A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 May 2016

សង្គម​ស៊ីវិល​ចាត់​ទុក​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​អភិរក្ស​សត្វ​ស្លាប​ថា​មិន​គ្រប់គ្រាន់​ឡើយ


សង្គម​ស៊ីវិល​ចាត់​ទុក​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​អភិរក្ស​សត្វ​ស្លាប​ថា​មិន​គ្រប់គ្រាន់​ឡើយ
ដោយ ម៉ែន សុធីរ
2016-05-11


១-ឧសភា-២០១៦៖ សត្វ​ស្លាប​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ឋិត​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ RFA/Saut Sokprathna


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​អភិរក្ស​សត្វ​ស្លាប​កម្រ ដោយ​កុំ​ប្រមាញ់ ឬ​ដាក់​ថ្នាំ​បំពុល​យក​សត្វ​ស្លាប​ទាំង​នេះ​ទទួល​ទាន និង​ធ្វើ​អាជីវកម្ម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសហ៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា។ ចំណែក​មន្ត្រី​ជំនាញ​បរិស្ថាន យល់​ថា ការ​អភិរក្ស​សត្វ​ស្លាប ឬ​សត្វ​ព្រៃ ពុំ​មែន​ធ្វើ​ឡើង​ដោយ​មិន​បរបាញ់​តែ​ម្យ៉ាង​នោះ​ទេ វា​ទាមទារ​ឲ្យ​មាន​ការ​អភិរក្ស​ជា​ប្រព័ន្ធ ជាពិសេស​ការ​អភិរក្ស​ប្រភព​ជម្រក​សត្វ​ដូចជា​ព្រៃ​ឈើ បឹង និង​ទន្លេ ជាដើម។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​គ្រា​ដែល​គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​វែង បណ្ដាល​ឲ្យ​សត្វ​ពាហនៈ​អ្នក​ស្រុក និង​សត្វ​ព្រៃ​មួយ​ចំនួន​បាន​ងាប់ ដោយសារ​ខ្វះ​ទឹក និង​ចំណី​នៅ​ចុង​ឆ្នាំ​នេះ។ ទន្ទឹម​នឹង​នេះ ខ្លឹមសារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស សត្វ​ពាហនៈ និង​សត្វ​ស្លាប​មួយ​ចំនួន​ធំ។

មន្ត្រី​ជំនាញ​បរិស្ថាន យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ហាក់​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ភាព​អសកម្ម​ទាក់ទិន​ការ​អភិរក្ស​សត្វ​ស្លាប ឬ​សត្វ​ព្រៃ​របស់​ក្រសួង​ពាក់ព័ន្ធ។



ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​អភិរក្ស​សត្វ​ស្លាប​ឲ្យ​គង់វង្ស ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ជា​ប្រព័ន្ធ​ទាំង​មន្ត្រី​ផ្នែក​បរិស្ថាន មន្ត្រី​រដ្ឋបាល​ជលផល មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ អាជ្ញាធរ​ដែនដី និង​សហគមន៍ ត្រូវ​អនុវត្ត​ផែនការ​សកម្មភាព​ឲ្យ​ស៊ី​ជម្រៅ ដែល​ធានា​ថា សត្វ​ស្លាប​ទាំង​នោះ​អាច​រស់នៅ​តំបន់​អភិរក្ស​បាន ដូចជា​តំបន់​ព្រៃ​ការពារ តំបន់​អភិរក្ស​ធម្មជាតិ បឹង ទន្លេ និង​អូរ ជាពិសេស​ការ​អភិរក្ស​ព្រៃ​ឈើ​ឲ្យ​គង់វង្ស។ លោក សន ជ័យ យល់​ថា មាន​ធាតុ​ផ្សំ​ជាច្រើន​ដើម្បី​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើ​កញ្ចប់​ថវិកា​ដើម្បី​អភិរក្ស​ព្រៃ​ឈើ​ដែល​ជា​ដែន​ជម្រក​សត្វ និង​ការ​អភិរក្ស​ព្រៃ​លិច​ទឹក ជាដើម។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​អភិរក្ស​ព្រៃ​ឈើ​ដែល​ជា​ជម្រក​សត្វ​ព្រៃ​ឲ្យ​គង់វង្ស​នោះ​ទេ នឹង​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​សត្វ​ស្លាប ឬ​សត្វ​ព្រៃ​នៅ​ថ្ងៃ​អនាគត៖ «ចាំបាច់​ត្រូវ​មាន​ផែនការ​សកម្មភាព​ទាំង​អនុវត្ត​ច្បាប់ ធ្វើ​ម៉េច​ឲ្យ​សត្វ​ស្លាប​អាច​រស់​នៅ​លើ​ដែនដី​ហ្នឹង​បាន។ យើង​ចង់​ឃើញ​ផែនការ​យុទ្ធសាស្ត្រ​មួយ​មាន​លក្ខណៈ​ស៊ី​ជម្រៅ បន្ថែម​លើ​អនុសាសន៍ ឬ​ការ​រំឭក​របស់​ថ្នាក់​ដឹក​នាំ​ជាតិ»។

ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​ស្រែពក ទន្លេ​សេសាន និង​ទន្លេ​សេកុង លោក មៀច មាន កត់​សម្គាល់​ថា សត្វ​ស្លាប​ដ៏​កម្រ ៦​ប្រភេទ​ដូចជា​សត្វ​រំពេ សត្វ​រំពេ​ទ្រូង​ខ្មៅ និង​សត្វ​រំពេ​សម្បុរ​ស ជាដើម ដែល​មាន​វត្តមាន​តាម​ដង​ទន្លេ​សេសាន​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​បាត់បង់​ស្ទើរ​ទាំង​ស្រុង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​ថា វត្តមាន​សត្វ​រំពេ​នោះ​រាប់​ពាន់​ក្បាល បាន​បន្ត​ពូជ ឬ​ពង​កូន​នៅ​លើ​កោះ​ខ្សាច់​នៅ​ទន្លេ​សេសាន កន្លង​មក ត្រូវ​បាត់បង់ បន្ទាប់​ពី​ស្ថានភាព​ទឹក​ប្រែប្រួល។ លោក​សន្និដ្ឋាន​ថា ការ​បាត់បង់​សត្វ​ស្លាប​ដ៏​កម្រ​ទាំង​នោះ បណ្ដាល​មក​ពី​របប​ទឹក​មិន​ទៀងទាត់ ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ដូចជា​ទំនប់​វារីអគ្គិសនី បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្វែងរក​ចំណី និង​ជម្រក​របស់​បក្សី​ទាំង​នោះ។ លោក​ថា វត្តមាន​សត្វ​រំពេ​ដ៏​កម្រ​ទាំង​នោះ មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ជា​ប្រភព​ចំណូល​ដល់​សហគមន៍៖ «កម្រិត​ទឹក​ទន្លេ​សេសាន​ឡើង​ចុះ​ខុស​ប្រក្រតី នាំ​ពង​នាំ​សម្បុក​ទៅ​អស់។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​មួយ​រយៈ​កន្លង​មក​នេះ គឺ​បាត់​តែ​ម្តង​រំពេ​ទ្រូង​ខ្មៅ»។

លោក មៀច មាន យល់​ថា ព័ត៌មាន​ដែល​លោក ហ៊ុន សែន អំពាវនាវ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អាច​មិន​ជ្រាប​ដល់​ស្រទាប់​មហាជន ជាពិសេស​ក្រុម​ព្រាន​ព្រៃ​នោះ​ទេ ដោយសារ​ចំនួន​នៃ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​តំបន់​ដាច់​ស្រយាល​នៅ​មាន​កម្រិត។ លោក​សង្កត់​ធ្ងន់​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​របស់​រដ្ឋាភិបាល គឺ​ជា​ដើម​ចម​បណ្ដាល​ឲ្យ​សត្វ​បក្សី​កម្រ​រស់នៅ​តាម​ដង​ទន្លេ​សេសាន កាន់​តែ​ខ្សត់​បន្តិច​ម្តងៗ៖ «សូម​ឲ្យ​សម្ដេច​រក​វិធីសាស្ត្រ​យ៉ាង​ម៉េច​ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋ ជា​ស្ថាប័ន​ជំនាញ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង ព្រោះ​រយៈពេល​កន្លង​មក យើង​ហាក់​ពុំ​សូវ​បាន​ឃើញ​ការ​ចាប់​អារម្មណ៍​ខ្លាំងក្លា​ទេ​ចំពោះ​ស្ថាប័ន​រដ្ឋ​លើ​ការ​អភិរក្ស​សត្វ​ស្លាប»។



សត្វ​ស្លាប​ហើរ​រក​ចំណី​នៅ​តាម​វាល​ស្រែ និង​ព្រៃ​លិច​ទឹក​នៅ​ក្បែរៗ​តំបន់​បឹង​ពារាំង ក្នុង​បឹង​ទន្លេសាប ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។


ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (Bird Life International) លោក ប៊ូ វីរសក្ស យល់​ថា ការ​អភិរក្ស​សត្វ​ស្លាប​ឲ្យ​គង់វង្ស ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​អាជ្ញាធរ​រដ្ឋាភិបាល មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច ជាដើម។ លោក​ថា អង្គការ​លោក​បាន​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​អត្ថប្រយោជន៍​សត្វ​ស្លាប​ដល់​សហគមន៍​នៅ​មូលដ្ឋាន ក៏ប៉ុន្តែ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​លួច​បរបាញ់ និង​បំពុល​នៅ​ឡើយ។ លោក​ថា គោល​បំណង​នៃ​ការ​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​ក្នុង​ខេត្ត​ស្ថិត​នៅ​ភូមិ​ភាគ​ឦសាន​ប្រទេស មាន​អត្ថប្រយោជន៍​ច្រើន ដូចជា អាច​រក្សា​បាន​នូវ​ធនធាន​ធម្មជាតិ ធានា​តុល្យភាព​ប្រាក់​ចំណូល​ប្រជាជន​ដែល​ប្រមូល​អនុផល​ព្រៃ​ឈើ ការ​ទប់ស្កាត់​ជំងឺ​អាសន្ន​រោគ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ៖ «យើង​ការពារ​ព្រៃ​ឈើ​មិន​បាន សត្វ​ព្រៃ​នឹង​បាត់បង់។ ចូលរួម​អភិរក្ស​សត្វ​ព្រៃ គឺ​ចូលរួម​អភិរក្ស​ព្រៃ​ឈើ​យើង។ យើង​ដឹង​ហើយ​ព្រៃ​ឈើ​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ទាំង​បញ្ហា​អាកាសធាតុ និង​ប្រជាជន​មូលដ្ឋាន​ដែល​គាត់​រស់​ពឹងពាក់​ធនធាន​ធម្មជាតិ»។

លោក ប៊ូ វីរសក្ស បារម្ភ​ថា ចំនួន​សត្វ​ក្របី​របស់​អ្នក​ស្រុក​សៀមប៉ាង បាន​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ អាច​បង្ក​ផល​លំបាក​នៃ​ការ​ចិញ្ចឹម​ជីវិត​របស់​សត្វ​ត្រយង​យក្ស សត្វ​ត្មាត សត្វ​ត្រយង​ចង្កោម​ពណ៌​ស និង​សត្វ​កម្រ​ផ្សេង​ទៀត។ ដូច្នេះ អង្គការ​លោក​កំពុង​រក​មធ្យោបាយ​ផ្តល់​ថ្នាំ​បង្ការ​ផ្សេងៗ​ដល់​សត្វ​ក្របី​អ្នក​ស្រុក។

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ សត្វ​ត្មាត​ចំនួន ៥​ក្បាល​ក្នុង​ចំណោម​ត្មាត​ជាង ៣០០​ក្បាល​ងាប់ ដោយសារ​តែ​ស៊ី​សាច់​ឆ្កែ​ដែល​ត្រូវ​ថ្នាំ​ពុល​នៅ​តំបន់​ព្រៃ​អភិរក្ស​ស្រុក​សៀមប៉ាង។

អាជ្ញាធរ​ស្រុក​សៀមប៉ាង ឲ្យ​ដឹង​ថា ក្របី​អ្នក​ស្រុក​សៀមប៉ាង ដែល​លែង​ចូល​ព្រៃ ងាប់​ក្នុង​ព្រៃ​យ៉ាង​ហោច​ណាស់ ៣០០​ក្បាល ដោយសារ​ខ្វះ​ចំណី និង​ទឹក​បណ្ដាល​មក​ពី​គ្រោះ​រាំង​ស្ងួត។

អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ​តាំង​ពី​ឆ្នាំ​២០០៣ និង​បាន​គ្រប់គ្រង​ដី​ព្រៃ​ឈើ​ចំនួន​ជាង ១៣​ម៉ឺន​ហិកតារ ឋិត​នៅ​ឃុំ​ព្រែកមាស និង​ឃុំ​ថ្មកែវ ក្នុង​ស្រុក​សៀមប៉ាង ដែល​មាន​ប្រភេទ​សត្វ​ស្លាប​ជាង ៣០០​ប្រភេទ និង​មាន​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​មាន ៥​ប្រភេទ ដូចជា សត្វ​ត្មាត សត្វ​ត្រយង និង​សត្វ​ត្រយង​យក្ស ជាដើម។ អង្គការ​នេះ​រក​ឃើញ​ថា សត្វ​ត្រយង​យក្ស​មាន ២៥០​ក្បាល​នៅ​លើ​ពិភពលោក ដែល​មាន​វត្តមាន​នៅ​ស្រុក​សៀមប៉ាង ជាង ៥០​ក្បាល។ សត្វ​ត្រយង​ចង្កោម​ព័ណ៌​ស មាន​ជាង ១.១០០​ក្បាល​នៅ​លើ​ពិភពលោក ដែល​មាន​នៅ​ស្រុក​សៀមប៉ាង ជាង ៥០០​ក្បាល។ លើស​ពី​នេះ វត្តមាន​សត្វ​ស្លាប​កម្រ​ទាំង​នោះ​មាន​លក្ខណៈ​ពិសេស ដែល​អាច​ជួយ​ទប់ស្កាត់​ជំងឺ​អាសន្ន​រោគ​ផ្សេងៗ។

អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ ចាត់​ទុក​ព្រៃ​ឈើ​នៅ​តំបន់​នោះ​មាន​លក្ខណៈ​ពិសេស ដែល​អាច​ទាក់ទាញ​សត្វ​ស្លាប​ដ៏​កម្រ​នៅ​លើ​ពិភពលោក។ លើស​ពី​នេះ អង្គការ​នេះ​ក៏​កំពុង​សម្លឹង​មើល​ពី​សក្ដានុពល​សត្វ​ស្លាប​ដ៏​កម្រ​ទាំង​នោះ ដែល​មាន​សារសំខាន់​ណាស់​ទៅ​ថ្ងៃ​អនាគត ជាពិសេស​ការ​បង្កើត​ប្រព័ន្ធ​ទេសចរណ៍​ធម្មជាតិ​ដែល​រំពឹង​ថា អាច​រក​ចំណូល​ដល់​សហគមន៍​បាន៕

No comments: