A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 12 June 2016

អាជ្ញាធរ​ស្រុក​សេសាន​រង​ការ​ចោទ​ថា​គំរាម​ចាប់​អ្នក​ផ្ដិត​មេដៃ​ឲ្យ​បក្ស​ប្រឆាំង​ដាក់​គុក


ដោយ ម៉ែន សុធីរ
2016-06-12

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ២០១៦ ៨៥៥
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​នា​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Leng Maly
 RFA/Leng Maly


មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា អាជ្ញាធរ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បាន​កោះ​ប្រជុំ​ពលរដ្ឋ​ជិត ១០០​នាក់ ទាក់ទិន​ការ​ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ថ្វាយ​ព្រះមហាក្សត្រ។ ពួក​គេ​អះអាង​ថា ការ​ចូលរួម​ប្រជុំ​នោះ​មាន​ការ​បង្ខំ និង​គំរាម​ពី​អាជ្ញាធរ​រដ្ឋាភិបាល។ មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ការ​គំរាម​នោះ​ជា​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។

ពលរដ្ឋ​ប្រមាណ ៨០​នាក់​រស់នៅ​ភូមិ​ក្របីជ្រុំ ឃុំ​ក្បាលរមាស ស្រុក​សេសាន រារែក​ក្នុង​ការ​ដក​ស្នាម​មេដៃ​ដែល​បាន​ផ្ដិត​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ តាម​រយៈ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ពួក​គេ​អះអាង​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​ឲ្យ​ពួក​គេ​ដក​ស្នាម​មេដៃ​ទាំង​បង្ខំ និង​គំរាម​ចាប់​ដាក់​គុក បើ​ពួក​គេ​នៅ​តែ​មានះ​មិន​ព្រម​ដក​ស្នាម​មេដៃ​វិញ​ទេ។

ជនជាតិ​ភាគ​តិច​ឡាវ ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោក ខាំ ផៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា លោក​ជំទាស់​ដាច់ខាត បើ​អាជ្ញាធរ​បង្ខំ​ឲ្យ​លោក​ដក​ស្នាម​មេដៃ​វិញ។ លោក​ថា ការ​ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​របស់​លោក គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ពុំ​មាន​ការ​បង្ខិតបង្ខំ​ដោយ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​ក្បាលរមាស បាន​ជូន​ដំណឹង​ឲ្យ​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត​ជួប​ប្រជុំ​នៅ​វត្ត​ក្របីជ្រុំ ដើម្បី​ដក​ស្នាម​មេដៃ​វិញ ពុំ​នោះ​ទេ​នឹង​ត្រូវ​ប្រឈម​ជាប់​គុក៖ «ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ កុំ​ផ្ដិត​មេដៃ​ចឹង ចូល​គុក​គេ​ថា។ គេ​មិន​ឲ្យ​លើក​និយាយ​ទេ។ គេ​បិទ​សិទ្ធិ​សេរីភាព រំសាយ​ហើយ គេ​ចង់​និយាយ​ដែរ​ជិត ២០​នាក់​ដែរ»។



វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង និង​ស្នងការ​នគរបាល​ខេត្ត លោក ម៉ៅ តារា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ មិថុនា។

មេ​ឃុំ​ក្បាលរមាស មក​ពី​គណបក្ស​កាន់​អំណាច លោក វឿន សម្បត្តិ បដិសេធ​ថា ពុំ​មាន​ការ​គំរាម​ចាប់​ដាក់​គុក​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​អាជ្ញាធរ​បាន​ហៅ​ពលរដ្ឋ​មក​ណែនាំ​ឲ្យ​យល់​ពី​ការ​ផ្ដិត​មេដៃ​នោះ ខ្លាច​មាន​ការ​បង្ខំ និង​ញុះញង់​នាំ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម៖ «ចូលរួម​ធ្វើ​បាតុកម្ម​ទៅ​ទាមទារ​ចឹង ជន​ខិលខូច​ណា​មួយ​បោក​គ្រាប់​បែក​ស្លាប់​ទៅ តើ​អ្នក​ណា​អ្នក​ចិញ្ចឹម។ បើ​ងាប់​ទៅ វា​ចប់​រឿង​ហើយ ដល់​ខ្វាក់​ពិការ​អស់​មួយ​ជីវិត តើ​អ្នក​ណា​អ្នក​ទទួល​ខុស​ត្រូវ»។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្បាលរមាស មក​ពី​គណបក្ស សម រង្ស៊ី លោក ចាន់ ផល្លី ចោទ​ប្រកាន់​ថា អាជ្ញាធរ​ឃុំ​ក្បាលរមាស ថា​បាន​គំរាម​ចាប់​លោក​ដាក់​គុក បន្ទាប់​ពី​លោក​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ពុំ​មាន​ច្បាប់​អនុញ្ញាត។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​គំរាម​ពលរដ្ឋ​ដែល​បាន​ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ចាប់​ដាក់​គុក​ទាំងអស់៖ «ថា​លុប​ទៅ​វិញ គេ​នឹង​ឲ្យ​កម្លាំង​វិធានការ​ចំពោះ​រូប​ខ្ញុំ។ ខ្ញុំ​សូម​ជម្រាប​ប្រាប់​បង​ឲ្យ​ដឹង​ពី​ហេតុផល​មុន ហើយ​កាល​ពី​ព្រឹក គេ​ប្រាប់​ពលរដ្ឋ​ថា បើ​មក​ផ្ដិត​មេដៃ គឺ​គេ​ចាប់​ដាក់​គុក​ដាក់​ទាំងអស់»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា ប្រសិន​បើ​អាជ្ញាធរ​គំរាម​ពលរដ្ឋ​ដោយ​ចាប់​ដាក់​គុក គឺ​ជា​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​ថា បញ្ហា​នេះ​ជា​សញ្ញា​បង្ហាញ​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​ទាក់ទិន​សិទ្ធិ​នយោបាយ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខណៈ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួក​គេ​កំពុង​រឹតត្បិត និង​គំរាម​កំហែង៖ «»។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​កំពុង​រង​ការ​រំលោភ​បំពាន និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​សកម្មជន​នយោបាយ និង​ពលរដ្ឋ ដើម្បី​លើក​ស្ទួយ​នីតិរដ្ឋ​របស់​កម្ពុជា៖ «បារម្ភ​ត្រង់​ថា កាលណា​ពលរដ្ឋ​មិន​អាច​បញ្ចេញ​មតិ ហើយ​មាន​ការ​រឹតត្បិត​ធ្វើ​ឲ្យ​មិន​សប្បាយ​ចិត្ត​ពី​ពលរដ្ឋ​ចំពោះ​អាជ្ញាធរ​កាន់​តែ​ខ្លាំង​ឡើង។ ប្រសិន​បើ​ថា​អនុញ្ញាត​ឲ្យ​គាត់​បញ្ចេញ​មតិ​យោបល់​របស់​គាត់ ក្នុង​អារម្មណ៍​របស់​គាត់ មាន​ការ​ធូរស្រាល​ខ្លះ​ដែរ»។

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១៩ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​ប្រកាន់​មតិ​យោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សិទ្ធិ​នេះ​ត្រូវ​បាន​រាប់​បញ្ចូល​ទាំង​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែប​យ៉ាង ដោយ​មិន​គិត​ពី​ព្រំដែន ដោយ​ផ្ទាល់​មាត់ សរសេរ ឬ​បោះពុម្ព​តាម​ទម្រង់​សិល្បៈ​ក្តី ឬ​ក៏​ដោយ​មធ្យោបាយ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី តាម​ការ​ជ្រើសរើស​របស់​ខ្លួន។

រហូត​មក​ទល់​ពេល​នេះ មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្ទឹងត្រែង ៧​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​ឃាត់​ខ្លួន និង​ព្រមាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ។ ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​ស្ទឹងត្រែង ទទួល​បាន​ចំនួន​ជាង ១​ពាន់​ស្នាម​មេដៃ។ សកម្មជន​បក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​រាជ​រដ្ឋាភិបាល​ករណី​ចាប់​ខ្លួន​តំណាង​រាស្ត្រ សកម្មជន​បក្ស​ប្រឆាំង សង្គម​ស៊ីវិល មន្ត្រី គ.ជ.ប និង​អន្តរាគមន៍​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​មាន​ស្តង់ដារ​ពីរ ជាដើម៕

No comments: