវ​ទៅ? ដូច្នេះ ខ្ញុំ​មិន​ទៅ​ទេ។ ទោះ​បី​អ្នក​ឯង​ចាប់​ចង​ខ្ញុំ​ម៉េច​ចង​ទៅ ព្រោះ​ខ្ញុំ​អត់​មាន​ទោស​អី​ដែល​ត្រូវ​ធ្វើ ហើយ​ឡាន​ខ្ញុំ​ជួល​នោះ​មាន​ច្បាប់​មាន​ទម្លាប់​គ្រប់គ្រាន់ នៅ​តែ​គេ​មិន​ឲ្យ​ទៅ។ គេ​លើក​ហេតុផល​ថា សកម្មជន​មិន​ឲ្យ​ទៅ»។

ក្រោយ​ពី​អាជ្ញាធរ​ហាម​ឃាត់​ដាច់​ណាត់​មិន​ឲ្យ​ពួក​គាត់​បន្ត​ដំណើរ​មក​ភ្នំពេញ​នោះ គឺ​ពួក​គាត់​បាន​សម្រេច​ត្រឡប់​ទៅ​លំនៅឋាន​វិញ។ ទោះ​បី​ជា​យ៉ាង​ណា ពួក​គាត់​បាន​រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ ថា​បាន​បំបិទ​សិទ្ធិ​ពួក​គាត់​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ពិនិត្យ​មើល​រឿង​នេះ៖ «ខ្ញុំ​យល់​ថា​ចំណាត់​ការ​អាជ្ញាធរ​មិន​អព្យាក្រឹត្យ និង​រំលោភ​បំពាន​សិទ្ធិ​សេរីភាព ព្រោះ​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​សោះ»។

រីឯ​មេ​ប៉ុស្តិ៍​ឃុំ​ព្រៃឃ្នេស លោក ឯម ស៊ាប លើក​ឡើង​ថា​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ឡើង​មក​ភ្នំពេញ​នេះ គឺ​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់​លើ មិន​មែន​ធ្វើ​ទៅ​តាម​ចិត្ត​របស់​លោក​នោះ​ទេ៖ «ផែនការ​ពី​លើ​ដែល​ឃាត់​មិន​ឲ្យ​ទៅ»។

ដោយឡែក​ស្នងការ​ខេត្ត​ព្រៃវែង លោក ស្រេង ជា អះអាង​ថា លោក​ពុំ​បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​ភូមិ-ឃុំ​មាន​ចំណាត់​ការ​ទប់ស្កាត់ ឬ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ឡើង​មក​ភ្នំពេញ​នោះ​ទេ៖ «សេរីភាព​របស់​ប្រជាពលរដ្ឋ គាត់​ធ្វើ​ម៉េច​ធ្វើ​ទៅ ខ្ញុំ​គ្មាន​ទៅ​ដាក់​បញ្ជា​ដាក់​អី​ឲ្យ​ទៅ​ឃាត់​ទេ»។

ការ​ឆ្លើយ​ដាក់​គ្នា​នេះ អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា គឺ​ជា​លេស​ដោះសា​យក​រួច​ខ្លួន​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។ លោក​បញ្ជាក់​ថា ការ​ហាម​ឃាត់​សកម្មជន​បក្ស​ប្រឆាំង​មិន​ឲ្យ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ភ្នំពេញ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ និង​សេរីភាព​យ៉ាង​ច្បាស់​ក្រឡែត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៖ «នៅ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ខ្មែរ​ចូល​ជា​រដ្ឋ​ភាគី​នោះ គឺ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​សំខាន់​ណាស់​ក្នុង​ការ​ជួយ​សម្រួល​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ដើម្បី​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ។ ដូច្នេះ​រឿង​នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល មេត្តា​បំពេញ​កាតព្វកិច្ច​តាម​រយៈ​ការ​សម្របសម្រួល ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ជន​កម្ពុជា គ្រប់​រូប ជា​រូបវន្ត​បុគ្គល និង​នីតិបុគ្គល អាច​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​បាន​ដោយ​សេរី ស្រប​តាម​ក្របខណ្ឌ​ច្បាប់​ដែល​កម្ពុជា ចែង​ទុក​បច្ចុប្បន្ន​នេះ​បាទ»។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ថា សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​កំពុង​រង​ការ​រំលោភ​បំពាន និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​ហាក់​មិន​ខុស​ពី​សម័យ​ខ្មែរ​ក្រហម​កាន់​កាប់​ប្រទេស​ឡើយ។ ស្ទើរ​គ្រប់​ភូមិ-ស្រុក នៅ​ពេល​សកម្មជន​បក្ស​ប្រឆាំង​ដើរ​ប្រមូល​ស្នាម​មេដៃ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នោះ ត្រូវ​បាន​អាជ្ញាធរ​តាម​ដាន និង​ឃាត់​ខ្លួន​សួរ​នាំ​ជា​បន្តបន្ទាប់ ព្រម​ទាំង​គំរាម​ចាប់​ដាក់​គុក បើ​នៅ​តែ​បន្ត​សកម្មភាព។

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១៩ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​ប្រកាន់​មតិ​យោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ជាដើម៕

No comments: