ដោយ អ៊ុំ រង្សី
2016-04-17

ក្រុមសិល្បៈរបាំត្រុដិមកពីសមាគមចលនាវប្បធម៌ជាតិ សម្ដែងក្នុងកម្មវិធីសប្បុរសធម៌ និងអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិ យកថវិកាឧបត្ថម្ភដល់កុមារក្រីក្រឲ្យទទួលបានការអប់រំ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។ RFA/Um Rainsey
RFA/Um Rainsey
ត្រុដិ គឺជារបាំប្រជាប្រិយខ្មែរមួយប្រភេទ ដែលភាគច្រើនគេនិយមសម្ដែងក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីបួងសួងសុំសេចក្តីសុខ និងបណ្ដេញឧបទ្រពចង្រៃពីឆ្នាំចាស់ និងនាំសិរីសួស្តីក្នុងឆ្នាំថ្មី។ ក្រុមសិល្បៈរបាំត្រុដិ លើកឡើងថា បើទោះបីជារបាំត្រុដិ គឺជារបាំបុរាណខ្មែរក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន ទីផ្សាររបាំត្រុដិ ហាក់ដូចជានៅចាញ់របាំមុងសាយចិន ទៅវិញ។
តើមានមូលហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យទីផ្សាររបាំត្រុដិ មិនទទួលបានការគាំទ្រដូចរបាំមុងសាយចិន?
«ចម្រៀងរបាំត្រុដិ»
នេះ គឺជាសំឡេងក្រុមសិល្បៈរបាំត្រុដិ ដែលបានសម្ដែងក្នុងសាលារៀនឯកជនមួយនៅក្នុងរាជធានីភ្នំពេញ មុនពេលបុណ្យប្រពៃណីចូលឆ្នាំខ្មែរមកដល់។
តាមសៀវភៅរបាំប្រជាប្រិយខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានសរសេរបញ្ជាក់ថា ពាក្យ “ត្រុដិ” គឺជាពាក្យដើមមកពីភាសាសំស្ក្រឹត ដែលមានន័យថា “ផ្តាច់” ឬ “កាត់ផ្តាច់” ដែលគេភាគច្រើន គេប្រើដើម្បីផ្តាច់ចោលនូវឧបទ្រពចង្រៃដែលមាននៅក្នុងឆ្នាំចាស់ ហើយផ្លាស់ចូលឆ្នាំថ្មី និងសម្រាប់ប្រសិទ្ធសព្វសាធុការពរជូនដល់អ្នកស្រុក ជាទូទៅក្នុងឱកាសចូលឆ្នាំថ្មី។
នាយកកម្មវិធីសមាគមចលនាវប្បធម៌ជាតិ ដែលតែងតែដើរសម្ដែងតាមក្រសួង ឬមន្ទីរនានា លោក ស៊ូ វណ្ណៈ បានប្រាប់វិទ្យុអាស៊ីសេរី ថា របាំត្រុដិនេះ គឺមានឱកាសមួយឆ្នាំអាចសម្ដែងបានតែមួយដងទេ គឺក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ និងមានម្តងម្កាលបានសម្ដែងក្នុងពិធីបន់ស្រន់សុំទឹកភ្លៀង។ លោកបន្តថា បើតាមជំនឿ គេលេងរបាំត្រុដិដើម្បីបណ្ដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយ ព្រមទាំងលាបសក្ការៈ និងប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី៖ «របាំត្រុដិគេសម្ដែងក្នុងគោលបំណងពីរសំខាន់។ ទី១ គឺបណ្ដេញឧបទ្រពចង្រៃ។ ទី២ គឺដើម្បីសុំទឹកភ្លៀង ដោយសារខែនេះជាខែចេត្រ ដើម្បីអំពាវនាវដល់អារុក្ខអារក្ខអ្នកតា ឲ្យផ្តល់ទឹកភ្លៀងមកភពផែនដី»។
លោកឲ្យដឹងទៀតថា ដើម្បីលេងរបាំត្រុដិបាន ត្រូវមានមនុស្សយ៉ាងហោចណាស់ជាង ២០នាក់។ តួអង្គសំខាន់ក្នុងរបាំត្រុដិ គឺតួសត្វប្រើស។ ក្រៅពីនេះ ក៏មានតួព្រានព្រៃ តួយក្សពីរនាក់ តួស្រីព្រាយក្រចកវែងពីរនាក់ តួសត្វក្ងោកពីរនាក់ ដែលស្លៀកពាក់តាមប្រពៃណីខ្មែរធម្មតា និងមានកាន់កន្ទុយក្ងោកពីរ ជានិមិត្តសញ្ញាផងដែរ។ ទន្ទឹមនោះ របាំត្រុដិក៏មានក្រុមតន្ត្រីករអ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នកច្រៀងមួយចំនួនទៀត៖ «ពីដើមដោយបើសិនជាសត្វប្រើសចូលទៅភូមិ-ឃុំណាមួយ គឺតែងនាំមកនូវភាពចង្រៃទៅដល់កន្លែងដែលគាត់រស់នៅ ហើយចឹងទៅ អ្នកស្រុកអ្នកភូមិ គាត់តែងនាំគ្នាដេញសត្វប្រើសនោះចេញពីភូមិ។ ដូច្នេះហើយ ការបង្កើតរបាំត្រុដិ គឺលាយជាមួយអបិយជំនឿខ្លះ។ ចឹងឲ្យសត្វប្រើសចូលដល់ក្នុងភូមិ ប្រជាជនគាត់តែងនាំគ្នាដេញបាញ់សត្វប្រើស មានតាំងពីមនុស្ស ព្រាយ យក្ស ព្រានព្រៃ ព្រៃប្រឹក្សា ចូលរួមទាំងអស់គ្នាដេញសត្វប្រើសនោះចេញ»។
មកដល់ត្រង់ចំណុចនេះ នាយកកម្មវិធីសមាគមចលនាវប្បធម៌ជាតិ និងជាអ្នកនាំក្រុមសិល្បៈរបាំត្រុដិ លោក ស៊ូ វណ្ណៈ និយាយក្នុងទឹកមុខហាក់ស្រពោនថា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍ និងគាំទ្រវិស័យសិល្បៈរបាំត្រុដិ តិចតួច និងបានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង សម្រាប់បុណ្យចូលឆ្នាំនេះ ទីផ្សាររបាំត្រុដិទទួលបានតែ ៣០កន្លែងប៉ុណ្ណោះ ដែលចំនួននេះគឺតិចជាងឆ្នាំមុន។ បញ្ហានេះ ដោយសារមកពីការកង្វះការផ្សព្វផ្សាយក្នុងស្រុក និងខ្វះការគាំទ្រទំនុកបម្រុងពីស្ថាប័នពាក់ព័ន្ធទាំងទីផ្សារ និងថវិកា។ លោកថា ដោយសារកត្តាទាំងអស់នេះហើយ ទើបធ្វើទីផ្សារត្រុដិបច្ចុប្បន្ននៅចាញ់ទីផ្សាររបាំមុងសាយចិន៖ «ទម្រង់សិល្បៈប្រពៃណី គ្នាគាត់និយមដែរ តែគាត់សូវឲ្យតម្លៃក្នុងការលើកទឹកចិត្ត និងគាំទ្រដូចវប្បធម៌បរទេស។ ចឹងខ្ញុំចង់បំផុសគំនិតអ្នកទាំងអស់គ្នាឲ្យចូលរួមការពារសិល្បៈរបាំត្រុដិយើង»។
ជាតួសម្ដែងម្នាក់នៅក្នុងក្រុមរបាំត្រុដិ លោក សម្ភ័ស រាត្រី សម្ដែងជាតួសត្វប្រើសនៅក្នុងរបាំត្រុដិ បាននិយាយប្រៀបធៀបរបាំត្រុដិ និងរបាំមុងសាយរបស់ចិនថា មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានឲ្យតម្លៃរបាំត្រុដិខ្មែរ ដូចជាសម្លៀកបំពាក់ដែលចាស់ មិនទាន់សម័យ ដែលស្លៀកទៅមិនស្អាត។ ដូចនេះ ធ្វើឲ្យពួកគេទាំងនោះគិត និងឲ្យតម្លៃលើសម្ភារៈបរទេសជាងរបស់ខ្លួន។ លោកក៏អំពាវនាវឲ្យក្រសួងវប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ចាក់ផ្សាយឲ្យបានទូលំទូលាយនូវសិល្បៈខ្មែរឲ្យបានច្រើន៖ «កន្លងមក អ្វីដែលពួកខ្ញុំអន់ចិត្ត គឺគេស្គាល់របាំបរទេស ពិសេសរបាំមុងសាយចិន ជាងរបាំត្រុដិ ដែលជារបាំរបស់ជាតិយើង»។
ទន្ទឹមគ្នានេះ ជាតួសម្ដែងក្នុងក្រុមសិល្បៈរបាំត្រុដិ ដែលសម្ដែងជាតួព្រានព្រៃម្នាក់ទៀត លោក ឆេវ មានរិទ្ធិ ក៏សម្ដែងការសោកស្ដាយ និងខកចិត្ត នៅពេលដែលមិនសូវមានការលើកទឹកចិត្ត និងគាំទ្រចំពោះរបាំត្រុដិ បើប្រៀបធៀបនឹងរបាំមុងសាយចិន ថា មុងសាយមិនត្រឹមតែមានទីផ្សារច្រើន ហើយថែមទាំងទទួលបានកម្រៃខ្ពស់ថែមទៀត។ តួសម្ដែងម្នាក់នេះ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ គួរនាំគ្នាលើកកម្ពស់របាំប្រពៃណីខ្មែរ៖ «សំណូមពរទៅដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយនិងទស្សនិកជនខ្មែរទាំងអស់ ឲ្យងាកមកមើល និងគាំទ្ររបាំត្រុដិខ្មែរយើងឡើងវិញ កុំនាំគ្នាយកវប្បធម៌បរទេសមកដាក់មុខ ហើយយកវប្បធម៌ខ្លួនឯងចេញនោះ»។
ករណីនេះដែរ សាស្ត្រាចារ្យផ្នែកល្ខោន និងរបាំបុរាណ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អ្នកស្រី អ៊ុយ លតាវណ្ណ ឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ មានពលរដ្ឋខ្មែរតិចតួចណាស់ដែលចាប់អារម្មណ៍រៀន និងគាំទ្រផ្នែកសិល្បៈរបាំបុរាណ មិនថាតែរបាំត្រុដិនោះទេ។ កត្តានេះ អ្នកស្រីយល់ថា មកពីកង្វះការផ្សព្វផ្សាយ កង្វះទីផ្សារការងារ លំហូរចូលវប្បធម៌បរទេស និងការឲ្យតម្លៃ និងនិយមជ្រុលវប្បធម៌បរទេស។ សាស្ត្រាចារ្យរូបនេះ ក៏ជំរុញឲ្យពលរដ្ឋខ្មែរ ងាកមកគាំទ្រសិល្បៈរបាំបុរាណខ្មែរឡើងវិញ៖ «សូមឲ្យយុវវ័យយើងទាំងអស់ ពិសេសពលរដ្ឋខ្មែរ ងាកមកគាំទ្រសិល្បៈបុរាណខ្មែរ ព្រោះយុវជនយើងទាំងអស់គ្នា គឺជាអ្នកបន្តវេនក្នុងការផ្សព្វផ្សាយសិល្បៈខ្មែរ»។
ដោយមើលឃើញទីផ្សាររបាំត្រុដិ ខ្វះការគាំទ្រនេះដែរ ជាមន្ត្រីផ្នែកទីផ្សារនៃមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE) កញ្ញា ប៉ាន វុទ្ធី បានឲ្យដឹងថា កញ្ញាតែងរៀបចំកម្មវិធីអបអរចូលឆ្នាំដោយមានវត្តមានរបាំត្រុដិ ដើម្បីរួមចំណែកជួយផ្សព្វផ្សាយពីសារសំខាន់របាំប្រភេទនេះ។ បន្ថែមពីនេះទៀត កញ្ញាយល់ថា របាំត្រុដិ គឺជារបាំប្រពៃណីខ្មែរ មានកាយវិការ កំប្លុកកំប្លែង ធ្វើឲ្យអ្នកមើលមានអារម្មណ៍រីករាយថែមទៀត។ ប៉ុន្តែកញ្ញាសោកស្ដាយនៅពេលពលរដ្ឋខ្មែរជាច្រើន មិនបានយល់ពីអត្ថន័យ និងមិនសូវមានការអើពើនឹងសិល្បៈមួយនេះទៅវិញ៖ «ចូលឆ្នាំខ្មែរ យើងត្រូវគាំទ្ររបាំត្រុដិយើង ហើយម្យ៉ាងរបាំត្រុដិ គឺជារបាំប្រពៃណីយើង តែបើយើងយករបាំបរទេសវាអត់ល្អទេ ដូចខ្ញុំចឹង រៀបចំកម្មវិធីមានមនុស្ស ៧០០នាក់ ចូលរួមយ៉ាងហោចណាស់ ធ្វើឲ្យពួកគាត់បានដឹងដែរ ហើយបើគាត់ថ្ងៃក្រោយទៅក្លាយជាអ្នករៀបចំកម្មវិធីដូចខ្ញុំ គាត់អាចនាំយករបាំត្រុដិមកផ្សព្វផ្សាយដូចគ្នា»។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា មានប្រសាសន៍ថា ការប្រៀបធៀបទីផ្សាររបាំត្រុដិ និងរបាំមុងសាយ គឺជាការយល់ឃើញរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ លោកថា ការនិយមយកមុងសាយចិន មកសម្ដែងក្នុងអំឡុងបុណ្យចូលឆ្នាំ ដោយសារតែគេមានជីវភាពធូរធារជាដើម។ ហេតុនេះ វាមិនបានប៉ះពាល់អ្វីដល់ទីផ្សាររបាំខ្មែរនោះទេ ព្រោះកម្ពុជា បានចូលសមាហរណកម្មអាស៊ានហើយ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់ចំពោះសិល្បៈប្រពៃណីខ្មែរ មិនថាតែរបាំត្រុដិប៉ុណ្ណោះទេ។ ជាងនេះ លោកថា កន្លងមក ទោះជាក្រសួងមិនបានគាំទ្ររកទីផ្សារជូនក្រុមរបាំត្រុដិ តែក្រសួងតែងបានគាំទ្រទាំងការផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សារបាំបុរាណខ្មែរជាដើម។
សៀវភៅរបាំប្រជាប្រិយខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានសរសេរបញ្ជាក់ដែរថា របាំត្រុដិ គឺជារបាំប្រពៃណីរបស់ខ្មែរដែលមានអាយុកាលចំណាស់មួយ មានកំណើតពីមនុស្សជាន់ដើមមួយពួក ហៅថា “សំរែ” ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់ តាំងពីដែនដីនេះមិនទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌា នៅឡើយ។ សព្វថ្ងៃ ជនជាតិនេះមានរស់នៅតិចតួចនៅក្នុងភូមិភាគខាងកើតបឹងទន្លេសាប ក្បែរខេត្តសៀមរាប ដែលជារាជធានីចាស់។
ក្រុមសិល្បៈរបាំត្រុដិ អះអាងថា បើទោះបីជារបាំត្រុដិ គឺជារបាំមួយដែលបញ្ជាក់អត្តសញ្ញាណខ្មែរ និងមានអាយុកាលចំណាស់យ៉ាងណាក៏ដោយ ក៏ទីផ្សារត្រុដិបច្ចុប្បន្ននៅតែមិនទាន់ទូលំទូលាយ បើធៀបនឹងទីផ្សាររបាំមុងសាយចិន ព្រោះក្រុមសិល្បៈរបាំត្រុដិ ជាអ្នកស្វែងរកទីផ្សារសម្ដែងដោយខ្លួនឯង។ ជាក់ស្តែង ក្រុមសិល្បៈរបាំត្រុដិខ្លះ ត្រូវបង្ខំចិត្តដើរសម្ដែងតាមផ្សារ ឬទីផ្សារសាធារណៈ អំឡុងបុណ្យចូលឆ្នាំ ដើម្បីមកផ្គត់ផ្គង់ជីវភាព។ ជាងនេះទៀត ក្រុមសិល្បៈរបាំត្រុដិ ក៏ចង់ឃើញប្រជាពលរដ្ឋខ្មែរ គាំទ្រទីផ្សារត្រុដិឲ្យមានដំណើរការទៅមុខ ដើម្បីថែរក្សារបាំត្រុដិកុំឲ្យបាត់បង់ ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពសិល្បកររបាំត្រុដិនៅកម្ពុជា៕
No comments:
Post a Comment