A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 April 2016

គោល​នយោបាយ​រយ




មេដឹកនាំ​គណបក្ស​ប្រឆាំង​ពេល​ចុះ​សួរសុខ​ទុក្ខ​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ខេត្ត​កោះកុង​កន្លង​មក។ រូប​ហ្វេសប៊ុក


គោល​នយោបាយ​រយ
Wed, 20 April 2016
ppp


ក្នុង​ន័យ​ត្រឹមត្រូវ​គណបក្ស​នយោបាយ​បង្កើត​ទ្បើង​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​មាន​ចិត្ត​គំនិត និង​ទស្សនៈ​ប្រហែល​គ្នា​ចំពោះ​បញ្ហា និង​របៀប​នៃ​ការ​ដោះស្រាយ​បញ្ហា​ជាតិ​តាម​មធ្យោបាយ​មួយ​ដែល​គណបក្ស​ផ្សេង​គ្មាន​។ មធ្យោបាយ​នោះ​រួម​ទាំង​ការ​កំណត់​បញ្ហា​កំណត់​ប្រភព​បញ្ហា ទស្សនវិស័យ​ក្នុង​ការ​ដោះស្រាយ ឥរិយាបថ​នយោបាយ​ និង​ធនធាន​មនុស្ស​។

តាម​ន័យ​នេះ​មនុស្ស​មួយ​ក្រុម​នោះ​រួម​គ្នា​គិត​ពី​បញ្ហា​សង្គម និង​រួម​គ្នា​ស្វែងរក​ដំណោះ​ស្រាយ​ដែល​អាច​អនុវត្ត​បាន​។ ជំហាន​បន្ទាប់​រួម​គ្នា​ធ្វើ​ទៅ​តាម​អ្វី​ដែល​បាន​សម្រេច និង​ចុងក្រោយ​រួម​គ្នា​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​ធ្វើ​។

គោល​នយោបាយ​របស់​គណបក្ស​ជា​កម្រង​ឯកសារ​ច្បាស់លាស់​អំពី​គោលការណ៍​សំខាន់ៗ​ និង​មនោគមន៍​វិជ្ជា​របស់​គណបក្ស​។ វា​មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​យល់​ដឹង​របស់​អ្នក​បង្កើត​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​បង្ហាញ​ពី​ទស្សនវិស័យ​របស់​គេ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជាតិ​។ ក្រៅពី​មាន​បេះដូង​ចង់​ជួយ​ជាតិ​ពិតប្រាកដ​អ្នក​នយោបាយ​ត្រូវ​មាន​ទស្សន​វិស័យ​មុតស្រួច​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​ហើយ​កំណត់​ចេញ​ជា​គោល​នយោបាយ​។

បើ​វា​មិន​ពេញ​លេញ​គេ​អាច​ធ្វើ​ថ្មី​ និង​កែ​បាន​ប៉ុន្ដែ​ការ​កែ​រឿយៗ​ដោយ​គ្មាន​គោល​ត្រឹមត្រូវ​បង្ហាញ​ថា​អ្នក​ចេញ​គោល​នយោបាយ​នោះ​គ្មាន​ទស្សនវិស័យ​ប្រមើល​មើល​ទៅ​មុខ​វែង​ឆ្ងាយ​ទើប​ត្រូវ​ផ្លាស់ប្ដូរ​រឿយៗ​តាម​ទំនោរ​ពលរដ្ឋ​។ ​មិនមែន​ថា​មិន​ត្រូវ​កែ​គោលនយោបាយ​ដាច់​ខាត​នោះ​ទេ​ប៉ុន្ដែ​គោលដៅ​,​ចំណុច​ចាប់​ផ្ដើម​,​ឥរិយាបថ​នយោបាយ​ជាដើម​មិនមែន​ជា​របស់​ដែល​ត្រូវ​កែ​វិល​ល្ងាច​ឡើយ​។



គណបក្ស​ប្រឆាំង​ធំ​បំផុត​នៅ​ស្រុក​ខ្មែរ​គ្មាន​គោល​នយោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ឡើយ​។ បើ​ពិនិត្យ​ឲ្យ​ដិត​ដល់​បងប្អូន​នឹង​ឃើញ​ថា​គណបក្ស​ប្រឆាំង​មិនមែន​ទើប​តែ​ក្បត់​អ្នក​គាំទ្រ​របស់​ខ្លួន​ក្រោយ​ពេល​បោះឆ្នោត​ទេ​ប៉ុន្ដែ​ពួកគេ​បាន​បង្ហាញ​តម្រុយ​មិន​ស្មោះ​ត្រង់​តាំងតែ​ពី​ដើម​។ គណបក្ស​ប្រឆាំង​មិន​បាន​កំណត់​នូវ​គោលនយោបាយ​ជាក់លាក់​ដែល​បង្ហាញ​អំពី​ការ​យល់​ដឹង​ត្រឹមត្រូវ​របស់​ក្រុម​គេ​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​ខ្មែរ​ឡើយ​ផ្ទុយ​ទៅ​វិញ​គេ​សន្យា​តាម​ផ្នែក​ដើម្បី​តែ​បំពេញ​ចិត្ដ​ពលរដ្ឋ​មួយ​ក្រុម​ដោយ​ឡែកៗ​ដោយ​គ្មាន​គោលការណ៍​រួម​ជាក់លាក់​ថា​តើ​ចង់​នាំ​ពលរដ្ឋ​ទាំង​អស់​ទៅ​ទិស​ណា​? គេ​តែង​ដើរ​រើស​គោល​នយោបាយ​តាម​ផ្លូវ​ជា​ហូរហែ​សំដៅ​បំពេញ​ចិត្ដ​ពលរដ្ឋ​។

ពេល​គេ​ទៅ​ជួប​ពលរដ្ឋ​ខ្វះ​ទឹក​ធ្វើ​ស្រែ អ្នក​នយោបាយ​ដែល​មាន​សមត្ថភាព​បង្កើត​បាន​ត្រឹម​គោល​នយោបាយ​រយ​ក៏​សន្យា​ភ្លាម​ថា​គោលនយោបាយ​គន្លឹះ​របស់​គេ​គឺ​ជួយ​ឲ្យ​ពលរដ្ឋ​មាន​ទឹក​ធ្វើ​ស្រែ​។ ពេល​ស្រូវ​ធ្លាក់​ថ្លៃ​ក៏​ប្រកាស​កំណត់​ថ្លៃ​ស្រូវ​។ ពេល​ទៅ​ជួប​កម្មករ​កម្មការិនី​ក៏​ប្រកាស​ថា​នឹង​ធ្វើ​ឲ្យ​អង្ករ​ចុះ​ថោក​។ ពេល​ទៅ​ជួប​អ្នក​ក្រ​ខ្វះ​លុយ​ព្យាបាល​ជំងឺ​គេ​ក៏​សន្យា​ថា​មិន​យក​ថ្លៃ​ព្យាបាល​។ ពេល​ទៅ​ជួប​យាយ​តា​ចាស់ៗ​ខ្វះខាត​ខ្សត់​ខ្សោយ​ក៏​ប្រកាស​ឲ្យ​ប្រាក់​ឧបត្ថម្ភ​ដល់​ចាស់ៗ​។ ពេល​ឃើញ​យាយ​តា​សើច​គ្មាន​ធ្មេញ​ក៏​ថា​គោលនយោបាយ​ដាក់​ធ្មេញ​ឲ្យ​យាយតា​។ នេះ​ហើយ​ជា​គោលនយោបាយ​រយ​ជជុះ​ដើរ​រើស​តាម​ផ្លូវ​។

តើ​គេ​អាច​កំណត់​គោល​នយោបាយ​ច្បាស់​លាស់​ម្ដេច​បាន​បើ​គេ​កំណត់​បញ្ហា​គន្លឹះ​មិន​បាន​ផង​? ​បញ្ហា​ដែល​គណបក្ស​ប្រឆាំង​កំណត់​រួម​មាន​អំពើ​ពុករលួយ,លំហូរ​ចូល​នៃ​អន្ដោប្រវេសន៍​ខុស​ច្បាប់​,​និទ្ទណ្ឌភាព,ភាព​ក្រីក្រ​, ការ​ឥត​ការងារ​ធ្វើ,ចំណាក​ស្រុក,ទំនាស់​ដីធ្លី​ជា​ដើម។ ​ប៉ុន្តែ​សួរ​ថា​តើ​គោល​នយោបាយ​ដែល​បក្ស​ប្រឆាំង​លើក​ឡើង​អាច​ដោះស្រាយ​បញ្ហា​ដែល​គេ​បាន​កំណត់​ដែរ​ឬ​ទេ​? ​គោល​នយោបាយ​របស់​គេ​បែរ​ជា​ដំឡើង​ប្រាក់​ខែ,ឧបត្ថម្ភ​ប្រាក់​ដល់​ចាស់ៗ​ទៅ​វិញ​។

សួរ​ថា​តើ​ការ​ដំឡើង​ប្រាក់​ខែ​នឹង​ទៅ​ដោះស្រាយ​រឿង​អន្ដោប្រវេសន៍​បែប​ណា​? តើ​ឲ្យ​លុយ​យុវជន​ខ្ចី​រៀន​ទៅ​ដោះស្រាយ​រឿង​អំពើ​ពុករលួយ​បាន​ឬ​? តើ​នេះ​គ្រាន់​តែ​ជា​គោលនយោបាយ​រយ​ដែល​គេ​បង្កើត​មក​ទុក​បោក​ចិត្ដ​ពលរដ្ឋ​ដែរ​ទេ​?

សូម​កុំ​មាន​ការ​យល់​ច្រទ្បំ​ថា​ការ​ដំឡើង​ប្រាក់​ខែ​,ការ​ឲ្យ​លុយ​យុវជន​ខ្ចី​រៀន​ជា​រឿង​មិន​ល្អ​។ បើ​គោលនយោបាយ​ជជុះ​រយៗ​ដោះស្រាយ​រឿង​លំហូរ​យ៉ាង​គំហុក​នៃ​អន្ដោប្រវេសន៍​ខុស​ច្បាប់​បាន​ហើយ​ថែម​ទាំង​មាន​លុយ​រដ្ឋ​ឲ្យ​យុវជន​ខ្ចី​រៀន​ទៀត​នោះ​គ្មាន​អ្វី​ត្រូវ​លើក​ឡើង​ឡើយ​តែ​បញ្ហា​នៅ​ត្រង់​គេ​ស្រែក​ពី​រឿង​ពុករលួយ​ប៉ុន្ដែ​បែរ​ជា​ដាក់​គោល​នយោបាយ​​ដោះស្រាយ​គឺ​ឲ្យ​ប្រាក់​ខ្ចី​រៀន​ទៅ​វិញ​។​ បែប​នេះ​តើ​បោក​ទេ​?

ការ​គ្មាន​ទស្សន​វិស័យ​ដោះស្រាយ​បញ្ហា​ជា​រឿង​មួយ​ដែល​បង្ហាញ​នូវ​កង្វះ​សមត្ថភាព​ប៉ុន្ដែ​ការ​ដាក់​គោល​នយោបាយ​បោក​ទាក់​ចិត្ដ​ពលរដ្ឋ​ជា​រឿង​មួយ​ទៀត​ដែល​បង្ហាញ​ពី​ភាព​ទុច្ចរិត​របស់​អ្នក​នយោបាយ​។ ដោយ​ហេតុ​តែ​ចង់​បាន​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​គេ​ចេះ​តែ​ពី​ដើរ​សន្យា​ឲ្យ​តែ​រួច​ពី​មាត់​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​។ គេ​សន្យា​ថា​នឹង​ផ្តល់​តំណែង​ដល់​អ្នក​ថ្មី​ដែល​ខំ​ចំណាយ​ធនធាន​ជួយ​បក្ស​។ ទន្ទឹម​នឹង​នេះ​ដោយ​ខ្លាច​អ្នក​គាំទ្រ​ចាស់​អន់​ចិត្ដ​គេ​ក៏​ថា​នឹង​មិន​ដក​អ្នក​ចាស់​ចេញ​ទេ​។

តើ​វា​នឹង​មិន​សំពីង​សំពោង​ដូច​ដែល​គេ​ធ្លាប់​ហៅ​រដ្ឋាភិបាល​ថា​ជា​រដ្ឋាភិបាល​ក្បាល​ធំ​ទេ​ឬ​? ពេល​ទៅ​ប្រទេស​ម៉ាឡេស៊ី​ប្រធាន​បក្ស​ប្រឆាំង​ប្រកាស​ថា​ខ្លួន​មាន​ឆន្ទៈ​ចង់​ដឹកនាំ​ស្រុក​ខ្មែរ​ឲ្យ​ដូច​ប្រទេស​ម៉ាឡេស៊ី​។

ពេល​ឃើញ​គេ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​មជ្ឈិម​បូព៌ា​បាន​ជោគជ័យ​គេ​ថា​ស្រុក​យើង​ត្រូវ​តែ​ដើរ​តាម​បដិវត្ដន៍​នៅ​មជ្ឈិមបូព៌ា​។

ពេល​ឃើញ​ភូមា​ដំណើរការ​ផ្ទេរ​អំណាច​ដោយ​រលូន​គេ​ក៏​ស្រែក​ថា​តាំង​ចិត្ត​ថា​នឹង​យក​លំនាំ​ដឹកនាំ​តាម​លោកស្រី​ អ៊ុងសាន ស៊ូជី​។

ពេល​ឃើញ​វៀតណាម​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ដ្រី​ក៏​អបអរសាទរ​។ មិន​ចេះ​អស់​រឿង​សោះ​គេ​ថា​នៅ​ស្រុក​ប្រជាធិបតេយ្យ​គេ​មិន​ធ្វើ​អ៊ីចឹង​ទេ​គឺ​ឲ្យ​តែ​អ្វី​ល្អៗ​គេ​ថា ​“​តេយ្យ​” ទាំងអស់​។ កាល​ណា​រាង​ស្ងាត់​បន្ដិច​គេ​ក៏​រក​រឿង​ចាក់​ឆ្កឹះ​ឆ្កៀល​ស៊ក​សៀត​ឲ្យ​ខ្លា​ខឹង​។

ពេល​អ្នក​មាន​អំណាច​ប្រើ​យន្ដការ​តុលាការ​ដោះស្រាយ​គេ​ក៏​ស្រែក​ថា​នេះ​ជា​រឿង​នយោបាយ​។

មើល​យូរៗ​វា​ទៅ​ជា​រឿង​ពេល​នៅ​ឆ្ងាយ​ពី​ស្រុក​យូរ​ខ្លាច​គេ​ភ្លេច​វត្ដមាន​ខ្លួន​ហេតុ​នេះ​ធ្វើ​ជា​ជេរ​ខ្លា​ម្តងម្កាល​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ភ្លេច​ធ្លាក់​ប្រជាប្រិយភាព​ហើយ​ម្យ៉ាង​ចាក់​ខ្លះៗ​ទៅ​ដើម្បី​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​ថា​ខ្លា​អាក្រក់​ដែល​ការពិត​នេះ​ជា​ធម្មជាតិ​របស់​ខ្លា​ទៅ​ហើយ​កុំ​បាច់​ទៅ​និយាយ​អី​ពី​លក្ខខណ្ឌ​ដែល​ខ្លា​នៅ​ក្រៅ​ទ្រុង​ដូច​សព្វ​ថ្ងៃ​។ វា​អាច​ជា​ល្បែង​ឈឺ​សាច់​ ឬ​ល្បែង​សាច់កម្ម​។

គេ​យក​មុខ​យក​មាត់​ខ្លាំង​ណាស់​ថា​កុំ​តែ​បាន​គេ​រិះគន់​ខ្លា​ស្មាន​តែ​ខ្លា​ខំ​ធ្វើការ​អ៊ីចឹង​ឬ​? វា​ច្បាស់​ណាស់​ថា​គណបក្ស​ប្រឆាំង​ក៏​បាន​ស្រែក​ឲ្យ​គណបក្ស​កាន់​អំណាច​កែ​ប្រែ​ខ្លះ​ដែរ​តែ​បើ​គេ​ធ្វើ​ហើយ​ម្ដេច​មិន​ឲ្យ​គុណ​សម្បត្ដិ​នោះ​ទៅ​គេ​ដែល​ជា​អ្នក​ធ្វើ​ទៅ​ក្រែង​ស្រែក​ដើម្បី​ផលប្រយោជន៍​ជាតិ​មែន​ទេ​? តើ​ផលប្រយោជន៍​ជាតិ​សំខាន់​ជាង​ ឬ​ទាល់​តែ​មាន​ឈ្មោះ​ខ្លួន​ថា​ជា​អ្នក​រុញ​ឲ្យ​គេ​ធ្វើ​សំខាន់​ជាង​? បើ​អ្វី​ដែល​រដ្ឋាភិបាល​ខំ​ធ្វើ​គុណ​សម្បត្ដិ​បែរ​ជា​ធ្លាក់​ជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ម្ដេច​គេ​ព្រម​ព្រោះ​គេ​អ្នក​ខំ​ធ្វើ​។

បើ​គណបក្ស​ប្រឆាំង​ចង់​ទាញ​គុណ​សម្បត្តិ​ពី​អ្វី​ដែល​រដ្ឋាភិបាល​ខំប្រឹង​ធ្វើ​ថា​ជា​របស់​ខ្លួន​អ៊ីចឹង​កន្លែង​ដែល​រដ្ឋាភិបាល​អសកម្ម​ក៏​ត្រូវ​តែ​ទាញ​យក​មក​ជា​របស់​ខ្លួន​ដែរ​ថា​មកពី​ខ្លួន​ប្រឆាំង​ដដែលៗ​តែ​មិន​អ៊ីចឹង​ឯណា​គេ​ចាំ​ទទួល​តែ​ចំណុច​ល្អ​មិន​ព្រម​មក​ទទួល​ថា​ខ្លួន​បាន​ចូលរួម​ខុស​សោះ (​ស្រែក​យក​ប៉េ​​)​។ កាល​ណា​មិន​បំបែក​អំណាច​ប្រមូល​ផ្ដុំ​ជា​មុន​ទេ​ទោះ​មាន​គោល​នយោបាយ​អភិវឌ្ឍន៍​ប្រទេស​ល្អ​យ៉ាង​ណា​ក៏ដោយ​ក៏​នៅ​តែ​ត្រូវ​ពឹង​ឆន្ទៈ​គេ​ដដែល​។

កំណែ​ទម្រង់​ក្នុង​ក្រសួង​ខ្លះៗ​ថ្មីៗ​នេះ​ក៏​នៅ​តែ​ធ្វើ​ឡើង “​ដើម្បី​ឆ្លើយតប​នឹង​អនុសាសន៍​ដ៏​ថ្លៃថ្លា​...” ដដែល​មិនមែន​កែប្រែ​ព្រោះ​នោះ​ជា​តួនាទី​របស់​ខ្លួន​ជា​អ្នក​ផ្ដល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឡើយ​។ ការ​នៅ​ទ្រឹង​ចាំ​ទាល់​តែ​មាន​បទ​បញ្ជា​ពី​មេ​ទើប​កម្រើក​ដៃ​ជើង​នោះ​ហើយ​ជា​ផលវិបាក​នៃ​ការ​មិន​បែង​ចែក​អំណាច​។ បើ​ពិតជា​វិមជ្ឈ​ការ​អំណាច​មែន​នោះ​មន្ដ្រី​រាជការ​បំពេញ​ការងារ​ដោយ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ពលរដ្ឋ​មិន​ខាន​មិនមែន​ចំពោះ​មុខ​មេបក្ស​ឡើយ​។ នាយករដ្ឋមន្ដ្រី​តែ​ម្នាក់​ធ្វើ​ម្ដេច​មើល​ទាន់​រឿងរ៉ាវ​ដែល​កើតឡើង​មួយ​ប្រទេស​?

ដូច្នេះ​ហើយ​ទើប​គេ​បង្កើត​យន្ដការ​បំបែក​អំណាច​គឺ​ចែក​ការងារ​គ្នា​ទទួល​ខុស​ត្រូវ​។ ដូច្នេះ​តើ​ការងារ​ចំពោះ​មុខ​របស់​គណបក្ស​ដែល​ចង់​ដោះស្រាយ​បញ្ហា​ជាតិ​ត្រូវ​សំដៅ​ទៅ​ដោះស្រាយ​បញ្ហា​គន្លឹះ​មុន​ ឬ​ក៏​សន្យា​រឿង​តាម​ផ្នែក​មុន​?​ការ​លើក​ឡើង​នេះ​មិន​បាន​ន័យ​ថា​រឿង​ជីវភាព​របស់​ពលរដ្ឋ​ដែល​ជា​រឿង​ចំពោះ​មុខ​មិន​ត្រូវ​គិត​នោះ​ទេ​តែ​ចង់​បង្ហាញ​ថា​គោល​នយោបាយ​ដែល​ចង់​ជួយ​ជាតិ​ពិតប្រាកដ​ត្រូវ​ទៅ​ឲ្យ​ដល់​ឫសគល់​នៃ​បញ្ហា​។

ដោះស្រាយ​រឿង​នីតិរដ្ឋ​បាន​គឺ​ដោះស្រាយ​រឿង​ចាំ​តែ​ពឹង​លើ​ឆន្ទៈ​បាន​ពេល​នោះ​ទើប​អាច​ពង្រឹង​ស្ថាប័ន​នានា​ឲ្យ​រឹងមាំ​។ ការងារ​ដឹកនាំ​ប្រទេស​នឹង​រត់​តាម​ប្រព័ន្ធ​ជាក់លាក់​ដោយ​គ្មាន​ស្ដង់ដារ​ពីរ​។ បញ្ហា​ស្មុគស្មាញ​នានា​ដែល​កើត​ដោយ​អំពើ​ពុករលួយ​បក្ខពួក​និយម និទ្ទណ្ឌភាព​ជាដើម​នឹង​ត្រូវ​កាត់​បន្ថយ​។ ពេល​នោះ​ទើប​ជា​ពេល​សម​ស្រប​ដែល​អ្នក​នយោបាយ​ត្រូវ​មក​ប្រកួត​គ្នា​អំពី​ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ថា​តើ​គួរ​តែ​ផ្ដោត​លើ​វិស័យ​ណា​មុន​ និង​តាម​មធ្យោបាយ​ណា​ដូច​ស្ថានភាព​បច្ចុប្បន្ន​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​កំពុង​អនុវត្ដ​។ ​

គោល​នយោបាយ​ឈាន​ទៅ​ដោះស្រាយ​ដល់​ឫសគល់​នៃ​បញ្ហា​ខ្មែរ​មិន​ជា​ងាយ​ស្រួល​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​មើល​ធ្លុះ​ឡើយ​។ ក៏​មិន​ខុស​អ្វី​ពី​សត្វ​មាន់​រំភើប​ចិត្ដ​នឹង​ចឹក​បាន​ជន្លេន​ដូច្នោះ​ដែរ​គឺ​មាន់​ត្រូវការ​ស៊ី​ភ្លាមៗ​ឥឡូវ​តែ​ប៉ុណ្ណោះ​។ ខណៈ​នោះ​ដុំ​ពេជ្រ​គ្មាន​តម្លៃ​ចំពោះ​មាន់​ឡើយ​។

យ៉ាង​ណា​ក៏ដោយ​ការ​បន្ទោស​ថា​គេ​ជា​មនុស្ស​ទុច្ចរិត​ចេះ​តែ​មក​បោកប្រាស់​ខ្លួន​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ​។ ការ​អភិវឌ្ឍ​សមត្ថភាព​ពិចារណា​ឲ្យ​ចេញ​ផុត​ពី​ការ​ចាំ​តែ​ធ្មេច​ភ្នែក​បិទ​ត្រចៀក​ជឿ​គេ​ទើប​ជា​ដំណោះ​ស្រាយ​ដែល​មាន​ច្រក​ចេញ​ព្រោះ​វា​មិន​ពឹង​លើ​ឆន្ទៈ​អ្នក​នយោបាយ​តែ​វា​ពឹង​លើ​ការ​ពង្រឹង​សមត្ថភាព​របស់​ពលរដ្ឋ​ផ្ទាល់​។

វា​ជា​ចំណុច​ចាប់ផ្ដើម​ដែល​ពលរដ្ឋ​ម្នាក់ៗ​អាច​ចាប់​ផ្ដើម​ធ្វើ​កើត​ដោយ​មិន​ដេក​ចាំ​ពឹង​ឆន្ទៈ​លោក​ធំ​ណា​។ មាន​តែ​ការ​ជួយ​ពន្យល់​ឲ្យ​ពលរដ្ឋ​រៀន​ចេះ​គិត​ត្រិះរិះ​ពិចារណា វិភាគ​វែក​ញែក​តាម​បែប​ហេតុ​ និង​ផល​ទេ​ទើប​អាច​ជួយ​បណ្ដុះ​សមត្ថភាព​របស់​ពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​ការ​បោកប្រាស់​ដោយ​អ្នក​នយោបាយ​ទុច្ចរិត​។

ការ​លើក​ឡើង​នេះ​គ្រាន់តែ​ចង់​ឲ្យ​បងប្អូន​រៀន​ដាក់​សំណួរ​ថា​តើ​គោល​នយោបាយ​ដែល​អ្នក​នយោបាយ​បង្ហាញ​មាន​ភាព​ប្រាកដ​ប្រជា​ថា​អាច​អនុវត្ដ​ទៅ​បាន​កម្រិត​ណា​? បើ​កាល​ណា​អ្នក​រក​មិន​ឃើញ​ថា​អ្នក​ត្រូវ​ចូលរួម​ធ្វើ​អ្វី​ទេ​ហើយ​គេ​ប្រាប់​អ្នក​ថា​អ្នក​ចាំ​តែ​ទទួល​ផល​ទៅ​ឲ្យ​តែ​បោះឆ្នោត​ឲ្យ​គេ​នោះ​ហើយ​ជា​មេ​បោក​ប្រាស់​។ វា​មិន​ដែល​ឡើយ​ដែល​ពលរដ្ឋ​មិន​ជួយ​ចូលរួម​ធ្វើ​អ្វី​សោះ​ស្រាប់​តែ​បាន​ផល​ពី​សង្គម​ប្រជាធិបតេយ្យ​ដោយ​អ្នក​នយោបាយ​នាំ​គ្នា​តម្រង់​ជួរ​លើក​មក​ជូន​ពលរដ្ឋ​។ គ្មាន​ផល​ណា​មួយ​ទទួល​បាន​ដោយ​មិន​ធ្វើ​ហេតុ​ឡើយ​។

ខ្មែរ​យើង​បើ​មិន​ចោល​ចរិត​ដែល​បើ​ស្រឡាញ់​នរណា​ហើយ​គឺ​ស្រឡាញ់​ងប់​ទេ​មើល​ទៅ​គ្មាន​ថ្ងៃ​រើស​បាន​អ្នក​ដឹកនាំ​ល្អ​ឡើយ​។

កាល​ពី​ស្រឡាញ់​ព្រោះ​បុគ្គល​នោះ​ជា​មនុស្ស​ល្អ​លុះ​ពេល​បុគ្គល​នោះ​ប្រែ​ជា​អាក្រក់​ក៏​ម្នាក់ៗ​ខំប្រឹង​ការពារ​ទង្វើ​អាក្រក់​របស់​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ដដែល​។ ការពិត​ទៅ​គេ​មិន​ការពារ​បុគ្គល​នោះ​ទេ​តែ​គឺ​គេ​ការពារ​មុខ​មាត់​របស់​គេ​ផ្ទាល់​ដែល​ធ្លាប់​តែ​និយាយ​ថា​បុគ្គល​នោះ​ជា​មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ​។ បើ​ប្រែ​ជា​ថា​បុគ្គល​នោះ​អាក្រក់​ស្មើ​នឹង​កាលពី​មុន​ខ្លួន​សរសើរ​គាំទ្រ​មនុស្ស​ខុស​។

នេះ​ជា​ការ​ចូលរួម​ដាក់​ជី​ស្រោច​ទឹក​លើ​អំពើ​អាក្រក់​ដែល​នាំ​ឲ្យ​ខ្មែរ​បែកខ្ញែក​ជា​បក្ខ​ជា​ក្រុម​។ ការ​និយាយ​ការពិតៗ​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ខឹង​អន់​ចិត្ត​ព្រោះ​វា​ប្រឆាំង​នឹង​ការ​រំពឹង​ទុក​របស់​គេ​ប៉ុន្តែ​វា​ប្រសើរ​ជាង​និយាយ​កុហក​អ្នក​ដទៃ​ដើម្បី​ឲ្យ​គេ​សប្បាយ​ចិត្ត​ក្នុង​ភាព​ជា​មនុស្ស​ល្ងង់​។ ពាក្យ​ពិត​រមែង​រែង​ស្លែង​មិន​សូវ​ជា​ពីរោះ​ចូល​ត្រចៀក​ប៉ុន្មាន​នោះ​ទេ​។ សូម​ស្ដាប់​សំឡេង​បេះដូង​របស់​អ្នក​និយាយ​ជា​ជាង​ស្ដាប់​សំឡេង​ខ្យល់​ដែល​អ្នក​បាន​ឮ។

បើ​គេ​មាន​ចេតនា​ចង់​លួងលោម​បោកប្រាស់​បង​ប្អូន​តើ​អាច​ទេ​ថា​អ្នក​ប្រាប់​នោះ​បែរ​ជា​ជ្រើសរើស​យក​ផ្លូវ​បង្ហាញ​ការពិត​ដែល​មាន​លក្ខណៈ​គ្រោត​គ្រាត​? គេ​មិន​មែន​ល្ងង់​មិន​ដឹង​ថា​មាន​តែ​យក​ស្ករ​ទៅ​ទាក់​ស្រមោច​គេ​មិន​ដែល​យក​ទឹក​ខ្មេះ​ទៅ​ទាក់​ស្រមោច​ឡើយ​។ បើ​គ្រាន់​តែ​និយាយ​ទាក់​យក​ការ​ស្រឡាញ់​គេ​នឹង​មិន​ទៅ​តាម​មធ្យោបាយ​ពន្យល់​ឡើយ​។

ដូច្នេះ​ការ​សាកល្បង​រៀន​បើក​ចិត្ដ​ហើយ​ត្រិះរិះ​ពិចារណា​ទើប​ជា​ដំណោះស្រាយ​។

ការ​ពន្យល់​ឲ្យ​យល់​នូវ​ការ​ពិត​ហើយ​ឲ្យ​គេ​ជ្រើសរើស​ដោយ​ខ្លួន​គេ​គឺជា​ការ​គោរព​នូវ​ភាព​ជា​មនុស្ស​របស់​គ្នា​ព្រោះ​មាន​តែ​មនុស្ស​ទេ​ដែល​ចេះ​ផ្ដល់​ និង​ចេះ​ទទួល​យក​ហេតុ​ផល​ពី​គ្នា​ទៅវិញ​ទៅមក។

បុគ្គល​ដែល​ចង់​បោក​ប្រាស់​អ្នក​ដទៃ​មុខ​ជា​និយាយ​ថា​អ្វី​ដែល​គេ​ប្រាប់​ជា​ការពិត​ជឿ​តែ​គេ​ទៅ​ហេតុ​នេះ​មាន​តែ​ការ​ស្វែង​យល់​ និង​តាមដាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទេ​ទើប​ជា​មូលដ្ឋាន​ឲ្យ​យើង​អាច​ខិត​ទៅ​រក​ការពិត​បាន​៕

ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com

No comments: