A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 April 2016

កម្លាំង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​​ឈូស​តូប​លក់ដូរ​នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល


ដោយ ដែន អយុធ្យា
2016-04-09

ឈូស​តូប​​អូរឈើទាល ៨៥៥ ២០១៦
កម្លាំង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ យក​គ្រឿងចក្រ​ទៅ​ឈូស​​តូប​លក់​ដូរ​របស់​អាជីវករ​នៅ​តាម​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន នា​ចុង​ឆ្នេរ​អូរឈើទាល នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Den Ayuthyea


ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​រាប់​រយ​នាក់ អម​ដោយ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ទៅ​ឈូស​កម្ទេច​ចោល​ស្តង់ ឬ​តូប​លក់​ដូរ​របស់​អាជីវករ​ចំនួន ១៤​តូប នៅ​តាម​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន នា​ចុង​ឆ្នេរ​អូរឈើទាល។ សកម្មភាព​នេះ រង​ការ​រិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ដោយ​អះអាង​ថា គួរ​តែ​អាជ្ញាធរ​ទុក​ឲ្យ​ក្រុម​អាជីវករ​ទាំង ១៤​តូប អាច​ប្រកប​របរ​របស់​ខ្លួន​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​សិន។

សកម្មភាព​ប្រើ​គ្រឿងចក្រ និង​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ ចុះ​ឈូស​បំផ្លាញ​តូប​លក់ដូរ​របស់​អាជីវករ​ទាំង ១៤​តូប នា​ចុង​ឆ្នេរ​អូរឈើទាល របស់​អាជ្ញាធរ​ពេល​នេះ ដឹកនាំ​ដោយ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក សុខ ផន។ លោក សុខ ផន ដែល​ត្រូវ​គេ​ចាត់​តាំង​ភ្លាមៗ ឲ្យ​ទទួល​ការងារ​ដឹកនាំ​កម្លាំង​ឈូស​ឆាយ​តូប​លក់ដូរ​ទាំង​អស់​ឲ្យ​ស្អាត​ចេញ​ពី​ឆ្នេរ​មុខ​ក្រុមហ៊ុន​សុខាអូតែល មាន​ប្រសាសន៍​ថា អាជ្ញាធរ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា លោក ជា សុផារ៉ា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទើប​ទទួល​តំណែង​ថ្មី។



លោក សុខ ផន ដែល​ជិត​គ្រប់​អាយុ​ចូល​និវត្តន៍​ទៅ​ហើយ​នោះ មិន​ធ្វើ​បំភ្លឺ​ច្រើន​ទេ លើ​សកម្មភាព​ឈូស​ឆាយ​នេះ ដោយ​និយាយ​ខ្លី​ថា តាម​បទបញ្ជា គឺ​តូប​លក់ដូរ​ទាំង​ប៉ុន្មាន​ដែល​សង់​នៅ​ក្នុង​បរិវេណ​មុខ​ក្រុមហ៊ុន​សុខាអូតែល ត្រូវ​តែ​កម្ទេច​ចោល​ឲ្យ​រាប​ដល់​ដី ឲ្យ​ស្រប​តាម​បទបញ្ជា​ថ្នាក់​លើ​ដាក់​ឲ្យ​អនុវត្ត។

តំណាង​អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល ឬ​អតីត​ឆ្នេរ​អារីស្តុន លោកស្រី ភឿក សុខេន បាន​រិះគន់​សកម្មភាព​របស់​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ថា បាន​ចុះ​អនុវត្ត​តាម​របៀប​កម្រោល​ចូល និង​មាន​រូបភាព​គំរាមកំហែង ព្រោះ​អាជីវករ​ពួកគាត់​ចំនួន ១៤​តូប​ទៀត​មិន​ទាន់​ទទួល​បាន​សំណង់​មួយ​កាក់​មួយ​សេន​ណា​ទេ៖ «បើ​សម្ដេច​ចង់​បាន​សន្លឹក​ឆ្នោត​ដឹក​នាំ​ប្រទេស​ជា​បន្ត​ទៀត សូម​សម្ដេច​ជួយ​មាន​វិធានការ​ទៅ​លើ​មន្ត្រី​មាន​ទង្វើ​អាក្រក់​នៅ​ថ្នាក់​ក្រោម ដែល​មាន​ចរិត​ឃោរឃៅ និង​មាន​អំពើ​ពុក​រលួយ​ដើម្បី​ផ្គាប់​ចិត្ត​ឈ្មួញ​ឲ្យ​អស់​ពី​ខេត្ត​ព្រះសីហនុ»។

អាជីវករ​ខ្លះ​ទៀត ក៏​សម្ដែង​ការ​ហួស​ចិត្ត កាល​បើ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ អម​ដោយ​គ្រឿង​ច្រក​ជា​ច្រើន​គ្រឿង ចុះ​ឈូស​ឆាយ​តូប​លក់ដូរ​របស់​ពួកគេ​បំផ្លាញ​ចោល​គ្មាន​សល់ និង​គ្មាន​សំណង់​នោះ​ទេ៖ «មន្ត្រី​ថ្នាក់​ក្រោម​នា​មូលដ្ឋាន​នៅ​កំពង់សោម គឺ​ធ្វើ​បាប​រាស្ត្រ​ដើម្បី​ផ្គាប់​ចិត្ត​ឈ្មួញ និង​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ សូម​សម្ដេច ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ផង»។

​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ឃ្លាំមើល​សកម្មភាព​ឈូស​ឆាយ​នេះ មាន​ប្រសាសន៍​ថា គួរតែ​អាជ្ញាធរ​ទុក​ឲ្យ​ក្រុម​អាជីវករ​ទាំង ១៤​តូប​នោះ បាន​ប្រកប​របរ​លក់​ដូរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ឲ្យ​រួចរាល់​សិន​ចាំ​រុះរើ​ជា​ក្រោយ ដើម្បី​ឲ្យ​ពួកគាត់​ចំណេញ​ដើម​ទុន​ខ្លះ៖ «សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រើ​កម្លាំង​ចុះ​ឈូស​ឆាយ​កម្ទេច​តូប​លក់​ដូរ​របស់​ក្រុម​អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អតីត​មុខ​ក្រុមហ៊ុន​អារីស្តុន ចោល​ទាំង​ស្រុង។ ករណី​នេះ រដ្ឋាភិបាល​គួរ​តែ​មាន​គុណធម៌​ឲ្យ​បាន​ច្រើន ចំពោះ​ប្រជាជន​ស្លូត​ត្រង់ ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​ពួក​គាត់​អាច​លក់​ដូរ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ឲ្យ​ចប់​សិន ដើម្បី​ឲ្យ​ពួក​គាត់​មាន​ដើម​ទុន​ខ្លះ ដែល​បាន​ចំណាយ​អស់​ច្រើន​នា​ពេល​កន្លង​មក»។

​ដូចគ្នា​នេះ​ដែរ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់ ស៊ីអ៊ិនរ៉ូ សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម បាន​រិះគន់​សកម្មភាព​ឈូស​កម្ទេច​តូប​លក់ដូរ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រោះ​ធ្វើ​ឡើង​តក់ក្រហល់ ហើយ​បំផ្លាញ​សម្ភារៈ​ពលរដ្ឋ​ស្ទើរ​ទាំង​ស្រុង។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ មិន​ជំទាស់​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ការ​អភិវឌ្ឍ​ទាំង​នោះ គួរ​តែ​ប្រជាពលរដ្ឋ​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​នីមួយៗ៖ «ក្នុង​នាម​សង្គម​ស៊ីវិល ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​បញ្ហា​ជាមួយ​ក្រុម​អាជីវករ​ឲ្យ​បាន​សមស្រប​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​ពលរដ្ឋ និង​អ្នក​ជាប់​ពាក់ព័ន្ធ អាច​ទទួល​យក​បាន​ទាំង​សង​ខាង ជៀសវាង​អាជ្ញាធរ​មក​បំផ្លាញ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ឲ្យ​រងគ្រោះ និង​គ្មាន​ដំណោះស្រាយ។ បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ»។

​លិខិត​មាន​ចុះ​ហត្ថលេខា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ បាន​ដាក់​ឱសានវាទ ១​ខែ ឲ្យ​អាជីវករ ៣ ទីតាំង​រុះរើ​តូប​កំពុង​ធ្វើ​អាជីវកម្ម​ចេញពី​ឆ្នេរ​ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរឈើទាល ទល់​មុខ​អតីត​ក្រុមហ៊ុន​អារីស្តុន និង​ឆ្នេរ​មុខ​ព្រះរាជដំណាក់​ចាស់​កំពង់សោម ជា​កំហិត ត្រឹម​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​យក​ទីតាំង​ទាំងនេះ​អភិវឌ្ឍ​ឆ្នេរ​ឲ្យ​មាន​សោភណភាព។ឱសានវាទ​នេះ អាជ្ញាធរ​ទើប​ចុះ​អនុវត្ត​ទៅ​លើ​អាជីវករ​ឆ្នេរ​អូរឈើទាល មួយ​ទេ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា។

​ទោះ​យ៉ាង​ណា សកម្មភាព​ពង្រាយ​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ និង​គ្រឿងចក្រ​ឈូស​បំផ្លាញ​ស្តង់ ឬ​តូប​លក់ដូរ​របស់​ក្រុម​អាជីវករ​នៅ​ចុង​ឆ្នេរ​អូរឈើទាល ឬ​អតីត​ឆ្នេរ​អារីស្តុន នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ទេ៕

No comments: