ដោយ ម៉ម មុនីរតន៍
2016-04-06

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងទៅកាន់ក្រុមយុវជនក្នុងកម្មវិធីប្រកាសលទ្ធផលនៃការធ្វើកោសល្យវិច័យខ្សែអាត់សំឡេងដែលគេចោទថា ជាសំឡេងរបស់លោក កឹម សុខា ជាមួយស្រីកំណាន់ នៅថ្ងៃទី២៤ មីនា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
មន្ត្រីបក្សប្រឆាំង សម្ដែងការហួសចិត្តចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពីស្ថាប័នមួយនេះ បានបើកស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដើម្បីចាត់ការទៅលើអ្នកនយោបាយរូបនេះ។ អ្នកវិភាគសង្គមវិញយល់ឃើញថា នេះជាមធ្យោបាយរបស់បក្សកាន់អំណាចក្នុងការកម្ទេចបក្សប្រឆាំង។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង យល់ឃើញថា តាមពិតមានសំណុំរឿងពុករលួយច្រើនណាស់ ដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីមួយចំនួនដែលមានប្រាក់បៀវត្សរ៍តិចតួច ប៉ុន្តែអាចសល់លុយវាល់លានដុល្លារ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែចាត់វិធានការ។

មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា នៅជិតវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev
ផ្ទុយទៅវិញ បែរជាអង្គភាពនេះព្យាយាមសើរើសំណុំរឿងរបស់ លោក កឹម សុខា ដែលជាអ្វីដែល លោក អេង ឆៃអ៊ាង អះអាងថា មិនយល់ពីនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ នេះទាល់តែសោះ។ លោកបន្តថា «អង្គភាពប្រឆាំងអំពើពុករលួយ ចង់បានអីឲ្យពិតប្រាកដ។ ដូចយើងដឹងហើយថា បញ្ហាអំពើពុករលួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ហ្នឹង គឺយើងឃើញពេញទឹកពេញដី ហើយពេលខ្លះស្ទើរមិនចាំគេមកប្ដឹងផង។ យើងគ្រាន់តែមើលមន្ត្រីភាគច្រើនប្រាក់ចំណូលតិចតួច ប្រាក់ខែតិចតួច ប៉ុន្តែមានទ្រព្យសម្បត្តិគួរឲ្យសង្ស័យ។ អាហ្នឹងគួរតែបើកការស៊ើបអង្កេតអាហ្នឹងវាល្អ។ រីឯករណីខ្លះមិនគួរធ្វើ បែរធ្វើវិញ»។
ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅពេលនេះ ធ្វើឡើងបន្ទាប់ពីយុវជនមួយក្រុមដឹកនាំដោយ លោក ស្រី ចំរើន បានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ លោក កឹម សុខា ដែលក្រុមយុវជននេះចាត់ទុកថា ប្រធានស្ដីទីបក្សប្រឆាំង បានលុយពីខាងក្រៅ ហើយលួចទៅចិញ្ចឹមស្រីក្មេងទៅវិញ។
វិទ្យុអាស៊ីសេរី ព្យាយាមសុំការបំភ្លឺបន្ថែមជុំវិញសំណុំរឿងនេះពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ជាច្រើនដងនៅថ្ងៃទី៦ មេសា ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
បើទោះបីជាបែបណា លោក ឱម យ៉ិនទៀង បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី៥ មេសា ថា អង្គភាពប្រឆាំងអំពើពុករលួយ បានបើកស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់ លោក កឹម សុខា រួចហើយ ហើយលទ្ធផលនៃការពិនិត្យ គេគ្រោងនឹងប្រកាសឲ្យដឹងនៅក្នុងសប្ដាហ៍នេះ។
យ៉ាងនេះក្តី អង្គភាពប្រឆាំងអំពើពុករលួយ រងការរិះគន់ថា ជាស្ថាប័នដែលបំពេញភារកិច្ចដើម្បីការពារផលប្រយោជន៍ឲ្យបក្សកាន់អំណាច ជាជាងធ្វើដើម្បីផលប្រយោជន៍សង្គម ឬជាការប្រើដាវអាជ្ញាសឹកខុសទិសដៅ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា វាជាការគួរឲ្យអស់សំណើចជុំវិញចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ នេះ។ លោកបន្តថា វិធានការនេះមិនខុសអីពីយុទ្ធសាស្ត្រដែលគេតែងប្រើប្រាស់ដូចតុលាការដែរ ក្នុងការបង្ក្រាប និងកម្ចាត់អ្នកប្រឆាំង។ ម្យ៉ាងទៀត លោកអះអាងថា រឹតតែជាបញ្ហានោះនៅត្រង់ថា អង្គភាពនេះគឺជាសេនាធិការដ៏មានប្រសិទ្ធភាពរបស់បក្សកាន់អំណាច បើទោះបីជាដឹងថា មានមន្ត្រីជាច្រើនប្រព្រឹត្តអំពើពុករលួយ ហើយបើរកឃើញថាជាបក្ខពួក ឬជាខ្សែបណ្តោយទេ គឺតែងសម្ងំសុខទៅវិញ។ លោកបន្តថា «នេះក៏មិនខុសគ្នាពីស្អីដែលប្រព័ន្ធតុលាការបានត្រូវគេប្រើពីមុនមកដែរ។ យើងឃើញថា នៅគ្រប់នាទីទាំងអស់ដែលជាវិធានការរបស់រដ្ឋាភិបាល តែងតែឃើញស្តង់ដារពីរហ្នឹងកើតឡើងរហូត។ អ៊ីចឹងវាជាផ្នែកមួយនៃការយកក្រុមប្រឆាំងអំពើពុករលួយ យកមកប្រើដើម្បីបង្ក្រាបគណបក្សប្រឆាំងនៅក្នុងពេលនេះ»។
នេះជាលើកទីមួយហើយដែលអង្គភាពប្រឆាំងអំពើពុករលួយ ចេញវិធានការក្ដៅរបស់ខ្លួន ព្រមានប្រកាសទ្រព្យសម្បត្តិជាចំហ ចាប់តាំងពីអង្គភាពនេះបង្កើតឡើង។ អ្នកវិភាគសង្គមចាត់ទុកថា ការចេញដាវអាជ្ញាសឹករបស់អង្គភាពប្រឆាំងអំពើពុករលួយ នេះ គឺជាការរុញឲ្យមេដឹកនាំបក្សប្រឆាំង ដើរដល់ផ្លូវទាល់ច្រកក្នុងជីវិតនយោបាយប៉ុណ្ណោះ ជាជាងបោសសម្អាតភាពមិនស្អាតស្អំក្នុងរឿងអំពើពុករលួយនេះ៕
No comments:
Post a Comment