ដោយ សូត សុខប្រាថ្នា
2016-04-08

ផែនទីខេត្តកំពង់ធំ។
Photo: RFA
ប្រជាពលរដ្ឋនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើកឡើងថា ព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សត្រូវគេដុត និងឈូសឆាយយ៉ាងអនាធិបតេយ្យ។ ពលរដ្ឋបារម្ភថា ជម្រកមច្ឆាជាតិ ព្រមទាំងសត្វស្លាបផ្សេងៗ នឹងត្រូវបាត់បង់ ប្រសិនបើអាជ្ញាធរមិនបានចាត់វិធានការចំពោះបញ្ហានេះឱ្យបានទាន់ពេលវេលានោះទេ។
ប្រជាសហគមន៍ ឃុំកំពង់គោ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវករណីដុតព្រៃ និងឈូសឆាយដីព្រៃលិចទឹក នៅបឹងព្រះស្នែង និងតាមដងស្ទឹងសែន ដែលកើតឡើងប្រមាណ ២ខែមកហើយ។ ពលរដ្ឋថា បើទោះបីជាមានសកម្មភាពដុត និងយកគ្រឿងចក្រចូលទៅឈូសឆាយក្នុងតំបន់ព្រៃលិចទឹកយ៉ាងណាក៏ដោយ ប៉ុន្តែមិនឃើញអាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេ។
ពលរដ្ឋនៅឃុំកំពង់គោ មួយរូប លោក ឡូយ ឡាយ ឱ្យដឹងថា ព្រៃលិចទឹកនៅតំបន់បី ក្នុងបរិវេណបឹងព្រះស្នែង ត្រូវបានឆាបឆេះជាបន្តបន្ទាប់។ លោកថា ការឆាបឆេះទាំងនោះ បណ្ដាលមកពីការដុតជញ្ជ្រាំងស្រូវ ព្រមទាំងការដុតព្រៃដើម្បីចាប់សត្វ និងរកឃ្មុំផង។ បន្ថែមពីនេះទៀត លោកឃើញសកម្មភាពនាំគ្រឿងចក្រជាច្រើនគ្រឿងចូលក្នុងតំបន់ព្រៃអភិរក្ស ប៉ុន្តែលោកមិនទាន់ដឹងថា គេឈូសឆាយអស់ព្រៃប៉ុន្មានហិកតារនោះទេ៖ «ជួយលុបបំបាត់ ប្រជាពលរដ្ឋក្ដី ឬខាងណាដែលគេកាប់ឆ្ការបំផ្លាញព្រៃហាមឃាត់នៅជុំវិញបឹងនោះឯង»។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀតសុំមិនបញ្ចេញឈ្មោះ លើកឡើងថា សកម្មភាពដុត និងឈូសឆាយព្រៃតំបន់អភិរក្សយកដីធ្វើជាកម្មសិទ្ធិ នៅតែកើតមានឡើង។ លោកថា អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ឡើយ ចំណែកសមត្ថកិច្ច និងមន្ត្រីជំនាញឃើញចុះទៅតំបន់នោះដែរ ប៉ុន្តែពួកគេទៅដើម្បីយកប្រាក់ពីអ្នកបំផ្លាញព្រៃលិចទឹកទាំងនោះតែប៉ុណ្ណោះ៖ «បាទ! ព្រួយបារម្ភ អ៊ីចឹងបារម្ភថា អាកូនសាក្រោយអត់មានស្គាល់ត្រីរ៉ស់ ត្រីអណ្ដែងអី»។
ទាក់ទងបញ្ហានេះ នាយខណ្ឌជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ មានប្រសាសន៍នៅថ្ងៃទី៨ មេសា ថា កាលពីខែមីនា តំបន់ព្រៃអភិរក្សបឹងព្រះស្នែង ត្រូវបានភ្លើងឆេះអស់ជាង ១០០ហិកតារ ដោយសារសកម្មភាពរុករកឃ្មុំ និងសត្វព្រៃនៅតំបន់នោះ។ លោកបន្តថា អាចនឹងមានសកម្មភាពដុតព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិពីសំណាក់ពលរដ្ឋខ្លះមែន ប៉ុន្តែមិនពាក់ព័ន្ធជាមួយអាជ្ញាធរ ឬមន្ត្រីជំនាញឡើយ ហើយខាងលោកក៏បានចាត់វិធានហើយដែរ៖ «គឺមិនអនុញ្ញាតឱ្យពួកគាត់ទៅឈូសឆាយដីព្រៃ កន្លែងដែលឆេះហ្នឹងបន្តទេ»។
នាយខណ្ឌជលផលដដែលបន្ថែមទៀតថា បញ្ហាចំពោះមុខ មន្ត្រីជំនាញនឹងខិតខំអប់រំពលរដ្ឋឱ្យចូលរួមការពារព្រៃលិចទឹក និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងបង្កើនសកម្មភាពចុះល្បាតរបស់មន្ត្រីជំនាញបន្ថែមទៀត។
មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល អ្នកស្រី នូ សារឹម មានប្រសាសន៍ថា មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍ភ្លើងឆេះព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប កើតមានគួរឱ្យបារម្ភ។ អ្នកស្រីថា ការបាត់បង់ព្រៃលិចទឹកវាធ្វើឱ្យប៉ះពាល់ដល់ជម្រកត្រីពងកូន បាត់បង់ជម្រកសត្វស្លាប ព្រមទាំងសត្វព្រៃមួយចំនួន។ បន្ថែមពីនេះ ព្រៃលិចទឹកអាចជួយការពារការហូរច្រោះនៃទឹកជំនន់ ឬទឹកភ្លៀង និងជារបាំងការពារខ្យល់ព្យុះជាដើម។ ជាមួយគ្នានេះ អ្នកស្រីទាមទារឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ និងអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានជាប្រចាំ៕
No comments:
Post a Comment