A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 May 2016

ពលរដ្ឋ​ខេត្ត​ព្រៃវែង​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​យក​ស្នាម​មេដៃ​ពួក​គាត់​ទៅ​ធ្វើ​អ្វី​ផ្សេង


ដោយ ថា កិត្យា
2016-05-22

ផែនទី​ខេត្ត​ព្រៃវែង ៦២០
ផែនទី​ខេត្ត​ព្រៃវែង។
Photo: RFA


ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃកន្លោង ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង សម្ដែង​ការ​ព្រួយ​បារម្ភ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពួក​គាត់ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។ ចំណែក​អាជ្ញាធរ​អះអាង​ថា ការ​ប្រមូល​ស្នាម​មេដៃ​នេះ មាន​ហេតុផល​ពីរ គឺ​តវ៉ា​រឿង​គីឡូ​ភ្លើង​ឡើង និង​ធ្វើ​ផ្លូវ​ថ្នល់។

ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​ខ្លាច​ស្នាម​មេដៃ​របស់​ពួក​គាត់​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ផល​ប្រយោជន៍​នយោបាយ។

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា មេ​ភូមិ​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ផ្ដិត​មេដៃ ដើម្បី​តវ៉ា​កុំ​ឲ្យ​គីឡូ​ភ្លើង​ឡើង​ខុស​ប្រក្រតី និង​ស្នើសុំ​ធ្វើ​ផ្លូវ​ផង ប៉ុន្តែ​ក្រដាស​សម្រាប់​ផ្ដិត​មេដៃ​នោះ គ្មាន​សរសេរ​អក្សរ​បញ្ជាក់​ពី​កម្មវត្ថុ​នោះ​ទេ គឺ​មាន​តែ​ក្រដាស​ស​ទទេ៖ «ពួក​ខ្ញុំ​ផ្ដិត​មេដៃ គេ​ថា​រឿង​ភ្លើង មិន​បាន​ដឹង​រឿង​អី​ផ្សេង​ទេ។ គេ​អត់​បង្ខំ​ទេ»។

ពលរដ្ឋ​ព្រួយ​បារម្ភ​ថា ការ​ប្រមូល​ស្នាម​មេដៃ​នៅ​ពេល​នេះ អាច​នឹង​មាន​បំណង​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​ការ​អះអាង​របស់​មេ​ភូមិ​គណបក្ស​កាន់​អំណាច ដែល​ធ្វើ​ក្នុង​ពេល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង និង​មាន​ការ​ប្រកាស​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ម្នាក់ គឺ​កញ្ញា ធី សុវណ្ណថា ដែល​ថា​នឹង​ប្រមូល​ស្នាម​មេដៃ​ចំនួន ១​លាន​នាក់ ដើម្បី​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ធី សុវណ្ណថា បាន​ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា។



មេ​ឃុំ​ព្រៃកន្លោង លោក សួន ស្រោល អះអាង​ថា ការ​ប្រមូល​ស្នាម​មេដៃ​នោះ​គ្មាន​ហេតុផល​អី​ផ្សេង ក្រៅ​ពី​ធ្វើ​ផ្លូវ និង​តវ៉ា​រឿង​ភ្លើង​អគ្គិសនី​នោះ​ទេ៖ «ការ​ផ្ដិត​មេដៃ​មាន​ពីរ​ផ្នែក។ ទី​១ គឺ​រឿង​អគ្គិសនី។ ទី​២ ការ​ផ្ដិត​មេដៃ​ដើម្បី​បរិច្ចាគ​ដីធ្លី​សម្រាប់​ធ្វើ​ផ្លូវ​កៅស៊ូ»។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​ភូមិ-ឃុំ​ជាច្រើន​ស្ថិត​ក្នុង​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ ជាដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា អាជ្ញាធរ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដោយ​អះអាង​ថា យក​ទៅ​ធ្វើ​ផ្លូវ​ផង ធ្វើ​អណ្ដូងទឹក​ផង និង​ខ្លះ​ទៀត​ថា​តវ៉ា​រឿង​ភ្លើង​អគ្គិសនី​ផង។

អ្នក​សម្របសម្រួល​នៃ​អង្គការ​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី មាន​ប្រសាសន៍​ថា ការ​ផ្ដិត​មេដៃ​ដែល​គ្មាន​សរសេរ​បញ្ជាក់​ក្បាល​លិខិត​ត្រឹមត្រូវ​ដូច្នេះ ធ្វើ​ឲ្យ​មាន​ការ​ងឿងឆ្ងល់ និង​បារម្ភ​ថា ប្រសិន​បើ​អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ​នោះ​មាន​ចេតនា​មិន​ល្អ គេ​អាច​យក​ទៅ​កិប​ជាប់​នឹង​ក្រដាស​គាំទ្រ​អ្វី​ផ្សេង​ទៀត​ដែល​ផ្ទុយ​ពី​ឆន្ទៈ​ម្ចាស់​ស្នាម​មេដៃ៖ «កុំ​ឲ្យ​មាន​ករណី​ផ្ដិត​មេដៃ​មាន​តែ​ក្រដាស​ស​អ៊ីចឹង​ទៀត ព្រោះ​ពួក​គាត់​បារម្ភ​ថា ក្រោយ​ពី​ផ្ដិត​មេដៃ​ហើយ​នោះ ខ្លាច​គេ​យក​ទៅ​ធ្វើ​រឿង​អី​ផ្សេង​ក្រៅ​ពី​អ្វី​ដែល​បាន​និយាយ​ប្រាប់​គាត់»។

អ្នកស្រី អ៊ាង គឹមលី លើក​ឡើង​ថា ប្រសិន​បើ​ស្នាម​មេដៃ​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ហេតុផល​ផ្សេង​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ និង​ជា​ការ​បោកប្រាស់៕

No comments: