A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 June 2016

គ្រាប់​បែក​ពីរ​គ្រាប់​ត្រូវ​គេ​បង្កប់​ក្នុង​ដី​ស្រែ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ


ដោយ ហ៊ុំ ចំរើន
2016-06-09

គ្រាប់​បែក បន្ទាយមានជ័យ ២០១៦ ៨៥៥
គ្រាប់​បែក​ដៃ និង​គ្រាប់​បេ​៤០ (B40) ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រទះ​ឃើញ​នៅ​ក្នុង​ដី​ស្រែ ឋិត​នៅ​ភូមិ​អន្លង់ថ្ងាន់ ឃុំ​បត់ត្រង់ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo Provided
 Photo Provided


ជន​មិន​ស្គាល់​មុខ​លួច​ដាក់​គ្រាប់​បែក​បង្កប់​ក្នុង​ដី​ស្រែ​របស់​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ម្នាក់ ដោយ​មិន​ដឹង​មូលហេតុ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នោះ កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បត់ត្រង់ បញ្ជាក់​ថា ករណី​នេះ ពុំ​មែន​ជា​ការ​ដាក់​បង្កប់​គ្រាប់​បែក​ដើម្បី​គំរាម​កំហែង​ឡើយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​មង្គលបុរី បាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ករណី​នេះ បន្ទាប់​ពី​រូប​គាត់​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ដី​ស្រែ​របស់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា។

សមាជិក​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​ស្រុក​មង្គលបុរី លោក ទួត ឈុំ ឲ្យ​ដឹង​ថា លោក​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ២​គ្រាប់ គឺ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់ និង​គ្រាប់​បេ​៤០ (B40) មួយ​គ្រាប់ ចង​ផ្អោប​គ្នា​កប់​ក្នុង​ដី​ស្រែ​របស់​លោក នៅ​ភូមិ​អន្លង់ថ្ងាន់ ឃុំ​បត់ត្រង់ ស្រុក​មង្គលបុរី។ លោក​អះអាង​ថា គ្រាប់​ទាំងអស់​នេះ​នៅ​ល្អ ដែល​អាច​ផ្ទុះ​បាន​គ្រប់​ពេល ប្រសិន​បើ​ភ្ជួរ​ដី​ចំ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ។ លោក​សង្ស័យ​ថា គ្រាប់​បែក​ដាក់​បង្កប់​នេះ អាច​មាន ២​ករណី គឺ​ទី​១ គំរាម​កំហែង​រូប​លោក​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​មួយ​ទៀត ដាក់​ដើម្បី​ទម្លាក់​កំហុស​មក​លើ​រូប​លោក​នៅ​ពេល​គ្រាប់​នោះ​ផ្ទុះ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ពេល​ភ្ជួរ​ស្រែ៖ «ខ្ញុំ​សន្និដ្ឋាន​ថា គ្រាប់​នេះ​អាច​មាន​គេ​លួច​យក​ទៅ​ដាក់​បង្កប់ ដើម្បី​គោល​បំណង​អ្វី​មួយ។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់​នៅ​ពេល​ឃើញ​មាន​គ្រាប់​បែក​នៅ​ក្នុង​ដី​បែប​នេះ»។



ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បត់ត្រង់ លោក ត្រៃ សឹង មាន​ប្រសាសន៍​ថា ថ្វី​បើ​គ្រាប់​ទាំង​ពីរ​នោះ​មិន​ទាន់​ផ្ទុះ​ក៏ដោយ តែ​ពុំ​មែន​ជា​ការ​បង្កប់​ដើម្បី​គំរាម​កំហែង​សកម្មជន​គណបក្ស​ប្រឆាំង​ឡើយ។ លោក​សន្និដ្ឋាន​ថា គ្រាប់​នោះ​ប្រហែល​ជា​ពលរដ្ឋ​អ្នក​រក​ត្រី​បម្រុង​យក​ទៅ​បោក​ត្រី​ក្នុង​អូរ ហើយ​ក៏​យក​ទៅ​បោះ​ចោល​កាល​ពី​សម័យ​សង្គ្រាម៖ «បើ​ថា​គេ​បង្កៃ​គ្រាប់​បែក​មិន​មែន​ដូច្នោះ​ទេ ព្រោះ​ពេល​បង្កៃ​គ្រាប់​បែក​មាន​នៅ​ស្លាបព្រា​របស់​វា តែ​នេះ​មាន​តែ​គ្រាប់ អត់​មាន​ស្លាបព្រា​ទេ។ មាន​ន័យ​ថា គីប​របស់​វា​ខូច​ហើយ»។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ជំនាញ​ត្រូវ​ចុះ​ស្រាវជ្រាវ​រក​ការ​ពិត​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ដោយសារ​ករណី​នេះ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា​បញ្ហា​នេះ​អាច​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​មួយ​រយៈ​កន្លង​មក សកម្មជន​គណបក្ស​នេះ​បាន​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ធ្វើ​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ សុំ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​សកម្មជន​គណបក្ស​ប្រឆាំង៖ «អ៊ីចឹង​យើង​ឃើញ​ថា សកម្មភាព​បែប​នេះ​នៅ​ខេត្ត​បន្ទាយមានជ័យ កំពុង​កើត​មាន​ជា​បន្តបន្ទាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ អ៊ីចឹង​ទេ សកម្មជន​បក្ស​ប្រឆាំង​ក្នុង​នាម​របស់​បក្ស​ដែរ​នោះ គាត់​ក៏​អាច​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​បាន»។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បត់ត្រង់ បាន​បញ្ជូន​គ្រាប់​បែក​ដៃ និង​គ្រាប់​បេ​៤០ នោះ ទៅ​អង្គភាព​កម្ចាត់​មីន​ស៊ីម៉ាក់ (CMAC) ខេត្ត​បន្ទាយមានជ័យ ដើម្បី​យក​ទៅ​កម្ទេច​ចោល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា៕

No comments: