A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 12 June 2016

អ្នក​វិភាគ​ហៅ​ការ​ប្រកាស​មិន​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ថា​ជា​ការ​បែក​បាក់​សាមគ្គី​ជាតិ


ដោយ យ៉ង ចាន់តារា
2016-06-12

ស ខេង កឹម សុខា ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
 RFA/Rann Samnang


អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា យល់​ឃើញ​ថា ការ​ប្រកាស​មិន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រធាន​គណបក្ស​កាន់​អំណាច នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រេះឆា​ជាតិ​ធ្ងន់ធ្ងរ។ ការ​ប្រេះឆា​ដែល​នឹង​អាច​នាំ​មក​នូវ​ការ​ប្រឈម​រវាង​គណបក្ស​កាន់​អំណាច ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ និង​គណបក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ប្រជាជន​គាំទ្រ។ ទន្ទឹម​នឹង​នេះ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការ​បោះឆ្នោត ព្រមាន​ថា បើ​សិន​ជា​ស្ថានការណ៍​នយោបាយ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ដូច​សព្វថ្ងៃ វា​នឹង​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​ការ​បោះឆ្នោត ដែល​កាន់​តែ​ខិត​ជិត​មក​ដល់​នៅ​ពេល​ខាង​មុខ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត សូ ចន្ថា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ជំហរ​មិន​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​នាំ​មក​នូវ​ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ​ខ្មែរ។ ផល​វិបាក​ទាំង​នោះ គឺ​ជា​ការ​បាត់បង់​សាមគ្គី​ជាតិ ខាតបង់​ផល​ប្រយោជន៍​ការ​បរទេស និង​ការ​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច៖ «»។

សូ ចន្ថា ៨៥៥ ២០១៥
សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។ RFA




ការ​ថ្លែង​របស់​អ្នក​វិភាគ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ហ្វ្រេស ញ៉ូវ (Fresh News) កាល​ពី​យប់​ថ្ងៃ​ទី​១១ មិថុនា ថា នឹង​គ្មាន​ការ​ចរចា​ណា​មួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ខាង​មុខ​នេះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ថា ការ​ចរចា​ណា​មួយ នឹង​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​តុលាការ​ដែល​កំពុង​មាន​ចំណាត់​ការ​លើ​រឿង​មួយ​ចំនួន ហើយ​ថា រដ្ឋសភា គឺ​ជា​ច្រក​តែ​មួយ​គត់​ដែល​អាច​ជួប​ប្រជុំ​លើ​ដំណើរ​ការ​របស់​ជាតិ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បោះបង់​ចោល​ដោយ​ខ្លួន​ឯង។ លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា បើ​សិន​ជា​មាន​ការ​ចរចា​គ្នា​មែន គណបក្ស​របស់​លោក នឹង​មិន​ពិភាក្សា​លើ​រឿង​ណា​ដែល​ជា​សមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ ហើយ​ក៏​មិន​ជជែក​លើ​ករណី​អ្នក​ជាប់​ពន្ធនាគារ​នោះ​ដែរ។

តាម​រយៈ​ការ​ប្រកាស​បែប​នេះ លោក សូ ចន្ថា គិត​ថា មេ​ដឹក​នាំ​នយោបាយ​នៅ​កម្ពុជា គ្មាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​ជាតិ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​រិះរក​វិធីសាស្ត្រ​យ៉ាង​ណា ដើម្បី​តែ​ការ​រក្សា​អំណាច​របស់​ខ្លួន៖ «»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ព្រមាន​ថា ដរាប​ណា​ស្ថានការណ៍​នយោបាយ​នៅ​តែ​តឹងតែង​បែប​នេះ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា៖ «»។

លោក គល់ បញ្ញា បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​មិន​ត្រូវ​ទុក​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​នយោបាយ​ទាំងឡាយ អូស​បន្លាយ​ដល់​ពេល​បោះឆ្នោត​នោះ​ទេ ពីព្រោះ​ស្ថាប័ន​មួយ​នេះ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​គេ ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

សុខ ឥសាន ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។


អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន មិន​មែន​ជា​ការ​រំលាយ​វប្បធម៌​សន្ទនា​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ផ្អាក​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។ លោក​ថា ការ​ជួប​ចរចា​ណា​មួយ​រវាង​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង អាច​កើត​មាន​ឡើង លុះត្រា​តែ​តុលាការ​អនុវត្ត​នីតិវិធី​របស់​ខ្លួន​រួច​រាល់​ជា​មុន​សិន៖ «»។

ទោះ​បី​ជា​មាន​ការ​ប្រកាស​បែប​នេះ​ក្តី លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា លោក​មិន​គិត​ថា នេះ​ជា​ការ​បិទ​ផ្លូវ​មិន​ឲ្យ​មាន​ការ​ចរចា​គ្នា​នោះ​ទេ។ លោក​ជឿជាក់​ថា ក្តី​សង្ឃឹម​នៅ​តែ​មាន ពីព្រោះ​គណបក្ស​ទាំង​ពីរ​សុទ្ធតែ​ចង់​ដោះស្រាយ​បញ្ហា​ដូច​គ្នា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រិះរក​វិធី​ជា​បន្ត​ទៀត ដើម្បី​អាច​ជួប​ជជែក​គ្នា​ជាមួយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ឈាន​ដល់​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ទាំងឡាយ​ដែល​កំពុង​កើត​មាន៖ «»។

បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា មាន​សភាព​កាន់​តែ​តានតឹង​ឡើង បន្ទាប់​ពី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន មន្ត្រី គ.ជ.ប ព្រម​ទាំង​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន​រូប ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់។ ក្រៅ​ពី​នេះ ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​មាន​ប្រជាប្រិយភាព​សឹង​តែ​បង្ក​ឲ្យ​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន ពិសេស​អង្គការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ខ្លួន និង​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ ដែល​រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ជាពិសេស​ពួក​គេ​ទទូច​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បន្ត​វប្បធម៌​សន្ទនា​ត​ទៅ​ទៀត៕

1 comment:

Anonymous said...




"លោក ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ហ្វ្រេស ញ៉ូវ (Fresh News) កាល​ពី​យប់​ថ្ងៃ​ទី​១១ មិថុនា ថា នឹង​គ្មាន​ការ​ចរចា​ណា​មួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ខាង​មុខ​នេះ​ឡើយ។"

"អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន មិន​មែន​ជា​ការ​រំលាយ​វប្បធម៌​សន្ទនា​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ផ្អាក​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។ "

------

អាយួនឈ្មោះខ្នែរ សុខ ឥសាន បើមិនយល់ភាសាខ្នែរច្បាស់លាស់ទេ ហេតុអីបានធ្វើជាមន្ត្រីនៅសភា?