ដោយ រដ្ឋា វិសាល
2016-04-26

រថយន្តដឹកឈើ និងឈើដែលក្រុមសមត្ថកិច្ចចម្រុះរើចេញនៅមុខទីស្នាក់ការសាខាគយខេត្តរតនគិរី ដើម្បីរាប់ចំនួន កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីចាប់បានរថយន្តដឹកឈើនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។
RFA/Ratha Visal
ប្រជាពលរដ្ឋរស់នៅឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា សកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ព្រំដែនកើតមានឡើងវិញនៅឯតំបន់ព្រំដែនខេត្តរតនគិរី ជាប់នឹងព្រំដែនប្រទេសវៀតណាម។ អ្នកភូមិប៉ាន់ប្រមាណថា ឈើជ្រុងដែលអារជាកំណាត់ៗ ត្រូវបានគេដឹកជញ្ជូនចេញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅតំបន់ក្បែរនោះទាំងថ្ងៃ និងទាំងយប់ ដោយមិនឃើញមានសមត្ថកិច្ចទប់ស្កាត់។
ប្រជាពលរដ្ឋរស់នៅភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ អំពាវនាវឲ្យគណៈកម្មការជាតិ បង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ចាត់វិធានការបន្ទាន់ទៅលើសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិសង្កេតឃើញរថយន្តដឹកជញ្ជូនឈើចេញពីចំណុចព្រៃភូមិប៉ាដល តាមផ្លូវលំឆ្ពោះទៅភូមិភិ ក្នុងឃុំសេសាន ហើយឆ្លងកាត់ច្រករបៀងព្រំដែនទៅប្រទេសវៀតណាម ចាប់ពីមុនពេលចូលឆ្នាំខ្មែររហូតបច្ចុប្បន្ន។
អ្នកភូមិសុំមិនឲ្យបញ្ចេញឈ្មោះរៀបរាប់ថា ឈើជ្រុងអារជាកំណាត់មានមុខកាត់ ៤០តឹក បណ្តោយពីរម៉ែត្រកន្លះ ត្រូវគេប្រើប្រាស់រថយន្តប្រភេទរ៉េវស្ទូចឈើសម្រាប់ដឹកជញ្ជូនក្នុងមួយថ្ងៃៗមិនតិចជាង ១០គ្រឿង យកឈើទៅប្រទេសវៀតណាម។ អ្នកភូមិដដែលបន្តថា រថយន្តរ៉េវដឹកជញ្ជូនឈើ ត្រូវគេជម្លៀសចេញ បន្ទាប់ពីបែកធ្លាយព័ត៌មាន ហើយក្រុមឈ្មួញប្ដូរការដឹកជញ្ជូនឈើដោយរថយន្តទេសចរណ៍ទំនើបៗប្រភេទឡុចស៊ីស (Luxus) និងធនដ្រា (Tundra) រហូតមកទល់នឹងថ្ងៃទី២៦ ខែមេសា ក៏នៅមានការដឹកជញ្ជូនឈើឆ្លងដែននៅឡើយ៖ «មុនចូលឆ្នាំដឹកឡានធំៗ។ ដល់ឥឡូវអត់ឃើញឡានធំ ឃើញដឹកឡានថ្លៃៗម្តង។ ឃើញគេរៀបពេញៗឡាន ដឹកឡានមួយថ្ងៃ ៦ ទៅ ៧ជើង។ មុនទូរស័ព្ទមក គេដឹកទៅពីរឡានទៀតហើយ។ ខឹងដែរដឹកហុយ ដេកមិនបានមួយយប់ៗ»។
ប្រជាពលរដ្ឋរស់នៅភូមិប៉ាដល ឲ្យដឹងដែរថា ឈើដែលឈ្មួញលួចដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម នោះ ទំនងមានប្រភពពីក្រុមហ៊ុនសម្បទាន ចាងលី និងក្រុមហ៊ុន ជា ច័ន្ទរិទ្ធ មានទីតាំងនៅជាប់នឹងដីរដ្ឋបាលភូមិប៉ាដល។ អ្នកភូមិរាយការណ៍ថា នៅតំបន់នោះមានឈើមូលរាប់រយដើម ត្រូវគេកាប់គរទុកនៅក្នុងព្រៃ។
ទាក់ទិនទៅនឹងករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ ទទួលស្គាល់ថា ក្រុមហ៊ុន ចាងលី ពិតជាមានស្តុកឈើប្រមូលបានក្នុងដីសម្បទាន។ ករណីនេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត កំពុងស្នើឲ្យក្រុមហ៊ុន ចាងលី ធ្វើបញ្ជីសារពើភណ្ឌឈើដែលប្រមូលបានក្នុងការដ្ឋានក្រុមហ៊ុន ដើម្បីបង់ពន្ធ។ ដោយឡែកទាក់ទិនការដឹកជញ្ជូនឈើឆ្លងដែន លោកថាបានចាត់មន្ត្រីជំនាញចុះពិនិត្យករណីនេះ៖ «ចាំមើលខ្ញុំឲ្យមន្ត្រីខ្ញុំផ្ទៀងផ្ទាត់ព័ត៌មានហ្នឹង»។
គណៈកម្មការជាតិ បង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែន ធ្លាប់អះអាងថា នឹងមិនអនុញ្ញាតឲ្យមានបទល្មើសដឹកជញ្ជូនឈើឆ្លងដែនកើតមានតទៅទៀតបានទេ បន្ទាប់ពីយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើក្តៅគគុកកាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងមក។
យ៉ាងនេះក្តី អ្នកនាំពាក្យកងរាជអាវុធហត្ថផ្ទៃប្រទេស លោក អេង ហ៊ី បញ្ជាក់ថា លោកក៏ទទួលបានព័ត៌មាននេះដែរ ក៏ប៉ុន្តែអាជ្ញាធរខេត្តបដិសេធថាមិនមានការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នោះទេ។ លោកបន្តថា នឹងធ្វើការស៊ើបអង្កេតព័ត៌មាននេះឡើងវិញ៖ «ថ្ងៃមុនមានព័ត៌មានអ៊ីចឹងដែរ។ ខ្ញុំឲ្យខេត្តឆែកមើល គាត់ថាក្រុមហ៊ុន ចាងលី គាត់ចល័តពីកន្លែងមួយទៅកន្លែងមួយការពារឆេះ»។
កាលពីដើមខែមេសា កន្លងទៅ សហគមន៍ភូមិភិ ឃុំសេសាន ឲ្យដឹងដែរថា ឈើមូលរាប់រយដើម ត្រូវគេកាប់នៅតំបន់ព្រៃជាប់ព្រៃការពារសហគមន៍។ លើសពីនេះទៀត ឈើនោះត្រូវគេលួចដឹកជញ្ជូនឆ្លងទឹកទន្លេជាខ្សែបន្ទាត់ព្រំដែន ចូលទៅប្រទេសវៀតណាម នៅវេលាយប់នាតំបន់ប៉ុស្តិ៍នគរបាលការពារព្រំដែនណងដា។ ចំណែកអភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន ទទួលស្គាល់ដែរថា បទល្មើសព្រៃឈើនៅតំបន់នោះមួយផ្នែក កើតឡើងដោយសារប្រជាពលរដ្ឋយកសង់លំនៅឋាន និងមួយផ្នែកទៀត កើតឡើងដោយសារជនល្មើសដែលសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា៕
No comments:
Post a Comment