ដោយ ចេង ម៉េងជូ
2016-04-10

ទិដ្ឋាការអេឡិចត្រូនិក (e-visa) របស់ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) សញ្ជាតិអេស្ប៉ាញ (Spain) ដែលក្រសួងការបរទេសកម្ពុជា សម្រេចផ្ដល់ជូនលោកកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។ Photo Provided by Alejandro
Photo Provided by Alejandro
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) សញ្ជាតិអេស្ប៉ាញ (Spain) មានប្រសាសន៍ថា លោកសោកស្ដាយដែលក្រសួងការបរទេសកម្ពុជា សម្រេចលុបចោលទិដ្ឋាការអេឡិចត្រូនិក (e-visa) របស់លោកវិញ បន្ទាប់ពីក្រសួងនេះបានសម្រេចផ្ដល់ជូនលោកកាលពីថ្ងៃទី៦ ខែមេសា កន្លងទៅ។
លោកអះអាងជាថ្មីថា លោកនឹងបន្តរិះរកមធ្យោបាយផ្សេងៗទៀតរហូតដល់អាចវិលត្រឡប់មកកម្ពុជា វិញបាន ដើម្បីអនុវត្តសិទ្ធិការពារខ្លួនតទល់នឹងការចោទប្រកាន់របស់តុលាការខេត្តកោះកុង។
សកម្មជនការពារបរិស្ថាន លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន សញ្ជាតិអេស្ប៉ាញ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ពីប្រទេសថៃ នៅថ្ងៃទី១០ មេសា ថា លោកមិនភ្ញាក់ផ្អើលឡើយចំពោះការកែប្រែរបស់ក្រសួងការបរទេសកម្ពុជា ដែលសម្រេចលុបចោលទិដ្ឋាការអេឡិចត្រូនិករបស់លោកវិញ៖ «នៅប្រទេសកម្ពុជា ជាងបីបួនឆ្នាំមកនេះ ខ្ញុំដឹងថា រដ្ឋាភិបាលពេលខ្លះដូចជារញ៉េរញ៉ៃមែនទែន។ អ៊ីចឹងដូចជាមិនមានអីគួរឲ្យភ្ញាក់ផ្អើលទេ ប៉ុន្តែសោកស្ដាយណាស់ដោយសារពេលខ្ញុំទទួលបាន E-visa ខ្ញុំចាប់ផ្ដើមមានសង្ឃឹមខ្លះៗ ហើយក៏ឥឡូវហ្នឹងទទួលព័ត៌មានថាគេមិនអនុញ្ញាតឲ្យចូលវិញ សោកស្ដាយខ្លះៗ ប៉ុន្តែខ្ញុំនៅតែតស៊ូ ហើយនៅតែរកមធ្យោបាយ ដើម្បីទាមទារត្រឡប់ទៅវិញ ដើម្បីចូលរួមនៅក្នុងសវនាការនៅក្នុងខេត្តកោះកុង»។
លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ជាស្ថាបនិកអង្គការមាតាធម្មជាតិ ត្រូវបានរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៥។ បច្ចុប្បន្ន លោកកំពុងស្នើឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យលោកវិលត្រឡប់មកកម្ពុជា វិញ ដើម្បីអនុវត្តសិទ្ធិការពារខ្លួនតទល់នឹងការចោទប្រកាន់រូបលោកពីបទសមគំនិត ក្រោមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងបទល្មើសក្រោមមាត្រា៤២៤ ពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាត ដែលភ្ជាប់មកនូវបញ្ជាអ្វីមួយ អាចនឹងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។
ប្រតិកម្មរបស់ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ទៅនឹងក្រសួងការបរទេសកម្ពុជា នៅពេលនេះ គឺបន្ទាប់ពីក្រសួងនេះចេញលិខិតកាលថ្ងៃទី៨ ខែមេសា ប្រាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ថា ការចេញទិដ្ឋាការអេឡិចត្រូនិកជូន លោក អាឡិកហាន់ដ្រូ កាលពីថ្ងៃទី៦ មេសា កន្លងទៅ គឺដោយសារតែប្រព័ន្ធផ្ដល់ទិដ្ឋាការអេឡិចត្រូនិករបស់ក្រសួងមានភាពរអាក់រអួល។

រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ឡុង វិសាលោ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នាក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣។ RFA
តាមរយៈលិខិតនោះដែរ រដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោ បានបញ្ជាឲ្យមន្ត្រីអន្តោប្រវេសន៍តាមច្រកទ្វារអន្តរជាតិកម្ពុជា ទាំងអស់ មិនអនុញ្ញាតឲ្យ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ចូលកម្ពុជា ជាដាច់ខាត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក សុខ ផល និងរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឡុង វិសាលោ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី១០ ខែមេសា។
ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បញ្ជាក់ថា ជនបរទេសណាដែលត្រូវបានបណ្ដេញចេញដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយ ជននោះនឹងមិនអាចវិលមកកម្ពុជា វិញជាដាច់ខាត។ ការវិលត្រឡប់មកកម្ពុជា វិញបាន លុះណាជននោះទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទាក់ទងរឿងនេះ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន អះអាងថា ក្រុមការងារចលនាមាតាធម្មជាតិ ធ្លាប់បានដាក់លិខិតជូនទៅ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែមិនមានមន្ត្រីណាព្រមទទួលលិខិតនោះឡើយ។
លោក អាឡិកហាន់ដ្រូ មានប្រសាសន៍បន្តថា លោកនឹងសាកល្បងប្រើប្រាស់វិធីផ្សេង ដើម្បីឲ្យលិខិតនោះដល់ដៃ លោក ស ខេង៖ «អ៊ីចឹងលើកនេះ ខ្ញុំនឹងផ្ញើតាមផ្លូវទូតម្ដង តាមស្ថានទូតអេស្ប៉ាញ នៅប្រទេសថៃ ឲ្យគេហ្នឹងជូនទៅជាលិខិតផ្លូវការ ដើម្បីកុំឲ្យរដ្ឋាភិបាល ដើម្បីកុំឲ្យក្រសួងមហាផ្ទៃ ហ្នឹងមានលេសថាខ្ញុំអត់បានផ្ញើទៅ»។
អ្នកសម្របសម្រួលនៃគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ឆាយ ឈុនលី យល់ថា ការលុបចោលទិដ្ឋាការរបស់ លោក អាឡិកហាន់ដ្រូ សបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលកំពុងរឹតត្បិតសិទ្ធិស្របច្បាប់របស់សកម្មជនការពារបរិស្ថានរូបនេះ៖ «ចេញដីកាឲ្យចាប់ខ្លួន តែដល់ពេលបុគ្គលនោះគាត់សុំចូល អត់ចេញវីសា (Visa) ឲ្យគាត់។ ខ្ញុំមើលទៅជាចេតនាដែលមិនចង់ឲ្យ អាឡិក ចូល»។
កាលពីខែកុម្ភៈ កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២២ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាល ដែលចោទប្រកាន់សកម្មជនការពារបរិស្ថាននៃអង្គការមាតាធម្មជាតិ ជាបន្តបន្ទាប់ ដាក់ពន្ធនាគារនៅខេត្តកោះកុង ក្រោយពីពួកគេចូលរួមតវ៉ាប្រឆាំងការបូមខ្សាច់ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានស្នើឲ្យតុលាការ ផ្ដល់យុត្តិធម៌ដល់សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សទាំងឡាយ ដែលបានប្រឹងប្រែងការពារធនធានធម្មជាតិដោយស្របច្បាប់។
លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ឲ្យដឹងថា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីសប្ដាហ៍មុននៅទីក្រុងបាងកក ប្រទេសថៃ អ្នកស្រីប្រាប់លោកថា ក្នុងនាមជាជនជាប់ចោទ លោកត្រូវទទួលបានសិទ្ធិចូលរួមក្នុងសវនាការដើម្បីការពារខ្លួន ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ លោក អាឡិកហាន់ដ្រូ អះអាងថា លោកនឹងនៅតែបន្តព្យាយាមរហូតដល់លោកអាចវិលត្រឡប់មកកម្ពុជា វិញបាននៅពេលខាងមុខ៕
No comments:
Post a Comment