A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 April 2016

សង្ខេប​ខ្លឹមសារ​ភាពយន្ត​ឯកសារ "ខ្ញុំ​ជា ឈុត វុទ្ធី"

សង្ខេប​ខ្លឹមសារ​ភាពយន្ត​ឯកសារ "ខ្ញុំ​ជា ឈុត វុទ្ធី"
ដោយ យាង សុជាមេត្តា
2016-04-22

ឈុត វុទ្ធី ៨៥៥ ២០១៦
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
 RFA Screenshot


ភាពយន្ត​ឯកសារ​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា “I am Chut Wutty” ឬ "ខ្ញុំ​ជា ឈុត វុទ្ធី" ត្រូវ​បាន​ជនជាតិ​អង់គ្លេស​ឈ្មោះ ហ្វ្រេន ឡាំប្រីក (Fran Lambrick) ផលិត​ឡើង​ដើម្បី​បង្ហាញ​ពី​សកម្មភាព​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​របស់​លោក ឈុត វុទ្ធី អ្នក​ការពារ​បរិស្ថាន ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ ក្នុង​ពេល​លោក​ចុះ​ពិនិត្យមើល​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង។

ផលិតករ ហ្វ្រេន ឡាំប្រីក គ្រោង​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះ នៅ​មជ្ឈមណ្ឌល មេត្តា ហោស៍ (Meta House) កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ប៉ុន្តែ​គម្រោង​នេះ​បរាជ័យ ដោយសារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មិន​អនុញ្ញាត។

ភាពយន្ត​ឯកសារ​នេះ កំពុង​ធ្វើ​ឲ្យ​មនុស្សម្នា​ចាប់​អារម្មណ៍ និង​ចង់​ទស្សនា​យ៉ាង​ខ្លាំង។ តើ​ភាពយន្ត​ឯកសារ I am Chut Wutty រៀបរាប់​ពី​អ្វី​ខ្លះ?

ភាពយន្ត​ឯកសារ I am Chut Wutty ឬ ខ្ញុំ​ជា ឈុត វុទ្ធី មាន​រយៈពេល​សរុប​ប្រមាណ ៥៤​នាទី។ បើទោះជា​មាន​រយៈពេល​មិន​ដល់ ១​ម៉ោង​ក្តី ប៉ុន្តែ​ម្ចាស់​ផលិតកម្ម​នៃ​ភាពយន្ត​នេះ បាន​ចំណាយ​ពេល​រហូត​ដល់​ជិត ៤​ឆ្នាំ ដើម្បី​ផលិតភាព​យន្ត​នេះ​ឲ្យ​លេចចេញ​ជា​រូបរាង​ឡើង។



តួអង្គ​សំខាន់​បំផុត​នៅ​ក្នុង​ភាពយន្ត​នេះ ប្រាកដ​ណាស់​គឺ​ជា​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​ដែល​គេ​បាញ់​សម្លាប់។ តួអង្គ​ក្រៅ​ពី​នោះ មាន​ដូចជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ដែល​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​លោក ឈុត វុទ្ធី មិត្តភ័ក្ដិ​លោក ឈុត វុទ្ធី សហគមន៍​ជនជាតិ​ដើម​ភាគតិច ពលរដ្ឋ​រងគ្រោះ​ដែល​រស់​នៅ​អាស្រ័យ​លើ​អនុផល​ព្រៃឈើ សាក្សី​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​សមាជិក​ក្រុម​គ្រួសារ​លោក​ជាដើម។

ភាពយន្ត​ចាប់​ផ្ដើម​ដោយ​បង្ហាញ​នូវ​សកម្មភាព​របស់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ព្រៃឡង់ ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​ដង​ជ័រ​ពី​រុក្ខជាតិ​យក​មក​លក់​សម្រាប់​ចិញ្ចឹម​ជីវិត។ ពលរដ្ឋ​និយាយ​ថា បើ​មាន​ក្រុមហ៊ុន ឬ​ជន​ទុច្ចរិត​ចូល​កាប់​ឈើ​ក្នុង​តំបន់​ពួកគេ ពលរដ្ឋ​ប្រាកដ​ជា​មិន​អាច​រស់​បាន​ឡើយ។ ក្នុង​ពេល​នោះ​ឯង ដែល​ពលរដ្ឋ​លើក​ឡើង​ពី​ឈ្មោះ​តួឯក​នៅ​ក្នុង​សាច់​រឿង គឺ​លោក ឈុត វុទ្ធី។ ពួកគេ​ថា លោក ឈុត វុទ្ធី តែង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​អប់រំ​ពលរដ្ឋ​ពី​សិទ្ធិ និង​ឲ្យ​ពលរដ្ឋ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​ពួកគេ។

ផលិតករ​ក៏​ចាប់​ផ្ដើម​ណែនាំ​ឲ្យ​គេ​ស្គាល់​លោក ឈុត វុទ្ធី ប៉ុន្តែ​មិន​ទាន់​បញ្ចេញ​មុខ​តួឯក​នេះ​នៅ​ឡើយ​ទេ គ្រាន់តែ​បញ្ចេញ​នូវ​សំឡេង​របស់​លោក ដែល​និយាយ​ពី​សារសំខាន់​នៃ​រុក្ខជាតិ​សម្រាប់​បម្រើ​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច៖ «ដូចជា​ស្បែក​យើង​អ៊ីចឹង ខ្លួន​យើង​អ៊ីចឹង បើ​យើង​អត់​មាន​ស្បែក សួរ​ថា​យើង​អាច​រស់​នៅ​បាន​អត់? យើង​នឹង​ស្លាប់ អ៊ីចឹង​គាត់​ក៏​ដូច​គ្នា។ ខ្ញុំ​យល់​ថា បើ​ខ្ញុំ​មិន​ជួយ​គាត់ អត់​មាន​នរណា​ជួយ​គាត់​ទេ»។

បងប្អូន​ជីដូនមួយ​លោក ឈុត វុទ្ធី គឺ​លោក ឈួន ភិរម្យ និយាយ​ថា មុន​ពេល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ លោក ឈុត វុទ្ធី បាន​កកូរកកាយ​ច្រើន​រឿងរ៉ាវ​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃឡង់ ដែល​ធ្វើ​ឲ្យ​គេ​មិន​សប្បាយ​ចិត្ត។

ចំណែក​កូនប្រុស​លោក ឈុត វុទ្ធី លោក ឆឺយ ឧត្តមរស្មី រម្លឹក​ពាក្យ​សម្ដី​ឪពុក​ដែល​តែង​ប្រាប់​ថា ការងារ​ឪពុក​លោក បើ​មិន​ជាប់​គុក​ក៏​ស្លាប់​ដែរ។ លោក ឧត្តមរស្មី ថា​ឪពុក​មិន​លើក​ទឹក​ចិត្ត​ឲ្យ​លោក​ចូល​ព្រៃ​ជាមួយ​ទេ ខ្លាចក្រែង​មាន​គ្រោះថ្នាក់។

មក​ដល់​ត្រង់​នេះ ទើប​អ្នក​និពន្ធ​បង្ហាញ​មុខ​តួឯក គឺ​លោក ឈុត វុទ្ធី ដែល​ចុះ​ជួប​សហគមន៍​ព្រៃឡង់ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១១៖ «សំឡេង​ជជែក​គ្នា​ចម្រុះ»។

សកម្មភាព​ចុះ​ល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍​ក៏​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ភាពយន្ត។ លោក ឈុត វុទ្ធី លើក​ឡើង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ គឺ​កើត​ឡើង​ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច។ ភាពយន្ត​ក៏​បង្ហាញ​ពី​ការ​រស់​នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​ទំរីង ក្នុង​ខេត្ត​កំពង់ធំ។ តំបន់​នេះ​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យក​ធ្វើ​ជា​គំរូ​សម្រាប់​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​ភូមិ​ពី​ការ​រស់​ពឹង​ផ្អែក​លើ​ការ​ដង​ជ័រ​ទឹក​រុក្ខជាតិ ទៅ​ជា​ការ​ចៀរ​ជ័រ​កៅស៊ូ តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន។

សំឡេង​លោក ហ៊ុន សែន៖ «ប្រែ​ក្លាយ​ទី​នេះ ផ្លាស់ប្ដូរ​ទី​នេះ ត្រង​ជ័រ​ទឹក​នោះ ឲ្យ​មក​ជា​ការ​ប្រមូល​ជ័រ​កៅស៊ូ​ក្នុង​សតវត្ស​ថ្មី​នេះ គឺ​ទំរីង​ជា​តំបន់​ដែល​ផ្លាស់ប្ដូរ​មុន​គេ​ពី​ការ​ដែល​ធ្លាប់​តែ​ធ្វើ​ពនេចរ​ពី​ចម្ការ​មួយ​ទៅ​កាន់​ចម្ការ​មួយ​ថ្មី​ទៀត ដោយ​ប្រើ​ពលកម្ម​យ៉ាង​ច្រើន​ទៅ​ជា​ការ​ធ្វើ​អាជីវកម្ម​ដាំ​ដុះ​ប្រកប​ដោយ​សុវត្ថិភាព»។

​ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​មិន​ចង់​បាន​ការ​អភិវឌ្ឍ​បែប​នេះ​ឡើយ។ ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​រក្សា​ព្រៃ​ទុក ព្រោះ​វា​ផ្ដល់​អនុផល​ដល់​ពលរដ្ឋ​យូរ​អង្វែង​ត​កូន​ត​ចៅ។ ពួកគេ​យល់​ថា ការ​បំផ្លាញ​ព្រៃ​ចោល ហើយ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ស៊ី​ឈ្នួល​ក្រុមហ៊ុន គឺ​មិន​ស្ថិតស្ថេរ​ឡើយ។ លោក ឈុត វុទ្ធី លើក​ឡើង​ថា ក្រុមហ៊ុន​មិន​ត្រឹមតែ​កាប់​ឈើ​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​នោះ​ទេ សូម្បី​តែ​ដើម​ឈើ​តូចៗ មិន​ទាន់​គ្រប់​អាយុ និង​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការពារ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​កាប់​បំផ្លាញ​ដែរ។

ឈុត​ឆាក​នៃ​ការ​តវ៉ា​របស់​អ្នក​ភូមិ​ប្រឆាំង​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន ត្រូវ​បាន​បង្ហាញ​ឡើង។ ការ​តវ៉ា​រហូត​ដល់​ឈាន​ដល់​ពលរដ្ឋ​ប្រមូល​ឈើ​ដែល​ក្រុមហ៊ុន​កាប់​ច្រៀក​រួច​ហើយ​នោះ យក​មក​ដុត​កម្ទេច​ចោល។ ពេល​នោះ​ហើយ​ដែល​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ បាន​ចូល​ទៅ​ចាប់​ខ្លួន​លោក ឈុត វុទ្ធី តែ​ត្រូវ​បាន​ពលរដ្ឋ​ប្រទាញប្រទង់​អូស​យក​គាត់​មក​វិញ៖ «ទៅ​ដំបូង​ខ្ញុំ​អត់​នឹក​ស្មាន​ថា មាន​ការ​ចាប់​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ​មាន​ព្រឹត្តិការណ៍​កើត​ឡើង មាន​កម្លាំង​មក​ដល់​ចូល​ខាង​ក្រោយ​ខ្ញុំ… ប៉ុន្តែ​សំណាង​ដែរ​ពេល​នោះ ប្រជាជន និង​សហគមន៍​ជួយ​ខ្ញុំ បើសិនជា​សហគមន៍​មិន​ជួយ​ខ្ញុំ​ទេ ខ្ញុំ​ក៏​មាន​ការ​ពិបាក​ដែរ»។

បើ​ទោះបីជា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្តី តែ​លោក ឈុត វុទ្ធី មិន​បញ្ឈប់​សកម្មភាព​ជួយ​សហគមន៍​ការពារ​ព្រៃឈើ​ឡើយ។ លោក ឈុត វុទ្ធី បញ្ជាក់​ថា លោក​មិន​អាច​ទម្លាក់​ការងារ​ការពារ​បរិស្ថាន​ចោល​បាន​ឡើយ ព្រោះ​លោក​ថា មាន​មនុស្ស​តិចតួច​ណាស់​ដែល​ហ៊ាន​ធ្វើ​ការងារ​មាន​លក្ខណៈ​ប្រឈម​ខ្លាំង​ដូច​លោក។

ប្រហែល​ជា​ដោយសារ​ភាព​ក្លាហាន មិន​រួញរា​របស់​លោក ឈុត វុទ្ធី នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ជន​ទុច្ចរិត​កាប់​បំផ្លាញ​ព្រៃឈើ​មិន​សប្បាយ​ចិត្ត។ ទីបំផុត នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខេត្ត​កោះកុង ក្នុង​ពេល​លោក​នាំ​ក្រុម​ការងារ និង​អ្នក​កាសែត​ចុះ ពិនិត្យ​មើល​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ។

កូន​ប្រុស​លោក ឈុត វុទ្ធី លោក ឆឺយ ឧត្តមរស្មី ឲ្យ​ដឹង​ថា មុន​ពេល​ស្លាប់​ប្រហែល ៣​ម៉ោង លោក ឈុត វុទ្ធី បាន​ទូរស័ព្ទ​មក​ប្រាប់​ថា គាត់​ព្យាយាម​បញ្ចប់​ការងារ​ឲ្យ​ហើយ​មុន​នឹង​ត្រឡប់​មក​ផ្ទះ​វិញ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ស្រាប់​តែ​មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ថា លោក ឈុត វុទ្ធី បាន​ស្លាប់​ហើយ។ ពេល​នោះ​ហើយ​ដែល​លោក ឈុត វុទ្ធី បាន​ចាកចោល​ពួកគេ​ជា​រៀង​រហូត​មក៕

No comments: