A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 April 2016

ក្រុម​អ្នក​ច្បាប់​និង​មេធាវី​យល់​ថា​តុលាការ​កោះ​ហៅ​កញ្ញា ស្រី​មុំ ជា​រឿង​បំបាក់​អ្នក​នយោបាយ


ដោយ ខែ សុណង
2016-04-17


ស្រីមុំ ២០១៦ ៨៥៥
នារី​ឈ្មោះ ស្រីមុំ ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហោះ​ខ្សែ​អាត់​សំឡេង​ថា នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ចេញ​មុខ​បដិសេធ​ថា​មិន​មាន​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ជាមួយ លោក កឹម សុខា ដូច​ការ​ចោទ​ប្រកាន់​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang


ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា មាន​ស្នេហា​លួច​លាក់​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ទាន់​សម្រេច​ថា​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៩ មេសា តាម​ការ​កោះ​ហៅ​របស់​តុលាការ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ករណី​នេះ ទាំង​អ្នក​ច្បាប់ និង​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចោទ​ការ​កោះ​ហៅ និង​ចោទ​ប្រកាន់ កញ្ញា ស្រី​មុំ ថា​ជា​រឿង​មិន​សម​ហេតុផល។ ករណី​នេះ ​ពួក​គេ​យល់​ថា ជា​រឿង​វាយ​បំបាក់​អ្នក​នយោបាយ។

ក្រុម​អ្នក​ច្បាប់ និង​មេធាវី​ការពារ​ក្ដី​ឲ្យ កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ នឹង​ពិភាក្សា​គ្នា​ជុំវិញ​ការ​កោះ​ហៅ​សាកសួរ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

មេធាវី​ការពារ​ក្ដី​នៃ​សមាគម​អាដហុក (ADHOC) អ្នកស្រី ទ្រី ឈូន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ មេសា ថា ក្រុម​គ្រួសារ កញ្ញា ខុម ចាន់តារាទី បាន​ទទួល​ដីកា​កោះ​របស់​តុលាការ​កាល​ពី​យប់​ថ្ងៃ​ទី​១៦ មេសា។ អ្នកស្រី​បន្ត​ថា ក្រុម​អ្នក​ច្បាប់​នៃ​សមាគម រួម​ទាំង កញ្ញា ស្រី​មុំ នឹង​ជួប​ជុំ​ពិភាក្សា​គ្នា ថា​តើ​នឹង​ត្រូវ​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ ឬ​យ៉ាង​ណា? មេធាវី ទ្រី ឈូន បញ្ជាក់​ថា អ្នកស្រី​មិន​យល់​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ​ជា​ថ្មី​នេះ​ទេ ដោយសារ​តែ​អ្នកស្រី​មិន​ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន អនុញ្ញាត​ឲ្យ​ថត​ចម្លង​សំណុំ​រឿង​កូន​ក្ដី​បន្ទាប់​ពី​សាកសួរ។



មេធាវី ទ្រី ឈូន ថ្លែង​ថា «ខ្ញុំ​គ្រាន់​តែ​អត់​ដឹង​ថា​គោល​បំណង​នាយកដ្ឋាន​ចង់​បាន​អី? តំណាង​អយ្យការ​ចង់​ស្វែង​រក​អី? ចោទ​ប្រកាន់​ពី​បទ​អី? ខ្ញុំ​អត់​យល់។ សំណុំ​រឿង​ខ្ញុំ​អត់​បាន​មើល​ទេ​ក្នុង​ដំណាក់​កាល​សាកសួរ​ក្នុង​នាយកដ្ឋាន ខ្ញុំ​បាន​ស្ដាប់​ត្រឹម​តែ​ចម្លើយ​កូន​ក្ដី​របស់​ខ្ញុំ។ អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ខ្ញុំ​អត់​បាន​ឃើញ​ទាំងអស់។ សូម្បី​តែ​បណ្ដឹង កញ្ញា ធី សុវណ្ណថា ប្ដឹង ខ្ញុំ​អត់​បាន​ឃើញ​ដែរ។ ខ្ញុំ​បាន​ឃើញ​តែ​ក្រៅ​ផ្លូវ​ការ​ក្នុង​ហ្វេសប៊ុក​ទេ ព្រោះ​ខ្ញុំ​អត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​ចម្លង​សំណុំ​រឿង​ក្នុង​ដំណាក់​កាល​សាកសួរ​នៅ​នាយកដ្ឋាន»។

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​កោះ​ហៅ កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា មាន​ស្នេហា​លួច​លាក់​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​មេសា ដោយ​យោង​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ក្រសួង​មហាផ្ទៃ ដែល​បង្ហាញ​ថា មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។

កាល​ពី​ថ្ងៃ​ទី​១១ មីនា នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​កោះ​ហៅ កញ្ញា ស្រី​មុំ ម្ដង​រួច​មក​ហើយ ឲ្យ​ចូល​ខ្លួន​តាម​បណ្ដឹង​របស់ កញ្ញា ធី សុវណ្ណថា ដែល​ប្ដឹង​ឲ្យ​រក​ម្ចាស់​សំឡេង​សន្ទនា​ជាមួយ លោក កឹម សុខា បរិហារ​កេរ្តិ៍។

ជុំវិញ​ការ​កោះ​ហៅ​របស់​តុលាការ​នៅ​ពេល​នេះ ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​កប់​យោបល់។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ថ្លែង​ថា ការ​កោះ​ហៅ​ពាក់ព័ន្ធ​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ ពុំ​ស័ក្តិសម​ជា​បទល្មើស​ដែល​គួរ​តែ​លើក​យក​មក​ចោទ​ប្រកាន់​នោះ​ទេ៖ «បើ​យើង​មើល​ខ្លឹមសារ​គេ​ចោទ​នោះ​ណា ពេស្យាចារ​មិន​មែន​ជា​បទល្មើស​ទេ លើក​លែង​តែ​ធ្វើ​អាជីវកម្ម​លើ​ពេស្យាចារ បាន​ជា​បទល្មើស គ្រាន់​តែ​មើល​ខ្លឹមសារ​បទល្មើស​ខុស​បាត់​ហើយ។ សក្ខីកម្ម​ក្លែង លុះត្រា​តែ​អ្នក​នោះ​ជា​សាក្សី បើ​អត់​ធ្វើ​សាក្សី​ផង ម៉េច​មាន​បទល្មើស»។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា បញ្ហា​នេះ​ក្លាយ​ជា​រឿង​ភាគ ក្រៅ​ពី​ការ​កកូរកកាយ​ជីវិត​ឯកជន វា​ក្លាយ​ទៅ​ជា​រឿង​បរិហារ​កេរ្តិ៍ រហូត​ធ្លាក់​មក​ដល់​រឿង​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​ទៅ​វិញ។ លោក​គិត​ថា នេះ​ជា​រឿង​នយោបាយ ធ្វើ​ឡើង​ដើម្បី​វាយ​បំបាក់​ប្រជាប្រិយភាព​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង៖ «អ្នក​ដែល​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ឯកជន​របស់​គេ មិន​មាន​ទោសពៃរ៍​អី ហើយ​អ្នក​ដែល​ត្រូវ​បាន​គេ​រំលោភ​ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​គ្រប់​បែប​យ៉ាង រហូត​ទៅ​ដល់​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ធ្វើ​ការ​លើ​រឿង​ហ្នឹង​ទៅ​ទៀត។ ខ្ញុំ​ជឿ​ថា រឿង​នេះ​បើ​សិន​ជា​ពាក់ព័ន្ធ​នឹង​មន្ត្រី​កាន់​អំណាច​វិញ គ្មាន​ហេតុផល​អ្វី​ដែល​ដំណើរ​ការ​រឿង​ហ្នឹង​ទេ វា​អត់​មាន»។

សង្គម​ស៊ីវិល​ចំនួន​២០ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​កាល​ពី​ថ្ងៃ​ទី​៩ មេសា ថា ករណី​នេះ​ជា​ការ​ជ្រៀតជ្រែក និង​ផ្សព្វផ្សាយ​អំពី​ជីវិត​ឯកជន​របស់ កញ្ញា ខុម ចាន់តារាទី ហើយ​ក៏​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ផ្អែក​ទៅ​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​នាម​រដ្ឋ​ជា​ភាគី នៃ​កតិកា​សញ្ញា​អន្តរជាតិ ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ម្យ៉ាង​វិញ​ទៀត ដីកា​កោះ​ហៅ​របស់​តុលាការ​នេះ គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់៕

No comments: