A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 April 2016

អាជ្ញាធរ​ខេត្ត​រតនគិរី​អំពាវនាវ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ឈប់​កាប់​ឆ្ការ​ដី​ចម្ការ​កាហ្វេ​ឯកជន


ដោយ រដ្ឋា វិសាល
2016-04-10

ផែនទី​ខេត្ត​រតនគិរី ៦២០
ផែនទី​ខេត្ត​រតនគិរី។
Photo: RFA


សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​សោមត្រកចាស់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​នាំ​គ្នា​កាប់​បំផ្លាញ​ចម្ការ​កាហ្វេ​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ២០​ហិកតារ ដណ្ដើម​យក​ដី​ដោយ​សំអាង​ថា ដី​តំបន់​នោះ​ជា​អតីត​ដី​ដូនតា​សហគមន៍។ ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ចាត់​ទុក​ទង្វើ​អ្នក​ភូមិ​ថា​ជា​ការ​យល់​ច្រឡំ​ទាក់ទិន​កម្មសិទ្ធិ​ដូនតា។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​៩ ខែ​មេសា អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​សោមត្រកចាស់ បញ្ឈប់​សកម្មភាព​ចូល​ទៅ​កាន់​កាប់​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​បុគ្គល​ឯកជន ចៀសវាង​ប្រឈម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​កម្មសិទ្ធិ​អ្នក​ដទៃ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ភូមិ​សោមត្រកចាស់ ពីរ​ក្រុម បាន​នាំ​គ្នា​ចូល​ទៅ​កាប់​ឆ្ការ​ដើម​កាហ្វេ ដែល​ម្ចាស់​កម្មសិទ្ធិ​មិន​បាន​ថែទាំ​ដោយ​សំអាង​ថា ម្ចាស់​ដី​បាន​បោះបង់​ចម្ការ​កាហ្វេ​នេះ​ចោល បើ​ទោះ​បី​អាជ្ញាធរ​មូលដ្ឋាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ភូមិ ប្រព្រឹត្ត​បំពាន​ទៅ​លើ​កម្មសិទ្ធិ​អ្នក​ដទៃ​យ៉ាង​ណា​ក្តី។



មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា អ្នក​ភូមិ​សំអាង​ថា ដី​ចម្ការ​កាហ្វេ​ជា​អតីត​ដី​ដូនតា​សហគមន៍ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​មក​កាន់​កាប់​ធ្វើ​ចម្ការ។ ហេតុ​នេះ បើ​ម្ចាស់​ចម្ការ​បោះបង់​ចោល អ្នក​ភូមិ​មាន​សិទ្ធិ​យក​ដី​នោះ​មក​គ្រប់គ្រង​វិញ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ការ​ភ័ន្តច្រឡំ ពីព្រោះ​ដី​ចម្ការ​កាហ្វេ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​កាប់ គឺ​មាន​លិខិត​បញ្ជាក់​សិទ្ធិ​កាន់​កាប់​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៧។ លោក​បន្ត​ថា មាន​សកម្មជន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​ផ្សព្វផ្សាយ​ថា ដី​នោះ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច។ ហេតុ​នេះ បើ​អ្នក​កាន់​កាប់​ដី​សម្បទាន​នោះ​មិន​ដាំ​ដុះ អ្នក​ភូមិ​អាច​ដក​ហូត​យក​វិញ​បាន៖ «គេ​មាន​ម្ចាស់​កាន់​កាប់​រហូត មាន​ប្លង់​រឹង។ ពលរដ្ឋ​ថា​ដី​គេ​មិន​ដាំ​ដុះ គាត់​ថា​ដី​ទំនេរ។ គាត់​ទៅ​កាប់​ឆ្ការ​យក​វិញ វា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ»។

កាល​ពី​ខែ​មីនា ប្រជាពលរដ្ឋ​ភូមិ​សោមត្រកចាស់ បាន​នាំ​គ្នា​រារាំង​គ្រឿងចក្រ​ម្ចាស់​ចម្ការ​មិន​ឲ្យ​ភ្ជួរ​រាស់ និង​ដាំ​ដុះ​ដី​ចម្ការ​កាហ្វេ​នោះ ខណៈ​ដែល​អាជ្ញាធរ​ឃុំ និង​មន្ត្រី​ជំនាញ​ដីធ្លី បាន​ពន្យល់​អ្នក​ភូមិ​ថា ម្ចាស់​ចម្ការ​កាហ្វេ​នេះ​មាន​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ចម្ការ​កាហ្វេ​ប្រមាណ ២០​ហិកតារ និង​មិន​បាន​បោះបង់​ចោល​ចម្ការ​នោះ​ទេ។

សមាជិក​សហគមន៍​មួយ​រូប គឺ​លោក សល់ ថឹ ទទួល​ស្គាល់​ថា អ្នក​ភូមិ ២០​គ្រួសារ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ក្នុង​ចម្ការ​កាហ្វេ​ដំបូង បន្ទាប់​មក​សមាជិក​សហគមន៍​រហូត​ដល់ ៩០​គ្រួសារ បាន​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ក្នុង​ចម្ការ​កាហ្វេ​បន្តបន្ទាប់ ដើម្បី​យក​ដី​ចែក​គ្នា។ លោក​ថា សកម្មជន​អង្គការ​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ប្រចាំ​មូលដ្ឋាន​ឈ្មោះ រម៉ាស់ មឿន គឺ​ជា​អ្នក​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ភូមិ​ចូល​កាន់​កាប់​ដី​ចម្ការ​កាហ្វេ ព្រោះ​ចម្ការ​កាហ្វេ​នេះ​ជា​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​ម្ចាស់​បោះបង់។

ឆ្លើយ​តប​ការ​អះអាង​នេះ សកម្មជន​អង្គការ​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច លោក រម៉ាស់ មឿន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​ប្រមាណ ២០​គ្រួសារ បាន​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ក្នុង​ចម្ការ​កាហ្វេ មុន​ក្រុម​លោក​ចូល​ទៅ​កាប់​ឆ្ការ។ លោក​ថា អ្នក​ថែទាំ​ចម្ការ​បាន​សម្រប​សម្រួល​ឲ្យ​អ្នក​ភូមិ បញ្ឈប់​ចូល​កាន់​កាប់​ដី​ចម្ការ​កាហ្វេ ហើយ​សុខ​ចិត្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​យល់​ព្រម ខ្លះ​មិន​យល់​ព្រម៖ «អត់​ទេ ខ្ញុំ​មិន​នាំ​ទេ គេ​ថា​ដី​សម្បទាន គេ​សម្រប​សម្រួល​ហើយ គេ​ប្ដឹង​ខ្ញុំ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ម្ចាស់​ចម្ការ​កាហ្វេ​ឈ្មោះ ចាន់ នី សុំ​បញ្ជាក់​ករណី​នេះ​បាន​ទេ។

ក៏ប៉ុន្តែ​អ្នក​ថែរក្សា​ចម្ការ​កាហ្វេ​ឈ្មោះ នូ លី ឲ្យ​ដឹង​ថា ដី​ចម្ការ​កាហ្វេ​នេះ​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​ចេញ​ដោយ​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាំង​ពី​ឆ្នាំ​២០០៧។ លោក​ថា ចម្ការ​កាហ្វេ​មិន​ផ្តល់​ផល ទើប​គ្មាន​ការ​ថែទាំ​បន្ត៖ «មេ​ឃុំ មេ​ភូមិ គេ​ដឹង​ឮ​ទាំងអស់។ អ្នក​នៅ​ជាប់​ព្រំ​ដី​គេ​ផ្ដិត​មេដៃ​ដឹង​ឮ​ទាំងអស់។ មេ​ភូមិ​និយាយ​គេ​មិន​ស្តាប់​ទេ»។

ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​សោមធំ លោក សល់ ទួល ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ និង​មន្ត្រី​ដីធ្លី​បាន​ចុះ​ណែនាំ​អ្នក​ភូមិ​ពីរ​លើក ទាក់ទិន​ការ​ចូល​ទៅ​កាន់​កាប់​ដីធ្លី​ម្ចាស់​មាន​ប័ណ្ណ​កម្មសិទ្ធិ ក៏ប៉ុន្តែ​អ្នក​ភូមិ​មិន​ទទួល​យក​ការ​ណែនាំ​នេះ​ទេ៖ «ដំបូង​គេ​ទៅ​កាប់​ប្រហែល ២០​គ្រួសារ​ទេ។ ដល់​ឥឡូវ​គេ​ចង់​ឈ្នះ គេ​បបួល​មួយ​ភូមិ​តែ​ម្តង»។

ច្បាប់​ភូមិបាល​មាត្រា​៧ ចែង​ថា របប​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​មុន​ឆ្នាំ​១៩៧៩ មិន​ត្រូវ​បាន​ទទួល​ស្គាល់៕

No comments: