A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 20 May 2016

អ្នក​បឹងកក់​ព្រមាន​តវ៉ា​ប្រសិន​បើ​ធនាគារ​ពិភពលោក​ផ្ដល់​ប្រាក់​កម្ចី​ជា​ថ្មី​ដល់​រដ្ឋាភិបាល

អ្នក​បឹងកក់​ព្រមាន​តវ៉ា​ប្រសិន​បើ​ធនាគារ​ពិភពលោក​ផ្ដល់​ប្រាក់​កម្ចី​ជា​ថ្មី​ដល់​រដ្ឋាភិបាល
ដោយ សាន សែល
2016-05-19

អ្នក​បឹងកក់​តវ៉ា​មុខ​ធនាគារ​ពិភពលោក ២០១៦ ៨៥៥
អ្នក​បឹងកក់ ស្រែក​តវ៉ា គោះ​ចាន​ឆ្នាំង អង្រួន​ទ្វារ​របង និង​គប់​ពង​មាន់​ដាក់​ស្លាក​ឈ្មោះ​របស់​ធនាគារ​ពិភពលោក (World Bank) ទាមទារ​ដំណោះស្រាយ​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Leng Maly


តំណាង​អ្នក​បឹងកក់ ព្រមាន​លើក​គ្នា​តវ៉ា ប្រសិន​បើ​ធនាគារ​ពិភពលោក (World Bank) អនុម័ត​ផ្ដល់​ប្រាក់​កម្ចី​ឡើង​វិញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខណៈ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​តំបន់​ពួក​គាត់​មិន​ទាន់​ដោះស្រាយ​ចប់។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ដែល​គណៈ​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក អាច​នឹង​បោះឆ្នោត​សម្រេច​ចិត្ត​លើ​ការ​ផ្ដល់​ឥណទាន​ដល់​ប្រទេស​កម្ពុជា ឡើង​វិញ។

សកម្មជន​ដីធ្លី​ដែល​តែង​ចុះ​តវ៉ា​តាម​ផ្លូវ និង​ធ្លាប់​ជាប់​ពន្ធនាគារ អ្នកស្រី ទេព វន្នី ទាមទារ​ឲ្យ​ធនាគារ​ពិភពលោក ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​កន្លែង​ផ្សេង​ទៀត មុន​នឹង​ពិចារណា​បញ្ឈប់​បង្កក​ប្រាក់​កម្ចី និង​ជំនួយ​នានា​ដល់​រដ្ឋាភិបាល​កម្ពុជា។

តំណាង​សហគមន៍​បឹងកក់​រូប​នេះ​អះអាង​ថា ប្រសិន​បើ​ធនាគារ​ពិភពលោក នៅ​តែ​រឹង​ទទឹង​ផ្ដល់​ហិរញ្ញប្បទាន​ដល់​រដ្ឋាភិបាល ខណៈ​គ្រួសារ​ជាច្រើន​នៅ​បឹងកក់​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​មិន​ទាន់​ទទួល​បាន​សំណង​សមរម្យ៖ «ពួក​យើង​នឹង​តវ៉ា​ប្រឆាំង​ដាច់​ខាត​នឹង​ធនាគារ​ពិភពលោក លុះត្រា​តែ​យើង​បាន​យុត្តិធម៌»។



កាសែត ឌឹ ខេមបូឌា ដេលី បាន​ផ្សាយ​ថា គណៈ​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក អាច​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៩ ឧសភា សម្រេច​ផ្ដល់​ប្រាក់ ២៥​លាន​ដុល្លារ ដើម្បី​ចាប់​ផ្ដើម​គម្រោង​រយៈពេល​ប្រាំ​ឆ្នាំ​សម្រាប់​ប្រជាជន​ក្រីក្រ​គ្មាន​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ជំហរ​របស់​ធនាគារ​ពិភពលោក បង្ហាញ​ការ​លុប​ចោល​នូវ​ការ​បង្កក​ប្រាក់​កម្ចី​ដែល​បាន​ដាក់​រយៈពេល ៥​ឆ្នាំ​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១១ ធនាគារ​ពិភពលោក ប្រកាស​ឈប់​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​ប្រទេស​កម្ពុជា ហើយ​ថា​នឹង​មិន​ផ្ដល់​ឲ្យ​ឡើង​វិញ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ដោះស្រាយ​ជម្លោះ​ជូន​ប្រជាជន​ដែល​រស់នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ។

ទោះ​បី​ជា​យ៉ាង​ណា របាយការណ៍​របស់​វិទ្យាស្ថាន អុខលែន (The Oakland Institute) អង្កេត​ឃើញ​ថា ធនាគារ​ពិភពលោក ក៏​មិន​បាន​ធ្វើ​សកម្មភាព​លេចធ្លោ​ដើម្បី​សហការ​ជាមួយ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ជូន​ក្រុម​គ្រួសារ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ធនាគារ​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា បាន​ទេ ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​សេចក្ដី​សម្រេច​ចិត្ត​លើ​ការ​ផ្ដល់​ប្រាក់​កម្ចី​ឡើង​វិញ។

អ្នក​សម្រប​សម្រួល​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​ឡើង​វិញ​ឲ្យ​កម្ពុជា ជា​សេចក្ដី​សម្រេច​របស់​ធនាគារ​ពិភពលោក។ លោក​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ចង់​ទទួល​ប្រាក់​កម្ចី​ពី​ធនាគារ​ពិភពលោក ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ រដ្ឋាភិបាល​គួរ​ដោះស្រាយ​ឲ្យ​បាន​ចប់​ស្រឡះ​រាល់​ទំនាស់​ដីធ្លី​ទាំងឡាយ៖ «ខ្ញុំ​ឃើញ​ថា​វា​នៅ​មាន​ចំណុច​ច្រើន​ដែល​ត្រូវ​កែប្រែ។ ឥឡូវ​យើង​លើក​យក​តែ​បញ្ហា​ដីធ្លី​ចុះ ដែល​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វគ្រប់។ ទី​ពីរ ត្រូវ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា»។

ធនាគារ​ពិភពលោក បាន​អះអាង​ថា គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (Land Allocation for Social and Economic Development) បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាជន​ក្រីក្រ​ចំនួន ២៥០​គ្រួសារ គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។ គម្រោង​នេះ ចាប់​អនុវត្ត​ដំបូង​កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​ផ្ដល់​ដី និង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាជន​ក្រីក្រ​ចំនួន ៣​ពាន់​គ្រួសារ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ជនបទ។ ប្រជាជន​ក្រីក្រ​ដែល​ស្ថិត​ក្នុង​គម្រោង​នេះ ក៏​ទទួល​បាន​ជំនួយ ដូចជា អាហារ គ្រាប់​ពូជ និង​សម្ភារៈ​សាងសង់​ផ្ទះ​ផង​ដែរ។

ក៏ប៉ុន្តែ របាយការណ៍​របស់​អង្គការ​លីកាដូ បាន​រក​ឃើញ​ថា អ្នក​ភូមិ​ជាច្រើន​ខ្វះ​សមត្ថភាព​ប្រើប្រាស់​ដី ហើយ​ដី​ស្រែ​ចម្ការ​ខ្លះ​មិន​អាច​បង្កបង្កើនផល​បាន ដែល​លីកាដូ អះអាង​ថា គម្រោង​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ធំ​បែប​នេះ មិន​យក​ធ្វើ​ឡើង​វិញ​សម្រាប់​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​នា​ពេល​អនាគត​បាន​នោះ​ទេ៕

No comments: