A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 20 May 2016

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ខុស​គ្នា​ជុំវិញ​ការ​វិភាគ​របស់​អ្នក​ប្រវត្តិសាស្ត្រ​ជនជាតិ​អាមេរិក

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ខុស​គ្នា​ជុំវិញ​ការ​វិភាគ​របស់​អ្នក​ប្រវត្តិសាស្ត្រ​ជនជាតិ​អាមេរិក
ដោយ ម៉ម មុនីរតន៍
2016-05-19

ដេវិឌ ឆាណ្ឌល័រ ២០០៩ ៨៥៥
សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ជនជាតិ​អាមេរិក ផ្ដល់​សក្ខីកម្ម​ជំនាញ​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ក្ដី ឌុច នា​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០០៩។ Photo courtesy of ECCC



អ្នក​ប្រវត្តិសាស្ត្រ​ជនជាតិ​អាមេរិក លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) មាន​សុទិដ្ឋិនិយម​ថា កម្ពុជា នឹង​ពុំ​មាន​ជម្រើស​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ក្រៅ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា ឬ​បង្ហូរ​ឈាម និង​ការ​រង់ចាំ​រហូត​ដល់​មេ​ដឹក​នាំ​ប្រទេស​ត្រូវ​បាត់បង់​ជីវិត​នោះ​ឡើយ។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ ក្រុម​អ្នក​វិភាគ​នយោបាយ​វិញ​យល់​ឃើញ​ខុសៗ​គ្នា​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ កម្ពុជា នឹង​មិន​អាច​ជ្រើសរើស​មធ្យោបាយ​នៃ​ការ​ផ្លាស់ប្ដូរ​ដោយ​ការ​បង្ហូរ​ឈាម​ដូច​ក្នុង​អតីតកាល​ទៀត​ឡើយ។

ការ​លើក​ឡើង​ពី​ការ​ផ្លាស់ប្ដូរ ជាពិសេស​បរិបទ​នៅ​កម្ពុជា នៅ​ពេល​នេះ ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​តំបន់​អាស៊ី​នេះ ដែល​បន្ត​ដឹក​នាំ​យូរ​ជាង​គេ​អស់​ពេល​ជាង ៣​ទសវត្សរ៍​មក​ហើយ។



អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា យល់​ឃើញ​ថា មាន​ជម្រើស​មួយ​ដែល​ល្អ ហើយ​ដែល​នឹង​នាំ​មក​នូវ​សន្តិភាព គឺ​តាម​រយៈ​ការ​បោះឆ្នោត។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​អ្នក​ប្រវត្តិសាស្ត្រ​ជនជាតិ​អាមេរិក លោក ដេវិឌ ឆាណ្ឌល័រ បាន​ផ្ដល់​បទសម្ភាសន៍​មួយ​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ដោយ​និយាយ​ថា លោក​នៅ​តែ​មើល​ឃើញ​ជម្រើស​នៃ​ការ​ផ្លាស់ប្ដូរ​ពីរ​ទម្រង់ ក្នុង​នោះ​គឺ​ការ​ប្រឈម​ដោយ​ការ​បង្ហូរ​ឈាម និង​ជម្រើស​ទី​២ គឺ​វៀរលែងតែ​លោក ហ៊ុន សែន ត្រូវ​អស់​អាយុ។

អ្នក​ប្រវត្តិសាស្ត្រ​ដែល​សិក្សា​ពី​កម្ពុជា ស្ទើរ​ពាក់​កណ្ដាល​នៃ​សតវត្ស​ទៅ​ហើយ​នេះ មើល​ឃើញ​ថា លំនាំ​នៃ​ការ​ផ្លាស់ប្ដូរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ គឺ​ប្រហែល​មិន​ខុស​ពី​ប្រទេស​សិង្ហបុរី ប៉ុន្មាន​ឡើយ ពោល​គឺ​ត្រូវ​ផ្ទេរ​អំណាច​ពី​ឪពុក​មក​កូន។ លោក​ថា ទម្រង់​ដទៃ​ក្រៅ​ពី​នេះ គឺ​មិន​អាច​ទៅ​រួច​ឡើយ។

មិន​ខុស​ពី​ការ​លើក​ឡើង​នេះ​ឡើយ មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បញ្ជាក់​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ថា គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល នៅ​តែ​ជ្រើសរើស​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តបន្ទាប់​ទៀត។ ដូច​គ្នា​នេះ​ដែរ លោក ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់ ក៏​ធ្លាប់​ប្រកាស​ជា​ញឹកញាប់​ហើយ​ថា លោក​នឹង​ដឹក​នាំ​ប្រទេស​កម្ពុជា នេះ​រហូត​ដល់​លែង​ចង់​ធ្វើ។

កែម ឡី ២០១៥ ៨៥៥
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth


ជុំវិញ​បញ្ហា​នេះ លោក កែម ឡី អ្នក​វិភាគ​សង្គម បដិសេធ​ក្នុង​ការ​បកស្រាយ​ចំពោះ​ការ​វិភាគ​របស់​លោក ដេវិឌ ឆាណ្ឌល័រ នេះ ក៏ប៉ុន្តែ​លោក​យល់​ឃើញ​ថា មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ក្នុង​នោះ​គឺ​ផ្ដើម​ចេញ​ពី​ពលរដ្ឋ។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​ពុំ​ប្ដូរ​ឥរិយាបថ​នយោបាយ​ទេ ប្រហែល​ជា​នៅ​នាទី​ចុង​ក្រោយ ការ​ផ្លាស់ប្ដូរ​នេះ​គឺ​ពលរដ្ឋ​ជា​អ្នក​ដែល​ត្រូវ​ចាប់​ផ្ដើម​មុន។ លោក​បន្ត​ថា «គណបក្ស​កាន់​អំណាច​គាត់​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង ទាំង​វប្បធម៌​ស្ថាប័ន វប្បធម៌​បុគ្គល វប្បធម៌​នយោបាយ ហើយ​ភាព​ជា​អ្នក​ដឹក​នាំ​ដើម្បី​ឆ្លើយ​តប​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។ ហ្នឹង​ជា​ជម្រើស​ដ៏​ល្អ ហើយ​ជម្រើស​ដែល​ចាំបាច់ ប្រសិន​បើ​គណបក្ស​ប្រជាជន មិន​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ដោយ​ខ្លួន​ឯង​បាន​ទេ វា​ច្បាស់​ជា​គណបក្ស​ប្រជាជន រង់ចាំ​ឲ្យ​គេ​ផ្លាស់ប្ដូរ​ហើយ តាម​រយៈ​ការ​បោះឆ្នោត»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​វិភាគ​នយោបាយ​មួយ​រូប​ទៀត គឺ​លោក មាស នី មើល​ឃើញ​ថា ប្រសិន​បើ​ការ​ផ្លាស់ប្ដូរ​ដែល​ចាំបាច់​ត្រូវ​តែ​បង្ហូរ​ឈាម​មែន គឺ​មាន​តែ​ផ្ទុះ​ឡើង​ពី​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ។ លោក​បន្ត​ថា ស្ថិត​ក្នុង​កាលៈទេសៈ​នៅ​ពេល​នេះ បក្ស​ប្រឆាំង​ពុំ​មាន​កម្លាំង​យោធា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី ២០​ឆ្នាំ​មុន​ឡើយ។ ដូច្នេះ ប្រសិន​បើ​ត្រូវ​ផ្លាស់ប្ដូរ​ដោយ​ការ​បង្ហូរ​ឈាម គឺ​មាន​តែ​ការ​ប្រេះឆា​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច។ លោក មាស នី យល់​ឃើញ​ថា ជម្រើស​មួយ​នេះ ប្រហែល​ជា​មាន​ភាគ​តិច​ជាង​ការ​បោះឆ្នោត។ លោក​បន្ត​ថា «ពី​ដើម​យើង​ឃើញ​ថា ហ៊្វុនស៊ិនប៉ិច ក៏​មាន​កងទ័ព​ដែរ ប៉ុន្តែ​ឥឡូវ​នេះ គឺ​ឥត​មាន​ទេ មាន​តែ​ម្ខាង​ទេ។ អ៊ីចឹង​ប្រសិន​ជា​មាន​ស្ថានភាព​បែប​ហ្នឹង និង​អាក្រក់​បែប​ហ្នឹង​កើត​ឡើង វា​អាច​កើត​តាម​រយៈ​ផ្ទៃ​ក្នុង​មក​ពី​កងទ័ព​សព្វថ្ងៃ»។

ឆ្លើយ​តប​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ដោយ​បញ្ជាក់​ថា បើ​នៅ​តែ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​ជា​ជម្រើស​ដែល​ល្អ​បំផុត​នៅ​ក្នុង​បក្ស​កាន់​អំណាច។ ជាង​នេះ​ទៀត ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ណា​មួយ​នោះ​ទៀត​សោត គឺ​បក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល ពុំ​ដែល​ស្រមៃ ឬ​នឹក​ឃើញ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «បើ​ប្រជាពលរដ្ឋ​នៅ​តែ​គាំទ្រ​ត​ទៅ​ទៀត នាយក​រដ្ឋមន្ត្រី តេជោ ហ៊ុន សែន នៅ​តែ​បន្ត​បេសកកម្ម​ដឹក​នាំ​ប្រទេស​ត​ទៅ​ទៀត។ ឥត​មាន​ទេ​អា​ហ្នឹង អាស្រ័យ​ទៅ​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ»។

ការ​ផ្លាស់ប្ដូរ​ស្ទើរ​គ្រប់​ជំនាន់​នៅ​កម្ពុជា គឺ​តែង​ធ្វើ​ឡើង​ដោយ​ការ​បង្ហូរ​ឈាម ជា​ជាង​ប្រើប្រាស់​តាម​រយៈ​សន្លឹក​ឆ្នោត។ ឧទាហរណ៍​មួយ​នៃ​ការ​ផ្លាស់ប្ដូរ​របប​នយោបាយ​ដោយ​ការ​ងើប​ចេញ ឬ​ផ្ទុះ​ឡើង​ពី​ផ្ទៃ​ក្នុង គឺ​សេនា​ប្រមុខ លុន លន់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។

យ៉ាង​នេះ​ក្តី លោក កែម ឡី មាន​សុទិដ្ឋិនិយម​ថា កម្ពុជា នៅ​តែ​អាច​ផ្លាស់ប្ដូរ​បាន​តាម​រយៈ​ការ​បោះឆ្នោត ហើយ​អ្វី​ដែល​បក្ស​ប្រឆាំង​គ្រប់គ្រង​សន្លឹក​ឆ្នោត​មិន​បាន​គ្រប់​ជ្រុងជ្រោយ​កាល​ពី​បោះឆ្នោត​សកល​ឆ្នាំ​២០១៣ នោះ គឺ​ដោយសារ​ខ្វះ​បទពិសោធន៍ និង​មាន​ការ​ធ្វេសប្រហែស​របស់​ខ្លួន៕

No comments: