A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 May 2016

ពលរដ្ឋ​រស់នៅ​លើ​ទឹក​ក្នុង​ឃុំ​ពាមបាង​ខេត្ត​កំពង់ធំ​ស្នើសុំ​អាជ្ញាធរ​ជួយ​ផ្ដល់​ដី​សង្គមកិច្ច


ពលរដ្ឋ​រស់នៅ​លើ​ទឹក​ក្នុង​ឃុំ​ពាមបាង​ខេត្ត​កំពង់ធំ​ស្នើសុំ​អាជ្ញាធរ​ជួយ​ផ្ដល់​ដី​សង្គមកិច្ច
ដោយ សូត សុខប្រាថ្នា
2016-05-22

ពលរដ្ឋ​រស់នៅ​លើ​ទឹក កំពង់ធំ ២០១៦ ៨៥៥
ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​លើ​ទឹក ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
 RFA/Saut Sokprathna



ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​រស់នៅ​លើ​ទឹក​បឹង​ទន្លេសាប នាំ​គ្នា​ត្អូញត្អែរ​ពី​ផល​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ទិន្នផល​ត្រី​ចេះ​តែ​ថយ​ចុះ។ បញ្ហា​នេះ ពួក​គាត់​ចង់​ប្រកប​មុខ​របរ​ផ្សេងៗ ព្រម​ទាំង​ចង់​រស់នៅ​លើ​ដី​គោក​វិញ ពីព្រោះ​ពលរដ្ឋ​គិត​ថា ការ​រស់នៅ​លើ​គោក នឹង​ជួយ​ឲ្យ​ជីវភាព​ពួក​គាត់​បាន​ប្រសើរ ប៉ុន្តែ​អ្នក​ភូមិ​មិន​មាន​លទ្ធភាព​សម្រាប់​រស់នៅ​លើ​គោក​ឡើយ។ បញ្ហា​នេះ អភិបាល​ខេត្ត​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ពិនិត្យ​ទីតាំង​ដី​ដែល​ត្រូវ​ផ្តល់​ជូន​ពួក​គាត់​ទាំង​នោះ ដើម្បី​ឲ្យ​បាន​គ្រប់ៗ​គ្នា។

ប្រជាពលរដ្ឋ​រស់នៅ​លើ​ទឹក​បឹង​ទន្លេសាប ក្នុង​ឃុំ​ពាមបាង ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ផ្តល់​ដី​សម្បទាន​សម្រាប់​ពួក​គាត់​អាច​ឡើង​មក​រស់នៅ​លើ​ដី​គោក​ដូច​ពលរដ្ឋ​ផ្សេង​ទៀត។ ការ​ស្នើ​នេះ ក្រោយ​ពេល​ពលរដ្ឋ​រស់នៅ​លើ​ទឹក​ទាំង​នោះ ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​របស់​ខ្លួន ដូចជា​បញ្ហា​អនាម័យ អប់រំ ព្រម​ទាំង​បញ្ហា​ទិន្នផល​ត្រី​កាន់​តែ​ហិនហោច ដែល​នាំ​ឲ្យ​ការ​ប្រកប​របរ​នេសាទ​របស់​ពលរដ្ឋ​ទាំង​នោះ​មិន​អាច​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន។



ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពាមបាង មួយ​រូប លោក ប៉ែន ប៊ុនធឿន មាន​ប្រសាសន៍​ថា ការ​រស់នៅ​លើ​ផ្ទៃ​ទឹក​របស់​ពួក​គាត់ គឺ​ជួប​ការ​លំបាក​ជាច្រើន​នៅ​រដូវ​វស្សា។ លោក​ថា អ្នក​ស្រុក​ត្រូវ​ជួប​ប្រទះ​គ្រោះ​ធម្មជាតិ​ដូចជា ខ្យល់​ព្យុះ ភ្លៀង ផ្គរ រន្ទះ។ ក្រៅ​ពី​នេះ បញ្ហា​អនាម័យ ដូចជា ការ​ប្រើប្រាស់​ទឹក​ស្អាត​ប្រចាំ​ថ្ងៃ ការ​បន្ទោបង់ ប្រព័ន្ធ​ភ្លើង​អគ្គិសនី និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត។ លោក​ថា បើ​ប្រៀបធៀប​ការ​រស់នៅ​លើ​ដី​គោក​វិញ គឺ​ខុស​គ្នា​ស្រឡះ ពីព្រោះ​នៅ​លើ​គោក គេ​មាន​ទីផ្សារ សាលា​រៀន មន្ទីរពេទ្យ ទឹក​ស្អាត ភ្លើង​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់។ ជាង​នេះ​ទៀត នៅ​លើ​គោក កូន​ប្រុស​ស្រី​បាន​ទៅ​រៀន​ដិតដល់ មិន​ដូច​ការ​រស់នៅ​លើ​ទឹក​នោះ​ឡើយ៖ «ខ្ញុំ​ស្នើសុំ​ដល់​អាជ្ញាធរ​ខេត្ត​ធ្វើ​យ៉ាង​ណា មេត្តា​ជួយ​ផ្តល់​ដី​សម្បទាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នេះ ឲ្យ​គាត់​បាន​រស់នៅ​លើ​គោក​នឹង​គេ​ផង»។


ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​លើ​ទឹក ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ឃុំ​ពាមបាង ជា​ឃុំ​ដាច់​ស្រយាល​ដែល​មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ស្ទោង។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​នេះ​នៅ​រដូវ​ប្រាំង គឺ​គេ​ត្រូវ​ជិះ​រថយន្ត​ឈ្នួល និង​គោយន្ត​ច្នៃ ដែល​មាន​សរុប​ចំនួន ៤ ឬ ៥​គ្រឿង​ប៉ុណ្ណោះ និង​ធ្វើ​ដំណើរ​តាម​ទូក​បន្ត​ទៀត។ ឃុំ​ពាមបាង មាន​ភូមិ​ចំនួន​៥ និង​មាន​ប្រជាជន​សរុប​ជិត ៧០០​គ្រួសារ (៦៨៧​គ្រួសារ) ហើយ​ពលរដ្ឋ​ប្រមាណ ៩០​ភាគរយ គឺ​រស់​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​នេសាទ។ ពលរដ្ឋ​មួយ​ចំនួន​មាន​ផ្ទះ​ទឹក ឬ​ផែ​សមរម្យ ប៉ុន្តែ​អ្នក​ខ្លះ​មិន​មាន​ផ្ទះ​សម្រាប់​រស់នៅ​សមរម្យ​ទេ គឺ​មាន​តែ​បង្គោល​ឈើ និង​រនាប​គ្រែ​ខ្លះ ដោយ​បាំង​តង់ រួម​នឹង​ផួយ​ចាស់ៗ​ដើម្បី​ធ្វើ​ជា​ជញ្ជាំង រួម​នឹង​ទូក​សម្រាប់​រស់នៅ​ប៉ុណ្ណោះ។ ពលរដ្ឋ​ខ្លះ​មាន​ទឹក​ស្អាត​ប្រើ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​ដង​ទឹក​បឹង​យក​ទៅ​ប្រើប្រាស់ ហើយ​រាល់​ការ​បន្ទោបង់ គឺ​ពលរដ្ឋ​ភាគ​ច្រើន​ត្រូវ​បត់​ដៃ​បត់​ជើង​ធំ​តូច​នៅ​លើ​ផ្ទៃ​ទឹក​តែ​ម្ដង។

ប្រជា​នេសាទ​មួយ​រូប​ទៀត លោក ចេង វី ឲ្យ​ដឹង​ថា បច្ចុប្បន្ន ទិន្នផល​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​កាន់​តែ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ រហូត​ធ្វើ​ឲ្យ​លោក​ពិបាក​រស់នៅ​ជា​ខ្លាំង។ លោក​បន្ត​ថា ក្រៅ​ពី​នេសាទ ក្រុម​គ្រួសារ​លោក ក៏​បាន​សាកល្បង​ចិញ្ចឹម​ត្រី ប៉ុន្តែ​ត្រូវ​ខាតបង់ ព្រោះ​ត្រី​ងាប់ រហូត​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ពលរដ្ឋ​រូប​នេះ​ត្រូវ​ជំពាក់​បំណុល​គេ​ទៀត​ផង។ ប្រភព​ដដែល​បន្ថែម​ថា ក្រុម​គ្រួសារ​លោក រស់នៅ​លើ​ទឹក​បច្ចុប្បន្ន មិន​មាន​អ្វី​ប្រសើរ​ឡើយ គឺ​កាន់​តែ​ដុនដាប​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៖ «កាន់​តែ​អន់​ថយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់​តែ​ដុនដាប​ទៅ​ម្តង​បន្តិចៗ ធ្លាក់​ដល់​ថ្នាក់​ថា​លែង​ចង់​រស់នៅ»។

លោក ចេង វី មាន​បំណង​ចង់​ទៅ​រស់នៅ​លើ​គោក​ណាស់ ប៉ុន្តែ​ក្រុម​គ្រួសារ​លោក​គ្មាន​អ្វី​ជា​ទី​ពឹង​ឡើយ ព្រោះ​មិន​មាន​ប្រាក់​ដើម្បី​ទិញ​ដី និង​មិន​មាន​ដើមទុន​សម្រាប់​ប្រកប​មុខ​របរ​ផ្សេង​ផង។

ទាក់ទង​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ពេល​នេះ មេ​ឃុំ​ពាមបាង លោក ផាន់ ផាន មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​បាន​ធ្វើ​សំណើ​បញ្ជូន​ទៅ​អាជ្ញាធរ​ខេត្ត​ជាច្រើន​លើក​ច្រើន​សា ប៉ុន្តែ​មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​ដើម្បី​ប្រគល់​ដី​ជូន​ពលរដ្ឋ​ទេ។ បន្ថែម​ពី​នេះ​ទៀត កន្លង​មក រាជ​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទាំង​នោះ​លើ​ទំហំ​ដី​ជាង ១​ពាន់​ហិកតារ (១.៤៨៥​ហិកតារ) ម្តង​រួច​មក​ហើយ ក្រោយ​មក​ក៏​ស្ងាត់​សូន្យ​ទៅ​វិញ។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​រស់នៅ​លើ​ទឹក​ទាំង​នោះ ពិត​ជា​ជួប​ការ​លំបាក​ច្រើន ទាំង​សុខភាព​ប្រចាំ​ថ្ងៃ អនាម័យ អប់រំ ព្រម​ទាំង​ការ​ប្រកប​មុខ​របរ​ជាដើម៖ «ចរាចរណ៍​ចេញ​ចូល​ហ្នឹង គ្នា​វា​ពិបាក បើក​កាណូត​ចេញ​ចូល គ្នា​វា​មាន​ផល​លំបាក​ច្រើន។ ទី​ពីរ ជីវភាព​ដែល​រស់នៅ។ រស់នៅ​នេះ​ហ្នឹង ទឹក​ល្អក់​កករ​ដូច​ទឹក​ភក់ ហើយ​បើ​គ្នា​ក្រ ប្រជាពលរដ្ឋ​ហ្នឹង​ឯង​ដង​ទឹក​ហ្នឹង​យក​ទៅ​កូរ​សាច់ជូរ​ហូប​ទៅ»។

លោក​មេ​ឃុំ​បន្ត​ថា ប្រសិន​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ជុំវិញ​ការ​ស្នើសុំ​របស់​អ្នក​ភូមិ​បណ្ដែត​ទឹក​ទាំង​នោះ​ទៀត ពលរដ្ឋ​មាន​គម្រោង​ឡើង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ដី​ពី​ប្រមុខ​ដឹក​នាំ​ផ្ទាល់​ជា​ថ្មី​ម្តង​ទៀត។


ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​លើ​ទឹក ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ឧសភា ថា អាជ្ញាធរ​ខេត្ត​កំពុង​គិតគូរ​លើ​បញ្ហា​នេះ​ហើយ ប៉ុន្តែ​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់។ ជាង​នេះ​ទៀត អាជ្ញាធរ​បាន​កំណត់​កាត់​ផ្ទៃ​ដី​មួយ​ចំនួន​សម្រាប់​ប្រគល់​ឲ្យ​ពលរដ្ឋ​រស់នៅ​លើ​ទឹក​ក្នុង​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាមបាង ស្រុក​ស្ទោង រួច​មក​ហើយ ប៉ុន្តែ​ផ្ទៃ​ដី​នោះ​នៅ​មិន​ទាន់​គ្រប់​ចំនួន​ប្រជាពលរដ្ឋ ទើប​អាជ្ញាធរ​មិន​ទាន់​សម្រេច​ប្រគល់​ឲ្យ​ពួក​គាត់​ជា​ផ្លូវ​ការ៖ «អ៊ីចឹង​យើង​កំពុង​សិក្សា​បន្ថែម ថា​ដី​កន្លែង​ណា​ដែល​យើង​គួរ​ឆ្វៀល​ឲ្យ​គ្រប់​ចំនួន ដែល​សម្ដេច​បាន​កាត់​ក្នុង​ផែនទី»។

អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា ការ​កំណត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ គឺ​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ថា ដី​ទាំង​នោះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ឬ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន ព្រម​ទាំង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន យល់​ថា នៅ​ពេល​ពលរដ្ឋ​ទាំង​នោះ​មាន​បំណង​ចង់​រស់​នៅ​លើ​ដី​គោក គឺ​ជា​រឿង​ល្អ​មួយ។ លោក​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​គិតគូរ​ជូន​ពួក​គាត់​តាម​សំណូមពរ ពីព្រោះ​ការ​រស់នៅ​លើ​ទឹក​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ភូមិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​លើ​ផ្ទៃ​ទឹក​ទៀត​ផង៖ «ខ្ញុំ​គិត​ថា​ក្នុង​នាម​អាជ្ញាធរ​ដែនដី តាំង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ដី​ជូន​ពួក​គាត់»។

លោក​បន្ថែម​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​អាច​មក​រស់នៅ​លើ​គោក​បាន​ទាំងអស់​គ្នា អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​វិធានការ​ជាក់លាក់ ដោយ​មិន​ត្រូវ​ពន្យារ​ពេល​ទៀត​ទេ។ លោក​ថា អាជ្ញាធរ​ត្រូវ​អភិវឌ្ឍ​តំបន់​ដែល​ពួក​គាត់​កំណត់​បញ្ជូន​ពលរដ្ឋ​មក​រស់នៅ​ជា​មុន ដូចជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​មន្ទីរពេទ្យ ទីផ្សារ សាលា​រៀន ប្រព័ន្ធ​ទឹក ភ្លើង ជាដើម។ លោក​បន្ត​ថា ជៀសវាង​អាជ្ញាធរ​នាំ​យក​ពួក​គាត់​ចេញ​ពី​ផ្ទៃ​ទឹក​មក​រស់នៅ​តំបន់​ដែល​មាន​ភាព​លំបាក​ជាង​មុន​ថែម​ទៀត៕

No comments: