A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 June 2016

ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​ដីកា​រក្សា​ការពារ​របស់​តុលាការ


ដោយ រដ្ឋា វិសាល
2016-06-09

ជម្លោះ​ដីធ្លី រតនគិរី ២០១៦ ៨៥៥
ប្រជាពលរដ្ឋ​ភូមិ​សោមត្រកចាស់ ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដែល​ព្យាយាម​អនុវត្ត​ដីកា​ចាត់​ចែង​បណ្ដោះអាសន្ន​លើ​ដី ២០​ហិកតារ​នៅ​ភូមិ​សោមត្រកចាស់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Ratha Visal
 RFA/Ratha Visal


ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​សោមត្រកចាស់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ជាង ១០០​នាក់ លើក​គ្នា​តវ៉ា​ប្រឆាំង​ការ​អនុវត្ត​ដីកា​រក្សា​ការពារ​របស់​តុលាការ​ខេត្ត​រតនគិរី ខណៈ​ដែល​អ្នក​ភូមិ​រាប់​សិប​នាក់ នាំ​គ្នា​ចូល​ដាំ​ដុះ​លើ​ដី​មាន​កម្មសិទ្ធិ​មួយ​កន្លែង​របស់​ពលរដ្ឋ​ខ្មែរ ដោយ​សំអាង​ថា ដី​ដូនតា​ជនជាតិ​ដើម​ភាគ​តិច។

ប្រជាពលរដ្ឋ​ភូមិ​សោមត្រកចាស់ ជាង ១០០​នាក់ ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ជាង ១៥​នាក់ ដែល​ព្យាយាម​អនុវត្ត​ដីកា​ចាត់​ចែង​បណ្ដោះអាសន្ន​លើ​ដី ២០​ហិកតារ​នៅ​ភូមិ​សោមត្រកចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា។

មិន​មាន​ផ្ទុះ​ចេញ​អំពើ​ហិង្សា​ដែល​បង្ក​ឲ្យ​មាន​របួស​គ្រោះថ្នាក់​ជន​ណា​ម្នាក់​ឡើយ ខណៈ​ប្រជាពលរដ្ឋ​ព្យាយាម​រារាំង​ត្រាក់ទ័រ និង​កង​កម្លាំង​ដែល​យាម​ការពារ​ឲ្យ​កម្មករ​រុះរើ​រោង​ប្រក់​សំពត់​កៅស៊ូ ដែល​អ្នក​ភូមិ​បាន​ចូល​សង់​នៅ​លើ​ដី​ទំនាស់​តាម​ដីកា​សម្រេច​របស់​ចៅក្រម​តុលាការ​ខេត្ត។



ស្ត្រី​អ្នក​តវ៉ា​ម្នាក់​បញ្ជាក់​ដោយ​កំហឹង​ថា ដី​ដែល​អ្នក​ភូមិ​ចូល​កាន់​កាប់​នេះ ជា​ដី​ដូនតា​សហគមន៍​ដែល​ប្រគល់​ទៅ​ឲ្យ​រដ្ឋ​វិនិយោគ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច តាំង​ពី​ឆ្នាំ​១៩៩៧ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ភូមិ​ឃើញ​ដី​ទុក​ចោល ទើប​ពួក​គាត់​ចូល​ទៅ​វាស់វែង​បែង​ចែក​គ្នា។ ស្ត្រី​ដដែល​ចោទ​ប្រកាន់​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ឈ្មោះ នូ លី ថា​បាន​លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ដែល​ក្រុមហ៊ុន​បោះបង់​ចោល។ ហេតុ​នេះ ទើប​អ្នក​ភូមិ​ទាមទារ​យក​ដី​នោះ​មក​គ្រប់គ្រង​វិញ៖ «គេ​ថា​ផ្អាក​កុំ​រុះរើ​ណា! សហគមន៍​ថា​អត់​ផ្អាក​ទេ ពីព្រោះ​ដី​សហគមន៍​ពួក​ខ្ញុំ ដី​នេះ​ជិត​ដល់​ខែ​ភ្លៀង​ហើយ ខ្ញុំ​ខ្លាច​ដាំ​អត់​ទេ ហើយ​កូន​ចៅ​ខ្ញុំ​អត់​ទាន់​មាន​ចម្ការ»។

ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ ចំណាយ​ពេល​អស់​ប្រមាណ ៤​ម៉ោង។ ស្រប​ពេល​នោះ​ដែរ អាជ្ញាធរ​មូលដ្ឋាន​ភូមិ-ឃុំ និង​ស្រុក បាន​ព្យាយាម​ពន្យល់​អ្នក​ភូមិ​ពី​នីតិវិធី​របស់​តុលាការ ពាក់ព័ន្ធ​ការ​អនុវត្ត​ដីកា​រក្សា​ការពារ។

ជំទប់​ទី​២ ឃុំ​សោមធំ លោក រម៉ាល់ លួត បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ទាក់ទិន​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ គ្រា​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​ដណ្ដើម​កាន់​កាប់​ជា​លក្ខណៈ​សហគមន៍។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​យល់​ស្រប​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ។ ហេតុ​នេះ ទើប​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​អ្នក​ភូមិ​រុះរើ​រោង និង​បញ្ឈប់​ចូល​ទៅ​ដាំ​ដុះ​លើ​ដី​នោះ​ត​ទៅ​ទៀត៖ «ខ្ញុំ​ចង់​បាន​គាត់​ធ្វើ​តាម​ច្បាប់ មិន​អាច​ធ្វើ​តាម​ប្រពៃណី មិន​ចេះ​ស្តាប់​អ៊ីចឹង​ទេ។ ខ្ញុំ​មិន​ចង់​អ៊ីចឹង​ទេ»។

ដូច​គ្នា​នេះ​ដែរ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​សោមធំ លោក រម៉ាម ញ៉ច ពន្យល់​អ្នក​ភូមិ​ឲ្យ​បញ្ឈប់​ការ​តវ៉ា ដោយ​ហេតុ​ថា នេះ​ជា​ដីកា​សម្រេច​ចាត់​ចែង​បណ្ដោះអាសន្ន​ឲ្យ​ផ្អាក​សកម្មភាព​ដាំ​ដុះ​លើ​ដី​មាន​ទំនាស់។ លោក​ថា អ្នក​ភូមិ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ដី​តាម​ផ្លូវ​ច្បាប់ ទើប​ដឹង​ថា​ភាគី​ណា​មាន​សិទ្ធិ​ស្រប​ច្បាប់​ចូល​កាន់​កាប់​ដី​នេះ​បាន៖ «កន្លែង​ដែល​មាន​បញ្ហា យើង​មិន​អាច​ដាំ​ដុះ​បាន​ទេ។ វិធី​ដែល​ដោះស្រាយ​សិន បើ​សិន​ឈ្នះ​បង​លី បង​លី​គាត់​ប្រើប្រាស់​ដី​ហ្នឹង។ បើ​ឈ្នះ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ប្រើប្រាស់​ដី​ហ្នឹង​ទៅ»។

ចៅក្រម​តុលាការ​ខេត្ត​រតនគិរី អ្នកស្រី ជ័យ មាលា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ចេញ​ដីកា​រក្សា​ការពារ​តាម​បណ្ដឹង​របស់​ដើម​ចោទ​ឈ្មោះ នូ លី តំណាង​ឲ្យ​ឈ្មោះ សាន ចាន់នី ជា​ម្ចាស់​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រង​ដី ២០​ហិកតារ ដែល​អ្នក​ភូមិ​តវ៉ា​ទាមទារ។

ទាក់ទិន​រឿង​នេះ​ដែរ ចៅក្រម​តុលាការ​ខេត្ត​រតនគិរី ដែល​ដឹក​នាំ​អនុវត្ត​ដីកា​រក្សា​ការពារ លោក គង់ តាំងម៉េង បញ្ជាក់​ថា អ្នក​ភូមិ​អាច​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​នឹង​ដីកា​រក្សា​ការពារ​នេះ​បាន។ លោក​សំណូមពរ​ឲ្យ​អ្នក​ភូមិ គោរព​ច្បាប់ និង​ព្យាយាម​ធ្វើ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​អហិង្សា៖ «បង​ប្អូន​នៅ​ទីនេះ អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ដើម្បី​តុលាការ​ចេញ​ដីកា​ស្ថាពរ»។

រហូត​ដល់​ម៉ោង​ជាង ១២​ថ្ងៃ​ត្រង់ ក្រុម​អ្នក​តវ៉ា​បាន​យល់ព្រម​វិល​ទៅ​លំនៅឋាន បន្ទាប់​ពី​ភាគី​លោក នូ លី និង​អ្នក​ភូមិ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​នៅ​ចំពោះ​មុខ​មន្ត្រី​មូលដ្ឋាន អ្នក​ឃ្លាំ​មើល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក អង្គការ​លីកាដូ មិន​ឲ្យ​ភាគី​ណា​ចូល​ទៅ​កាន់​កាប់​ដី រហូត​តុលាការ​សម្រេច​ក្តី​ថា ភាគី​ណា​មួយ​ជា​ម្ចាស់​មាន​សិទ្ធិ​កាន់​កាប់​នេះ៕

No comments: