A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 June 2016

CCHR ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស


ដោយ ប្រាជ្ញ ចេវ
2016-06-14



អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
RFA


មជ្ឈមណ្ឌល ​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ សេចក្តី​ថ្លែង​ការណ៍​ដដែល​លើក​ឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់​តែ​រួម​តូច។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ចំពោះ​សំណើ​នេះ។

សេចក្តី ​ថ្លែងការណ៍​កម្រាស់ ៣​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចុះ​ផ្សាយ​ថ្ងៃ​ទី​១៤ ខែ​មិថុនា លើក​ឡើង​ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ត្រូវ​បាន​រំលោភ​បំពាន។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សង្កេត​ឃើញ​ថា ប៉ុន្មាន​សប្ដាហ៍​ក្រោយ​នេះ អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ ចោទ​ប្រកាន់ ចាប់​ខ្លួន និង​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជា​បន្តបន្ទាប់។

ស្ថានភាព ​បែប​នេះ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ថា រដ្ឋាភិបាល​មាន​ចេតនា​បង្កើត​ឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច​ដើម្បី​បំបិទ​ សំឡេង​ជំទាស់ ខណៈ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ជិត​ឈាន​ចូល​មក​ដល់។

នាយិកា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សង្ឃឹម​ថា សេចក្តី​ថ្លែងការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ដើម្បី​ស្ដារ​ស្ថានភាព​ឡើង​វិញ​បាន។ អ្នកស្រី​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​យក​សំណើ​នេះ​ទៅ​ពិចារណា​ទេ នឹង​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​កាន់​តែ​រួម​តូច៖ «ខ្ញុំ​បារម្ភ​ដែល​ថា​ប្រទេស​យើង​ប្រកាស​ខ្លួន​ថា​ជា​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ​ពលរដ្ឋ​បញ្ចេញ​មតិ ឬ​សិទ្ធិ​របស់​ខ្លួន​បាន។ ដូច្នេះ​ខ្ញុំ​គិត​ថា គឺ​អាច​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ»។

ក្រៅ​ពី​ស្នើ​ ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​តួអង្គ​សង្គម​ស៊ីវិល អ្នក​ការពារ​បរិស្ថាន និង​អ្នក​នយោបាយ​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ថា​ជា​អ្នក​ទោស​មនសិការ។ ស្ថាប័ន​នេះ ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្តល់​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​មិន​ទាន់​បាន​ផ្តល់​ទៅ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​ អង្គការ​សហប្រជាជាតិ។

ផ្ទុយ​ពី​ការ​រំពឹង​ទុក សេចក្តី​ថ្លែងការណ៍​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រាន​ចោល។ លោក​ថា អង្គការ​សង្គម​ស៊ីវិល​គ្មាន​សិទ្ធិ​មក​បង្គាប់​បញ្ជា​រដ្ឋាភិបាល​ទេ។ ម្យ៉ាង​វិញ​ទៀត ដំណើរ​ការ​ក្តី​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដែល​រដ្ឋាភិបាល​មិន​អាច​លូក​ដៃ​ចូល​បាន៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​សេចក្តី​ថ្លែងការណ៍​នេះ​ទេ ព្រោះ​មិន​អាច​ទទួល​បាន ច្រើន​តែ​ប្រឌិត ច្រើន​តែ​បំពាន​ច្បាប់​របស់​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នេះ​មួយ​គ្រាន់​ជា​ការ​វាយ​ប្រហារ​មួយ​មក​លើ​ រដ្ឋាភិបាល​កម្ពុជា»។

គិត​មក​ទល់​ពេល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៩​នាក់​ដែល​ត្រូវ​ឃុំ​ខ្លួន ក្រៅ​ពី​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់​កំពុង​ឃុំ​ខ្លួន។ ជាង​នេះ​ទៅ​ទៀត យុវជន និង​អ្នក​ការពារ​បរិស្ថាន​មួយ​ចំនួន កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ។ អង្គការ​ជាតិ និង​អន្តរជាតិ កំពុង​ព្រួយ​បារម្ភ​រឿង​នេះ។

មជ្ឈមណ្ឌល ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផ្តល់​អនុសាសន៍ ៤​ចំណុច​ដល់​រដ្ឋាភិបាល ផ្ញើ​របាយការណ៍​ឆ្លើយ​តប​របស់​កម្ពុជា ទៅ​កាន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដោយ​កុំ​ពន្យារ​ពេល។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន ការ​ស៊ើប​អង្កេត ឬ​ការ​ចោទ​ប្រកាន់​លើ​តួអង្គ​សង្គម​ស៊ីវិល និង​ធានា​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ដែល​កំពុង​ជាប់​ឃុំ ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ធានា​ថា តុលាការ នគរបាល ព្រះរាជអាជ្ញា និង​ចៅក្រម អនុវត្ត​នីតិវិធី​ដើម្បី​ការពារ​សិទ្ធិ​របស់​ជន​ជាប់​ចោទ៕

No comments: