A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 May 2016

ក្រសួង​សុខាភិបាល​នឹង​ពិន័យ​ប្រាក់​២​ម៉ឺន​រៀល​ចំពោះ​អ្នក​ជក់​បារី​នៅ​កន្លែង​ហាម​ឃាត់


ដោយ អ៊ុំ រង្សី
2016-05-22

ជក់​បារី កំពង់ចាម ២០១៦ ៨៥៥
ពលរដ្ឋ​ជក់​បារី​តាម​ផ្ទះ ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chan Thuna
 RFA/Chan Thuna



សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ស្ដីពី​ស្លាក​បម្រាម​នៃ​ការ​ហាម​ការ​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់ ឲ្យ​ដឹង​ថា ជន​ណា​ដែល​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ហាម​ឃាត់ ត្រូវ​ពិន័យ​ជា​ប្រាក់ ២​ម៉ឺន​រៀល។ ករណី​នេះ សង្គម​ស៊ីវិល​ធ្វើ​ការ​លើក​ស្ទួយ​វិស័យ​សុខភាព បង្ហាញ​ការ​គាំទ្រ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ហាម​ឃាត់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា ការ​ពិន័យ​ជា​ប្រាក់ ២​ម៉ឺន​រៀល​ចំពោះ​ជន​ណា​ដែល​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ហាម​ឃាត់ ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​អនុក្រឹត្យ​លេខ​៤៣ អនក្រ.បក ស្ដីពី​វិធានការ​ហាម​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​សាធារណៈ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹង​តាម​ប្រកាស​ស្ដីពី​ស្លាក​បម្រាម​នៃ​ការ​ហាម​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​ថា ការ​ចេញ​ប្រកាស​ថ្មី​មួយ​នេះ​ក្នុង​បំណង​ឲ្យ​មាន​ការ​អនុវត្ត​នៅ​តាម​ហាង ភោជនីយដ្ឋាន កន្លែង​ធ្វើ​ការ ទី​សាធារណៈ​នានា ឲ្យ​ដាក់​ស្លាក​បម្រាម​នៃ​ការ​ហាម​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់ ដើម្បី​កុំ​ឲ្យ​បន្ត​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​កម្ពុជា។



ទាក់ទិន​បញ្ហា​នេះ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ថា ការ​ស្រាវជ្រាវ​កន្លង​មក​រក​ឃើញ​ថា នៅ​កម្ពុជា មាន​អ្នក​ស្លាប់​ជាង ១ម៉ឺ​ន​នាក់​ក្នុង​មួយ​ឆ្នាំ​ក្នុង​ចំណោម​អ្នក​ជក់ និង​ចុក​ថ្នាំ​សរុប ២​លាន​នាក់។ ជាង​នេះ បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ជាតិ​ជាង ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​យល់​ថា ជា​ការ​ល្អ​ដែល​ក្រសួង​ចេញ​សេចក្ដី​ប្រកាស​ជា​ថ្មី ថ្វីត្បិតតែ​ការ​ផាក​ពិន័យ​ក្នុង​កម្រិត​មួយ​ទាប​ជាង​ប្រទេស​ជិត​ខាង​ក៏ដោយ ប៉ុន្តែ​នេះ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ បន្ទាប់​ពី​ការ​អប់រំ។ ទន្ទឹម​គ្នា​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់៖ «បើ​សិន​ជា​មាន​ការ​ចូលរួម​ពី​មន្ត្រី​អធិការកិច្ច​របស់​ក្រសួង នឹង​អាច​មាន​ប្រសិទ្ធភាព ហើយ​ប្រជាពលរដ្ឋ​នឹង​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា»។

លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​ជក់​បារី​នៅ​កន្លែង​ហាម​ឃាត់​នេះ នឹង​ធ្វើ​ឡើង​ដោយ​មន្ត្រី​អធិការកិច្ច​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់​នៃ​ក្រសួង​សុខាភិបាល ដោយ​ទុក​ចន្លោះ​ពេល ៦​ខែ ដើម្បី​ផ្សព្វផ្សាយ​អនុក្រឹត្យ​នេះ។

ក្រសួង​សុខាភិបាល បាន​ណែនាំ​ស្លាក​បម្រាម​អំពី​ការ​ហាម​ឃាត់​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់ ត្រូវ​ជា​សារ​សរសេរ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស អម​ដោយ​សញ្ញា​បម្រាម។ ស្លាក​បម្រាម​ត្រូវ​សរសេរ​ថា «ហាម​ជក់​បារី» ឬ​ជា​ភាសា​អង់គ្លេស «No Smoking» អម​ជាមួយ​នឹង​សញ្ញា​បម្រាម​ដែល​មាន​រូបភាព​បារី​មួយ​ដើម​នៅ​ក្នុង​រង្វង់​មូល​ក្រហម និង​មាន​បន្ទាត់​ក្រហម​មួយ គូស​ចំ​អង្កត់​ផ្ចិត​បញ្ឆិត​ពី​ខាង​លើ​នៃ​ផ្នែក​ខាង​ឆ្វេង​មក​ក្រោម​ផ្នែក​ខាង​ស្ដាំ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ដដែល ក៏​បាន​ណែនាំ​ឲ្យ​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​កន្លែង​ធ្វើ​ការ ម្ចាស់​កន្លែង​សាធារណៈ និង​ភោជនីយដ្ឋាន ត្រូវ​តែ​បិទ​ផ្សាយ និង​ដាក់​ស្លាក​បម្រាម​ហាម​ជក់​បារី​នៅ​កន្លែង​ដែល​អាច​មើល​ឃើញ​ច្បាស់ ដូចជា កន្លែង​ចេញ​ចូល កន្លែង​ទទួល​ភ្ញៀវ បន្ទប់​ទឹក។ បើ​បុគ្គល​ណា​ដែល​រំលោភ​បទប្បញ្ញត្តិ​នៃ​ប្រកាស​នេះ នឹង​ត្រូវ​ទទួល​ពិន័យ​តាម​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់ និង​អនុក្រឹត្យ​ស្ដីពី​វិធានការ​ហាម​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​សាធារណៈ៕

1 comment:

Anonymous said...

it did not take long ... the socialist political correctness nuts of america/europe have landed in cambodia...soon smoking will be banned inside your own home... then like in new york , stores selling or serving certain oversize soft drink will be fined ... according to the socialist nuts , people are not capable of making decision for their own well-being ONLY gov can and will .