ដោយ សុ ជីវី
2016-04-06

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា (Jakarta) រិះគន់ច្បាប់ស្ដីពីសហជីព ដែលរដ្ឋសភាទើបអនុម័តថ្មីៗថា បានទាញអោយស្ថានភាពគោរពសិទ្ធិកម្មករដើរថយក្រោយ និងបានរំលោភលើបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិការងារ និងសិទ្ធិមនុស្ស។ ការរិះគន់នេះគឺនៅពេលដែលច្បាប់នេះបានបញ្ជូនបន្តពីរដ្ឋសភាទៅដល់ព្រឹទ្ធសភា ដើម្បីពិភាក្សា និងអនុម័ត។
ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស ស្នើអោយព្រឹទ្ធសភាបដិសេធច្បាប់នេះ ហើយបញ្ជូនត្រឡប់ទៅឲ្យស្ថាប័នជំនាញ ពិនិត្យឡើងវិញ ដោយសារតែពួកគេយល់ថា សេចក្ដីព្រាងច្បាប់នេះពុំបានឆ្លងការពិគ្រោះយោបល់គ្រប់គ្រាន់ និងបំពេញបានត្រឹមត្រូវតាមបទដ្ឋានច្បាប់អន្តរជាតិ។
សេចក្ដីថ្លែងការណ៍ចំនួន ២ទំព័ររបស់សមាជិកសភាអាស៊ាន ដែលចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា បានអោយដឹងថា ច្បាប់ស្ដីពីសហជីពដែលរដ្ឋសភាកម្ពុជា ទើបអនុម័តកាលពីថ្ងៃទី៤ ខែមេសា នោះ មានមាត្រាមួយចំនួនដែលគំរាមកំហែងទៅដល់សេរីភាពសមាគម និងធ្វើអោយអន្តរាយដល់ការងាររបស់សហជីព និងអត្ថប្រយោជន៍សម្រាប់កម្មករ។ ក្រុមនេះបារម្ភចំពោះអ្វីដែលក្រុមសហជីពធ្លាប់លើកឡើងពីកង្វះការពិគ្រោះយោបល់អោយបានគ្រប់គ្រាន់ក្នុងដំណើរការបង្កើតច្បាប់នេះ និងការទាត់ចោលសំណើរបស់សហជីព និងដៃគូអន្តរជាតិនានា ដែលបានស្នើអោយលុបចោលការកំណត់ពីការតវ៉ា និងបាតុកម្មរបស់កម្មករ និងកម្រិតការជ្រៀតជ្រែករបស់រដ្ឋាភិបាលទៅលើកិច្ចការរបស់សហជីព។
ប្រធានក្រុមសមាជិកសភាអាស៊ាន និងជាសមាជិកសភាម៉ាឡេស៊ី (Malaysia) លោក ឆាល សាំងត្យាហ្គោ (Chales Santiago) ត្រូវបានគេស្រង់សម្ដីមកដាក់ក្នុងសេចក្ដីថ្លែងការណ៍នោះថា សិទ្ធិរបស់កម្មករជាសិទ្ធិមនុស្ស។ លោកថា ជាការចាំបាច់ណាស់ដែលត្រូវអនុញ្ញាតអោយសហជីពមានសេរីភាពពេញលេញដើម្បីការពារប្រយោជន៍សមាជិករបស់ពួកគេ។ ប្រសាសន៍របស់លោកត្រូវប្រែសម្រួលជាភាសាខ្មែរដូច្នេះ៖ "ច្បាប់នេះមានមាត្រាដែលបង្កការលំបាក រឹតបន្តឹងសិទ្ធិសេរីភាពរបស់កម្មករក្នុងការចូលរួម និងបង្កើតសហជីពដោយសារការជ្រៀតជ្រែកជ្រុលហួសហេតុពេកពីរដ្ឋាភិបាល។ មកដល់ពេលនេះរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅមិនទាន់បង្ហាញថា នឹងមានវិធានការ ឬចោទសួររដ្ឋាភិបាលកម្ពុជា ពីគោលនយោបាយសម្រាប់ការលើកកម្ពស់ និងពីអត្ថប្រយោជន៍នៃការវិនិយោគនៅឡើយនៅពេលដែលមានការបរាជ័យក្នុងកិច្ចការពារពលរដ្ឋ"។
មកដល់ពេលនេះ ច្បាប់ស្ដីពីសហជីពដែលមាន ១០០មាត្រា និង ១៧ជំពូក ត្រូវបញ្ជូនដល់ព្រឹទ្ធសភាហើយ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា គណៈកម្មការជំនាញ និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិភាក្សាច្បាប់នេះមុនពេលដាក់ទៅកិច្ចប្រជុំពេញអង្គ៖ «»។
កន្លងទៅទាំងតំណាងរដ្ឋាភិបាល និងតំណាងរាស្ត្របក្សកាន់អំណាចបានការពារសេចក្ដីព្រាងច្បាប់នោះថា ប្រទេសកម្ពុជា ត្រូវការច្បាប់ស្ដីពីសហជីពនេះ ដើម្បីការពារកម្មករ និងអ្នកវិនិយោគ។
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានថ្លែងនៅពេលរដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់នេះថា លោកនឹងចាត់ចែងអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព។ លោកថា ការអនុម័តច្បាប់នេះជាការធានាសង្វាក់ផលិតកម្មរវាងកម្មករ និងថៅកែ និងជាការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត៖ «ការអនុម័តច្បាប់នេះ បង្ហាញពីការយកចិត្តទុកខ្ពស់នៃរដ្ឋសភា និងការធានាសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលជាកត្តាស្នូលស្ថិរភាពខ្សែសង្វាក់ផលិតកម្ម និងជាការទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកបណ្ដាក់ទុននៅកម្ពុជា»។
ទាក់ទិននឹងច្បាប់សហជីពនេះដែរ ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស បានថ្កោលទោសចំពោះអំពើហិង្សាទៅលើសហជីព ដែលធ្វើអោយមនុស្ស ២នាក់របួស ក្នុងពេលអាជ្ញាធរព្យាយាមបំបែកក្រុមអ្នកតវ៉ាប្រឆាំងនឹងការអនុម័តច្បាប់នេះ៕
No comments:
Post a Comment