A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 April 2016

សង្គម​ស៊ីវិល​​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​បារម្ភ​ពី​បញ្ហា​ហិង្សា​លើ​ផ្នែក​យេនឌ័រ

សង្គម​ស៊ីវិល​​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​បារម្ភ​ពី​បញ្ហា​ហិង្សា​លើ​ផ្នែក​យេនឌ័រ
ដោយ ខែ សុណង
2016-04-09

​ស្រីមុំ ២០១៦ ៨៥៥
កញ្ញា ខុម ចាន់តារាទី ហៅ ​ស្រីមុំ ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។

Photo: RFA


សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ព្រួយ​បារម្ភ​ពី​បញ្ហា​ហិង្សា​លើ​ផ្នែក​យេនឌ័រ ដែល​ចេះ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ​នៅ​កម្ពុជា។ ការ​ព្រួយ​បារម្ភ​នេះ ពួកគេ​បាន​លើក​យក​ករណី​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​បណ្ដាញ​សង្គម និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នូវ​ជីវិត​ឯកជន​របស់​នាង​ជា​បន្តបន្ទាប់។ បច្ចុប្បន្ន​ករណី​នេះ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​រូប​នាង​ចំនួន​ពីរ​បទ​ចោទ គឺ​បទ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​ករណី​អំពើ​ពេស្យាចារ។

សង្គម​ស៊ីវិល​ចាត់​ទុក​អ្នក​នយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ ថា​ប្រើប្រាស់​ស្ត្រី​ជា​កម្មវត្ថុ​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ដល់​ការ​គោរព និង​ការពារ​សិទ្ធិ​ស្ត្រី។ ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ត្រូវ​ប្រើ​តួនាទី​របស់​ខ្លួន​តាម​ច្បាប់​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌។ ជន​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ត្រូវ​ចូលរួម​ទទួល​ខុស​ត្រូវ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យក​ស្ត្រី​ជា​កម្មវត្ថុ​ដើម្បី​ទាញ​យក​ប្រយោជន៍​នយោបាយ។



អ្នកស្រី ធីតា ឃឹះ បាន​សំដៅ​ទៅ​លើ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថា​មួយ​ជា​អ្នក​បង្ក​រឿង មួយ​មិន​បាន​ចូលរួម​ឆ្លើយឆ្លង​រក​ដំណោះស្រាយ ដែល​ស្ត្រី​ក្លាយ​ជា​ជន​រងគ្រោះ៖ «គេ​យក​ស្ត្រី​ធ្វើ​ជា​កម្មវត្ថុ​មួយ​ដើម្បី​ប្រកាន់ មាន​ជា​រឿង​អ៊ីចឹង​ណា។ សូម​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ការពារ​សិទ្ធិ​របស់​មនុស្ស​របស់​ស្ត្រី ហើយ​ធ្វើ​ម៉េច​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ស្ត្រី​ក្នុង​ករណី​របៀប​នេះ»។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ទស្សនៈ​របស់​សង្គម​ស៊ីវិល​នេះ​គឺ​ប្រាសចាក​ការ​ពិត និង​សុំ​កុំ​ឲ្យ​លាប​ពណ៌​គណបក្ស​ប្រជាជន៖ «សង្គម​ស៊ីវិល​អស់​ហ្នឹង​មាន​ឯករាជ្យ​ឯ​ណា? គាត់​លំអៀង​ហ្នឹង គាត់​យក​ស្អី​អូស​មក​ដាក់​គណបក្ស​កាន់​អំណាច​ហ្នឹង អា​ណា​ល្អ​គាត់​និយាយ​អាក្រក់ អា​ណា​អាក្រក់​តិច គាត់​ពង្រីក​អាក្រក់​ធំ នេះ​ជា​ទម្លាប់​របស់​គាត់ វា​មាន​បញ្ហា​អី​អា​ហ្នឹង។ រឿង​គាត់​ទេ! គណបក្ស​ប្រជាជន​អត់​ពាក់ព័ន្ធ​រឿង​ហ្នឹង​ទេ រឿង​បុគ្គល​គាត់​ផ្ទាល់​ខ្លួន ឯកឧត្ដម កឹម សុខា ហើយ​សមាជិក​អ្នក​មាន​ជំនឿ​គាត់​អ្នក​ជឿ​លើ​គាត់ ឥឡូវ​នេះ​ខក​ដំណើរ ដោយសារ​ជឿ​គាត់​ហើយ​គាត់​ធ្វើ​ផ្ដេសផ្ដាស​រឿង​តែ​ប៉ុណ្ណឹង​ទេ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា។ ប៉ុន្តែ​កន្លង​មក​គណបក្ស​នេះ បាន​ប្រកាន់​ជំហរ​លើ​គោលការណ៍​មិន​ឆ្លើយ​មិន​ឆ្លង​មិន​ឈ្លោះ​លើ​ករណី​នេះ​ឡើយ។

កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា មាន​ស្នេហា​លួច​លាក់​ជាមួយ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ដោយសារ​មិន​ទាន់​រក​មេធាវី​ការពារ។

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រក​ឃើញ​ថា កញ្ញា​ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​ចំនួន​២០ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា បាន​សរសេរ​ថា ករណី កញ្ញា ខុម ចាន់តារាទី ការ​ដែល​ជ្រៀតជ្រែក​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ជីវិត​ឯកជន​របស់​នាង ហើយ​ក៏​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ផ្អែក​ទៅ​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​នាម​រដ្ឋ​ជា​ភាគី​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ម្យ៉ាង​វិញ​ទៀត ដីកា​កោះ​ហៅ​របស់​តុលាការ​ពី​បទ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​ករណី​អំពើ​ពេស្យាចារ គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

សង្គម​ស៊ីវិល​យល់​ឃើញ​ថា ករណី​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គាត់ ហើយ​ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​គាត់​បាត់បង់​ការងារ និង​កំពុង​រស់នៅ​ដោយ​ភ័យ​ខ្លាច​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយសារ​តែ​បុគ្គល​ជាប់​ពាក់ព័ន្ធ​គឺ​ជា​អ្នក​នយោបាយ និង​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់៕

No comments: