A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 June 2016

ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា


ដោយ យាង សុជាមេត្តា
2016-06-27

ខួប​៧​មករា​លើក​ទី​៣៧ ៨៥៥ ២០១៦
ពិធី​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៧ នៃ​ថ្ងៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​របប​ខ្មែរ​ក្រហម ប្រារព្ធ​នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦ គឺ​ជា​ខួប ៦៥​ឆ្នាំ​ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ទីបំផុត​បាន​ប្ដូរ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា។ ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​នេះ ក្រៅ​តែ​ពី​ធ្វើ​ពិធី​រម្លឹក​ខួប​ផ្លូវ​ការ​នៅ​រាជធានី​ភ្នំពេញ នៅ​តាម​មូលដ្ឋាន​នានា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ពិធី​នេះ​ដើម្បី​ថ្លែង​អួត​ពី​សមិទ្ធផល​ផ្សេងៗ​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កាន់​អំណាច​ជិត ៤០​ឆ្នាំ​មក​នេះ។

តើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឡើង​កាន់​អំណាច​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​នោះ មាន​ឫសគល់​ចេញ​មក​ពីណា?

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ដែល​មាន​ឪពុក​ជា​ខ្មែរ​ក្រោម និង​ម្តាយ​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម​នោះ គឺ​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​១៩៣០។



បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​យួន កុម្មុយនីស្ត​វៀតមិញ មាន​គោល​បំណង​បណ្ដេញ​អាណានិគម​និយម​បារាំង ចេញ​ឲ្យ​អស់​ពី​ភូមិភាគ​ឥណ្ឌូចិន​ទាំង​មូល។ ចលនា​នេះ បាន​ធ្វើ​ការ​តស៊ូ​ជា​របៀប​ទ័ព​ព្រៃ​ប្រឆាំង​បារាំង រហូត​ដល់​ឆ្នាំ​១៩៥៤។

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ (Geneva) នៅ​ខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​ជា​សន្ធិសញ្ញា​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​អាណានិគម​របស់​បារាំង ក្នុង​ភូមិភាគ​ឥណ្ឌូចិន សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏​បាន​បែក​ចេញ​ជា ៣​ក្រុម។

ក្រុម​ទី​១ ដឹក​នាំ​ដោយ​លោក សឺន ង៉ុកមិញ ដែល​មាន​យុទ្ធជន​ប្រមាណ ២.៥០០​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​លោក ប៉ែន សុវណ្ណ ផង​ដែរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​ផ្នែក​នយោបាយ។ ក្រុម​ទី​២ ដឹក​នាំ​ដោយ​លោក ទូ សាមុត លោក នួន ជា និង​លោក សោ ភឹម ជាដើម នៅ​ធ្វើ​ចលនា​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត​ទៀត ដោយ​ដេក​ក្រោម​ស្លាក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដដែល។ ចំណែក​មួយ​ក្រុម​ទៀត​ដែល​ជា​ក្រុម​ទី​៣ បាន​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​មួយ​ឈ្មោះ​ថា គណបក្ស​ប្រជាជន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៥៥។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គណបក្ស​ប្រជាជន មិន​អាច​ប្រជែង​ជាមួយ​ចលនា​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ចលនា​ធំ និង​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្តី សម្ដេច​ព្រះ​នរោត្តម សីហនុ ក៏​មិន​បាន​មើល​ស្រាល​ចំពោះ​ចលនា​របស់​ពួក​កុម្មុយនីស្ត​នេះ​ដែរ ហើយ​ព្រះអង្គ​នៅ​តែ​ចាត់​ទុក​ក្រុម​នេះ ថា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ព្រះអង្គ​ដដែល។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៥៥ កង​នគរបាល​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ មិន​បាន​ធ្វើ​ឲ្យ​ចលនា​ខ្មែរ​កុម្មុយនីស្ត​នៅ​កម្ពុជា បាន​នៅ​សុខ​ស្រួល​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ​ចុះ ពួក​កុម្មុយនីស្ត​នៅ​តែ​អាច​លបលាក់​ធ្វើ​សកម្មភាព​របស់​ពួក​គេ​បាន​ដដែល។

ជាក់ស្តែង​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦០ ក្រោម​ការ​ដឹក​នាំ​របស់ ទូ សាមុត បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​សន្និបាត​បក្ស​លើក​ទី​២ នៅ​ក្នុង​ទូ​រទេះ​ភ្លើង​មួយ​នា​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​ភ្នំពេញ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​បក្ស​ពលករ​កម្ពុជា ដែល​មាន​លោក ទូ សាមុត ជា​លេខា​បក្ស។

ប៉ុន្តែ​ក្រោយ​មក​ទៀត លោក ទូ សាមុត ឬ​អាចារ្យ សុខ ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​នោះ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយ​អាថ៌កំបាំង​នៅ​ឆ្នាំ​១៩៦២ នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ នា​រាជធានី​ភ្នំពេញ។ មរណភាព​របស់​លោក ទូ សាមុត ត្រូវ​បាន​គេ​សង្ស័យ​ថា ប៉ុល ពត ជា​អ្នក​ប្រព្រឹត្តិ​ដើម្បី​ដណ្ដើម​តួនាទី​ជា​លេខា​បក្ស​របស់​លោក។ ទោះ​ជា​យ៉ាង​ណា ប៉ុល ពត បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា លោក ទូ សាមុត ត្រូវ​បាន​កម្លាំង​នគរបាល​របស់​លោក លន់ នល់ ដែល​ជា​កូន​ចៅ​របស់​សម្ដេច សីហនុ ចាប់​ខ្លួន​បាន ហើយ​សម្លាប់​ចោល។

ក្រោយ​ពី​លោក ទូ សាមុត ត្រូវ​បាន​គេ​សម្លាប់ បក្ស​ពលករ​កម្ពុជា បាន​ធ្វើ​មហា​សន្និបាត​បក្ស​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៦៣ ដែល​ពេល​នោះ លោក សាឡុត ស ឬ ប៉ុល ពត ត្រូវ​បាន​មហា​សន្និបាត​តែង​តាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស។

បក្ស​ពលករ​កម្ពុជា ដែល​ពេល​ខ្លះ​រត់​ទៅ​ពឹង​វៀតណាម ពេល​ខ្លះ​រត់​ទៅ​ពឹង​ចិន បាន​បន្ត​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ហូរហែ ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ បន្ទាប់​ពី​ត្រឡប់​មក​ពី​ទីក្រុង​ហាណូយ ប៉ុល ពត ក៏​បាន​បើក​កិច្ច​ប្រជុំ​មួយ។ គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ហើយ​ដែល​មេ​ដឹក​នាំ​ខ្មែរ​កុម្មុយនីស្ត បាន​ប្ដូរ​ឈ្មោះ​បក្ស​របស់​ខ្លួន​ពី​បក្ស​ពលករ​កម្ពុជា ទៅ​ជា​បក្ស​កុម្មុយនីស្ត​កម្ពុជា។ គឺ​ពួក​កុម្មុយនីស្ត​នេះ​ហើយ ដែល​ក្រោយ​មក​ត្រូវ​បាន​សម្ដេច​ព្រះ​នរោត្តម សីហនុ ឲ្យ​ឈ្មោះ​ថា​ខ្មែរ​ក្រហម។

លុះ​សម្ដេច​ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​លោក​សេនា​ប្រមុខ លន់ នល់ និង​បក្ខពួក​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច​នៅ​ខែ​មីនា ឆ្នាំ​១៩៧០ កម្លាំង​របស់​ខ្មែរ​ក្រហម​បាន​កើន​ឡើង​ជា​លំដាប់​បន្ទាប់​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ទ្រង់​ប្រកាស​បង្កើត​រណសិរ្ស​រួប​រួម​ជាតិ​កម្ពុជា និង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងើប​ឡើង​ដើម្បី​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​សេនា​ប្រមុខ លន់ នល់។

ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ បក្ស​កុម្មុយនីស្ត​កម្ពុជា របស់​ខ្មែរ​ក្រហម បាន​គ្រប់គ្រង​ប្រទេស​តាំង​ពី​ពេល​នោះ​រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​វៀតណាម លើក​ទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា រួច​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី។

សមាសភាព​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នោះ រួម​មាន​ទាំង​ក្រុម​ខ្មែរ​កុម្មុយនីស្ត​ដែល​បាន​ទៅ​កាន់​ប្រទេស​វៀតណាម តាំង​ពី​ឆ្នាំ​១៩៥៤ និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រត់​ទៅ​វៀតណាម នៅ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​ខ្មែរ​ក្រហម ក្នុង​នោះ​មាន​ដូចជា លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម។ គឺ​អ្នក​ទាំងអស់​នេះ​ហើយ​ដែល​បាន​រួម​គ្នា​បង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​វៀតណាម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពីរ​ថ្ងៃ​មុន​ពេល​កងទ័ព​វៀតណាម ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ឆ្លៀត​ធ្វើ​មហា​សន្និបាត​បក្ស​មួយ​ដើម្បី​រៀបចំ​ស្ដារ និង​កសាង​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​ដឹក​នាំ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។ មហា​សន្និបាត​បក្ស​នេះ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ពេល​នោះ​មាន​លោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន ជាដើម ចាត់​ទុក​ថា​ជា​មហា​សន្និបាត​លើក​ទី​៣ របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ថ្នាក់​ដឹក​នាំ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា មិន​ទទួល​ស្គាល់​ឡើយ​មហា​សន្និបាត​បក្ស​ធ្វើ​ឡើង​ដោយ​បក្ស​ពលករ​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣ ឆ្នាំ​១៩៦៦ ឬ​ឆ្នាំ​១៩៧៥ នោះ​ឡើយ បើ​ទោះ​ជា​ពួក​ខ្មែរ​ក្រហម​មាន​ប្រភព​ដើម​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏ដោយ។

ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើង​វិញ​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៧៩ នោះ​មក​រហូត​ដល់​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​ត្រូវ​គេ​ស្គាល់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

បើ​និយាយ​ពី​ការ​ដឹក​នាំ​បក្ស​ចាប់​ពី​ឆ្នាំ​១៩៧៩ វិញ លោក ប៉ែន សុវណ្ណ ត្រូវ​បាន​គណបក្ស​ជ្រើស​តាំង​ជា​អគ្គលេខាធិការ​បក្ស រហូត​ដល់​ពេល​លោក​ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន​នៅ​ឆ្នាំ​១៩៨១។ លោក ហេង សំរិន ដឹក​នាំ​បន្ត​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩១។ លោក ជា ស៊ីម ពី​ឆ្នាំ​១៩៩១ រហូត​ទល់​ពេល​លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ និង​លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​ប្រធាន​បក្ស​នេះ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ មក។

សរុប​សេចក្តី​មក បើ​ទោះ​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ព្យាយាម​បង្ហាញ​ថា ពួក​គេ​មិន​មាន​ជាប់​ទាក់ទង​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក៏ដោយ ក៏ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ទាំង​លោក ហ៊ុន សែន លោក ហេង សំរិន និង​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ផ្សេង​ទៀត​របស់​គណបក្ស​នេះ សុទ្ធតែ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់ ប៉ុល ពត។ ម្យ៉ាង​វិញ​ទៀត ក្នុង​ចំណោម​អ្នក​ទាំង​នេះ តែង​តែ​បដិសេធ​មិន​ទៅ​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​កោះ​ហៅ​កន្លង​មក​នោះ។ លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា លោក​សុខ​ចិត្ត​ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​បរាជ័យ ប៉ុន្តែ​មិន​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង​ទេ។

មួយ​វិញ​ទៀត បើ​ទោះ​ជា​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​តែង​ចោទ​ប្រកាន់​ថា ពួក​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា ក្តី ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន​ដែរ​នោះ គឺ​ទាំង​បក្ស​ពលករ​កម្ពុជា ទាំង​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់​ខ្មែរ​ក្រហម និង​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន សុទ្ធតែ​មាន​ប្រភព​ដើម​ចេញ​មក​ពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​មាន​ប្រទេស​វៀតណាម ជា​អ្នក​ជួយ​ជ្រោមជ្រែង​បង្កើត​ឡើង​តែ​មួយ​ដូច​គ្នា៕

1 comment:

Anonymous said...

We knew all along the Cambodian People Party
( CPP ) is nothing but the Vietnamese People Party !!!