A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 April 2016

បញ្ឈប់​ការ​ទម្លាក់​កំហុស​គ្រោះថ្នាក់​ចរាចរណ៍ ​ថា​មកពី​ទេវតា​ឆ្នាំ​ថ្មី​កាច​ទៅ!


ទិដ្ឋភាព​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក។ ហេង ជីវ័ន


បញ្ឈប់​ការ​ទម្លាក់​កំហុស​គ្រោះថ្នាក់​ចរាចរណ៍ ​ថា​មកពី​ទេវតា​ឆ្នាំ​ថ្មី​កាច​ទៅ!
Tue, 19 April 2016 ppp
តុង សុប្រាជ្ញ


បន្ទាប់ពី​ទេវតា​ចាស់​ឆ្នាំ​មមែ​ដែល​មាន​អាណត្តិ​មួយ​ឆ្នាំ​បាន​ចាកចេញ​ទៅ​ក៏​មាន​ពិធី​ផ្ទេរ​តំណែង​មក​ទេវតា​ថ្មី​ឆ្នាំ​វក​មក​ជំនួស​រយៈ​មួយ​ឆ្នាំ​ពេញ​ហើយ​​ប្តេជ្ញា​ចិត្ត​ធ្វើ​សុខដុមនីយកម្ម​ប្រជារាស្ត្រ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ដែរ​។

ក្នុង​អំឡុង​ចូល​ឆ្នាំ​នេះ​ក៏​ដូចជា​ឆ្នាំ​មុនៗ​ដែរ​គឺ​អ្នក​លក់​ស្រា និង​ស្រាបៀរ​បាន​ត្អូញត្អែរ​ថា​រោងចក្រ​ស្រាបៀរ​ផលិត​អត់​ទាន់​អ្នក​ផឹក អ្នក​លក់​ដេប៉ូ​ចែកចាយ​តាម​ខេត្ត ក្រុង ស្រុក ឃុំ និង​ភូមិ​ក៏​លក់​ស្ទើរ​តែ​អស់​អ្នក​លក់​ចាប់ហួយ​សល់​តិចតួច​គ្រាន់​លក់​រាយ​ប៉ុណ្ណោះ​។

ការ​ទិញ​នេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទាំង​កេស​តែ​ម្តង​ដើម្បី​ផ្ទៀង​យក​រង្វាន់​បន្ទាប់​ពី​ហូប​ស្រា ឬ​ក៏​ស្រាបៀរ​នោះ​ផង​មាន​លក្ខណៈ​បង្ខំ​គ្នា​ផង និង​មាន​លក្ខណៈ​អួតអាង​ចង់​ផឹក​ខ្លួនឯង​ថា​ពូកែ​ផង​បើ​ទោះបី​ជា​ដឹង​ថា​ឥទ្ធិពល​នៃ​ជាតិ​សុរា និង​ស្រាបៀរ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ខ្លួនឯង​ផង និង​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​តាមរយៈ​ការ​ប្រើ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ស្រវឹង​ធ្លាក់​ភ្នែក​ក៏ដោយ​។

តាមរយៈ​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ពី​ថ្ងៃ​ទី​ ១៣ ​ដល់​ទី​ ១៦ ខែ​មេសា​ឆ្នាំ​ ២០១៦ មាន​អ្នក​ស្លាប់​ដល់​ទៅ​ ៤៧ ​នាក់​គឺ​មាន​ការ​កើនឡើង​ ១១ ​នាក់​បើ​ប្រៀប​ធៀប​កាលពី​ឆ្នាំ​ ២០១៥ ​កន្លង​ទៅ​នេះ​។



នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​ ២ ខ្ញុំ​បាន​ឃើញ​ហេតុការណ៍​ប្រមាណ​ជា​ ១០ ​នាទី​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏តក់ស្លុត​មួយ​នៅលើ​ស្ពាន​ព្រែក​តាមាក់​នៅ​ម៉ោង​ប្រមាណ​ជា​ ៤ ​រសៀល​ពេល​ធ្វើ​ដំណើរ​ពី​ស្រុក​ខ្សាច់​កណ្តាល​ពី​ស្ពាន​ខាង​កើត​មើល​ទៅ​ឃើញ​រថយន្ត​ម៉ាក​ Montero ​ដែល​បាន​បើក​វ៉ា​ពី​ត្រើយ​ខាង​កើត​បុក​រះ​ម៉ូតូ​ដែល​បើក​ពី​ត្រើយ​ខាង​លិច​បញ្ច្រាស​គ្នា​ពេញ​ទំហឹង​ឃើញ​មនុស្ស​ស្លាប់ របួស​ធ្ងន់ និង​របួស​ស្រាល​រដូក​រណែល​នៅ​លើ​ថ្លុក​ឈាម ប៉ើង​ម៉ូតូ និង​អីវ៉ាន់​ខ្ចាយ​ពេញ​ថ្នល់​តាំង​ពី​ពាក់​កណ្តាល​ដើម​ស្ពាន​ដល់​លើ​កំពូល​ស្ពាន​ឮ​សូរ​តែ​សម្រែក​ទ្រហោ​យំ​ពេញ​ថ្នល់​រីឯ​អ្នក​បើកបរ​រថយន្ត​បុក​នោះ​ឈប់​នៅ​លើ​ស្ពាន​ហើយ​រត់​ចោល​បាត់​ស្រមោល​។

ក្រឡេក​មើល​ទៅ​ជុំវិញ​កន្លែង​កើត​ហេតុ​មិន​ទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​មក​តាម​ចាប់​អ្នក​បើកបរ​នោះ​ទាន់​ពេល​ទេ​ហើយ​រថយន្ត​សាមុយ​សង្គ្រោះ​បន្ទាន់​ក៏​មិន​ដឹង​នៅ​ទី​ណា​ដែរ​។ មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​លេចឮ​ព័ត៌មាន​ចាប់​អ្នក​បើកបរ​រថយន្ត​នោះ​បាន​នៅ​ឡើយ​ទេ​។ នេះ​​គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វេសប្រហែស​​របស់​សមត្ថកិច្ច​ចំពោះ​ថ្ងៃ​បុណ្យ​ទាន​ដោយ​មិន​មាន​អ្នក​ប្រចាំការ​នៅ​លើ​ស្ពាន​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​សមត្ថកិច្ច​ធ្វើឲ្យ​ជនល្មើស​មាន​ឱកាស​គេច​ខ្លួន​បាត់​ហើយ​ករណី​នេះ​សមត្ថកិច្ច​យក​ទិន្នន័យ​ពី​គ្រោះថ្នាក់​មក​វិភាគ​ធ្វើ​ឲ្យ​មាន​ភាព​លម្អៀង និង​​មិន​ច្បាស់​លាស់​គឺ​បាន​ត្រឹម​តែ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ថា​បើក​វ៉ា​គ្នា​ បើក​ហួស​ល្បឿន រំលោភ​ឆ្លង​គំនូស​​ផ្លូវ ឬ​ងុយ​ដេក​តែ​ប៉ុណ្ណឹង​តែ​ជាក់​ស្តែង​ឫសគល់​នៃ​បញ្ហា​គឺ​អាច​បណ្តាល​មកពី​អ្នក​បើកបរ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា ឬ​ក៏​មិន​ទាន់​អស់​ចំហាយ​ស្រវឹង​ពី​យប់​សោះ​ដល់​មែនៗ​ទៅ​សូម្បី​តែ​រថភ្លើង​ក៏​មិន​លើក​លែង​ដែរ​។

នៅពេល​​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ប្រជាពលរដ្ឋ​ចេះ​តែ​មាន​ជំនឿ​តៗ​គ្នា​ទៅ​ទេវតា​ឆ្នាំ​នេះ​កាច​ឆ្នាំ​នោះ​ស្លូត ឬ​ក៏​ផ្លូវ និង​ស្ពាន​ហ្នឹង​មាន​ជើងកប​ជាដើម​។

តាមពិត​ទៅ​ទឹក​របស់​ទេវតា​មាន​ទឹក​ស្លូត មាន​ទឹក​កាច ទឹក​ស្លូត​មាន​​ដូចជា​ទឹកសុទ្ធ និង​ភេសជ្ជៈ​ចំណែក​ឯ​ទឹក​កាច​នោះ​គឺ​ស្រា​ និង​ស្រាបៀរ​ជាដើម​​ចម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អ្នក​ផឹក​ម្នាក់ៗ​ខំប្រឹង​ផឹក​ដេញ​តាម​យក​រង្វាន់​ឲ្យ​ដូច​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ដូច​ដែល​មាន​ករណី​តំណាល​តៗ​គ្នា​ថា​មាន​ស្ត្រី​ម្នាក់​គាត់​ឲ្យ​ប្តី​គាត់​ផឹកស្រា និង​ស្រាបៀរ​ស្លាប់​​អស់​ ៣ ​នាក់​ហើយ​នៅ​តែ​មិន​បាន​រង្វាន់​ទៀត​តែ​អ្នក​ភូមិ​បាន​លើក​ហេតុ​ផល​ផ្សេង​ថា​មកពី​ស្ត្រី​រូប​នោះ​គាត់​មាន​ប្រជ្រុយ​ ឬ​ក៏​ក្រយៅ​ស៊ី​ប្តី​បាន​ជា​ប្តី​គាត់​តែង​ស្លាប់​ងាយ​យ៉ាង​នេះ​។

ម្យ៉ាង​វិញ​ទៀត​សឹង​តែ​គ្រប់​បទចម្រៀង​ខារ៉ា​អូខេ​វ៉ុល​ថ្មីៗ​សុទ្ធ​តែ​បំពាក់​ទៅ​ដោយ​គ្រឿង​ស្រវឹង​មាន​តាំង​​ពី​ស្រាវីស្គី ស្រា​ក្រហម ស្រាបៀរ ស្រាស រហូត​ដល់​ទឹកត្នោត​ជូរ​ពុល​រាំ​ទាំង​ចាស់​ទាំង​ក្មេង​ ទាំង​ស្រី​ ទាំង​ប្រុស​។ ដូច​បទ ស៊ូឃ្លាត របស់​ផលិតកម្ម​រស្មី​ហង្សមាស​ក៏​បង្ហាញ​ពី​តួសម្តែង​ប្រុស​ខូចចិត្ត​នឹង​មិត្ត​ស្រី​បើក​ឡាន​ដៃ​ម្ខាង​ឯ​ដៃ​ម្ខាង​ទៀត​លើក​ដប​ស្រា​ក្រហម​អក​ស្រួល​ដូច​ផឹក​ទឹក​អ៊ីចឹង​។

ជាង​នេះ​ទៅ​ទៀត​នោះ​ដោយសារ​តែ​ទាញ​ផលប្រយោជន៍​នយោបាយ​ធ្វើឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ក្រោម​ ១២៥ CC មិន​ចាំបាច់​មាន​ប័ណ្ណ​បើកបរ​ក៏​បាន​ដែរ​ហើយ​ប័ណ្ណ​បើកបរ​ចាស់ៗ​តាំង​ពី​ពេល​ណា​ក៏​ប្រើ​បាន​ដែរ។

នេះ​ហើយ​គឺ​កត្តា​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ធ្វើ​គ្រោះថ្នាក់​កាន់​តែ​សាហាវ​ទៅៗ​ដោយ​ការ​បើកបរ​ប្រមាថ​​អាយុ​ជីវិត​អ្នក​ដទៃ​លែង​ខ្វល់​ពី​បុណ្យ​ពី​បាប​អ្វី​ទាំងអស់​គឺ​មនុស្ស​ទេ​ដែល​​ផឹក​ចំ​ទឹក​កាច​សាហាវ​នោះ​គ្មាន​ទេវតា​ណា​កាច​ហើយ​ឃោរឃៅ​នោះ​ទេ​។

ជា​ផលវិបាក​គ្រាន់​តែ​ចំណាយ​ទៅ​លើ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ដែល​ ១ ឆ្នាំៗ​ខាត​បង់ ៣៣៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ (HIB, 2013) ​។

បើ​ធ្វើការ​សង្កេត​មើល​ពី​ផល​គ្រោះថ្នាក់​រវាង​បារី និង​ស្រា​វិញ​គឺ​ស្រា និង​ស្រាបៀរ​មាន​កម្រិត​គ្រោះថ្នាក់​សុខភាព​ខ្ពស់​ជាង​ហើយ​គ្រោះថ្នាក់​អាយុ​ជីវិត​អ្នក​ដទៃ​ក៏​ខ្ពស់​ជាង​បារី​ដែរ​ឧទាហរណ៍​គេ​មិន​ដែល​និយាយ​ថា​ជក់​បារី​វ៉ៃ​នរណា​ម្នាក់ ឬ​បើក​ល្បឿន​លឿន​នោះ​ទេ​គឺ​មាន​តែ​ថា​ផឹក​ស្រា​មួយ​កែវ​វ៉ៃ​ប្រាវ​ឥឡូវ ឬ​ក៏​ស្រវឹង​បើក​ដេញ​បុក​ចោល​ឥឡូវ​ហ្នឹង​។ តែ​បារី​ត្រូវ​បាន​ច្បាប់​កំណត់​យ៉ាង​តឹងរ៉ឹង​នូវ​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​ជក់​កន្លែង​បិទ​ជិត​ទៀត​គឺ​ទុក​ឲ្យ​ផ្សាយ​មួយ​ផ្នែក​តូច​នៅ​កន្លែង​លក់​​ប៉ុណ្ណោះ។

ផ្ទុយ​ទៅ​វិញ ​ស្រា និង​ស្រាបៀរ​រក​ទិញ​បាន​គ្រប់​ទីកន្លែង​ផឹក​បាន​គ្រប់​ទីកន្លែង​ទីណា​ក៏​បាន​ដែរ​ហើយ​ផ្សាយ​ពាណិជ្ជកម្ម​ម៉ា​សេរី​សូម្បី​តែ​ព្រះសង្ឃ ព្រះមហាក្សត្រ ថ្នាក់​ដឹកនាំ​ប្រជាពលរដ្ឋ​ទូទៅ​ពេល​ខ្លះ​ក៏​ធ្វើ​ដំណើរ​ក្រោម​ស្លាក​ប៉ាណូ​របស់​ស្រា និង​ស្រាបៀរ​ជាមួយ​ស្ត្រី​ស្លៀក​​សិចស៊ី​ដែរ​។ គឺ​ផ្ទុយ​ទៅ​នឹង​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​តែ​បែរ​ជា​ឲ្យ​ព្រះសង្ឃ​តំណាង​ឲ្យ​ព្រះពុទ្ធ​និមន្ត​កាត់​​ក្រោម​ស្លាក​ទាំង​នោះ​ទៅ​វិញ​លែង​ស្គាល់​បុណ្យ​បាប​ហើយ​ឲ្យ​តែ​បាន​លុយ​​ហើយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា និង​ស្រាបៀរ​គាស់​ភ្លាម​បាន​រង្វាន់​ភ្លែត​គឺ​ជំរុញ​ឲ្យ​មនុស្ស​កាន់​តែ​ឈ្លក់​វង្វេង​នឹង​ទទួល​ទាន​ម្តង​ហើយ​ម្តង​ទៀត​ដេញ​តាម​យក​រង្វាន់​នោះ​ធ្វើ​ឲ្យ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​កាន់​តែ​ខ្ពស់​។

អ៊ីចឹង​ហើយ​បាន​ជា​អ្នក​បើក​យានយន្ត​ខ្លះ​មាន​គំនិត​ទុក​ជា​មុន​ថា​បើ​បុក​គេ​អាង​អី​អាង​បុក​គេ​រួច​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​អញ​បាន​រត់​​រួច​ពី​កន្លែង​កើត​ហេតុ​ហើយ​ចាំ​សង​​តាម​​ក្រោយ និង​យ៉ាង​ច្រើន​ជាប់គុក​បន្តិច​បន្តួច​ទៅ​តាម​ច្បាប់​ហើយ​សូក​លុយ​គេ​ឲ្យ​ច្រើន​ទៅ​ចេញ​មក​ក្រៅ​វិញ​យ៉ាង​រំភើយ​ដោយ​គ្មាន​នរណា​ទៅ​តាមដាន​ករណី​បើក​បុក​គេ​ហ្នឹង​នោះ​ទេ​ដែល​នេះ​គឺជា​និទ្ទណ្ឌភាព​នៅ​ស្រុក​ខ្មែរ​នោះ​។

ប៉ុន្តែ​អ្វី​ដែល​អាច​ដោះស្រាយ​បាន​ខ្លះ​នោះ​គឺ​ ទី​ ១-មាន​រថយន្ត​ទំនើប​ស៊េរី​ថ្មីៗ​ដែល​មាន​កាមេរ៉ា​ ៥ ​នោះ​គេ​អាច​កំណត់​ទៅ​​ល្បឿន​នៅ​ខាង​មុខ​រថយន្ត​ ២ ​ទៅ​ ៣ ​ម៉ែត្រ​គឺ​រថយន្ត​ដែល​ខ្លួន​កំពុង​តែ​បើក​នោះ​ធ្លាក់​ល្បឿន​ដោយ​ស្វ័យប្រវត្តិ​មិន​អាច​ជាន់​បើក​បុក​គេ​នៅ​ខាង​មុខ​បាន​នោះ​ទេ។ នេះ​គឺជា​ចំណុច​ល្អ​មួយ​ដែល​អ្នក​មាន​រថយន្ត​ប្រភេទ​នោះ​គួរ​តែ​កំណត់​មុន​ជា​ការ​ល្អ​ប្រសើរ​​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ខ្លះ​។

ទី​ ២-ចំពោះ​ថ្ងៃ​ឈប់​បុណ្យ​ទាន​សមត្ថកិច្ច​ដែល​​ជាប់​ភារកិច្ច​គួរ​តែ​ផ្លាស់ប្តូរ​វេន​គ្នា​ប្រចាំ​ការ​នៅ​តាម​តំបន់​គោលដៅ​ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​វិថី​នោះ​តាម​ចាប់​ជនល្មើស​បាន​ដោយ​ស្រួល និង​ព័ត៌មាន​ត្រឹមត្រូវ​ច្បាស់លាស់​សម្រាប់​ធ្វើ​កំណត់​ហេតុ​ទៅ​តុលាការ​ផង និង​សម្រាប់​វិភាគ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទៀត​ផង​។

ទី​ ៣-ចំពោះ​នៅ​លើ​ស្ពាន​វិញ​ត្រូវ​ដាក់​ស្លាក​សញ្ញា​ឲ្យ​បាន​ច្រើន​គឺ​ហាម​វ៉ា​គ្នា​នៅ​លើ​ស្ពាន​ជា​ជាង​ដាក់​តែ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ស្រា និង​ស្រាបៀរ​ដែល​កំពុង​វ៉ៃ​លុក​ដណ្ដើម​ទីផ្សារ​គ្នា​នោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គួរ​កំណត់​នៅក្នុង​ច្បាប់​ឲ្យ​ដូច​បារី​ទៅ​ ឬ​មួយ​ក៏​ពិបាក​ធ្វើ​ច្បាប់​នោះ​ព្រោះ​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​ភាគច្រើន​ជាប់​សែស្រឡាយ​អ្នក​ធំៗ​។

ទី​ ៤-កាដូ​សម្រាប់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​ថ្មី​ថា​តើ​អាច​សង់​កូន​ស្ពាន​អាកាស​តូច​មួយ​ដើម្បី​ឲ្យ​ខ្សែ​រថភ្លើង​ឆ្លង​កាត់​ថ្នល់​ជាតិ​បាន​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​រថភ្លើង​បុក​ជាមួយ​រថយន្ត​ដែល​កើតឡើង​ថ្មីៗ​នេះ​ទាំង​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​ថ្ងៃ​ចូលឆ្នាំ​ទី​ ២ និង​នៅ​ជិត​បូក​គោ​ខេត្ត​កំពត​កាលពី​ចុង​ឆ្នាំ​ទៅ​។

សរុប​មក​វិញ គឺ​មាន​តែ​អ្នក​បើកបរ​គ្រប់ៗ​រូប​ត្រូវ​តែ​មាន​ភាព​ម្ចាស់​ការ​ទទួល​ខុស​ត្រូវ និង​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​អាយុ​ជីវិត​ខ្លួនឯង និង​អ្នក​ដទៃ​ជា​ជាង​​បើកបរ​ធ្វេសប្រហែស​ដោយសារ​តែ​គ្រឿង​ស្រវឹង​ចូល​ខ្លួន​ហើយ​នាំ​គ្នា​មាន​ជំនឿ​ទៅ​លើ​ទេវតា​ឆ្នាំ​ថ្មី​កាច ឬ​ក៏​ស្លូត ឬ​ក៏​ផ្លូវ​នោះ​មាន​ជើងកប​រាល់​ឆ្នាំ​។ ជាពិសេស​គួរ​តែ​បញ្ឈប់​ការ​បង្អក ឬ​ក៏​បង្ខំ​គ្នា​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​ចំពោះ​មិត្តភក្តិ​បងប្អូន ឬ​ក៏​នរណា​ម្នាក់​ដែល​ជា​អ្នក​មាន​ភារកិច្ច​ត្រូវ​បើកបរ​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

No comments: