A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 June 2016

អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ​បារម្ភ​ពី​ពលរដ្ឋ​ឡាវ​ឆ្លង​ដែន​ចូល​បរបាញ់​សត្វ​ព្រៃ​ក្នុង​ដី​ខ្មែរ

អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ​បារម្ភ​ពី​ពលរដ្ឋ​ឡាវ​ឆ្លង​ដែន​ចូល​បរបាញ់​សត្វ​ព្រៃ​ក្នុង​ដី​ខ្មែរ
ដោយ ម៉ែន សុធីរ
2016-06-27

សត្វ​ត្រយង​ចង្កំ​ក​ស សៀមប៉ាង ២០១៦ ៨៥៥
សត្វ​ត្រយង​ចង្កំ​ក​ស​នៅ​តំបន់​អភិរក្ស​សៀមប៉ាង​ខាង​លិច ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Men Sothyr
 RFA/Men Sothyr



អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (BirdLife International) បារម្ភ​ពលរដ្ឋ​ឡាវ លួច​ឆ្លង​ដែន​ចូល​បាញ់​សត្វ​ព្រៃ​នៅ​តំបន់​ព្រៃ​ការពារ​សៀមប៉ាង​ខាង​លិច នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ពួក​គេ​អះអាង​ថា ពលរដ្ឋ​ឡាវ ទាំង​នោះ ច្រើន​បន្លំ​ខ្លួន​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ធ្វើ​សកម្មភាព​បរបាញ់​សត្វ​ព្រៃ​ពេល​យប់​ដោយ​ប្រើប្រាស់​កាំភ្លើង​កែច្នៃ និង​ឧបករណ៍​បរបាញ់​មួយ​ចំនួន​ទៀត។ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ទទូច​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បន្ទាន់​រឿង​នេះ ដើម្បី​រួម​ចំណែក​អភិរក្ស​សត្វ​កម្រ​នៅ​តំបន់​នោះ។

មន្ត្រី​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ និង​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឡាវ ឲ្យ​បញ្ឈប់​ពលរដ្ឋ​របស់​ខ្លួន​ដែល​ឆ្លង​ដែន​ចូល​ដី​ខ្មែរ ដើម្បី​បរបាញ់​សត្វ​ព្រៃ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ព្រំដែន និង​ប៉ះពាល់​ទីជម្រក​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​តំបន់​នោះ។

ការ​អំពាវនាវ​នៅ​ថ្ងៃ​ទី​២៦ មិថុនា បន្ទាប់​ពី​ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន និង​សមត្ថកិច្ច​តាម​ព្រំដែន ប្រទះ​ឃើញ​ពលរដ្ឋ​ឡាវ និង​ទាហាន​ឡាវ លួច​ឆ្លង​ដែន​ជា​បន្តបន្ទាប់​ចូល​បរបាញ់​សត្វ​ព្រៃ​ជាច្រើន​ឆ្នាំ​មក​ហើយ​រហូត​មក​ទល់​ពេល​នេះ។



មន្ត្រី​អង្គការ​សត្វ​ស្លាប​អន្តរជាតិ លោក ជា សុភា បញ្ជាក់​ថា ឆ្មាំ​អភិរក្ស​អង្គការ​របស់​លោក កម្រ​ប្រទះ​ឃើញ​ពលរដ្ឋ​ឡាវ លួច​ឆ្មក់​មក​បរបាញ់ ដោយសារ​ព្រៃ​អភិរក្ស​លាត​សន្ធឹង​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ធំ​ធេង ហើយ​ច្រក​ចេញ​ចូល​ព្រំដែន​ច្រើន។ លើស​ពី​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ក្បែរ​ព្រំដែន ច្រើន​ប្រទះ​ឃើញ​ពលរដ្ឋ​ឡាវ ប្រើ​កាំភ្លើង​ច្នៃ​បាញ់​សត្វ​ព្រៃ និង​ឮ​សំឡេង​កាំភ្លើង​ពេល​យប់​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៥៦ និង​លេខ​០៥៧ នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង។ លោក​កត់​សម្គាល់​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ឆ្មាំ​អភិរក្ស​បាន​ប្រទះ​ឃើញ​សម្ភារៈ​បរបាញ់​សត្វ​មួយ​ចំនួន​នៅ​ក្បែរ​ជម្រក​សត្វ​ចតុប្បាទ​រស់នៅ ហើយ​សម្ភារៈ​នោះ​សរសេរ​ជា​ភាសា​ឡាវ ដូចជា បារី និង​គ្រឿង​បរិភោគ៖ «វា​ដឹង​ខ្លួន​វា​ចូល​អង្គុយ​ពួក​ខ្មែរ ហើយ​ឧបករណ៍​វា​លាក់ ព្រោះ​យើង​គិត​ថា​ខ្មែរ ហើយ​ពួក​កង​កម្លាំង​មក​ពី​ឆ្ងាយ​អត់​ស្គាល់​តំបន់​ហ្នឹង។ ពូ​ម្នាក់​គាត់​នៅ​ចំណោម​ហ្នឹង គាត់​និយាយ​ហេតុការណ៍​ឡើង​ទើប​ភ្ញាក់»។

ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ លោក ប៊ូ វីរសក្ស កត់​សម្គាល់​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​ឡាវ ឆ្លង​ដែន​មក​បាញ់​សត្វ​ព្រៃ​នៅ​តំបន់​ព្រៃ​ការពារ​សៀមប៉ាង​ខាង​លិច ដែល​អង្គការ​លោក​លំបាក​រក​មធ្យោបាយ​ទប់ស្កាត់។ លោក​ថា សមត្ថកិច្ច​ព្រំដែន​រាយការណ៍​ថា ពួក​គេ​បាន​រឹប​អូស​ខ្ទីង​មួយ​ក្បាល​ដែល​ពលរដ្ឋ​ឡាវ បាញ់​សម្លាប់​ក្នុង​ព្រៃ​ការពារ​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ កាល​ពី​ចុង​ឆ្នាំ​២០១៥។ លោក ប៊ូ វីរសក្ស ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ លើក​ជា​របៀបវារៈ​អន្តរាគមន៍​ឲ្យ​ឡាវ បញ្ឈប់​ការ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​បាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ ដើម្បី​រួម​ចំណែក​អភិរក្ស​សត្វ​ជិត​ផុត​ពូជ​នៅ​កម្ពុជា និង​រក្សា​បាន​តុល្យភាព​ជីវចម្រុះ។

ឆ្លើយ​តប​ការ​អំពាវនាវ​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន គាំទ្រ​ការ​ផ្ដើម​គំនិត​អភិរក្ស​សត្វ​ព្រៃ​របស់​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ ដែល​ជា​បេសកកម្ម​ការពារ​បរិស្ថាន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល។ លោក​ជំរុញ​ឲ្យ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ សរសេរ​របាយការណ៍​ករណី​នេះ​មក​ក្រសួង​បរិស្ថាន ដែល​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ។ លោក​ថា បើ​ក្រសួង​បរិស្ថាន ចាប់​អារម្មណ៍ ក្រសួង​នឹង​សរសេរ​ជា​របាយការណ៍​រឿង​នេះ​មក​ក្រសួង​ការ​បរទេស ដើម្បី​ចាត់​វិធានការ៖ «សូម​ថ្លែង​អំណរគុណ​ក្នុង​ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សត្វ​ព្រៃ​របស់​យើង។ រាជ​រដ្ឋាភិបាល​ប្រឆាំង​ដាច់ខាត​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី»។

កាល​ពី​ចុង​ឆ្នាំ​២០១៥ ឆ្មាំ​អភិរក្ស​ប្រទះ​ឃើញ​ពលរដ្ឋ​ឡាវ មួយ​ក្រុម​បាញ់​សត្វ​ព្រៃ​នៅ​ពេល​យប់​នៅ​តំបន់​ព្រៃ​ការពារ​សៀមប៉ាង​ខាង​លិច ហើយ​រឹប​អូស​បាន​សត្វ​ឈ្លូស​មួយ​ក្បាល និង​សម្ភារៈ​បរបាញ់​មួយ​ចំនួន​ទៀត។

ជំទប់​ទី​១ ឃុំ​ព្រែកមាស លោក ថោង ផាន់ ក៏​បារម្ភ​ពី​ការ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ដោយ​ពលរដ្ឋ​ឡាវ និង​ទាហាន​ឡាវ ដែរ។ លោក​កត់​សម្គាល់​ថា កាល​ពី​ចុង​ខែ​ឧសភា ទាហាន​ឡាវ ពី ៥​នាក់​ទៅ ៦​នាក់ កាន់​អាវុធ​គ្រប់​ដៃ​ឆ្លង​ចូល​ដី​ខ្មែរ​នៅ​តំបន់​ព្រៃ​ការពារ​សៀមប៉ាង​ខាង​លិច ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៤ ដល់​លេខ​០៣៥ ចំណុច​បឹង​ក្ដួច ដើម្បី​បាញ់​សត្វ​ព្រៃ និង​សត្វ​ពាហនៈ​អ្នក​ស្រុក៖ «ជួនកាល ៥​នាក់ ៦​នាក់ អាវុធ​គ្រប់​ដៃ។ ខ្ញុំ​បារម្ភ​ណាស់​ព្រំដែន​មិន​ដឹង​ម៉េច​ទេ»។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា វា​ជា​រឿង​លំបាក​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ចូល​មក​ដី​ខ្មែរ​ដោយ​ប្រជាជន​ឡាវ ខណៈ​តំបន់​ព្រៃ​ការពារ​នោះ​លាត​សន្ធឹង​ព្រំដែន​ប្រទេស​ទាំង​ពីរ​ច្រើន​គីឡូម៉ែត្រ។ លោក​ផ្តល់​ទស្សនៈ​ថា អាជ្ញាធរ​កម្ពុជា គួរ​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ឡាវ ចាត់​វិធានការ​ករណី​នេះ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ហើយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពង្រឹង​កាតព្វកិច្ច​ទាហាន និង​នគរបាល​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ការពារ​ដែន​អធិបតេយ្យ​របស់​កម្ពុជា៖ «អាជ្ញាធរ​ឃុំ​ក៏ដោយ ស្រុក​ក៏ដោយ គួរ​តែ​ដាក់​កម្លាំង​ទៅ​ចំណុច​ហ្នឹង​ឲ្យ​បាន​ច្រើន ដើម្បី​ការពារ​តំបន់​នោះ»។

អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ​តាំង​ពី​ឆ្នាំ​២០០៣ និង​បាន​គ្រប់គ្រង​ដី​ព្រៃ​ឈើ​ចំនួន​ជាង ១៣​ម៉ឺន​ហិកតារ​ពី​ក្រសួង​បរិស្ថាន ឋិត​នៅ​ឃុំ​ព្រែកមាស និង​ឃុំ​ថ្មកែវ ក្នុង​ស្រុក​សៀមប៉ាង ដែល​មាន​ប្រភេទ​សត្វ​ស្លាប​ជាង ៣០០​ប្រភេទ និង​មាន​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​មាន ៥​ប្រភេទ ដូចជា ត្មាត​ភ្លើង ត្មាត​ប្រផេះ ត្មាត​ត្នោត សត្វ​ត្រយង​ចង្កំ​ក​ស និង​សត្វ​ត្រយង​យក្ស ជាដើម។ ក្រៅ​ពី​សត្វ​ស្លាប អង្គការ​នេះ​បាន​បង្កប់​កាមេរ៉ា​ប្រទះ​ឃើញ​សត្វ​រមាំង ឈ្លូស ខ្ទីង ប្រើស ទន្សោង ខ្លា​ឃ្មុំ និង​ឆ្កែ​ព្រៃ ជាដើម កំពុង​រស់នៅ​ក្នុង​តំបន់​នោះ៕

No comments: