A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 April 2016

ក្រុម​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម​ស្នើសុំ​ឲ្យ​ដោះ​លែង​លោក ស៊ាង ចែត មេ​ឃុំ​ពី​បក្ស​សម រង្ស៊ី


ដោយ សូត សុខប្រាថ្នា
2016-04-26

គ្រួសារ​លោក ស៊ាង ចែត ២០១៦ ៨៥៥
ប្រពន្ធ​របស់​លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម គឺ​អ្នកស្រី ស្រេង សុខឃឿន (ស្ដាំ) និង​ក្រុម​គ្រួសារ​របស់​លោក ស៊ាង ចែត ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Saut Sokpratha
 RFA/Saut Sokpratha


ក្រុម​គ្រួសារ លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ព្រម​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ ហៅ​ការ​នាំ​ខ្លួន​លោក​មេ​ឃុំ​រូប​នេះ​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថា​ជា​រឿង​អយុត្តិធម៌។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​លោក ស៊ាង ចែត មក​អង្គភាព​ដើម្បី​សាកសួរ​បន្ត ជុំវិញ​រឿង​ទឹក​ប្រាក់ ៥០០​ដុល្លារ បម្រុង​នឹង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ក្រុម​គ្រួសារ​មេ​ឃុំ​ស្រក មក​ពី​គណបក្ស សម រង្ស៊ី និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ ព្រម​ទាំង​ម្តាយ​របស់​អ្នក​នាង ខុម ចាន់តារាទី អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោះ​លែង​មេ​ឃុំ​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ការ​ស្នើ​នេះ ដោយ​ពួក​គាត់​យល់​ឃើញ​ថា ការ​ឃាត់​ខ្លួន​លោក ស៊ាង ចែត ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយសារ​រឿង​ប្រាក់ ៥០០​ដុល្លារ​នោះ​ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ។ បន្ថែម​ពី​នេះ​ទៀត ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី ក៏​មិន​បាន​ទទួល​ប្រាក់​ទាំង​នោះ​ដែរ។



ប្រពន្ធ​លោក​មេ​ឃុំ ស៊ាង ចែត គឺ​អ្នកស្រី ស្រេង សុខឃឿន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ មេសា ថា ប្រាក់​នោះ គឺ​ជា​ប្រាក់​ទទួល​បាន​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​ដើម្បី​ឲ្យ​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី មិន​មែន​ជា​ប្រាក់​សម្រាប់​ឲ្យ​ជា​ថ្នូរ​នឹង​ការ​បិទ​បាំង​រឿង​អាស្រូវ​ស្នេហា​អ្វី​ទេ។ អ្នកស្រី​ហៅ​ការ​ឃាត់​ខ្លួន​ប្ដី​របស់​ខ្លួន​ថា​ជា​រឿង​អយុត្តិធម៌៖ «ប្ដី​ខ្ញុំ​ថា ចែ! ចែ​ឯង​គេ​ផ្ញើ​លុយ​មក ៥០០​ដុល្លារ ចែ​ឯង​យក​អត់​គេ​ផ្ញើ​ពី​ស្រុក​ក្រៅ​មក។ គាត់​ថា អញ​អត់​យក​ទេ រឿង​ហ្នឹង​ស្ងប់​ហើយ»។

ការ​ទាមទារ​យុត្តិធម៌​នេះ បន្ទាប់​ពី​មេ​ឃុំ​ស្រក លោក ស៊ាង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​ខ្លួន​ដើម្បី​ទៅ​សាកសួរ​បន្ត​នៅ​អង្គភាព​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ មេសា។

ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ល្ពាក ឃុំ​ស្រក អ្នកស្រី អុន ញ៉ ឲ្យ​ដឹង​ថា លោក ស៊ាង ចែត ជា​អ្នក​ដឹក​នាំ​ល្អ​នៅ​ក្នុង​ឃុំ ដោយ​មាន​ការ​ស្រឡាញ់​រាប់​អាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន ចេះ​ជួយ​ទុក្ខ​លំបាក​អ្នក​ភូមិ​ទូទៅ។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ការ​ឃាត់​ខ្លួន លោក ស៊ាង ចែត គឺ​ជា​រឿង​អយុត្តិធម៌ ដ្បិត​ការ​ចោទ​ប្រកាន់​ទាំងឡាយ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «ហ្នឹង​ទៅ​ពពាយនាយ​ហ្នឹង​ដើម្បី​ឲ្យ​អង្គការ។ អង្គការ​សិទ្ធិ​មនុស្ស អង្គការ​ស្អី​ក៏ដោយ ឲ្យ​ជួយ​លើក​លែង​ទោស​មេ​ឃុំ​ខ្ញុំ​ឲ្យ​មក​កន្លែង​វិញ»។

កាល​ពី​ថ្ងៃ​ទី​២៥ មេសា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​ជុំវិញ​ការ​ឃាត់​ខ្លួន​មេ​ឃុំ​ស្រក ក្នុង​នោះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បញ្ជាក់​ថា ការ​អញ្ជើញ​លោក ស៊ាង ចែត ទៅ​សាកសួរ​នៅ​អង្គភាព​ដើម្បី​បន្ត​នីតិវិធី និង​រហូត​ឈាន​ទៅ​ឃាត់​ខ្លួន គឺ​យោង​ទៅ​តាម​ចម្លើយ​របស់​មេ​ឃុំ​រូប​នោះ ដោយ​មិន​អាស្រ័យ​លើ​លិខិត​ចំហ​របស់​អ្នក​នាង ស្រី​មុំ តែ​មួយ​នោះ​ឡើយ។ លោក​ថា ការ​អញ្ជើញ​លោក ស៊ាង ចែត ទៅ​អង្គភាព គឺ​ជា​នីតិវិធី​ទី​មួយ ហើយ​លោក​មេ​ឃុំ ស្ម័គ្រ​ចិត្ត​ទៅ​តាម​ការ​អញ្ជើញ​របស់​អង្គភាព​ថែម​ទៀត៖ «មោះ! សុំ​អញ្ជើញ​ទៅ​អង្គភាព​បន្ត​ការ​ស្តាប់​ចម្លើយ ព្រោះ​ខ្ញុំ​អស់​ពេល​នៅ​ទីនោះ​ហើយ បើ​គាត់​មក​គឺ​មក​តាម​សម្រួល»។


២៥-មេសា-២០១៦៖ សាលា​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ RFA/Saut Sokpratha


ទោះ​បី​ជា​បែប​នេះ​ក្តី មនុស្ស​ជំនិត​មេ​ឃុំ​ស្រក គឺ​លោក សែម កុសល ដែល​ជា​អ្នក​ដឹង​រឿង​នេះ​បញ្ជាក់​ផ្ទុយ​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ឱម យ៉ិនទៀង។ លោក​ថា នៅ​ពេល​លោក ឱម យ៉ិនទៀង សួរ​នាំ​ចប់ ក៏​ស្នើសុំ​អភិបាល​ស្រុក​កំពង់សៀម ដើម្បី​អញ្ជើញ​លោក ស៊ាង ចែត ទៅ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ថែម។ ក្រោយ​មក អង្គរក្ស​របស់​លោក​ពីរ​នាក់ ក៏​ចាប់​ក្រៀក​ស្មា​លោក​មេ​ឃុំ​រូប​នោះ​បណ្ដើរ​ចូល​ឡាន ហើយ​នាំ​មក​ភ្នំពេញ​តែ​ម្តង។ លោក​ហៅ​ការ​ឃាត់​ខ្លួន​មេ​ឃុំ​ស្រក ថា​ធ្វើ​ឡើង​ដើម្បី​បំបាក់​ស្មារតី​គណបក្ស​ប្រឆាំង​ច្រើន​ជាង៖ «អា​នេះ! ខ្ញុំ​ជា​កសិករ​ស្វែង​យល់​ថា រឿង​នេះ​អយុត្តិធម៌​ពេក ព្រោះ​អត់​មាន​តាម​ដាន​ឲ្យ​ការ​ពិត​ផង»។

ទន្ទឹម​នឹង​នេះ លោក សែម កុសល ដែល​ជា​មនុស្ស​ជំនិត​របស់​មេ​ឃុំ​ស្រក កំពុង​បារម្ភ​ខ្លាច​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​លើ​រូប​លោក ហើយ​ឈាន​ទៅ​ចាប់​ខ្លួន​លោក​តែ​ម្តង។

ចំណែក​ម្តាយ​អ្នក​នាង ខុម ចាន់តារាទី គឺ​អ្នកស្រី សៀន លន ដែល​ត្រូវ​ជា​ជីទួត​មួយ​ប្រពន្ធ​លោក ស៊ាង ចែត ព្រម​ទាំង​រស់នៅ​ក្បែរ​ផ្ទះ​គ្នា​នោះ​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ មេសា ថា ប្រាក់​ចំនួន ២​លាន​រៀល​ដែល​លោក​មេ​ឃុំ​បម្រុង​ប្រគល់​ឲ្យ​អ្នកស្រី គឺ​គាត់​មិន​បាន​ទទួល​ទេ ពីព្រោះ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​បន្ត​ទៀត។ អ្នកស្រី​បញ្ជាក់​ថា ប្រាក់​នោះ​ជា​ប្រាក់​ជំនួយ​មក​ពី​ក្រៅ​ប្រទេស ដោយ​មិន​មាន​ចេតនា​ណា​មួយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រី បិទ​បាំង​រឿង​អាស្រូវ ឬ​បញ្ចប់​រឿង​ដែល​កំពុង​តែ​កើត​ឡើង​ថ្មីៗ​នោះ​ឡើយ៖ «អត់​ទេ អត់​សោះ​ហើយ និយាយ​ថ្ងៃ​ថ្មើរ​ហ្នឹង អត់​មាន​ប្រាថ្នា​ឲ្យ​និយាយ​ថា​ម៉េចៗ​សោះ អត់​សោះ។ មេ​ឃុំ​ហ្នឹង​អត់​មាន​និយាយ ឃើញ​ថា​លុយ​ហ្នឹង​វា​អ៊ីចេះ​វា​អ៊ីចុះ អត់​មាន​និយាយ​ត​សោះ​ហើយ អត់​មាន​និយាយ​ច្រើន​ទេ»។

អ្នកស្រី​បន្ថែម​ថា កូន​អ្នកស្រី គឺ​អ្នក​នាង ខុម ចាន់តារាទី ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ម្តង​រួច​មក​ហើយ ប៉ុន្តែ​បែក​បាក់​គ្នា​ទៅ​វិញ។ ជាមួយ​គ្នា​នេះ អ្នកស្រី​អះអាង​ថា នឹង​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ឲ្យ​លោក​មេ​ឃុំ​ស្រក មាន​សេរីភាព​ថែម​ទៀត។

ដោយឡែក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កំពង់ចាម ដែល​ជា​អ្នក​យក​ប្រាក់​ទៅ​ប្រគល់​បន្ត​ឲ្យ​លោក ស៊ាង ចែត គឺ​លោក ម៉ៅ មុនីវណ្ណ។ លោក​អះអាង​ថា លុយ​នោះ​ជា​លុយ​សប្បុរសជន​នៅ​ប្រទេស​ណូវែលហ្សេឡង់ដ៍ (New Zealand) ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អ្នក​នាង ស្រី​មុំ ដោយ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ដឹង​ថា គ្រួសារ​នេះ​មាន​ជីវភាព​ក្រីក្រ ពោល​គឺ​ជា​ប្រាក់​មនុស្សធម៌​សុទ្ធសាធ មិន​ពាក់ព័ន្ធ​រឿង​ផ្សេង​ឡើយ។

លោក ស៊ាង ចែត គឺ​មនុស្ស​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ក្នុង​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង ហើយ​លោក​ជាប់​ឆ្នោត​ជា​មេ​ឃុំ​ស្រក កាល​ពី​ឆ្នាំ​២០១២។ លោក​មាន​អាយុ​ជាង ៤០​ឆ្នាំ និង​មាន​កូន ៥​នាក់ សុទ្ធតែ​ប្រុស ព្រម​ទាំង​មាន​ឪពុក​ម្ដាយ​ចំណាស់​នៅ​ក្នុង​បន្ទុក​ផង។ នៅ​ថ្ងៃ​ទី​២៦ មេសា ក្រុម​គ្រួសារ​លោក ព្រម​ទាំង​ម្តាយ​អ្នក​នាង ស្រី​មុំ បាន​នាំ​គ្នា​ទៅ​សួរ​សុខ​ទុក្ខ​លោក ស៊ាង ចែត នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាន​បំណង​ស្នើ​ឲ្យ​អង្គភាព​ដោះ​លែង​មេ​ឃុំ​រូប​នេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លើ​មេ​ឃុំ​ស្រក គឺ​ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពង់ចាម យល់​ថា កាន់​តែ​ដុត​កម្ដៅ​នយោបាយ​ឲ្យ​កាន់​តែ​ក្តៅ​ឡើង។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក ប៊ូ វីរៈ ដែល​បាន​តាម​ដាន​ករណី​នេះ​មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​បាន​ធ្វើ​ឡើង​ដោយ​ទន់ភ្លន់​ឡើយ ប៉ុន្តែ​ជា​វិធានការ​ក្តៅ។ បញ្ហា​នេះ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋ​នៅ​ឃុំ​ស្រក កាន់​តែ​មាន​ក្តី​បារម្ភ៕

No comments: