ដោយ ហង្ស សាវយុត
2016-04-17

ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាប អំឡុងបុណ្យចូលឆ្នាំ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦។ RFA/Sorn Chanratha
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល ៤ថ្ងៃ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្តសៀមរាប បានបញ្ចប់ហើយ ក៏ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា គឺនៅតាមដងផ្លូវមួយចំនួនក្នុងទីក្រុងសៀមរាប នៅតែស្ទះចរាចរណ៍នៅឡើយ ដោយសារតែចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះមានច្រើនម៉ឺននាក់។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប និងអ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា អះអាងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១លាននាក់ បានចូលមកលេងកម្សាន្ត និងទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃនៅខេត្តសៀមរាប។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប គឺលោក ង៉ូវ សេងកាក់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែមេសា ថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១លាន ៣សែននាក់ បានមកចូលលេងខេត្តសៀមរាប ក្នុងឱកាសនៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា។ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ នេះ គឺមានការកើនឡើងពី ២៥% ទៅ ៣០% បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរដែលមកចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០១៥ កន្លងទៅ។
លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរដែលមកកម្សាន្តព្រឹត្តិការណ៍អង្គរសង្ក្រាន្តចំនួនជាង ១លាន ៣សែននាក់នោះ គឺមានបរទេសប្រហែល ៣ម៉ឺននាក់។ លោក ង៉ូវ សេងកាក់ យល់ថា ការដែលអ្នកទេសចរនាំគ្នាសម្រុកមកលេងខេត្តសៀមរាប នេះ គឺដោយសារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ មានការរៀបចំបង្ហាញជាច្រើនពាក់ព័ន្ធនឹងផ្នែកវប្បធម៌ប្រពៃណីខ្មែរ ដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ និងចង់ឃើញ៖ «សន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋ គឺគាត់ចង់ដឹងចង់ឮ ហើយនិងសិក្សាស្វែងយល់អំពីវប្បធម៌ ហើយគួបផ្សំនឹងពេលបច្ចុប្បន្ន គឺជាយុគសម័យនៃការធ្វើដំណើរទេសចរណ៍ផង»។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប ទទួលស្គាល់ថា ថ្វីត្បិតតែចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងយ៉ាងគំហុកនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គួរឲ្យមានមោទនភាពក៏ដោយ ក៏បញ្ហាប្រឈមមុខនៅតែកើតមាន ដូចជាការលក់ម្ហូបអាហារ ព្រមទាំងថ្លៃឈ្នួលផ្ទះសំណាក់ ឬក៏សណ្ឋាគារ បានដំឡើងថ្លៃខុសពីពេលធម្មតា។
បុគ្គលិកដែលបម្រើការឲ្យផ្ទះសំណាក់មួយកន្លែងនៅតាមផ្លូវជាតិលេខ៦ ក្នុងទីក្រុងសៀមរាប ឲ្យដឹងថា ស្របពេលដែលចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងរយៈពេល ៤ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ គឺគេមិនមានបន្ទប់គ្រប់គ្រាន់សម្រាប់ទទួលឲ្យស្នាក់នៅឡើយ។ ទោះបីយ៉ាងណា បុគ្គលិកបម្រើការនៅផ្ទះសំណាក់នោះ ទទួលស្គាល់ថា ក្នុងពេលដែលចំនួនភ្ញៀវសម្រុកមកច្រើននោះ គឺបន្ទប់ផ្ទះសំណាក់ ពិតជាបានដំឡើងថ្លៃខ្លះមែន ដូចជាសម្រាប់ពេលធម្មតា គេជួលបន្ទប់ឲ្យភ្ញៀវស្នាក់នៅក្នុងមួយយប់ថ្លៃ ១៥ដុល្លារ ប៉ុន្តែនៅពេលមានបុណ្យទាន គឺឡើងថ្លៃទៅដល់ ២០ដុល្លារ ជាដើម។
អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សោម រតនា បានយល់ស្របជាមួយតួលេខរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១លាន ៣សែននាក់ ចូលមកទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល ៤ថ្ងៃនោះមែន។ អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តរូបនេះ យល់ឃើញថា មូលហេតុដែលនាំឲ្យអ្នកទេសចរជាច្រើននាំគ្នាសម្រុកមកលេងកម្សាន្តនៅខេត្តសៀមរាប គឺដោយសារតែព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល ៤ថ្ងៃ មានរៀបចំកម្មវិធីប្លែកៗជាច្រើន ដូចជាមានភូមិបង្អែមនៃសេចក្តីស្រឡាញ់ និងមានការបង្ហាញវប្បធម៌របស់ខ្មែរដ៏យូរលង់ខ្លះៗដែលបាត់បង់ ឲ្យឃើញឡើងវិញ ជាដើម៖ «ហើយថ្មីៗនេះគេដាក់ក្បាច់គុនល្បុក្កតោរបស់យើង ក៏មានអ្នកមកចូលរួមទស្សនាច្រើន ហើយយើងមានកម្មវិធីបង្ហាញម្ហូបអាហារ បង្អែមមកពីតំបន់ចំនួន១០ នៅក្នុងប្រទេស»។
អាជ្ញាធរខេត្តសៀមរាប បានបង្ហាញក្តីរីករាយថា គេមានមោទនភាពយ៉ាងខ្លាំង ដោយសារតែមានភ្ញៀវទេសចរជាង ១លាននាក់ បានមកលេងខេត្តរបស់គេក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ នេះ។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង មានប្រសាសន៍ថា រូបលោកក៏ដូចជាអាជ្ញាធរនៅក្នុងខេត្តនេះទាំងអស់ មានមោទនភាពយ៉ាងខ្លាំង ដោយសារប្រមុខរដ្ឋាភិបាល បានមកស្នាក់នៅក្នុងខេត្តសៀមរាប រយៈពេល ៣ថ្ងៃ ធ្វើឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាន់តែផ្ដល់ភាពកក់ក្តៅ និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនឲ្យចូលមកលេងកម្សាន្ត។ ទន្ទឹមគ្នានឹងមោទនភាពនេះ អាជ្ញាធរខេត្តសៀមរាប ក៏បង្ហាញពីភាពអវិជ្ជមានខ្លះ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពទីក្រុងដែរ គឺកាកសំណល់ និងសំរាម មានការចោលពាសពេញ ព្រមទាំងសួនផ្កា និងវាលស្មៅខ្លះ ត្រូវហ្វូងមនុស្សដ៏ច្រើនដើរជាន់ខ្ទេចខ្ទី៖ «ជាមោទនភាពរបស់ជាតិ គឺបងប្អូនគ្រប់មជ្ឈដ្ឋាន អបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូម្បីតែថ្នាក់ដឹកនាំគណបក្សប្រឆាំងខ្លះ ក៏បានចូលរួមអបអរសាទរភាពសប្បាយរីករាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរបស់យើងដែរ»។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងមន្ត្រីនគរបាលផ្នែកចរាចរណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសុំការបំភ្លឺជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ថាតើកើតមានកម្រិតណាក្នុងរយៈពេល ៤ថ្ងៃដែលមានចំនួនភ្ញៀវទេសចរជាច្រើនចូលមកទស្សនាខេត្តសៀមរាប បានយ៉ាងណានៅឡើយទេ នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា។
ចំណែកអាជ្ញាធរខេត្តសៀមរាប ឲ្យដឹងថា ដោយសារតែខេត្តនេះជាបេះដូងទេសចរណ៍យ៉ាងសំខាន់របស់ប្រទេស គឺអាជ្ញាធរកំពុងប្រឹងប្រែងស្ដារភាពបៃតងដែលខូចខាតដោយសារមនុស្សដើរជាន់សួនច្បារ និងវាលស្មៅ ព្រមទាំងប្រមូលសំរាមយកចេញពីទីក្រុងឲ្យបានឆាប់រហ័សឡើងវិញ ដើម្បីរក្សាឲ្យមានសោភ័ណភាពទីក្រុង ទាក់ទាញភ្ញៀវទេសចរបរទេសឲ្យកាន់តែចាប់អារម្មណ៍ និងមកទស្សនាកាន់តែច្រើនឡើងថែមទៀតនៅពេលអនាគត៕
No comments:
Post a Comment