A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 April 2016

ចុង​បញ្ចប់​នៃ​ល្បែង​ប្រជាធិបតេយ្យ


អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ពី​ចុង​ឆ្នាំ​ ២០១៣ ​​។ ផា លីណា


ចុង​បញ្ចប់​នៃ​ល្បែង​ប្រជាធិបតេយ្យ
Mon, 18 April 2016
ppp


ល្បែង​ប្រជាធិបតេយ្យ​ត្រូវ​បាន​ប្រទេស​នានា​នៅ​លើ​ពិភពលោក​យក​មក​លេង​បន្ទាប់ពី​ការ​ដួលរលំ​នៃ​របប​កុម្មុយនីស្ត​នាំ​មុខ​ដោយ​សហភាព​សូវៀត​នៅ​ឆ្នាំ​ ១៩៨៩។

ប្រទេស​ដែល​ជា​អតីត​រដ្ឋកុម្មុយនីស្ត​បាន​បោះ​បង់​ចោល​គោល​នយោបាយ​បែប​កុម្មុយនីស្ត​របស់​ខ្លួន​ហើយ​ងាក​មក​លេង​ល្បែង​ប្រជាធិបតេយ្យ​ក្នុង​គោល​បំណង​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​សេចក្តី​ត្រូវការ​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​បះបោរ​របស់​រាស្រ្ត​ និង​ការ​ស្វះស្វែង​រក​ភាព​ស្របច្បាប់​ក្នុង​ការ​គ្រប់គ្រង​អំណាច​បន្ត​ទៅ​មុខ​ដោយ​មាន​ការ​គាំទ្រ​ពី​រាស្រ្ត​ខ្លួនឯង​ផង​ និង​​សហគមន៍​អន្តរជាតិ​ផង​។

នៅ​ពេល​នោះ​ហើយ​ល្បែង​ប្រជាធិបតេយ្យ​ក៏​ចាប់ផ្តើម​កើត​ឡើង។ ល្បែង​ប្រជាធិបតេយ្យ​ដែល​គេ​និយម​លេង​តាំង​ពី​ពេល​នោះ​រហូត​ដល់​ឥឡូវ​គឺ​ការ​បោះឆ្នោត​មួយ​ដែល​មិន​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ជា​រដ្ឋ​ប្រជាធិបតេយ្យ​ទំនើប​។

ក្នុង​របប​ប្រជាធិបតេយ្យ​មាន​តែ​ឈ្មោះ ឬ​ពាក់​កណ្តាល​ផ្តាច់ការ (Semi-authoritarian Regime) គេ​យក​ល្បែង​បោះឆ្នោត​ដើម្បី​បន្លំ​ភ្នែក​រាស្រ្ត និង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ស្ងាត់មាត់​ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​។

តួ​អង្គ​ដែល​កំពុង​កាន់​អំណាច​ប្រើប្រាស់​មធ្យោបាយ​យ៉ាង​ឈ្លាសវៃ​ក្នុង​ការ​លេង​ល្បែង​នេះ​ក្នុង​ទិសដៅ​សំខាន់​បំផុត​គឺ​ត្រូវ​រក្សា​អំណាច​ឲ្យ​បាន​ដោយ​រៀបចំ​យុទ្ធសាស្រ្ត​មួយ​ចំនួន​ដែល​លោក Andreas Schedler បាន​លើក​យក​បង្ហាញ​ក្នុង​អត្ថបទ The Nested Game of Democratization by Elections។



មាន​ទស្សន​វិទូ​និង​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ជាច្រើន​បាន​សិក្សា​ស្រាវជ្រាវ​ហើយ​ចងក្រង​ជា​ចំណេះដឹង​ដែល​ខ្ញុំ​សូម​សង្ខេប​ត្រួសៗ​នៅ​ទី​នេះ​ដើម្បី​ជា​ការ​ចែក​រំលែក​ជា​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​ទាំងអស់​គ្នា​​។

វិធី​ទី​មួយ​ក្នុង​ការ​លេង​ល្បែង​នេះ​គឺ​ការ​បោះឆ្នោត​ក្លែងក្លាយ​។ ការ​បោះឆ្នោត​ក្លែងក្លាយ​គឺ​សំដៅ​ទៅ​លើ​ការ​រៀបចំ​យន្តការ​បោះឆ្នោត​តាម​នីតិវិធី​កេងបន្លំ​មួយ​ចំនួន​ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ការ​រើសអើង ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​អាច​ជា​អ្នក​មិន​គាំទ្រ​ខ្លួន ការ​ប្តូរ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រឡប់​ត្រឡិន​ដែល​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ពិបាក​រក​ឈ្មោះ​ក្នុង​ថ្ងៃ​បោះឆ្នោត​ និង​ការ​ទិញ​ដូរ​សន្លឹក​ឆ្នោត ឬ​ការ​គំរាម​កំហែង​មិន​ឲ្យ​ទៅ​បោះឆ្នោត​ជាដើម​។

ការ​បែងចែក​មណ្ឌល​បោះឆ្នោត​ និង​រូបមន្ត​គណនា​សំឡេង​ឆ្នោត​ដែល​អាច​ឲ្យ​បក្ស​កាន់​អំណាច​មាន​អាទិភាព​ជាពិសេស​ក្នុង​ការ​ឈ្នះ​សុទ្ធ​តែ​ជា​វិធី​ដែល​បក្ស​កាន់​អំណាច​ផ្តាច់​ការ​ទាំងឡាយ​បាន​និង​កំពុង​ធ្វើ​ទាំងអស់​។

វិធី​ទី​ពីរ​គឺ​ការ​បង្កើត​តួអង្គ​ប្រឆាំង​នឹង​សង្គម​ស៊ីវិល​ក្លែងក្លាយ​។ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ល្អ​មើល​ក្រោម​ក្រសែ​ភ្នែក​ជាតិ​ និង​អន្តរជាតិ​បក្ស​កាន់​អំណាច​ផ្តាច់ការ​តែង​លួច​ផ្តល់​ ឬ​គាំទ្រ​ឲ្យ​មាន​បក្ស​ជា​ច្រើន ឬ​ស្ថាប័ន​សង្គម​ស៊ីវិល​នានា​ដើម្បី​ចូលរួម​បង្កើត​ព្រឹត្តិការណ៍​ និង​គាំទ្រ​ភាព​ស្រប​ច្បាប់​ឲ្យ​ខ្លួន​។

តាមរយៈ​ការ​ធ្វើ​បែប​នេះ​គេ​បាន​លេស​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ពិបាក​ក្នុង​ការ​មិន​ទទួល​ស្គាល់​របប​ខ្លួន​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្រោម​រូបភាព​ពហុបក្ស​ និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ ឬ​សហជីព​នានា​ខ្លាំង​ណាស់​។

វីធី​ទី​បី​គឺ​ការ​រឹតត្បិត​លំហ​សេរីភាព​របស់​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​ដែល​ជា​តួអង្គ​ជំទាស់​របស់​ខ្លួន​។ បក្ស​កាន់​អំណាច​បាន​កំណត់​យ៉ាង​ច្បាស់​ថា​បក្ស​ណា​ជា​បក្ស​ប្រឆាំង​នឹង​ខ្លួន​ហើយ​តើ​សង្គម​ស៊ីវិល​ណា​ដែល​អាច​ជា​កត្តា​គំរាម​កំហែង​មក​លើ​ការ​គ្រប់គ្រង​ផ្តាច់ការ​របស់​ខ្លួន​។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​លើក​ស្ទួយ​ផ្នែក​សិទ្ធិ​សេរីភាព​របស់​សហជីព​ និង​សមាគម​នានា​តែងតែ​ទទួល​បាន​ការ​តាមដាន​ និង​រឹតត្បិត​ជាពិសេស​។

បក្ស​កាន់​អំណាច​តែង​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​រាំង​ខ្ទប់​សកម្មភាព​របស់​បក្ស​ដែល​ជា​គូ​​ប្រជែង​របស់​ខ្លួន​ និង​សង្គម​ស៊ីវិល​ទាំង​នោះ​។ ការ​រាំង​ខ្ទប់​អាច​ស្តែង​ចេញ​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ដល់​បេក្ខជន​ជា​មេដឹកនាំ​សង្គម​ស៊ីវិល​ ឬ​ក៏​មេបក្ស​ប្រឆាំង​តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​ច្បាប់​រឹតត្បិត​សេរីភាព​នានា​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ បក្ស​កាន់​អំណាច​អាច​ប្រើប្រាស់​ធនធាន​ដែល​ខ្លួន​គ្រប់គ្រង​ដូចជា​តុលាការ មន្ត្រីរាជការ ឬ​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​សម្រេច​កិច្ចការ​នេះ​។

មួយ​វិញ​ទៀត​គេ​អាច​រិះរក​វិធី​​បំបែក ឬ​បំបិទ​មិន​ឲ្យ​បក្ស​ជា​គូ​ប្រជែង​​ទៅ​ចូលរួម​ការ​បោះឆ្នោត​ ឬ​ក៏​សង្គម​ស៊ីវិល​មិន​ឲ្យ​​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សង្គម​ដែល​គំរាម​ដល់​មហិច្ឆតា​នយោបាយ​ផ្តាច់​មុខ​របស់​គេ។

វិធី​បន្ទាប់​មក​ទៀត​គឺ​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​បោះឆ្នោត​តាមរយៈ​សកម្មភាព​ប្រជាភិថុត​ជា​កម្រិត​ជាតិ​ និង​អន្តរជាតិ។ ក្នុង​កម្រិត​ជាតិ​គឺ​ការ​បង្កើត​ព្រឹត្តិការណ៍​សម្លាប់​ព្រឹត្តិការណ៍ ឬ​ក៏​បង្កើត​គោលនយោបាយ​ដើម្បី​គ្រាន់តែ​យក​សន្លឹក​ឆ្នោត​ដោយ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ជា​ដុំ​កំភួន​សម្រាប់​អនាគត​ជាតិ​វែង​ឆ្ងាយ​។ ឧទាហរណ៍​ថា​បើ​តួអង្គ​បោះឆ្នោត​កំពុង​ចាប់​អារម្មណ៍​លើ​បញ្ហា​មួយ​គឺ​បក្ស​កាន់​អំណាច​ត្រូវ​បង្កើត​ព្រឹត្តិការណ៍​មួយ​ទៀត​ដើម្បី​សម្លាប់​ការ​ចាប់​អារម្មណ៍​នោះ​តាមរយៈ​វិធីសាស្រ្ត​ដ៏​ឈ្លាសវៃ​ និង​សម្បូរ​បែប។

រឿង​ដែល​រាស្រ្ត​គិត​មិន​ដល់​គឺ​គេ​លួច​ដុត​ផ្ទះ​ហើយ​គេ​ចេញ​មុខ​មក​កសាង​ឲ្យ​​វិញ​ក្រោម​រូបភាព​មនុស្សធម៌​ដ៏​មហាអស្ចារ្យ​ដោយ​រាស្រ្ត​មិន​ដឹង​ ឬ​មិន​ចង់​ដឹង​ថា​លុយ​ដែល​បាន​នោះ​មាន​ប្រភព​មក​ពី​ពន្ធ​អាករ​រាស្រ្ត​រាល់​ថ្ងៃ​ឬ​អត់? គេ​ក៏​អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​បំផុស​ឲ្យ​មហាជន​ចាប់​អារម្មណ៍ ឬ​មិន​ចាប់​អារម្មណ៍​ទៅ​​លើ​អ្វី​មួយ​បាន​យ៉ាង​ងាយ​។

សូម​បញ្ជាក់​ថា​សង្គម​ពាក់​កណ្តាល​ផ្តាច់ការ ឬ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​គេ​មិន​បណ្តោយ​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សម្បូរ​បែប​ដូច​សង្គម​ប្រជាធិបតេយ្យ​ជឿនលឿន​ឡើយ​។ រីឯ​វិធី​ដែល​គេ​ចូលចិត្ត​ប្រើ​ជា​លក្ខណៈ​អន្តរជាតិ​គឺ​តាមរយៈ​ការ​បញ្ឆេះ​កំហឹង​ជាតិ​និយម​ដើម្បី​ធ្វើ​ឲ្យ​​រាស្រ្ត​មាន​កំហឹង ស្តាប់​តាម​គេ ឬ​បន្ត​បោះឆ្នោត​គាំទ្រ​គេ​ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​សង្គម​។ សន្តិសុខ​សណ្តាប់​ធ្នាប់​សារណៈ​គឺជា​លេស​ដ៏​សាមញ្ញ​ និង​ជោគជ័យ​មួយ​ក្នុង​ការ​យក​មក​ប្រើ​ដើម្បី​អនុវត្ត​កណ្តាប់​ដៃ​ដែក​របស់​ខ្លួន​ក្នុង​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​រាស្រ្ត​។

ក៏​ប៉ុន្តែ​ល្បែង​នេះ​តែង​មាន​ទីបញ្ចប់​របស់​វា។ ល្បែង​បោះឆ្នោត​មាន​លទ្ធផល​យ៉ាង​ច្បាស់​ពីរ៖ ទី​មួយ​គឺ​ភាព​ច្បាស់លាស់​នៃ​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ថា​បក្ស​កាន់​អំណាច​អាច​រក្សា​អំណាច​របស់​ខ្លួន​បន្ត​ទៅ​ទៀត​បាន និង​ទី​ពីរ​គឺ​ភាព​មិន​ច្បាស់លាស់​នៃ​លទ្ធផល​បោះឆ្នោត​ដែល​អាច​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​បាត់បង់​សំឡេង​គាំទ្រ​ហើយ​បក្ស​ប្រឆាំង​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​កសាង​ និង​រៀបចំ​សង្គម​ឲ្យ​មាន​ប្រជាធិបតេយ្យ​គ្រាន់​បើ​មួយ​បាន​។ ក៏​ប៉ុន្តែ​ដើម្បី​បង្កើត​ភាព​មិន​ច្បាស់លាស់​ទី​ពីរ​នេះ​គេ​ត្រូវ​ការ​តួអង្គ​បក្ស​ប្រឆាំង​ដ៏​ខ្លាំង​និង​ឈ្លាសវៃ​មួយ​។ ខ្លាំង​មាន​ន័យ​ថា​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​រាស្រ្ត​តាមរយៈ​សន្លឹក​ឆ្នោត​។ ឯ​ឈ្លាសវៃ​មាន​ន័យ​ថា​ត្រូវ​ជ្រើសរើស​យុទ្ធសាស្រ្ត​កំណែ​ទម្រង់​ដ៏​ត្រឹមត្រូវ​មួយ​​បើ​ទោះបី​ជា​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​ដើរ​វាង​យូរ​យ៉ាង​ណា​ក៏ដោយ​។

ជាទូទៅ​ក្នុង​ល្បែង​បោះឆ្នោត​បក្ស​ប្រឆាំង​ និង​បក្ស​កាន់​អំណាច​តែង​ជ្រើសរើស​យក​យុទ្ធសាស្រ្ត​ឆ្លើយតប​ចំនួន​ប្រាំ។ ទី​មួយ​បក្ស​កាន់​អំណាច​ត្រូវ​ជ្រើសរើស​វិធី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់ និង​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ថា​តើ​ព្រម​ទៅ​តាម​ការ​ទាមទារ​ឬ​មិន​ព្រម​។

ទី​ពីរ​បក្ស​ប្រឆាំង​ត្រូវ​វាយតម្លៃ​ពី​ការ​ឆ្លើយតប​របស់​បក្ស​កាន់​អំណាច​ហើយ​ធ្វើការ​សម្រេច​ថា​តើ​ចូលរួម​ក្នុង​ការ​លេង​ល្បែង​បោះឆ្នោត​ ឬ​ធ្វើ​ពហិការ។

ទី​បី ​បក្ស​កាន់​អំណាច​ត្រូវ​សម្រេច​ថា​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ ឬ​ត្រូវ​រិះរក​វិធី​បន្លំ​ដើម្បី​ឈ្នះ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។

ទី​បួន​ បើ​បក្ស​កាន់​អំណាច​ប្រកាស​ថា​ឈ្នះ​ឆ្នោត​បក្ស​ប្រឆាំង​ត្រូវ​សម្រេច​ថា​ត្រូវ​ធ្វើការ​តវ៉ា​ទាមទារ​អ្វី​ដែល​ខ្លួន​ចង់​បាន​ ឬ​ក៏​ការ​ទទួល​យក​លទ្ធផល​ដោយ​ស្ងប់​ចិត្ត​ និង​ទី​ប្រាំ​ភាព​ដដែលៗ​កើត​មាន​ចេញ​ពី​ការ​គាប​សង្កត់​របស់​បក្ស​កាន់​អំណាច​ដូច​រៀបរាប់​ខាង​លើ និង​ការ​ទាមទារ​ឲ្យ​បើក​ចំហ​ក្នុង​ការ​កែទម្រង់​បន្តិច​ម្តងៗ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​របស់​បក្ស​ប្រឆាំង​។

យុទ្ធសាស្រ្ត​ខាង​លើ​នេះ​វា​ទាមទារ​ឲ្យ​មាន​ភាព​ឆ្លាតវៃ​របស់​បក្ស​ប្រឆាំង​ក្នុង​ការ​តវ៉ា​ទាមទារ និង​គាបសង្កត់​ទៅ​បក្ស​កាន់​អំណាច​តាមរយៈ​សន្លឹក​ឆ្នោត​ដែល​ខ្លួន​មាន​។ កុំភ្លេច​ថា​បើ​គ្មាន​សន្លឹក​ឆ្នោត​នៅ​ក្នុង​ដៃ​សម្តី​របស់​បក្ស​ប្រឆាំង​មិន​ប្រៃ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​បក្ស​កាន់​អំណាច ឬ​សហគមន៍​អន្តរជាតិ​ស្តាប់​តាម​នោះ​ឡើយ​។

ចុង​បញ្ចប់​នៃ​ល្បែង​ប្រជាធិបតេយ្យ​នេះ​ទាំង​បក្ស​ប្រឆាំង​ និង​បក្ស​កាន់​អំណាច​មាន​ជម្រើស​ពីរ​រៀងៗ​ខ្លួន៖ បក្ស​ប្រឆាំង​អាច​សម្រេច​ចិត្ត​ថា​ខ្លួន​ជា​ទ្រនាប់​នៃ​ភាព​ស្រប​ច្បាប់​របស់​បក្ស​កាន់​អំណាច​ដោយ​ព្រម​ទទួល​នូវ​លាភសក្ការៈ​ដែល​កើត​ចេញ​ពី​សន្លឹក​ឆ្នោត​របស់​រាស្រ្ត​ ឬ​ក៏​ជា​កាតាលីករ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ស្ថាប័ន​សង្គម​នានា​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​មាំទាំ​ និង​ស្ថិតស្ថេរ​ជាង​មុន​។

រីឯ​ បក្ស​កាន់​អំណាច​វិញ​ក៏​អាច​សម្រេច​ថា​ខ្លួន​ឈប់​លេង​ល្បែង​នេះ​ដោយ​ងាក​មក​រក​របប​ផ្តាច់ការ​តឹងរ៉ឹង​មួយ​វិញ ឬ​ក៏​បន្ត​លេង​តាមរយៈ​យុទ្ធ​វិធី​ដូច​បាន​រៀបរាប់​ខាង​លើ​ជាមួយ​បក្ស​ប្រឆាំង​ក្រោម​រូបភាព​កែទម្រង់​ខ្លះ និង​រឹតត្បិត​សេរីភាព​ខ្លះ។

ក្នុង​ករណី​បក្ស​ប្រឆាំង​ព្រម​ធ្វើ​ជា​ទ្រនាប់​បក្ស​កាន់​អំណាច​នោះ​បក្ស​កាន់​អំណាច​ក៏​នៅ​តែ​បន្ត​លេង​ល្បែង​នេះ​ដោយ​វាយ​ផង អង្អែល​ផង បញ្ចុក​ចំណី​ផង​។ ក៏​ប៉ុន្តែ​អនាគត​របស់​បក្ស​ប្រឆាំង​របៀប​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ដែល​រាស្រ្ត​ចាប់​ផ្តើម​ដឹង​ហើយ​តាមដាន​ និង​វាយតម្លៃ​។ ក្នុង​ករណី​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​មាន​ការ​កែទម្រង់​ស្ថាប័ន​ជាតិ​ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យ​ជឿន​លឿន​នៅ​ក្នុង​សង្គម​បក្ស​កាន់​អំណាច​អាច​ឈប់​លេង​ល្បែង​នេះ​ហើយ​ងាក​មក​រក​របប​ផ្តាច់ការ​មួយ​។

ក៏​ប៉ុន្តែ​ការ​ងាក​មក​រក​របប​ផ្តាច់ការ​របស់​បក្ស​កាន់​អំណាច​អាច​ទទួល​បាន​ព្រនង់​ធំៗ​ពីរ​​គឺ​៖ ព្រនង់​ទី​មួយ​ពី​សហគមន៍​អន្តរជាតិ​។ របត់​នេះ​​វា​ផ្ទុយ​ពី​ចរន្ត​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក។ បើ​ចង់​ធ្វើ​បែប​នេះ​បក្ស​កាន់​អំណាច​ត្រូវ​រក​ប្រភព​សេដ្ឋកិច្ច​ និង​នយោបាយ​ការទូត​ដើម្បី​គាំទ្រ​របប​ផ្តាច់ការ​របស់​ខ្លួន។ ជា​ទូទៅ​ប្រទេស​ដែល​​មាន​​ធនធាន​រ៉ែ ឬ​ប្រេងកាត​ពួកគេ​មិន​ខ្លាច​គំនាប​សេដ្ឋកិច្ច​ និង​ការទូត​ពី​សហគមន៍​អន្តរជាតិ​ឡើយ។ ពួកគេ​អាច​លក់ រ៉ែ ប្រេង ​និង​ឧស្ម័ន​ហើយ​បន្ត​គ្រប់គ្រង​អំណាច​ក្នុង​កណ្តាប់​ដៃ​យ៉ាង​ណែន​ដោយ​មិន​ខ្វល់​ពី​អនាគត​ជាតិ​ និង​ជីវភាព​សង្គម​នៅ​ពេល​ដែល​អស់​រ៉ែ​ ឬ​ធនធាន​ធម្មជាតិ​ទាំង​នោះ​ឡើយ​។

ទី​ពីរ​គឺ​ព្រនង់​ពី​រាស្រ្ត​។ រាស្រ្ត​ក្រោម​សម័យ​បច្ចេកវិទ្យា​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​ចង់​បាន​សេរីភាព​ជាង​មុន​ និង​ចង់​បាន​ជីវភាព​សង្គម​ប្រសើរ​ជាង​​មុន។ បើ​បក្ស​កាន់​អំណាច​ជ្រើសរើស​របប​ផ្តាច់ការ​នោះ​វាសនា​ប្រហែល​មិន​បាន​សុខ​តជំនាន់​ឡើយ​។ ប្រទេស​នានា​ដូចជា​នៅ​តំបន់​អាហ្វ្រិក អឺរ៉ុប ឬ​អាស៊ី​សុទ្ធ​តែ​បាន​ផ្តល់​នូវ​គំរូ​ជា​មេរៀន​ស្រាប់​ហើយ​។ កុំ​ភ្លេច​ថា​មនុស្ស​មាន​សិទ្ធិ​ និង​សេរីភាព​ពី​កំណើត​។

ដូច​ទស្សនវិទូ Jonh Locke បាន​និយាយ​ថា​ដរាប​ណា​មនុស្ស​មាន​សេរីភាព​ពី​កំណើត​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​មាន​សេរីភាព​ណា​មក​រារាំង​សិទ្ធិ​ និង​សេរីភាព​របស់​បុគ្គល​ដទៃ​ទៀត​បាន​ឡើយ​។ ក៏​ប៉ុន្តែ​បើ​ជ្រើសរើស​របប​កែទម្រង់​ឲ្យ​ប្រសើរ​ឡើង​ជាង​មុន​ដើម្បី​សេចក្តី​សុខ​រាស្រ្ត និង​ការ​រីកចម្រើន​របស់​ជាតិ​នោះ​ប្រហែល​ជា​អាយុកាល​នៃ​ការ​គ្រប់គ្រង​នៃ​របប​ពាក់​កណ្តាល ផ្តាច់ការ​អាច​បាន​វែង​ជាង​មុន​បន្តិច​ ឬ​យូរ​ជាង​មុន​បន្តិច​ដោយ​អាស្រ័យ​លើ​រាស្រ្ត​អង្គ​បោះឆ្នោត​។ ប្រជាធិបតេយ្យ​វា​មិនមែន​​ជា​អ្វី​ដែល​ថ្មី​នោះ​ឡើយ។

សង្គម​ក្រិក​បាន​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​បោះឆ្នោត​ជា​តំណាង​តាំងពី​ឆ្នាំ ៥០០ ​មុន​គ្រិស្តសរាជ​ឯ​ណោះ​។ ក៏​ប៉ុន្តែ​ក្រិក​ខ្លួន​ឯង​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ដឹកនាំ​ផ្តាច់ការ​វិញ​ហើយ​បំផ្លាញ​សង្គម​ខ្លួន​ឯង​តរៀង​មក​។ ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​ឲ្យ​បាន​ជោគជ័យ​វា​ទាមទារ​លក្ខខណ្ឌ​ និង​បរិបទ​សង្គម​មួយ​ចំនួន​។ ក្នុង​នោះ​រួម​មាន​ភាព​អំណត់​អត់ធន់​របស់​អ្នក​ប្រជាធិបតេយ្យ និង​ការ​ចូលរួម​ដោយ​ឈ្លាសវៃ​ពី​រាស្រ្ត​។

រាស្រ្ត​ឈ្លាសវៃ​ទាល់​តែ​ទទួល​បាន​ការ​អប់រំ​ល្អ។ ការ​អប់រំ​ល្អ​ទាល់តែ​រដ្ឋ​ជា​អ្នក​តម្រង់​ទិស! ចុះ​បើ​រដ្ឋ​ផ្តាច់ការ តើ​គេ​អាច​តម្រង់​ទិស​រាស្រ្ត​ឲ្យ​មាន​ការ​អប់រំ​ល្អ​ និង​ឈ្លាសវៃ​បាន​ដែរ​ឬ​ទេ​?

អ្នក​ចង់​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​មិន​ខុស​ពី​ទៅ​ដណ្តើម​សាច់​ដែល​នៅ​ក្នុង​មាត់​សត្វ​សាហាវ​ដែល​កំពុង​ស្រេកឃ្លាន​នោះ​ឡើយ។ សត្វ​ទាំង​នោះ​នឹង​មិន​ខ្វល់​ថា​វា​ត្រូវ​ទទួល​ផល​យ៉ាង​ណា​ដរាប​ណា​អ្នក​ទាញ​សាច់​ចេញ​ពី​មាត់​វា វា​មិន​ខ្លាច​ក្នុង​ការ​ឆ្លើយតប​ឡើយ​បើ​ទោះ​ជា​វិធី​ឆ្លើយតប​នោះ​នឹង​នាំ​មក​នូវ​វិនាសកម្ម​ និង​ការ​បំផ្លាញ​ខ្លួន​វា​ទៅ​អនាគត​ក៏ដោយ​។

វា​ជា​ធម្មជាតិ​នៃ​សត្វ​សាហាវ​ហើយ​វា​ជា​លក្ខណៈ​នៃ​សត្វ​ដែល​គ្មាន​សតិសម្បជញ្ញៈ​ខុស​ពី​មនុស្ស​លោក​ដែល​ចេះ​គិត។ វា​មិន​ពិបាក​ទេ​បើ​សិន​ជា​ក្រុម​មនុស្ស​ទាំងអស់​ស្រឡាញ់​សិទ្ធិ​ និង​សេរីភាព​ដូច​គ្នា។

ជា​រួម​បើ​តួអង្គ​បក្ស​ទំាង​ពីរ​ស្រឡាញ់​ជាតិ​ និង​ចង់​ឃើញ​ប្រទេស​រីកចម្រើន​ដូច​គ្នា​គេ​នឹង​ធ្វើការ​រួម​គ្នា​ប្រកប​ដោយ​គុណ​តម្លៃ​ និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ដូច​ប្រទេស​ប្រជាធិប​តេយ្យ​ទំនើប​ជឿន​លឿន​ដទៃ​ទៀត​បាន​ធ្វើ និង​ផ្តល់​ជា​គំរូ​ស្រាប់​ដោយ​មិន​ចាំបាច់​ដើរ​ទៅ​ត្រួសត្រាយ​អ្វី​ថ្មី​ទៀត​ឡើយ។ ជា​ការ​កត់សម្គាល់​ប្រទេស​ជឿន​លឿន​ទាំង​នោះ​មិនមែន​កើត​ឡើង​មក​មាន​ប្រជាធិបតេយ្យ​មាន​សិទ្ធិ​ និង​សេរីភាព​ដោយ​ឯកឯង​ឡើយ​។ សិក្សា​ពី​ប្រវត្តិសាស្រ្ត​របស់​ពួកគេ​ចុះ​នោះ​នឹង​ដឹង​ថា​វា​ត្រូវការ​ពេល​ប៉ុន​ណា​ជីវិត​មនុស្ស​ប៉ុន្មាន និង​ភាព​អត់ធ្មត់​និង​ឈ្លាសវៃ​យ៉ាង​ដូម្តេច​?

ជន​កម្ពុជា​គ្រប់​រូប​មិនមែន​សុទ្ធ​តែ​មិន​ចេះ​គិត​នោះ​ឡើយ​។ គ្រាន់តែ​ថា​អ្នក​ខ្លះ​មិន​សូវ​ហ៊ាន​គិត​ហើយ​អ្នក​ខ្លះ​រវើរវាយ​ច្រើន​ពេក​។ តែ​បើ​ថា​ចេះ​គិត​គ្រប់​រូប​ក៏​មិន​មែន​សង្គម​ដែល​ធ្លាប់​រុង​រឿង​ធ្លាប់​សាង​អង្គរ​បែរ​ជា​ធ្លាក់​មក​រក​ផលិត​អ្វី​ជា​ដុំ​កំភួន​មិន​បាន​ដូច​ពេល​នេះ​ឡើយ​។

គេ​នៅ​តែ​ឃើញ​ប្រជាកសិករ​ភាគច្រើន​នៅ​ធ្វើ​ស្រែ​ចម្ការ​ដោយ​ប្រើ​រទេះ​គោ​ដូច​ដែល​បន្សល់​នៅ​លើ​ចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​រាប់​សតវត្សរ៍​មក​ហើយ​នៅ​ឡើយ​។ សង្គម​ជឿន​លឿន​ត្រូវ​ការ​ការ​ចូលរួម​ដ៏​ឈ្លាសវៃ ម៉ឹងម៉ាត់ និង​អត់ធ្មត់​។ វាសនា​របស់​ជាតិសាសន៍​មួយ​វា​អាស្រ័យ​លើ​ជាតិ​សាសន៍​នោះ​ជា​អ្នក​កំណត់។ ឈប់​យក​ដៃ​សំពះ​អង្វរ​មេឃ​សុំ​ទឹក​ភ្លៀង​ទៀត​ទៅ​! ប្រទេស​គេ​ជឿនលឿន​គេ​បង្កើត​ភ្លៀង​បាន​រួច​ទៅ​ហើយ​។ បើ​អត់​ទឹក​បង្កើត​ទឹក​មិនមែន​បន្ទោស​មេឃ​ហើយ​រង់ចាំ​ភ្លៀង​នោះ​ឡើយ​ហើយ​បើ​អត់​ទឹក​រង់ចាំ​មេឃ​តើ​អះអាង​ថា​ខ្លួន​ចេះ​គិត​ប្រកប​ដោយ​គតិបណ្ឌិត ​និង​ភាព​ឈ្លាសវៃ​យ៉ាង​ដូច​ម្តេច?

ជុំ ច័ន្ទដារិន, អ៊ីមែលៈ chandarin4@hotmail.com

No comments: